NATO ប្ដេជ្ញា​ជួយ​អ៊ុយក្រែន​បន្ថែម​ទៀត ខណៈ​រុស្ស៊ី​កំពុង​វាយប្រហារ​តំបន់ជួរមុខ

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងនៅក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំ លើកទី៦៨ នៃសភាអង្គការណាតូ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ (REUTERS/Juan Medina)

សម្ពន្ធមិត្តអង្គការណាតូ (NATO) បានសន្យាផ្ដល់ជំនួយសព្វាវុធបន្ថែមទៀតសម្រាប់ទីក្រុងកៀវ (Kyiv) និងឧបករណ៍ដើម្បីជួយស្ដារថាមពល និងកម្ដៅឡើងវិញ ដែលត្រូវបានបំផ្លាញដោយការវាយប្រហាររបស់រុស្ស៊ី ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា កងកម្លាំងរបស់ទីក្រុងម៉ូស្គូបាននិងកំពុងព្យាយាមរុលទៅមុខនៅក្នុងតំបន់ជាច្រើន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រជាជនអ៊ុយក្រែន នៅថ្ងៃអង្គារម្សិលមិញនេះ បានភៀសខ្លួនទៅច្រកនៅតាមលេនដ្ឋាន បន្ទាប់ពីបានឮស៊ីរ៉ែនព្រមានពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។ នៅតំបន់ដូណេតស៍ (Donetsk) ភាគខាងកើត កងកម្លាំងរុស្ស៊ីបានវាយប្រហារដោយកាំភ្លើងធំ កាំភ្លើងត្បាល់ និងរថក្រោះ។

លោក Zelenskiy បាន​និយាយ​ថា យោធា​រុស្ស៊ី​ក៏បាននិង​កំពុង​វាយ​ប្រហារ​នៅ​តំបន់លូហាន់ស៍ (Luhansk) នៅ​ភាគ​ខាង​កើត និងតំបន់ខាកៀវ (Kharkiv) នៅ​ភាគ​ឦសាន ជា​តំបន់​​ដែល​អ៊ុយក្រែន​ដណ្តើម​បានមក​វិញ​កាលពី​ខែ​កញ្ញា។

លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូថា៖ «ស្ថានភាពជួរមុខ គឺពិបាក»។

លោកបន្ថែមថា៖ «ទោះបីជាមានការខាតបង់យ៉ាងធំធេងក៏ដោយ អ្នកកាន់កាប់ [កងទ័ពរុស្ស៊ី] នៅតែព្យាយាមរុលទៅមុខ នៅក្នុងតំបន់ដូណេតស៍ [Donetsk], លូហាន់ស៍ [Luhansk] និងខាកៀវ [Kharkiv]។ ពួកគេកំពុងរៀបចំផែនការធ្វើអ្វីមួយនៅភាគខាងត្បូង»។  

រដ្ឋមន្ត្រីការបរទេសមកពីសម្ពន្ធមិត្ត NATO រួមទាំងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានបើកកិច្ចប្រជុំរយៈពេលពីរថ្ងៃ នៅទីក្រុងប៊ូឆារ៉េស (Bucharest) កាលពីថ្ងៃអង្គារ ដោយស្វែងរកមធ្យោបាយដើម្បីការពារសុវត្ថិភាពប្រជាជនអ៊ុយក្រែន ដើម្បីរក្សាកម្តៅនៅអ៊ុយក្រែន និងដើម្បីទ្រទ្រង់យោធារបស់ទីក្រុងកៀវ (Kyiv) តាមរយៈយុទ្ធនាការរដូវរងារខាងមុខនេះ។

អគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលថិនបឺក (Jens Stoltenberg) បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន «កំពុងព្យាយាមប្រើរដូវរងារជាអាវុធនៃសង្គ្រាម»។

គួររម្លឹកថា រុស្ស៊ី​បាន​​បើក​​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំរបស់​ខ្លួនមកលើអ៊ុយក្រែន​ តាម​ផ្លូវ​គោក ផ្លូវ​​អាកាស និង​​សមុទ្រ​ កាល​ពី​ខែ​កុម្ភៈ ដែល​បាន​បង្ក​ឱ្យ​ជន​ស៊ីវិលរាប់​ពាន់​នាក់បានស្លាប់បាត់បង់ជីវិត។ បន្ថែមពីនេះ តំបន់ទីក្រុងជាច្រើន​ប្រែក្លាយទៅជាគំនរបាក់បែក និងបង្កឱ្យមានជាវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរកើតឡើង ខណៈមនុស្សរាប់​លាន​នាក់​ក៏បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ