ក្រសួងសុខាភិបាលរម្លឹកមន្ត្រីពាក់ព័ន្ធនៅទូទាំងប្រទេស ឱ្យពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ដោយផ្តល់សេវារថយន្តសង្គ្រោះ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដោយមិនត្រូវគិតថ្លៃដឹកជញ្ជូន ព្រមទាំងដឹកសពទៅលំនៅឋានដោយការទទួលខុសត្រូវខ្ពស់។
ការក្រើនរម្លឹកនេះធ្វើឡើងតាមរយៈលិខិតជូនដំណឹងចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ទៅកាន់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។ ក្នុងនោះ កម្មវត្ថុបញ្ជាក់ថា ការពង្រឹងសេវាសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ សេវារថយន្តសង្គ្រោះ ដើម្បីជួយសង្គ្រោះបន្ទាន់ ឬដឹកអ្នករងរបួសធ្ងន់ធ្ងរ ជាពិសេសអ្នករងគ្រោះថ្នាក់ចរាចរណ៍ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវាដឹកជញ្ជូន និងសេវារថយន្តដឹកសពរបស់មន្ទីរពេទ្យទៅលំនៅឋាននៃសពក៏មិនត្រូវយកប្រាក់នោះដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង
លោកបន្តថា ក្រសួងសុខាភិបាលធ្លាប់បានណែនាំករណីរថយន្តសង្គ្រោះបន្ទាន់ដឹកអ្នករងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ មិនតម្រូវឱ្យបង់ថ្លៃសេវា និងរួមទាំងរថយន្តដឹកសព បើទោះស្លាប់ក្នុងមន្ទីរពេទ្យ ឬដោយគ្រោះថ្នាក់ចរាចរណ៍ ត្រូវដឹកពីមន្ទីរពេទ្យ ឬកន្លែងគ្រោះថ្នាក់ចរាចរណ៍ទៅកាន់លំនៅឋានសព ដោយមិនត្រូវយកប្រាក់នោះឡើយ៕