ប្រជាពលរដ្ឋជិត ១០០គ្រួសារ រស់នៅក្បែរក្រុងតាខ្មៅ ខេត្តកណ្ដាល បច្ចុប្បន្នកំពុងតែប្រឈមនឹងការបណ្ដេញចេញ ខណៈអាជ្ញាធរគ្រោងស្ដារឡើងវិញនូវទឹកស្ទឹងកខ្វក់ដែលស្ថិតនៅក្នុងតំបន់ពួកគេរស់នៅ ក្រោមគម្រោងរបស់ក្រុមហ៊ុនអចលនទ្រព្យឯកជនមួយ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Active Properties លោកស្រី សាយ សោភា ដែលត្រូវបានស្គាល់ថាជាភរិយារបស់ឧត្ដមសេនីយ៍ផ្កាយពីរ លោក ភឿន ផល្លា បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃសុក្រសប្ដាហ៍មុនថា ក្រុមហ៊ុនរបស់លោកស្រី គឺពាក់ព័ន្ធនៅក្នុងគម្រោងពង្រីក និងស្តារស្ទឹងព្រែកត្នោតនេះ រួមជាមួយនឹងក្រសួងសាធារណការ និងក្រសួងរៀបចំដែនដី ក្នុងគោលបំណងដើម្បីបញ្ចៀសទឹកជំនន់នៅរាជធានីភ្នំពេញ។
សម្រាប់ករណីប្រជាពលរដ្ឋនៅក្នុងតំបន់ដែលនឹងត្រូវបណ្ដេញចេញនោះ ប្រធានក្រុមប្រឹក្សាភិបាលខាងលើនេះមិនបានបញ្ជាក់ថាតើគម្រោងនេះនឹងចាប់ផ្តើម ឬបញ្ចប់នៅពេលណានោះទេ ដោយលោកស្រីបានប្រាប់អ្នកយកព័ត៌មានឱ្យទាក់ទងបន្ថែមទៀតទៅកាន់អ្នកគ្រប់គ្រងម្នាក់ទៀត។
លោកស្រីបានបន្ថែមយ៉ាងខ្លីថា៖ «បុគ្គលិករបស់យើងកំពុងតែធ្វើសកម្មភាពស្តារទឹកស្ទឹងនៅក្នុងតំបន់ទាំងនេះ។ យើងត្រូវបានស្នើឱ្យបញ្ចប់កិច្ចការងារនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
ក្នុងរយៈពេលប្រមាណជាបួនខែមុន ប្រជាពលរដ្ឋចំនួន៩៦គ្រួសារដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងភូមិស្ទឹងជ្រៅ ក៏ត្រូវបានកោះហៅឱ្យចូលរួមក្នុងកិច្ចប្រជុំជាមួយមន្ត្រីក្នុងតំបន់ ដើម្បីជូនដំណឹងពីគម្រោងពង្រីក និងស្ដារទឹកស្ទឹង ដោយពួកគេទាំងនោះភាគច្រើនដែលមិនមានបណ្ណកម្មសិទ្ធិដីធ្លី ក៏នឹងត្រូវបណ្តេញចេញផងដែរ។
ស្ថិតនៅលើផ្លូវតាមបណ្ដោយមាត់ស្ទឹង អ្នកស្រី ព្រែក សុភាព អាយុ៥៥ឆ្នាំ ដែលបានរស់នៅទីនោះអស់រយៈពេលប្រមាណពីរទសវត្សរ៍មកហើយ បានឱ្យដឹងថា ខ្លួនគាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលទទួលបានដំណឹងនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយនឹងមន្រ្តីក្នុងតំបន់។
អ្នកស្រីថា៖ «ខ្ញុំយល់ថា វាជាផ្នែកមួយនៃការអភិវឌ្ឍ ប៉ុន្តែខ្ញុំឆ្ងល់ថាហេតុអ្វីបានជាពួកគេគិតគូរតែអ្នករស់នៅក្នុងទីក្រុងភ្នំពេញ? ចុះចំណែកពួកយើងវិញ? តើយើងនឹងទៅរស់នៅទីណាបន្ទាប់ពីនេះ?»
ស្ទឹងព្រែកត្នោត បានស្ថិតនៅក្នុងស្ថានភាពកខ្វក់អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈការបំពុលដោយសារធាតុគីមី និងទឹកស្អុយ សម្រាប់រដូវវស្សានេះ គឺកាន់តែមានភាពធ្ងន់ធ្ងរ ដែលធ្វើឱ្យប្រជាពលរដ្ឋស្ទើរតែមិនអាចគេងលក់បាននៅពេលយប់ ដោយសារតែក្លិនស្អុយជះមក ដែលធ្វើឱ្យពួកគេវិលមុខ និងរកក្អួតចង្អោរ ជាដើម។
សម្រាប់អ្នកស្រី សុភាព ការផ្លាស់ទីលំនៅទៅកាន់ទីកន្លែងផ្សេង នឹងធ្វើឱ្យជីវភាពរបស់ខ្លួនកាន់តែលំបាកបន្ថែមទៀត ខណៈអ្នកស្រីបច្ចុប្បន្នក៏កំពុងតែជំពាក់បំណុលធនាគារប្រមាណ៣ពាន់ដុល្លារផងដែរ។
អ្នកស្រីថា៖ «វាពិតជាពិបាកខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងការចាប់ផ្តើមរស់នៅទីតាំងថ្មី។ ខ្ញុំមិនមានដើមទុនគ្រប់គ្រាន់សម្រាប់ធ្វើអ្វីនោះទេ»។
ទោះជាយ៉ាងណា ចៅសង្កាត់ជើងឯក លោក លាស់ សុខលឹម បានលើកឡើងថា អ្នកភូមិស្ទឹងជ្រៅ នៅមិនទាន់ទទួលបានព័ត៌មានអំពីពេលវេលាដែលពួកគេត្រូវរុះរើចេញពីទីតាំងចាស់ ឬថាតើពួកគេនឹងទទួលបានសំណងនោះទេ។
លោកបន្តថា៖ «ខ្ញុំមិនប្រាកដពីពេលវេលាច្បាស់លាស់នោះទេ ប៉ុន្តែប្រហែលជាគម្រោងនេះអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខនេះហើយ»។
គួរបញ្ជាក់ថា ការចាក់ដីបំពេញលុបបឹងទំពុន ក៏ធ្លាប់ត្រូវបានអះអាងកាលពីពេលកន្លងទៅថាជាហេតុផលមួយដែលធ្វើឱ្យមានការបំពុលទឹកនៅស្ទឹងព្រែកត្នោត តាមរយៈប្រឡាយដែលតភ្ជាប់គ្នាផងដែរ។
យោងតាមលិខិតផ្លូវការមួយចុះហត្ថលេខាដោយរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ឆាន់ សាផាន និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ បានឱ្យដឹងថា ក្រុមហ៊ុន Active Properties នឹងទទួលបន្ទុកក្នុងការស្ដារព្រែកប្រវែង ៨ ៦៦៨ម៉ែត្រ ក្នុងក្រុងតាខ្មៅ និងខណ្ឌដង្កោ និងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លិខិតចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ដដែលខាងលើនេះ បន្តថា៖ «ដើម្បីធានាឱ្យបានថា គម្រោងនេះអាចដំណើរការទៅដោយរលូន អាជ្ញាធរ និងភាគីពាក់ព័ន្ធផ្សេងទៀតគួរតែចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយក្រុមហ៊ុន Active Properties»។
គិតរហូតមកដល់ពេលបច្ចុប្បន្ន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Active Properties លោកស្រី សាយ សោភា បានទទួលដីរដ្ឋយ៉ាងតិចចំនួន៤ទីតាំង ដែលក្នុងនោះរួមមានទាំងដីជាច្រើនឡូត៍នៅក្នុងបឹងតាមោក ដែលមានប្រជាពលរដ្ឋតវ៉ាឥតឈប់ឈរផងដែរ។
យោងតាមគេហទំព័រ Open Corporates ក្រុមហ៊ុន Active Properties ខាងលើនេះ កាលពីពេលកន្លងទៅ ក៏ធ្លាប់គ្រប់គ្រងដោយលោកស្រី ពេជ្រ ច័ន្ទមុនី ដែលត្រូវបានស្គាល់ថាជាភរិយាកូនប្រុសច្បងរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត។
ថ្លែងប្រាប់តាមរយៈទូរសព្ទ ទាំងអភិបាលខណ្ឌមានជ័យ លោក ហែម ដារិទ្ធ និងរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផេង សុវិជ្ជាណូ បានលើកឡើងដូចគ្នាថា ខ្លួនមិនទាន់ច្បាស់អំពីគម្រោងនេះទេ ដោយបានបង្វែរសំណួរទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជូនវិញ។
ទោះជាយ៉ាងណា វីអូឌីមិនអាចទាក់ទងដើម្បីសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងសាធារណការ លោក ប៉ាល់ ចន្ទតារា បានឡើយ ខណៈអភិបាលខណ្ឌដង្កោ លោកស្រី គឹម ញឹប និង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ ក៏មិនបានលើកទូរសព្ទផងដែរ។
ត្រលប់មកកាន់អ្នកភូមិស្ទឹងជ្រៅម្នាក់ទៀត អ្នកស្រី ម៉ី ស៊ីផា អាយុ៧៤ឆ្នាំ បានលើកឡើងថា រូបគាត់មិនប្រាកដថានឹងទទួលបានសំណងប៉ុន្មានសម្រាប់ផ្ទះដែលខ្លួនរស់នៅអស់រយៈពេល២០ឆ្នាំនេះឡើយ ប៉ុន្តែអ្នកស្រីសង្ឃឹមថា វាអាចនឹងគ្រប់គ្រាន់ក្នុងការសាងសង់ផ្ទះក្នុងទំហំមួយដែលអាចឱ្យអ្នកស្រីរស់នៅជាមួយចៅចំនួនបួននាក់បាន។
អ្នកស្រីថា៖ «វាគឺជារឿងដ៏ល្អ ដែលរដ្ឋាភិបាលមានគម្រោងស្ដារព្រែកនេះឡើងវិញ ដើម្បីការពារទឹកជំនន់ក្នុងទីក្រុង។ ប៉ុន្តែនិយាយដោយត្រង់ទៅ ខ្ញុំមិនចង់ចាកចេញពីទីកន្លែងនេះឡើយ។ ខ្ញុំមិនមានជម្រើសអ្វីផ្សេង ដូច្នេះហើយមានតែតាមហ្នឹងទៅ»៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Prek Tnaut Families Face Eviction for River ‘Restoration’ Linked to Elite Company