ប្រធានាធិបតី​អ៊ុយក្រែន​ថា រុស្ស៊ី​នឹង​មិន​បញ្ឈប់​ការវាយប្រហារ​របស់ខ្លួន​ឡើយ​ទាល់​តែ​អស់​គ្រាប់មីស៊ីល

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ តាមរយៈវីដេអូ នៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ (REUTERS)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានក្រើនរម្លឹកប្រជាជនអ៊ុយក្រែនអំពីអាកាស​ធាតុចុះត្រជាក់ខ្លាំង និងមិនមានអគ្គិសនីប្រើប្រាស់នៅសប្ដាហ៍ខាងមុខនេះ ដោយថា រុស្ស៊ីអាចនឹងវាយប្រហារលើហេដ្ឋារចនាសម្ពន្ធបន្ថែមទៀត ហើយរុស្ស៊ីនឹងមិនបញ្ឈប់ការវាយប្រហាររបស់ខ្លួនឡើយ ទាល់តែអស់គ្រាប់មីស៊ីល។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

ថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូ លោក ហ្សេលេនស្គី បាននិយាយថា រុស្ស៊ីអាចបើកការវាយប្រហារថ្មីទៀតក្នុងសប្តាហ៍នេះ ដែលអាចអាក្រក់ដូចកាលពីសប្តាហ៍មុន ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់មិនមានកម្ដៅ ទឹក និងអគ្គិសនីប្រើប្រាស់។

លោក ហ្សេលេនស្គី បាននិយាយថា៖ «យើងយល់ថា ពួកភេរវករកំពុងរៀបចំផែនការវាយប្រហារថ្មី យើងដឹងរឿងនេះច្បាស់។ ហើយ​ដរាបណា​ពួកគេ​នៅតែមានគ្រាប់មីស៊ីល ពួកគេ​នឹង​មិន​បញ្ឈប់ឡើយ»​។

ទីក្រុងកៀវ (Kyiv) និយាយថា ​ការវាយប្រហារ គឺសំដៅលើជនស៊ីវិល។ ទោះយ៉ាងណា​ ទីក្រុងមូស្គូបានបដិសេធថា មិនកំណត់គោលដៅវាយប្រហារលើជន​ស៊ីវិលឡើយ។ កាលពីសប្តាហ៍មុន ទីក្រុងមូស្គូបាននិយាយថា អ៊ុយក្រែន​អាច​បញ្ចប់​ទុក្ខវេទនា​របស់​ខ្លួន​បាន ​ដោយ​បំពេញ​តាម​ការ​ទាមទារ​របស់​រុស្ស៊ី។

នៅក្នុងទីក្រុងកៀវ (Kyiv) កំពុងមានធ្លាក់ព្រិល ហើយសីតុណ្ហភាពចុះត្រជាក់ខ្លាំង ខណៈមនុស្សរាប់លាននាក់នៅក្នុងនិងជុំវិញរដ្ឋធានីអ៊ុយក្រែន កំពុងគ្មានអគ្គិសនីប្រើប្រាស់ និងមិនមានកម្តៅ ដែលបណ្តាលមកពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។

កាលពីថ្ងៃចន្ទ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានបន្តការបាញ់ស្រោចលើគោលដៅសំខាន់ៗ រួមមាន ទីក្រុងបាក់មុត (Bakhmut) និងទីក្រុងអាឌីវកា (Avdiivka) ក្នុងខេត្តដូណេតស៍ (Donetsk) និងជុំវិញទីក្រុងគូពានស៍ (Kupiansk) និងលីម៉ាន (Lyman) ដែលទីក្រុងទាំងពីរនេះត្រូវបានដណ្តើមមកវិញនាពេលថ្មីៗនេះដោយទីក្រុងកៀវ (Kyiv)។

គួររម្លឹកថា រុស្ស៊ី​បាន​​បើក​​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនមកលើអ៊ុយក្រែន​ តាម​ផ្លូវ​គោក ផ្លូវ​​អាកាស និង​​សមុទ្រ​ កាល​ពី​ខែ​កុម្ភៈ ដែល​បាន​បង្ក​ឱ្យ​ជន​ស៊ីវិលរាប់​ពាន់​នាក់បានស្លាប់បាត់បង់ជីវិត។ បន្ថែមពីនេះ តំបន់ទីក្រុងជាច្រើន​ប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់​លាន​នាក់​ក៏បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនផងដែរ។

ទោះយ៉ាងណា បណ្ដាប្រទេសមួយចំនួនធ្លាប់បានអះអាងកាលពីពេលកន្លងទៅថា រុស្ស៊ីនឹងមិនឈ្នះសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនឡើយ ហើយលោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ក៏មិនអាចកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយសម្រាប់អ៊ុយក្រែនបានដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ