ហេតុអ្វីបានជា «នយោបាយ» ជាពាក្យដែលគួរឱ្យខ្លាចសម្រាប់យុវជនខ្មែរ?

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ក្រុមយុវជននៅតែចាត់ទុកពាក្យថា «នយោបាយ» ជារឿងដែលគួរឱ្យខ្លាច ក្នុងពេលដែលអ្នក​​នយោ​​បាយ និងសកម្មជនគាំទ្របក្សជំទាស់សង្កេតឃើញថាត្រូវរងការយាយី និងធ្វើទុក្ខបុកម្នេញខា​​ង​ន​​យោ​​បា​យ​ជាហូរហែ ខណៈមន្រ្តីរដ្ឋាភិបាលវិញ​​អះ​​​​អា​​​ង​ថា ប្រទេសកម្ពុជាមានសុខសន្តិ​​ភាព និង​​ស្ថិរ​​ភាពពេញលេ​ញ ដូច្នេះការគំរាមកំហែងខាងនយោបាយនេះមិនមានទេ។

និស្សិតច្បាប់និតីសាស្រ្ត នៃពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ យុវជន អេង នីន ឱ្យដឹងថា កាលពី​​ដើ​​ម​ លោកខ្លាចពាក្យថា«នយោបាយ»នេះណាស់ ព្រោះគ្រួសារលោកតែងតែនិយាយប្រាប់អំពីប្រវត្តិ​​សា​​ស្រ្តសង្គ្រាមដែលបានកាប់សម្លាប់ពលរដ្ឋស្លូតត្រង់ជាច្រើនម៉ឺននាក់ ហើយភាគច្រើនកើតចេញពីរប​​ប​នយោបាយនៅកម្ពុជា។

ប្រភពបន្តថា បញ្ហានយោបាយ មិនថាតែយុវជន និងពលរដ្ឋនោះទេដែលខ្លាច សូម្បីអ្នកនយោបាយមួយចំនួនក៏នៅតែមានការភ័យព្រួយដែរ។ បើតាមលោក អេង នីន បច្ចុប្បន្ននេះ លោកបានចូលសិ​​ក្សា​នៅសាកលវិទ្យាល័យ និងបានអានសៀវភៅប្រវត្តិសាស្រ្តនយោបាយមួយចំនួនមក ទើបធ្វើឱ្យលោកកាត់បន្ថយការភ័យខ្លាចអំពីពាក្យថា«នយោបាយ»បានខ្លះ។

លោកបន្តថា៖ «រឿងនយោបាយ ខ្ញុំខ្លាចដែរ! ប៉ុន្តែខ្លាចតិចតួចបំផុតទេ ដោយសារតែប្រទេសណាក៏ដោ​​យ វាត្រូវតែមាននយោបាយនៅក្នុងប្រទេសហ្នឹងហើយ។ ហើយក្នុងនាមយើងជាពលរដ្ឋ បើយើងខ្លា​​ច​​នយោបាយ ដូចជាយើងខ្លាចប្រទេសជាតិខ្លួនឯង ដូចជាយើងខ្លាចនៅក្នុងការដឹងឮក្នុងសង្គមជា​​តិ​​យើងទាំងមូលអ៊ីចឹង»។

មិនខុសគ្នាទេ យុវជនវ័យម្នាក់ទៀតដែលមានវ័យ២៨ឆ្នាំ មកពីភូមិប្រនាគ ឃុំចើងដើង ស្រុកបា​​រា​យ​​ណ៍ ខេត្តកំពង់ធំ និយាយថា បញ្ហានយោបាយនៅកម្ពុជា ហាក់ជាមេរៀនមិនសូវល្អសម្រាប់យុវជនដែ​​ល​ស្រឡាញ់ និងចង់ឈឺ​ឆ្អា​ល​​ពីបញ្ហាសង្គមជាតិទេ។ លោកបន្តថា នយោបាយជាជំងឺមួយដែ​​លពិបាកព្យាបាល និងសឹងតែគ្មានថ្នាំព្យា​​បា​​ល​​ឡើយ ជាពិសេសអ្នកនយោបាយតែង​​ប្រើប្រាស់​​វេទិ​​កា​​នេះឈ្លោះគ្នា រហូតបង្កើតទៅជាទំនាស់បុគ្គលថែមទៀត។ ក្នុងន័យនេះហើយ ទើបជំរុញឱ្យយុវជនតែងមានភាពភ័យរ​​អា​​អំពីពាក្យថា«នយោបាយ»នេះ។

លោកបន្តថា៖ «បើនិយាយទៅ នយោបាយចូលជាជំងឺរ៉ាំរ៉ៃ ជំងឺរាតត្បាតតាំងពីសម័យសង្រ្គាម ព្រោះចាស់ៗគាត់ថាសង្គ្រាមកើតចេញពីជម្លោះនយោបាយ មិនថានយោបាយឃ្លានពាន នយោបាយផ្ទៃក្នុងទេ ងាប់តែខ្មែរហ្នឹង! នរណាក៏ដោយឱ្យតែឮពាក្យនយោបាយ ខ្លាចដូចតែគ្នាហ្នឹង! ប្រវត្តិមកវាយូរហើយ ហើយសល់ពីសម័យខ្មែរក្រហមមកទៀត នរណាមិនខ្លាច? បច្ចុប្បន្ននៅតែខ្លាចអ៊ីចឹង [ពាក្យថា]ន​​យោបា​​យ​»។

បើទោះបែបណា បញ្ញត្តិមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាព​​ល​រដ្ឋ​​ខ្មែរទាំងពីរភេ​​ទ​មានសិទ្ធិចូ​​ល​​​​រួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវ​ប្ប​​​ធម៌របស់ប្រ​​ទេ​​ស​ជាតិ។ សេច​​ក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះ​ស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។

គេសង្កេតឃើញថា បើទោះរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បានកំណត់និយមន័យ​​បែប​​នេះ​​ក៏ដោយចុះ ក៏ការអនុវត្តវិញហាក់មិនបានឆ្លុះបញ្ចាំងពីខ្លឹមសារនៃច្បាប់ឱ្យបានពេញ​​លេញ​​នៅ​​ឡើ​​​​យ​​ទេ។ លោក សំ សុគង់ មេធាវីការពារក្តីឱ្យគណបក្សជំទាស់ ធ្លាប់បញ្ជាក់កាលពីខែកក្កដា ឆ្នាំ​​២​​០​២២ ថាមានជនរងគ្រោះ និងសកម្មជនគាំទ្រគណបក្សក្រៅរដ្ឋាភិបាល ប្រមាណ៣០​​នា​​ក់​​ហើ​​យ ត្រូ​វ​​​បានជនមិនស្គាល់អត្ត​​សញ្ញាណ​​លប​​វាយ​​ប្រ​ហា​​រ។អ្នកខ្លះក៏ត្រូវស្លាប់បាត់​​បង់​​ជី​​វិត ដូ​ច​​​​យុ​​វជ​​ន ស៊ិ​​ន ខុន ជាដើម ហើយអ្នកផ្សេងទៀតមានរបួសស្នាម និងពិការក៏មានដែរ។

បើតាមលោក សំ សុគង់ អំពើហិង្សានេះកើតឡើងញឹកញាប់មកលើសកម្មជន និងអ្នកគាំទ្រ​​ប​​ក្ស​​​​​​​ជំ​​ទា​ស់​ ក្រោយពីគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំងដ៏ធំ ដែលមានកម្លាំង​គាំ​​​​​ទ្រ​​​​ប្រ​​ហា​ក់​​​ប្រហែល​​នឹងគណបក្សប្រជាជន​​​កម្ពុ​ជាដែរនោះ ត្រូវបានតុលាការកំពូលរំលាយ កា​​ល​​​​​​ពី​​ចុ​ង​​​ឆ្នាំ២​​០១៧។

ដោយឡែក និសិ្សតច្បាប់នៃសាកលវិទ្យាល័យជាតិបាត់ដំបង កញ្ញា ចាន់ សួគ៌ជាតិ យល់ឃើញថា យុវជ​​ន​មួយចំនួនខ្លាចពាក្យនយោបាយ ដោយសារពាក្យនេះ វាហាក់ឆ្លុះបញ្ចាំងទៅ​​នឹងទិដ្ឋភាព​​ស​​ង្គ​​ម តាមរយៈជនរងគ្រោះដែលជាអ្នកនយោបាយ និងអ្នកគាំទ្រចលនាយោបាយ ត្រូវគេគំរាម​​កំ​​ហែង សម្លុត និងបាញ់សម្លាប់ជាបន្តបន្ទាប់។

ប្រភពដដែលបន្តថា ផ្ទុយទៅវិញ ប្រសិនបើកម្ពុជាអនុវត្តច្បាប់ដោយតម្លាភាព​​ និងបើ​​កឱ្យមាន​​លំ​​ហ​​​​​​​​​​សិ​​ទ្ធិ​​សេរីភាពខាងនយោបាយឱ្យបានពេញលេញ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរី ព​​ហុ​​បក្ស នោះយុវជ​​ននិ​​ង​​ពលរដ្ឋអាចនឹងឈប់បារម្ភចំពោះ​ពាក្យថានយោបាយនេះទៀតហើយ។

កញ្ញាបន្តថា៖ «បើសិនជាមានការអនុវត្តនយោបាយតាមគោលការណ៍ច្បាប់ [ពលរដ្ឋ]អត់ខ្លាចក្នុងការធ្វើន​​យោ​បាយទេ។ ប៉ុន្តែបើសិនភាពជាក់ស្តែងនៅក្នុងសង្គម បើយើងជាយុវជនចូលទៅធ្វើ គឺយើងនឹងទទួ​​ល​នូវ​​ការវាយដំ ការចាប់ដាក់គុក ការស្លាប់ អាហ្នឹងហើយនយោបាយសព្វថ្ងៃ! អ៊ីចឹងនរណាមិនខ្លាច មិនថាតែខ្ញុំ ឬយុវជនទេ»។

គេសង្កេតឃើញថា អតីតគូប្រជែងរបស់គណបក្សប្រជាជនកម្ពុជា គឺគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោល ធ្លាប់ទទួលបាន៥៥អាសនៈនៅក្នុងរដ្ឋសភា ដែលមាន១២៥អាសនៈ នៅក្នុ​ង​ការបោះឆ្នោតជាតិ ឆ្នាំ២០១៣។ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ គណបក្សនេះទទួ​ល​​បានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ជាង៥ ០០០អាសនៈ បើធៀបជាមួយគណបក្សកាន់អំ​​ណាច ដែ​​ល​ទទួលបានជាង៦ ០០០អាសនៈ។ ក៏ប៉ុន្តែដោយសារមានការ​​រំលោភអំណាច​​ខាងន​​យោ​​បាយ និ​​​​ង​​ភាពមិនស្មើគ្នាចំពោះមុខច្បាប់ ធ្វើឱ្យគណបក្សក្រៅរដ្ឋាភិបាលនៅតែជាគោលដៅនៃកា​​រវាយ​​ប្រ​​​​ហារ និងរងគ្រោះ។

កាលពីចុងខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូល បា​​​​នចេញ​សាលដីការំលាយគ​​ណបក្សស​​ង្រ្គោះ​​ជា​​តិ ដែ​​ល​​​​ជាបក្សជំទាស់ដ៏ធំ និងមានកម្លាំងគាំ​​ទ្រ​​ប្រ​​​​ហា​​ក់ប្រហែលនឹងគ​​ណបក្សប្រជា​​ជន​​កម្ពុ​​ជា​​ដែ​​រ។ សេចក្ដីសម្រេចបិទផ្លូវតវ៉ានេះ ធ្វើឱ្យអ្នកគាំទ្របក្សប្រឆាំងបង្ហាញការមិនពេញចិត្តចំពោះការ​​ស​​ម្រេ​​​​ចនេះ។អំណាចសាលដីកានេះក៏បានបិទផ្លូវមនុស្ស ១១៨រូប ចាប់ពីថ្នាក់គណៈកម្មាធិ​​ការ​​នា​​យ​​​​​កឡើងទៅរបស់បក្សជំទាស់ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ក្រោយសេចក្តីស​​ម្រេចនេះ​​ចូ​ល​​​​ធរមាន។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឱ្យដឹងនៅ​​ថ្ងៃនេះ​​ថា​​ តាមពិតទៅ សព្វថ្ងៃនេះ យុវជនទាំងនៅក្នុងគណបក្សគាំទ្ររដ្ឋាភិបាល និងយុវជននៅបក្សន​​យោបាយ​​ផ្សេ​ង ពួកគេសុទ្ធតែមានសិទ្ធិសេរីភាព និងចូលរួមយ៉ាងសកម្មក្នុ​​ងសកម្មភាព​​នយោ​​បាយ​​ដោយគ្មានការរឹតត្បិត និងគំរាមកំហែងទេ។ លោកបន្តថា ស្ថិតក្រោមដំបូលសន្តិភាពតែមួយ ទាំងយុវ​​ជ​​ន និងមនុស្សពេញវ័យ រដ្ឋាភិបាលមិនដែលបានបិទសិទ្ធិរបស់ពួកគេ មិនឱ្យគាំទ្របក្សនេះឬបក្ស​​នោះ​​ឡើយ។

លោកបន្តថា៖ «និយាយរួម ទាំងយុវជននៅបក្សប្រឆាំង និងយុវជននៅគណបក្សកាន់អំណាច សុទ្ធតែមានសិទ្ធិធ្វើនយោបាយទូលំទូលាយដូចជាប្រជាពលរដ្ឋទូទៅដែរ។ អាហ្នឹងគឺការនិយាយថាយុវជនខ្លា​​ច​នយោបាយ គ្រាន់តែឮថា ពាក្យថានយោបាយ មានការភ័យព្រួយ មានការភ័យខ្លាចហ្នឹង វាមិនត្រឹមត្រូវទេ ព្រោះប្រទេសយើងអត់មានភេរវកម្ម ប្រទេសយើងអត់មានការគាបសង្កត់ ការរឹតត្បិតខាងនយោបាយទេ។ លំហនយោបាយនៅកម្ពុជាទូលំទូលាយ បើមិនលំហនយោបាយទូលំទូលាយទេ ខ្ញុំ​​​យល់ថាកម្ពុជាគ្មានសន្តិភាពទេ កម្ពុជាគ្មានស្ថិរភាពនយោបាយ ដូចជាកម្ពុជាគ្មានសេចក្តីសុខក្សេ​​មក្សាន្តដែរ»

បើតាមអ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ក្នុងនាមបក្សដែលដឹកនាំរដ្ឋាភិបាល គឺលើកទឹក​​ចិត្ត​​​​ឱ្យយុវជនត្រូវចូលរួមតាមដានរឿងនយោបាយឱ្យបានដិតដល់ ដែលស្របទៅតាមគោល​​​ការ​​ណ៍​​​ច្បាប់។ មិនតែប៉ុណ្ណោះ គណបក្សគ្រប់គ្រងអំណាច ក៏បានដាក់បញ្ចូលយុវជនទៅក្នុងកម្មវិធីន​​យោ​​បា​យ​​​ប្រមាណ ៣០ភាគរយ ក្នុងចំណោមយុវជនសរុបនៅទូទាំងប្រទេស។

ដោយឡែក សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ពលរដ្ឋខ្មែ​រ​​ភាគច្រើនមានផ្នត់គំនិតខ្លាចពាក្យថានយោបាយនេះ តាំងពីសម័យវឹកវរដោយសង្គ្រាមមកម្ល៉េះ​​។​​ លោកបន្តថា បច្ចុប្បន្ននេះវិញ យុវជនមួយចំនួនក៏នៅតែខ្លាចពាក្យនយោបាយនេះដដែល ព្រោះមានគណបក្សនយោបាយខ្លះបានបន្តបន្លាចពួកគេមិនឱ្យហ៊ានចូលរួមធ្វើសកម្មភាពនយោបាយ។

លោកបន្តថា៖ «នៅកម្ពុជាមានក៏ដោយមុខវិជ្ជានយោបាយ ប៉ុន្តែភាគច្រើនពុកម្ដាយមិនឱ្យ[កូន]ទៅរៀនទេ ហើយកាលណាជជែករឿងនយោបាយ ឬសាច់រឿងទាក់ទងនឹងនយោបាយ គឺគាត់ខ្លាចរអា! ក៏ប៉ុន្តែយើងសួរថាតើគាត់អាចចៀសផុតទេបញ្ហាទាំងអស់នេះ គាត់មិនអាចចៀសផុតទេ ដោយ​​សារ​​អី? ដោយសារចរន្តនៃការអនុវត្តបច្ចុប្បន្នហ្នឹង គឺនយោបាយដើរតួនាទីសំខាន់នៃការដឹកនាំ! ប៉ុន្តែនៅ​​សង្គមកម្ពុជា នយោបាយនេះត្រូវអ្នកនយោបាយគណបក្សកាន់អំណាច គឺគណបក្សប្រជាជន បន្លាច ធ្វើឱ្យប្រជាពលរដ្ឋខ្លាច មិនចង់ជជែក មិនចង់ប្រើពាក្យនយោបាយទេ នេះគឺជាបរិបទដែលយើងមើលឃើញនៅក្នុងសង្គម»។

របាយការណ៍ស្ទង់មតិ​ថ្មីមួយទៅលើយុវជនចំនួន១ ៦០០នាក់ នៅភូមិចំនួន២០០ នៅទូទាំងប្រ​​ទេ​​​ស ដែល​ធ្វើ​ឡើង​ដោយ​អង្គការតម្លាភាពកម្ពុជា (TI) ដែលផ្សព្វផ្សាយកាលពីចុងខែ​​​​​​​តុលា ឆ្នាំ២០​​២២ រកឃើញថា យុវជន​កម្ពុជា​ ១៧ភាគរយ ក្នុងចំណោមយុវជនសរុប ដែលឆ្លើយថាពួកគេ​ចា​​ប់​​អារ​​ម្មណ៍​ខ្លាំង​លើកិ​ច្ចការនយោបាយ។ ដោ​យឡែក យុវជន​ជាង​៨២​ភាគ​​រយទៀត​ ពួកគេ​​ឆ្លើយថាមិន​ចាប់អារម្មណ៍ទាល់តែសោះ ឬចាប់អារម្មណ៍តិចតួច​លើកិច្ច​ការនយោបាយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ