គុនល្បុក្កតោកម្ពុជា ត្រូវបាន UNESCO ចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ

ឈុតឆាកមួយនៃការសម្ដែងក្បាច់គុនល្បុក្កតោ កាលពីពេលកន្លងទៅ។ (វេបសាយក្រសួងព័ត៌មាន)

ក្បាច់គុនល្បុក្កតោ ដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការចុះគុនល្បុក្កតោទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី​នៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា ក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ដែលធ្វើឡើងនៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រ ម៉ារ៉ុក បានអនុម័តយល់ព្រមចុះ គុនល្បុក្កតោ របស់កម្ពុជាទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងថា ការចុះបញ្ជីគុនល្បុក្កតោក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះ គឺជាការជោគជ័យ និងមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត របស់កម្ពុជា ក្នុងការការពារ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។

ក្រសួងវប្បធម៌បន្តថា បេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបីរបស់ជាតិ មិនត្រឹមតែជាអត្តសញ្ញាណ និងជាព្រលឹងជាតិដែលបានលើកស្ទួយកេរិ៍្តឈ្មោះរបស់ប្រទេសកម្ពុជាឱ្យល្បីរន្ទឺនៅឆាកជាតិ និងអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមទៀតផង។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់សាធារណជនទាំងក្នុង និងក្រៅប្រទេសជួយបន្តចូលរួមថែរក្សាការពារ និងលើកតម្កើងតម្លៃវប្បធម៌ជាតិខ្មែរឱ្យសម្រេចបានជោគជ័យ និងល្បីរន្ទឺសុះសាយតទៅមុខជានិរន្តរ៍៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ