គណបក្សខ្មែររួបរួមជាតិ​ស្នើជួប គ.ជ.ប. ​​ដើម្បី​ពិគ្រោះ​យោបល់​លើ​បទបញ្ជា​និង​នីតិវិធី​បោះឆ្នោត

ទិដ្ឋភាពក្បួនហែគណបក្សខ្មែររួបរួមជាតិ ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

គណបក្សក្រៅរដ្ឋាភិបាលមួយនេះនៅតែចាត់ទុកថា ខ្លឹមសារមួយចំនួន​​ដូចមានបញ្ញត្តិ​​នៅក្នុង​​គោលការ​ណ៍​របស់គ​​ណៈ​​​កម្មាធិការជាតិរៀបចំការបោះឆ្នោត គួរមានការកែសម្រួលលើចំណុចមួយចំនួនឡើងវិញ ដើ​ម្បីឱ្យប្រាកដ​​ថា កា​​រ​​បោះឆ្នោត​​ដែល​​នឹង​​ប្រ​​ព្រឹ​ត្ត​ទៅក្នុងខែកក្កដា ឆ្នាំ២០២​​៣​​ខាង​​មុខ​​នេះ ជាការបោះឆ្នោ​​ត​មួយដែលគ្រប់ភាគី​​បក្សន​​យោ​​​​​​បាយអាចជឿទុកចិត្ត និងអស់មន្ទិលសង្ស័យអំពីតម្លាភាព សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

លិខិតមួយច្បាប់ដែល វីអូឌី ទើបទទួលបាននៅថ្ងៃអង្គារនេះ បង្ហាញថា គណបក្សខ្មែររួបរួមជាតិ បាន​​ដាក់​លិ​ខិ​ត​​សុំ​​ជួប​​តំណាងស្ថាប័នជាតិរៀបចំការបោះឆ្នោត តាំងពីថ្ងៃទី២៤ ខែវិច្ឆិកា តែ គ.ជ.ប. ទើបឆ្លើយតប​​នៅ​​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ម្សិ​​​ល​​​មិញ​នេះ។ តាមរយៈលិខិតរបស់ខ្លួន គណបក្សខ្មែររួបរួមជាតិ ស្នើសុំពិគ្រោះយោ​​បល់​​ជា​​​មួយស្ថាប័នជាតិរៀប​​ចំ​​កា​រ​​​បោះឆ្នោតនេះ ទៅលើសេចក្តីព្រាងបទបញ្ជានិងនីតិវិធីបម្រើឱ្យ​​ការបោះឆ្នោត​​ជ្រើ​សតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣​​។

បន្ថែមលើលិខិតដែលដាក់ជូន គ.ជ.ប. នេះ អនុប្រធានគណបក្សខ្មែររួបរួមជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជា​​​ក់​ថា ក្នុងនាមជាអ្នកនយោបាយ បានឃើញពីចំណុចចន្លោះប្រហោងមួយចំនួននៅក្នុងបទបញ្ជានិងនីតិ​​​វិធី ដែលទាមទារឱ្យស្ថាប័ន​​ជាតិ​​មួយនេះត្រូវកែតម្រូវ។ លោកបន្តថា ការស្នើជួបដោយផ្ទាល់នេះ ប្រយោជន៍​​ដើម្បី​​ឱ្យការពិគ្រោះយោបល់ឈានទៅដល់ចំណុចដែលត្រូវកែសម្រួល។

លោកបន្តថា៖ «អ្វីដែលយើងដាក់លិខិតសុំជួប គ.ជ.ប. ក្នុងគោលបំណងបញ្ជាក់បន្ថែមពីចំណុចដែល​​យើង​​បាន​​​ដាក់​​ស្នើសុំពិភាក្សា។ មួយទៀត នៅលើចំណុចជាច្រើន​​ទៀតដែលយើងគិតថា ទាល់តែ​​យើង​ជួបគ្នា​​​ដោ​​យ​​​ផ្ទាល់ទើបអាចពន្យល់ឱ្យអស់សេចក្តីបាន ឧទាហរណ៍ពាក់ព័ន្ធនឹងនីតិវិធីមានហើយ តែការអនុវត្ត​មិ​ន​​​ទាន់​មាន»។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា គណបក្សខ្មែររួបរួមជាតិ បានបញ្ជូនមតិយោបល់ទៅលើបទបញ្ជានិងនីតិវិធីមុនគេ ស្តីពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

លោក ញឹក ប៊ុនឆៃ ដែលជាប្រធានគ​​ណបក្សក្រៅ​​រដ្ឋាភិ​​បា​​ល​​​មួយនេះ ត្រូវបានស្រង់សម្ដីនៅក្នុងលិខិតនោះ ដោ​​យ​​រក​ឃើ​​ញ​ថាមាន៣ចំណុចដែលត្រូវកែសម្រួល ដូចជា ត្រូវចែកទម្រង់​​១១​​០​​២ ឱ្យភ្នាក់ងារគ​​ណ​​បក្សនយោ​​បា​យ និងសូមបញ្ជាក់បន្ថែម​​ក្នុង​​ជំ​​ពូក​ទី៣ ត្រង់ប្រការ ៣.៣ ដែលចែងថា សមាគម ឬ​​អ​​ង្គ​​ការ​មិន​​មែន​​រដ្ឋា​​ភិ​​​បា​​លដែលមាន​​បំ​ណ​​ង​​​​ចូលរួមសង្កេតការណ៍ មិន​ត្រូ​​​វ​អនុញ្ញាតឱ្យ​​ពាក់​​ឯកស​​ណ្ឋា​ន ឬសញ្ញា​​សម្គាល់​​​រប​ស់​​​ស្ថា​​ប័ន​ឡើយ គឺត្រូវពាក់តែ​​បណ្ណ​​ដែល​​ចេញ​​ដោ​យ គ.ជ.ប.។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យដឹងថា គិតមកដល់​​ពេល​​​​នេះ មានគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលប្រមាណ៨ហើយ ដែលបាន​​ដា​​ក់​ធាតុចូល និង​​ផ្តល់ជាមតិ​​​យោបល់ អំពីបទបញ្ជានិងនីតិវិធីនេះ។ ក៏ប៉ុន្តែលោកបញ្ជាក់ថា មានចំណុចខ្លះ គ.ជ.ប. អាចនឹង​​មិន​​​ឆ្លើយ​តប ព្រោះមិនចំតម្រូវការចាំបាច់ ហើយវាហាក់ហួសសម័យកាលដែល​ត្រូវ​​អនុវត្តថែមទៅទៀត។

ចំណែកលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប. បានលើកឡើងនៅក្នុងសេចក្តីជូនដំណឹងដែលចេ​​ញ​​​កាល​​ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ គឺស្នើឱ្យគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋា​​ភិ​​បាល ពិនិត្យនិ​ង​​ផ្តល់​​​យោ​​​​​បល់​​លើ​សេចក្តីព្រាងបទបញ្ជា​និងនីតិវិធីបម្រើឱ្យការបោះឆ្នោតជ្រើស​​តាំ​ង​​តំ​​ណា​​​​​​ង​​រា​​ស្រ្ត​ លើក​​ទី​​៧ ដែល​​នឹង​​​​ប្រ​​ព្រឹ​ត្ត​​​ទៅនាខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

បើទោះបែបណា លោក ហង្ស ពុទ្ធា បដិសេធថា មកដល់ថ្ងៃទី២៩ ខែវិច្ឆិកានេះ ស្ថាប័នជាតិរៀបចំការបោះឆ្នោតនៅមិន​​ទា​​​ន់​​​​​បាន​​ទទួលលិខិតសុំជួបពីគណបក្សខ្មែររួបរួមជាតិនេះនៅឡើយទេ។ សម្រាប់អ្នកនាំពាក្យរូបនេះ ជាគោល​​ការ​ណ៍ គ.ជ.ប. មិនបដិសេធនឹងសំណើសុំជួបទេ ទោះក្នុងទម្រង់បែបណាក៏ដោយ។

លោកបន្តថា៖ «ជាតួនាទី គឺ គ.ជ.ប. ត្រូវធ្វើការឆ្លើយតប ដើម្បីកំណត់ពេលវេលាក្នុងការណាត់ជួបជា​​មួយភាគី​​ណា​​​មួយដែលលោកទាក់ទងមកជាលាយលក្ខណ៍អក្សរ»។

ស្របពេលដែលគណបក្សខ្មែររួបរួមជាតិ ដាក់លិខិតស្នើសុំជួបដោយផ្ទាល់ជាមួយស្ថាប័នជាតិរៀប​​ចំ​​ការ​បោះ​​ឆ្នោត គណបក្សក្រៅរដ្ឋាភិបាលនេះក៏បានចេញលិខិតដាច់ដោយឡែកមួយ ក្នុងថ្ងៃតែមួយនឹងលិខិត​​ដាក់​​ជូនទៅ គ.ជ.ប. គឺគណបក្សនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃទី៣០ ខែវិច្ឆិកា ​ដែល​ផ្តោ​តទៅលើ​បច្ចុ​​ប្បន្ន​​​ភាព​នយោបាយ ពិនិត្យសមាសភាពគណៈកម្មាធិការអចិន្រ្តៃយ៍ និងផែនការ​​សកម្ម​​ភា​ព​​​។

យ៉ាងនេះក្តី នាយកប្រតិបត្តិអង្គការនិចហ្វិក លោក សំ គន្ធាមី កត់សម្គាល់ឃើញថា បទបញ្ជានិងនីតិវិធី​​នេះ​ វាហាក់​​​ដូ​​ច​មិន​​មាន​​ចំណុចដែលត្រូវការកែលម្អអ្វីច្រើនទេ បើធៀបនឹងគោល​​ការណ៍​​ចាស់។ ក៏​​ប៉ុន្តែការ​​ស្នើ​​​សុំឱ្យមាន​​កា​​រ​កែតម្រូវបែបណាពី​​ភាគីពាក់ព័ន្ធនោះ វាជាសិទ្ធិរបស់ពួកគេទេ។

លោកបន្តថា៖ «យើងមើលសេចក្តីព្រាងរបស់គ.ជ.ប. ហ្នឹង វាសឹងតែដូចសេចក្តីព្រាងបទបញ្ជានិងនីតិវិធីមុន​​ៗ​​ទេ​​​។ វាអត់ឃើញមានអីប្លែកទេ»។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ គ.ជ.ប. បានចេញសេចក្តីជូនដំណឹង ដោយទុកពេលឱ្យ​​ភាគី​​ពា​ក់​​ព័ន្ធមានពេលត្រួតពិនិត្យ និងផ្តល់​​យោ​​​​​​​បល់​​ត្រលប់មកវិញ អំពីបទបញ្ជានិងនីតិវិធីបម្រើ​​ឱ្យកា​​រ​​បោះ​​​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី១៩ ខែវិច្ឆិ​កា​​។ សេចក្តី​​ព្រា​​ង​​​​បទ​​ប​ញ្ជានិង​​នី​​តិ​​វិធីសម្រាប់​​កា​​របោះឆ្នោតនេះ មានកម្រាស់​​ ៣​​​៣៧ទំព័រ ដែល​​មាន​​១០​​​ជំ​​​​​ពូក និងឧបសម្ពន្ធ​​រួម​​ប​​ញ្ចូ​​​​​​ល​ផង។

ចំណែករដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លើកទី៧​ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ