អាមេរិក​ព្រមាន​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ចិន

ប៉ូលិស​ចិន​រក្សាសន្តិសុខដល់​រថយន្ត​ដឹក​សារធាតុ​វិទ្យុសកម្ម​ដែល​គេ​សង្ស័យ​ថាជាធាតុផ្សំបង្កើត​នុយក្លេអ៊ែរ​ ទៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Haiyang ក្នុង​ទីក្រុង Haiyang ខេត្ត Shandong ភាគ​ខាងកើត​ប្រទេស​ចិន កាលពី​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥។ (REUTERS)

ក្រសួងការពារជាតិអាមេរិកបានជូនដំណឹងអំពីគ្រោះថ្នាក់នៃកម្មវិធីនុយក្លេអ៊ែរនៅក្នុងប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង និងបានចេញរបាយការណ៍ព្រមានអំពីកម្មវិធីនុយក្លេអ៊ែររបស់ចិន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌ NHK

របាយការណ៍របស់មន្ទីរបញ្ចកោណដែលមានចំណងជើងថា «របាយការណ៍អំពីអំណាចយោធារបស់ចិន» និយាយថា មេដឹកនាំទីក្រុងប៉េកាំងបាន​បង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់ជាង៤០០គ្រាប់ និងកំពុងធ្វើទំនើបកម្ម ពិពិធកម្ម និងពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួន។

របាយការណ៍នោះនិយាយថា ប្រសិនបើចិនបន្តបង្កើនចំនួនក្បាលគ្រាប់នុយក្លេអ៊ែរក្នុងល្បឿនដ៏ឆាប់រហ័សបែបនេះ ចិននឹងមានក្បាលគ្រាប់នុយក្លេអ៊ែររហូតដល់១ ៥០០គ្រាប់ នៅត្រឹមឆ្នាំ២០៣៥។

លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណ លោក ផា​ទ្រី​ក រ៉ា​យ​ឌឺ (Patrick Ryder) បាននិយាយកាលពីថ្ងៃអង្គារថា ក្បាលគ្រាប់នុយក្លេអ៊ែរកើនឡើងកាន់តែច្រើន អស្ថិរភាពក្នុងតំបន់ក៏កាន់តែច្រើនឡើងដែរ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បាននិយាយក្នុងអំឡុងពេលសមាជជាតិរបស់បក្សកុម្មុយនីស្តចិន កាលពីខែមុន ថាប្រទេសចិនកំពុងពង្រឹងប្រព័ន្ធការពារជាយុទ្ធសាស្ត្ររបស់ខ្លួន។

មន្រ្តីទីក្រុងប៉េកាំងបាននិយាយថា ពួកគេមានឆន្ទៈក្នុងការចូលរួមកិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ។ ទោះយ៉ាងណា ពួកគេបានលើកឡើងថា អាមេរិកមានក្បាលគ្រាប់នុយក្លេអ៊ែរជាង៣ ៧០០។ ពួកគេនិយាយថា អាមេរិកត្រូវកាត់បន្ថយចំនួនក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនជាមុនសិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ