ប្រធានសន្តិសុខរបស់ចិនថានឹងបង្ក្រាប «កម្លាំងអរិភាព» បន្ទាប់ពីមានការតវ៉ាប្រឆាំងនឹងវិធានការទប់ស្កាត់កូវីដ-១៩

បាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតចិន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីកាន់ទុក្ខដល់ជនរងគ្រោះក្នុងករណីភ្លើងឆេះដ៏សន្ធោសន្ធៅនៅទីក្រុង Urumqi នៃតំបន់ស៊ីជាំង ប្រទេសចិន និងទាមទារឱ្យរដ្ឋាភិបាលចិនបញ្ចប់គោលនយោបាយ សូន្យកូវីដ (Zero-Covid) ដោយលុបចោលការរឹតបន្តឹងទាំងអស់។ (Alexander Mak/NurPhoto)

ប្រធានសន្តិសុខរបស់បក្សកុម្មុយនីស្តចិនថានឹងបង្រ្កាប «កម្លាំងអរិភាព» បន្ទាប់ពីមានបាតុកម្មតវ៉ាប្រឆាំង​វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមដងផ្លូវក្នុងទីក្រុងនានា និងបរិវេណសាកលវិទ្យាល័យជាច្រើន កាលពីចុងសប្ដាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន South China Morning Post នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

ការអះអាងនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ក្នុងអំឡុងពេលកិច្ចប្រជុំមួយដែលដឹកនាំដោយលោក ចេន វ៉េនគីង (Chen Wenqing) ប្រធានគណៈកម្មាធិការកិច្ចការនយោបាយ និងច្បាប់ ដែលជាស្ថាប័នសន្តិសុខកំពូលរបស់បក្សកុម្មុយនីស្តចិន។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua ។

កិច្ចប្រជុំនេះធ្វើឡើងដើម្បី «សិក្សាពីការសម្រេចចិត្តថ្មីៗ និងការដាក់ពង្រាយកងកម្លាំងសន្តិសុខ»

កិច្ចប្រជុំ​នេះ​បាន​អំពាវនាវ​ឱ្យ​ស្ថាប័ន​អនុវត្ត​ច្បាប់​នៅ​ទូទាំងប្រទេស​ចាត់វិធានការ​ខ្លាំងក្លា ​ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​ស្ថិរភាព​សង្គម អនុវត្ត​ទស្សនវិស័យ​របស់​លោក ស៊ី ជីនពីង អំពីនីតិរដ្ឋ និង​សន្តិសុខ​ជាតិ និង​ពង្រឹង «ស្មារតី​ប្រយុទ្ធ​»។

កងកម្លាំងសន្តិសុខត្រូវបានអំពាវនាវឱ្យពង្រឹងការវិនិច្ឆយផ្នែកនយោបាយរបស់ពួកគេ និងដោះស្រាយជម្លោះ និងការលំបាកជាក់ស្តែងរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លើសពីនេះ អង្គប្រជុំក៏បានអំពាវនាវឱ្យមានការបង្រ្កាបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបង្កហេតុ និងបំផ្លិចបំផ្លាញដោយកម្លាំងអរិភាព សកម្មភាពខុសច្បាប់ ដែលរំខានដល់សណ្តាប់ធ្នាប់សង្គម ដើម្បីរក្សាស្ថិរភាព។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីការតវ៉ាបានផ្ទុះឡើងនៅក្នុងទីក្រុងមួយចំនួនរបស់ចិន រួមទាំងរដ្ឋធានីប៉េកាំង ជាកន្លែងដែលក្រុមបាតុករបានប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខជនរងគ្រោះដោយអគ្គិភ័យនៅរដ្ឋធានីទីហ័រ (Urumqi) នៃតំបន់ស៊ីជាំង (Xinjiang) ភាគខាងលិច កាលពីសប្តាហ៍មុន និងដើម្បីបញ្ចេញកំហឹងចំពោះវិធានការ «សូន្យកូវីដ» ដែលដាក់ចេញដោយទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា បាតុកម្មទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសចិន ចាប់តាំងពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ឡើងកាន់អំណាច​អស់រយៈពេល​មួយទសវត្សរ៍ ប្រឆាំងនឹងវិធានការ «សូន្យកូវីដ» ដែលត្រូវបានដាក់ចេញជិតបីឆ្នាំ ចាប់តាំងពីការរីករាលដាលនៃជំងឺកូវីដ-១៩។

អ្វីដែលធ្វើឱ្យក្រុមបាតុករផ្ទុះកំហឹងកាន់តែខ្លាំងនោះ គឺអគ្គិភ័យកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅឯអគារលំនៅឋានដ៏ខ្ពស់មួយកន្លែង នៅរដ្ឋធានីទីហ័រ (Urumqi) នៃតំបន់ស៊ីជាំង (Xinjiang) ដែលបានសម្លាប់មនុស្ស១០នាក់ ហើយដែលក្រុមបាតុករចោទថាបណ្ដាលមកពីវិធានការបិទខ្ទប់៕

អរិភាព (ន) ភាពអាក់អន់ស្រពន់ចិត្ត ភាពទើសចិត្ត ភាពរកាំចិត្ត ឧ. ប្រទេសទាំងពីរនេះកំពុងចៀសវាងនូវអរិភាពនឹងគ្នា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ