ធនាគារ​ពិភពលោក​ថា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ត្រូវ​បាន​គំរាមកំហែង​ដោយ​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩

អ្នកស្រី គួង សុផាត អាយុ៦០ឆ្នាំ រស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ (ង៉ាយ ណៃ)

អ្នកស្រី គួង សុផាត អាយុ៦០ឆ្នាំ រស់នៅតាមបណ្ដោយផ្លូវរថភ្លើង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ បានរៀបរាប់ឱ្យដឹងថា បច្ចុប្បន្ន អ្នកស្រីត្រូវជួលផ្ទះឈើតូចមួយដើម្បីរស់នៅជាមួយកូនស្រីអាយុ៣៥ឆ្នាំ រួមនឹងចៅចំនួនពីរនាក់។

អ្នកស្រីបន្តថា ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពគ្រួសារក្នុងឆ្នាំ២០២០ ខណៈការលំបាកនេះនៅតែបន្តអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន។

អ្នកស្រីថា៖ «បច្ចុប្បន្ននេះ យើង​នៅ​តែ​មិនមានអាហារសម្រាប់ទទួលទានគ្រប់គ្រាន់ ដោយសារតែយើងត្រូវ​សន្សំ​លុយដើម្បីបង់ថ្លៃផ្ទះ​ជួលឱ្យគេ។ វា​នៅ​តែ​ពិបាក​ក្នុង​ការ​រក​ចំណូល»។

យោងតាមរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក (World Bank) កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា កន្លងទៅ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ​ ៤៦ម៉ឺននាក់ បានធ្លាក់ទៅ​ក្រោមបន្ទាត់នៃភាពក្រីក្រ​វិញ ដោយសារតែ​ការ​រាតត្បាត​ជំងឺកូវីដ-១៩ ដែលក្នុង​នោះ​ រាជរដ្ឋាភិបាលកម្ពុជាបាន​កំណត់បន្ទាត់​ភាព​ក្រី​ក្រ​អប្បបរមាជាតិដែលមានចំណូល​​ចំនួន១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ ខណៈគ្រួសារមួយចំនួនក៏ត្រូវកាត់បន្ថយការចំណាយលើអាហារផងដែរ។

ក្នុងនាមជាពលរដ្ឋមួយរូបរស់នៅក្នុង​សង្កាត់​ស្រះចក អ្នកស្រី គួង សុផាត បានបន្តរៀបរាប់ពីទុក្ខ​លំបាករបស់ខ្លួនថា៖ «យើងត្រូវដកអាហារពេលព្រឹក ឬអាហារពេលល្ងាចចេញជារៀងរាល់ថ្ងៃ។ មានពេលខ្លះ យើងក៏ត្រូវហូបពងទាតែមួយគ្រាប់ជុំគ្នាក្នុងមួយពេលផងដែរ ដើម្បីសន្សំប្រាក់ទុកសម្រាប់ទិញអាហារនៅថ្ងៃបន្ទាប់ទៀត»។

អ្នកស្រីបន្ថែមថា គ្រួសារ​របស់ខ្លួនត្រូវ​ចំណាយថវិកាប្រមាណ​៥ពាន់រៀល​ក្នុង​មួយ​ថ្ងៃ​លើ​អាហារ ដោយភាគច្រើនពួកគេ​អាចហូបបានតែពងទា មីកញ្ចប់ និង​ត្រីខ​កំប៉ុងតែប៉ុណ្ណោះ។

អ្នកស្រីថា​៖ «​យើង​មាន​អារម្មណ៍​ថាឃ្លាន និងមិនមានកម្លាំងកំហែងគ្រប់គ្រាន់ឡើយ​»។

កូនស្រី​របស់អ្នកស្រី គួង សុផាត ​គឺជា​អ្នក​រកប្រាក់ចំណូលដ៏​សំខាន់​ដើម្បីផ្គត់ផ្គង់គ្រួសារ តាមរយៈរបរ​លក់​បង្អែម​សណ្ដែកខៀវ ឬ​នំ​អន្សម​ ដោយមុនពេលមានករណីឆ្លងរីករាលនៃជំងឺកូវីដ-១៩ កូនរបស់អ្នកស្រីអាចរកចំណូលបានប្រមាណ៣ម៉ឺនរៀលក្នុងមួយថ្ងៃ។

សម្រាប់ពេលបច្ចុប្បន្ននេះ ខ្លួនអាចរកបានចាប់ពី១ម៉ឺន ទៅ២ម៉ឺនរៀលក្នុងមួយថ្ងៃតែប៉ុណ្ណោះ ហើយថ្ងៃខ្លះក៏កាន់តែតិចជាងនេះទៀតផង ដែលវាពិតជាបង្កការលំបាកក្នុងការសន្សំប្រាក់ឱ្យបានគ្រប់គ្រាន់ ដើម្បីបង់ថ្លៃផ្ទះជួលចំនួន៦០ដុល្លារក្នុងមួយខែ។

ទោះជាយ៉ាងណា អ្នកស្រី គួង សុផាត បន្ថែមថា វានៅតែមានភាពប្រសើរជាងអំឡុងពេលបិទខ្ទប់កាលពីពេលកន្លងទៅ ដែលនៅពេលនោះ កូនស្រីរបស់គាត់មិនអាចសូម្បីតែចេញក្រៅដើម្បីរកចំណូលបាន។

របាយការណ៍របស់ធនាគារពិភពលោក ក៏បានឱ្យដឹងផងដែរថា ការស្ដារសេដ្ឋកិច្ចឡើងវិញរបស់កម្ពុជាដែលមិនទាន់កើតមានក្នុងគ្រប់វិស័យ បានធ្វើឱ្យគ្រួសារក្រីក្រប្រឈមនឹងការលំបាកក្នុងការស្ដារជីវភាពឡើងវិញផងដែរ។

របាយការណ៍ដដែលថា៖ «ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់ដល់កម្លាំងពលកម្មដែមានជំនាញទាប កម្មករនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងគ្រួសារដែលមានចំណូលទាប ហើយការស្ដារសេដ្ឋកិច្ចមិនទាន់បានគ្រប់វិស័យ អាចធ្វើឱ្យការស្ដារសេដ្ឋកិច្ចគ្រួសារកើតឡើងក្នុងល្បឿនរឹតតែយឺតទៅទៀត»។

ពលរដ្ឋរស់នៅ​តាម​ផ្លូវ​រថភ្លើង ក្នុង​សង្កាត់​ស្រះចក រាជធានី​ភ្នំពេញ មួយរូបទៀត អ្នកស្រី ហ៊ឹម ផល្លា អាយុ៣៨ឆ្នាំ បានលើកឡើងថា ក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ អ្នកស្រីមិនអាចចេញទៅលក់ងាវដូចធម្មតាបានទេ ខណៈកូនច្បងរបស់ខ្លួនពីរនាក់ក៏មិនអាចចេញទៅធ្វើការនៅតាមភោជនីយដ្ឋានបានផងដែរ ដោយខ្លួនត្រូវពឹង​លើ​ប្តីជា​សន្តិសុខតែម្នាក់​ប៉ុណ្ណោះ។

អ្នកស្រីថា៖ «យើង​អាចទទួលទានអ្វីដោយផ្អែកលើចំណូលដែល​អាចរកបាន ហើយវា​មិន​មាន​អ្វីសម្រាប់ទទួល​ច្រើន​នោះ​ទេ។ មានពេលខ្លះ យើងហូបពងទា មីកញ្ចប់ ហើយពេលខ្លះក៏មានបន្លែ។ យើង​មានសាច់សម្រាប់ទទួលទាន លុះត្រាតែមានបងប្អូនរបស់យើង​យក​មក​ឱ្យ»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Falling Back Into Poverty Meant Sharing One Egg Among Family of Four

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ