នាយករដ្ឋមន្រ្តីអង់គ្លេសថ្មី លោក រីឈី ស៊ូណាក់ (Rishi Sunak) បាននិយាយកាលពីថ្ងៃចន្ទថា «យុគមាស» នៃទំនាក់ទំនងជាមួយប្រទេសចិនបានចប់ហើយ ដោយនិយាយថា មានការប្រឈមជាប្រព័ន្ធកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ចំពោះផលប្រយោជន៍ និងគុណតម្លៃរបស់អង់គ្លេស។ នេះបើយោងតាមចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។
នៅក្នុងសុន្ទរកថាអំពីគោលនយោបាយការបរទេសដ៏សំខាន់ដំបូង លោក Sunak បាននិយាយថា វិធីសាស្រ្តរបស់អង់គ្លេសចំពោះប្រទេសចិនចាំបាច់ត្រូវតែមានការវិវត្ត ហើយទីក្រុងប៉េកាំងបាននិងកំពុង «ប្រកួតប្រជែងដើម្បីមានឥទ្ធិពលនៅលើពិភពលោកដោយប្រើគ្រប់មធ្យោបាយ»។
លោក Sunak បាននិយាយថា៖ «ខ្ញុំសូមបញ្ជាក់ថា អ្វីដែលហៅថា យុគមាស ត្រួវបានបញ្ចប់ហើយ រួមជាមួយនឹងគំនិតឆោតល្ងង់ដែលថាពាណិជ្ជកម្មនឹងនាំឱ្យមានកំណែទម្រង់សង្គម និងនយោបាយ»។
សមាជិកគណបក្សអភិរក្សនិយមមួយចំនួនបានរិះគន់លោក Sunak ដោយថា លោកមិនសូវចង់បង្កើនទំនាក់ទំនងជាមួយប្រទេសចិន ដូចលោកស្រី លីស ត្រាស់ (Liz Truss) ឡើយ។ កាលពីឆ្នាំមុន នៅពេលដែលលោកធ្វើជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោកបានអំពាវនាវឱ្យពិចារណាអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន ខណៈពង្រីកទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសនេះ។
ដោយសំដៅលើសេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន BBC ដែលអ្នកកាសែតរបស់ខ្លួនម្នាក់ត្រូវបានវាយប្រហារដោយនគរបាលចិន លោក Sunak បានលើកឡើងថា៖ «យើងទទួលស្គាល់ថា ប្រទេសចិនបង្កបញ្ហាជាប្រព័ន្ធចំពោះគុណតម្លៃ និងផលប្រយោជន៍របស់យើង ដែលជាបញ្ហាប្រឈមកាន់តែធ្ងន់ធ្ងរ ខណៈចិនកំពុងឆ្ពោះទៅរកលទ្ធិផ្ដាច់ការកាន់តែខ្លាំង»។
គួរបញ្ជាក់ថា លោក រីឈី ស៊ូណាក់ (Rishi Sunak) អាយុ៤២ឆ្នាំ និងជាអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុត្រូវបានតែងតាំងដោយព្រះមហាក្សត្រឆាលស៍ (Charles) ទី៣ និងបានក្លាយជានាយករដ្ឋ
មន្ត្រីអង់គ្លេសជំនួសលោកស្រី លីស ត្រាស់ (Liz Truss) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បន្ទាប់ពីលោកឈ្នះការបោះឆ្នោតក្នុងគណបក្សអភិរក្សនិយម។
លោក Sunak និងភរិយាឈ្មោះ អាស្ហាតា មូធី (Akshata Murthy) ជាអ្នកមានលំដាប់ទី២២២ នៅអង់គ្លេស និងមានទ្រព្យសម្បត្តិប្រមាណ៨២៤លានដុល្លារ។ លោកស្រី Murthy ជាកូនស្រីរបស់មហាសេដ្ឋី ណារ៉ាយ៉ាណា មូធី (Narayana Murthy) ដែលជាសហស្ថាបនិកក្រុមហ៊ុន
បច្ចេកវិទ្យាព័ត៌មានវិទ្យា Infosys។
លោក Sunak កើតនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៨០ ហើយជីដូនជីតារបស់លោកជាជនអន្តោប្រវេសន៍ពីរដ្ឋពុនចាប (Punjab) ប្រទេសឥណ្ឌា ទៅតំបន់អាហ្រ្វិកខាងកើត។ នៅក្នុងឆ្នាំ១៩៦០ ឪពុកម្តាយរបស់លោកបានប្តូរទីលំនៅមកអង់គ្លេស៕