សង្គមស៊ីវិល​ទទូច​ឱ្យ​បើក​លំហ​សេរីភាព​បន្ថែម​ដល់​អ្នកសារព័ត៌មាន​ដែល​ចុះ​រាយការណ៍​ការបោះឆ្នោតជាតិ​ខាងមុខ

ទិដ្ឋភាពថតពីខាងក្រៅរបងនៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាស្ទឹងមានជ័យ ខណៈពេលដែលអាជ្ញាធរហាមឃាត់អ្នកកាសែតចូលទៅតាមដានការរាប់សន្លឹកឆ្នោតក្រោយបញ្ចប់ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សង្គមស៊ីវិលជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយបានទទូចឱ្យ គ.ជ.ប. និងអាជ្ញាធររដ្ឋ បើកលំហសេរីភាពបន្ថែមទៀតដល់អ្នកកាសែតអាចចុះយកព័ត៌មានអំពីដំណើរការបោះឆ្នោតដោយគ្មានការគំរាមកំហែងនិងរើសអើង ដើម្បីបង្ហាញថា ​កម្ពុជាបានបំពេញកាតព្វកិច្ចគោរពសិទ្ធិ និងឆន្ទៈម្ចាស់ឆ្នោត។

ការទទូចនេះធ្វើឡើងតាមរយៈលិខិតមួយកាលពីថ្ងៃទី២៨ ខែវិច្ឆិកា អំពីលទ្ធផលវេទិកាប្រចាំឆ្នាំលើកទី២ ស្ដីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយក្នុងការតាមដាន និងរាយការណ៍ព័ត៌មាន ក្នុងដំណើរការបោះឆ្នោតជាតិ២០២៣» ដែលចេញផ្សាយដោយមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ​បញ្ជាក់ថា អ្នកសារព័ត៌មានអាជីព អ្នកសារព័ត៌មានពលរដ្ឋ អ្នកធ្វើការវិស័យប្រព័ន្ធផ្សព្វផ្សាយ អង្គការសង្គមស៊ីវិល និងយុវជន បានស្នើឱ្យអាជ្ញាធរកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. លើកកម្ពស់សិទ្ធិ សេរីភាពសារព័ត៌មានបន្ថែមទៀត និង​អន្តរាគមន៍ជាបន្ទាន់ក្នុងករណីមានការគំរាមកំហែងដល់អ្នកសារព័ត៌មានក្នុងអំឡុងពេលបោះឆ្នោតជាតិនាពេលខាងមុខ។

បើតាម CCIM កន្លងមក ស្ថានភាពអ្នកសារព័ត៌មានអាជីព និងអ្នកសារព័ត៌មានពលរដ្ឋ ស្ថិតនៅក្នុងសម្ពាធនៃការរឹតត្បិតសិទ្ធិសេរីភាព នៅពេលចុះយកព័ត៌មានពាក់ព័ន្ធការបោះឆ្នោត។

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានរៀបចំវេទិកាប្រចាំឆ្នាំរបស់ខ្លួន ដែលមានអ្នកចូលរួមជាង១០០នាក់ រួមមាន អង្គការដៃគូអភិវឌ្ឍន៍ ស្ថានទូតនានាប្រចាំកម្ពុជា អង្គការសង្គមស៊ីវិល យុវជន និងអ្នកសារព័ត៌មាន។

ក្នុងវេទិកានោះ អ្នកចូលរួមបានលើកឡើងពីបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មានពេលចុះយកព័ត៌មានអំឡុងពេលបោះឆ្នោតកន្លងមក ដូចជា ការរឹតត្បិតលើការចុះយកព័ត៌មានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច។ ការមិនអនុញ្ញាតឱ្យចូលយកព័ត៌មាន និងថតរូបនៅតាមការិយាល័យបោះឆ្នោតពីសំណាក់មន្ត្រី គ.ជ.ប. មួយចំនួន ការថតរូបនិងកាតរបស់អ្នកសារព័ត៌មាន ជាដើម។ ​

CCIM លើកឡើងថា៖ «មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក៏ស្នើសុំយ៉ាងទទូចដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអាជ្ញាធរកម្ពុជា បន្តបើកចំហសេរីភាពបន្ថែមទៀតលើការចុះយកព័ត៌មាននិងផ្ដិតយករូបភាពពីមណ្ឌលបោះឆ្នោតនីមួយៗដល់អ្នកសារព័ត៌មាន និងជួយអន្តរាគមន៍ចំពោះការគំរាមកំហែង និងការរើសអើងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យពួកគេអាចផ្ដល់ព័ត៌មានអំពីការបោះឆ្នោតឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា ប្រកបដោយវិជ្ជាជីវៈ»។

ស្ថាប័ន​ជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយមួយនេះបន្តថា ការអនុញ្ញាតឱ្យពលរដ្ឋ ឬពលរដ្ឋអ្នកសារព័ត៌មាន អាច​ឃ្លាំមើល និងសង្កេតការណ៍បោះឆ្នោតជាតិនាពេលខាងមុខ គឺជាសក្ខីភាពបង្ហាញថា អាជ្ញាធរកម្ពុជាបានបំពេញកាតព្វកិច្ចគោរពសិទ្ធិ និងឆន្ទៈម្ចាស់ឆ្នោត។

បន្ថែមពីនេះ វាក៏ជួយឱ្យគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងការបោះឆ្នោត អាចយល់ដឹងកាន់តែច្បាស់ពីបញ្ហាប្រឈមរបស់ពលរដ្ឋផ្ទាល់នៅថ្នាក់មូលដ្ឋាន ដើម្បីរៀបចំគោលនយោបាយមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងការសន្យារបស់ខ្លួននៅមុនការបោះឆ្នោត។

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប. តែងយកចិត្តទុកដាក់នូវរាល់ការស្នើទាំងឡាយយកមកពិចារណា។ យ៉ាងណា លោកថា ចំណុចដែលលើកឡើងថាមានការគំរាមកំហែងលើអ្នកសារព័ត៌មាន ទាក់ទិនការរាយការណ៍រឿងបោះឆ្នោតនោះ លោកមិនច្បាស់ទេថាពិតឬមិនពិតកម្រិតណា ព្រោះ គ.ជ.ប. មិនដែលទទួលបានពាក្យបណ្តឹងពាក់ព័ន្ធណាមួយទេ។

បែបនេះក្តី លោកទទួលស្គាល់ថា ការសហការរវាង គ.ជ.ប. ជាមួយប្រព័ន្ធផ្សព្វផ្សាយ គឺជារឿងចាំបាច់ ដើម្បីជំរុញព័ត៌មានបោះឆ្នោតទៅពលរដ្ឋកាន់តែប្រសើរ។

លោក ហង្ស ពុទ្ធា ថា៖ «យ៉ាងណាក៏ដោយ ការសហការរវាង គ.ជ.ប. ហើយនឹងប្រព័ន្ធផ្សព្វផ្សាយ នោះគឺជាការចាំបាច់ ដែលយើងត្រូវតែនិយាយជាមួយគ្នាបន្ថែមទៀត ដើម្បីជំរុញឱ្យវិស័យព័ត៌មានបោះឆ្នោតទៅដល់ពលរដ្ឋនេះ មានភាពកាន់តែល្អប្រសើរ។ ប៉ុន្តែក៏ស្នើសុំឱ្យអ្នកព័ត៌មានហ្នឹងផ្តោតទៅលើការផ្តល់ព័ត៌មានពិតប្រាកដជូនពលរដ្ឋ ជាជាងអ្នកព័ត៌មានហ្នឹងលម្អៀងទៅរកការធ្វើនយោបាយ។ […] មួយទៀត គ.ជ.ប. ក៏ត្រៀមខ្លួនជានិច្ចដើម្បីស្វាគមន៍អ្នកព័ត៌មានដើម្បីយកព័ត៌មានពិតប្រាកដផ្តើមចេញពីការបោះឆ្នោត»។ 

បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប. បានចុះឈ្មោះ និងចេញបណ្ណសម្គាល់ឱ្យអ្នកសារព័ត៌មានធ្វើសកម្មភាពកាន់តែទូលំទូលាយ ផ្តល់ចំណេះដឹងផ្នែកបោះឆ្នោត និងបើកឱកាសឱ្យពួកគេចូលរួមស្តាប់ការប្រជុំរបស់ភាគីពាក់ព័ន្ធ និងលើកជាសំណួរផ្សេងៗផងដែរ។

អ្នកសារព័ត៌មានវិទ្យុបារាំងអន្តរជាតិ លោក ជួប នរក្សា ចាត់ទុកការលើកឡើងរបស់ CCIM ថាជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិទៅលើបញ្ហាមួយចំនួនដែលកើតឡើង។

យ៉ាងណា លោកថា តាមបទពិសោធរបស់លោកដែលចុះយកព័ត៌មានពីការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ នាពេលកន្លងទៅ លោកមើលឃើញទិដ្ឋភាព២ផ្សេងគ្នា ដូចជា អាជ្ញាធរបានយកចិត្តទុកដាក់សម្របសម្រួលចំពោះការចូលរួមរបស់អ្នកសារព័ត៌មាន ដែលមានកាតព័ត៌មានត្រឹមត្រូវចេញដោយ គ.ជ.ប.។ ទិដ្ឋភាពមួយទៀត គឺនៅមានឧបសគ្គខ្លះៗចំពោះអ្នកសារព័ត៌មានមួយចំនួនដែលមិនមានកាតពី គ.ជ.ប.។ លោកថា ពួកគេអាចមានការលំបាកច្រើនពេលបំពេញការងាររបស់ខ្លួន ជាពិសេសនៅពេលដែលពួកគេកំពុងបំពេញបេសកកម្មនៅតាមមណ្ឌលបោះឆ្នោត។

លោកយល់ថា បើមានការសម្រួលពី គ.ជ.ប. ផង និងពីអាជ្ញាធរផង នោះដំណើរការយកព័ត៌មានពីការបោះឆ្នោតជាតិ ឆ្នាំ២០២៣ខាងមុខ នឹងអាចឱ្យអ្នកសារព័ត៌មានទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ការផ្សព្វផ្សាយជូនសាធារណជន។

លោកបន្តថា៖ «ការបោះឆ្នោតឆ្នាំ២០២៣ ដែលការបោះឆ្នោតដ៏សំខាន់របស់កម្ពុជា នៅក្នុងការបន្តពង្រឹងការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យជាបន្ត។ លំហសេរីភាពសម្រាប់អ្នកសារព័ត៌មាន ពិតផ្តល់នូវសារប្រយោជន៍ដែលមិនអាចប្រកែក ព្រោះថា នៅពេលអ្នកសារព័ត៌មានអាចអនុវត្តការងាររបស់ពួកគេបាន [ពេញលេញ] មានន័យថា សាធារណជននឹងបានដឹង បានយល់អំពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ហើយអាចឱ្យសាធារណជនសម្រេចចិត្តមួយដែលស្របទៅតាមឆន្ទៈរបស់ពួកគាត់»។

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន បានចេញផ្សាយរបាយការណ៍​ថ្មីមួយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដោយ​វាយតម្លៃថា សេរីភាពសារព័ត៌មានកម្ពុជា​ ឆ្នាំ២០២២ នៅតែអាក្រក់ដដែល។ តាមប្រភពដដែល កម្ពុជាស្ថិតនៅលេខរៀងទី១៤២ លើ១៨០​ប្រទេសនិងដែនដី​នៅ​លើពិភព​លោក ដែលចំណាត់​ថ្នាក់​​នេះបង្ហាញ​​​ថា ​សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្តធ្លាក់​ចុះ​ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក ពោលគឺនៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ