ព្រះមហាក្សត្រតែងតាំងលោក យ៉ង សាំងកុមារ ជារដ្ឋលេខាធិការនិងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីជាផ្លូវការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ ពិភាក្សាអំពីការងារកសិកម្ម ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្នជារដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពេលលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។

ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យចំនួន២ដាច់ដោយឡែក នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងតែងតាំងជារដ្ឋលេខាធិការនៃក្រសួងកសិកម្មផង ខណៈលោក ឡឹក សុធារ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងតំណែងជាអនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយមានការស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ការផ្តល់តំណែងដល់លោក យ៉ង សាំងកុមារ និងលោក ឡឹក សុធារ នៅក្រសួងកសិកម្មនេះ ធ្វើឡើងក្រោយពេលពួកគេបានទៅជួបជជែកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការងារកសិកម្ម កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បន្ទាប់ពីទទួលបានការអនុញ្ញាតចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ។

នៅឆ្នាំ២០១៥ លោក យ៉ង សាំងកុមារ បានលាឈប់ពីប្រធានអង្គការសេដាក ហើយបានចូលប្រឡូកឆាកនយោបាយ តាមរយៈការចូលរួមបង្កើតគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាមួយលោកបណ្ឌិត កែម ឡី ព្រមទាំងអតីតមន្ត្រីអង្គការក្រៅរដ្ឋាភិបាលផ្សេងទៀត ដោយលោកមានតួនាទីជាប្រធានគណៈកម្មាធិការនាយកគណបក្សក្រៅរដ្ឋាភិបាលមួយនេះ។

ចំណែកលោក ឡឹក សុធារ មានតួនាទីជាអគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតមកពីប្រទេសបារាំង និងមានបទពិសោធបម្រើការងារនៅអង្គការជាតិ និងអន្តរជាតិមួយចំនួនផងដែរ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ