កូរ៉េខាងត្បូងព្រមានឆ្លើយតបចំពោះការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលមិនធ្លាប់មានពីមុនមក

មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ត្រូវបានបាញ់បង្ហោះ នៅក្នុងរូបថតដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA)។ (KCNA តាមរយៈ REUTERS)

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានព្រមានឆ្លើយតបរួមគ្នាដែលមិនធ្លាប់មានពីមុនមក ជាមួយសម្ពន្ធមិត្ត ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយបានជំរុញឱ្យប្រទេសចិនជួយរារាំងកូរ៉េខាងជើងពីការបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលត្រូវបានហាមឃាត់។ នេះបើយោងតាមការ​ចេញផ្សាយរបស់ទីភ្នាក់ងារ Reuters នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសជាមួយ Reuters កាលពីថ្ងៃចន្ទ លោក យូន ស៊ុកយុល បានអំពាវនាវឱ្យប្រទេសចិនដែលជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង បំពេញតួនាទីរបស់ខ្លួនក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

លោក យូន ស៊ុកយុល បានថ្លែងថា៖ «ប្រទេសចិនប្រាកដជាមានសមត្ថភាពដើម្បីមានឥទ្ធិពលលើកូរ៉េខាងជើង។ ចិនមានការទទួលខុសត្រូវក្នុងការចូលរួមក្នុងដំណើរការនេះ»។

លោក​បាន​បន្ថែម​ថា វា​អាស្រ័យ​លើ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​ក្នុង​ការ​សម្រេច​ថាតើ​ខ្លួន​នឹង​ប្រើ​ឥទ្ធិពល​នោះ​ដើម្បី​សន្តិភាព និង​ស្ថិរភាព​ឬ​អត់។

លោក យូន ស៊ុកយុល បានកត់សម្គាល់ថា សកម្មភាពរបស់កូរ៉េខាងជើងបាននិងកំពុងនាំឱ្យមានការបង្កើនការចំណាយលើវិស័យការពារជាតិនៅក្នុងបណ្តាប្រទេសជុំវិញតំបន់ រួមទាំងប្រទេសជប៉ុន និងការដាក់ពង្រាយយន្តហោះចម្បាំង និងនាវារបស់សហរដ្ឋអាមេរិកបន្ថែម
ទៀត។

នៅពេលសួរថាតើកូរ៉េខាងត្បូង និងសម្ពន្ធមិត្តរបស់ខ្លួន រួមមាន អាមេរិក និងជប៉ុន នឹងធ្វើអ្វី ប្រសិនបើកូរ៉េខាងជើងសាកល្បងអាវុធនុយក្លេអ៊ែរថ្មីរបស់ខ្លួន លោក យូន ស៊ុកយុល បាននិយាយថា ការឆ្លើយតបនឹងជាអ្វីដែលមិនធ្លាប់មានពីមុនមក ប៉ុន្តែលោកបដិសេធមិនបញ្ជាក់លម្អិតពីសកម្មភាពឆ្លើយតបឡើយ។

លោកបានប្រាប់ Reuters ថា៖ «ជាការឆោតល្ងង់បំផុតសម្រាប់កូរ៉េខាងជើង ក្នុងការសាកល្បងអាវុធនុយក្លេអ៊ែរលើកទីប្រាំពីរ»។

ការសាកល្បងអាវុធរបស់កូរ៉េខាងជើង កើតឡើងស្របពេលមានកិច្ចប្រជុំមេដឹកនាំពិភពលោកមួយចំនួនក្នុងខែវិច្ឆិកានេះ រួមទាំងកិច្ចប្រជុំបណ្តាប្រទេសសេដ្ឋកិច្ចឈានមុខ G20 នៅកោះបាលី ដែលលោក យូន ស៊ុកយុល បានជំរុញឱ្យប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ខិតខំទប់ស្កាត់ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

ទោះយ៉ាងណា លោក ស៊ី ជីនពីង បានជំរុញឱ្យទីក្រុងសេអ៊ូល ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង។

ថ្មីៗនេះ លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យខ្លាំងជាងគេនៅលើពិភពលោក ខណៈលោកបានស្ងើចសរសើរមន្ត្រីយោធារាប់សិបនាក់ដែលបានចូលរួមក្នុងការបាញ់សាកល្បងម៉ីស៊ីលផ្លោងអន្តរទ្វីប (ICBM) ឈ្មោះ Hwasong-17 បានជោគជ័យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ