សាច់ញាតិស្ត្រីដែលវះកាត់យកកូនស្លាប់ក្នុងផ្ទៃនៅមន្ទីរពេទ្យឯកជនមួយក្នុងខេត្តកំពង់ស្ពឺ ទាមទារយុត្តិធម៌

មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ។ (ហ្វេសប៊ុក៖ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ – Kampong Speu Provincial Health Department)

សាច់ញាតិស្ត្រីដែលវះកាត់យកកូនស្លាប់ចេញពីក្នុងផ្ទៃ នៅមន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង ស្ថិតនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានទាមទារទៅអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ជូនជនរងគ្រោះ រួមទាំងគ្រួសារពួកគេ ដោយថា ក្រុមគ្រូពេទ្យនៃមន្ទីរសម្រាកព្យាបាលឯកជនមួយនេះធ្វើការធ្វេសប្រហែសបណ្ដាលឱ្យអ្នកជំងឺកាន់តែរបួសធ្ងន់ធ្ងរ​ឡើង។

អ្នកស្រី ផេង ស្រីល័ក្ខ អះអាងថាត្រូវជាបងស្រីបង្កើតរបស់ស្រ្តីឈ្មោះ សៀង ស្រីអូន បានរៀបរាប់ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា កាលពីពេលថ្មីៗនេះ ប្អូនស្រីរបស់គាត់បានពិនិត្យសុខភាពកូនក្នុងផ្ទៃ៥ខែ និងចង់ដឹងកូននោះប្រុសឬស្រី នៅមន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង នៅខេត្តកំពង់ស្ពឺ។

អ្នកស្រី ផេង ស្រីល័ក្ខ បន្តថា ក្រោយពិនិត្យរួច គ្រូពេទ្យប្រាប់ថា កូននៅក្នុងផ្ទៃម្ដាយនោះ គឺបេះដូងមិនធ្វើចលនានោះទេ និងបានឱ្យស្ត្រីជាម្តាយទារកទៅពិនិត្យកន្លែងពេទ្យផ្សេងទៀត ដើម្បីបញ្ជាក់ឱ្យច្បាស់លាស់ ហើយបើពិនិត្យឃើញថាកូនក្នុងផ្ទៃនោះស្លាប់មែន អាចត្រលប់មកវះកាត់យកកូនចេញនៅមន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង បាន ដោយសម្អាងថា មានឧបករណ៍វះកាត់គ្រប់គ្រាន់។

សាច់ញាតិស្ត្រីរូបនេះបន្តទៀតថា ក្រោយទៅពិនិត្យកន្លែងពេទ្យផ្សេង ឃើញកូនក្នុងផ្ទៃស្លាប់ពិតមែន ក្រុមគ្រួសារក៏បាននាំជនរងគ្រោះមកវះកាត់នៅមន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង វិញ​ ហើយថា ក្រោយវះកាត់រួច គ្រូពេទ្យបានឱ្យត្រលប់ទៅផ្ទះវិញ។

អ្នកស្រី ផេង ស្រីល័ក្ខ បន្ថែមថា ក្រោយត្រលប់ទៅផ្ទះបានប៉ុន្មានថ្ងៃ ប្អូនស្រីគាត់មានអាការឈឺចុកចាប់ក្នុងពោះ និងបានត្រលប់មកឱ្យពេទ្យនៅមន្ទីរសម្រាកព្យាបាល ដើមអង្គ្រង ពិនិត្យម្តងទៀត ហើយក្រុមគ្រូពេទ្យវះកាត់ម្តងទៀត និងបានច្រំឡំកាត់ដាច់ពោះវៀន ដែលធ្វើឱ្យប្អូនស្រីរបស់​គាត់ធ្លាក់ខ្លួនឈឺកាន់តែខ្លាំងថែមទៀត។

ភាពធ្វេសប្រហែសរបស់គ្រូពេទ្យនៃមន្ទីរពេទ្យឯកជននេះ អ្នកស្រីបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ និងជួយឱ្យប្អូនស្រីរបស់អ្នកស្រីអាចមានជីវិតរស់នៅបន្តទៅមុខទៀត។ អ្នកស្រីថា ពេលនេះ ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយថា ក្រុមគ្រូពេទ្យនៅទីនោះប្រាប់ថា ប្រសិនបើមានថវិកាទិញពោះវៀនសិប្បនិមិត្តដោះដូរ ឬតភ្ជាប់វិញ ជនរងគ្រោះអាចជួយសង្គ្រោះបាន និងអាចមានជីវិតរស់នៅបន្តយូរអង្វែងទៀតបាន។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសុំលើកម្រាមដៃដប់ សុំដល់សប្បុរសជនជួយជាថវិកាឱ្យខ្ញុំអាចទិញពោះវៀនដាក់ឱ្យប្អូនខ្ញុំបានរស់រានមានជីវិតបន្តទៀត ព្រោះប្អូនខ្ញុំក្រណាស់ ហើយខ្ញុំស្នើដល់អាជ្ញាធរពាក់ព័ន្ធមានចំណាត់ការផ្លូវច្បាប់ និងរកយុត្តិធម៌សម្រាប់ប្អូនខ្ញុំផង ព្រោះប្អូនខ្ញុំ គ្មានយុត្តិធម៌សម្រាប់ប្អូនសោះតែម្តង។ សុំឱ្យលោកគ្រូពេទ្យហ្នឹងមានទំនួលខុសត្រូវលើប្អូនរបស់ខ្ញុំផង»

វីអូឌី មិនអាចសុំការឆ្លើយតបពីលោកស្រីវេជ្ជបណ្ឌិត សួស ច័ន្ទរស្មី ដែលជាអ្នកទទួលខុសត្រូវចំពោះមន្ទីរសម្រាកព្យាល ដើមអង្គ្រង បានឡើយ នៅថ្ងៃពុធនេះ។

ចំណែកអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់វីអូឌីយ៉ាងខ្លីថា ករណីនេះ ក្រសួងកំពុងមានចំណាត់ការតាមនីតិវិធី។ ខណៈលោកស្រី យក់ សម្បត្តិ និងអគ្គនាយកបច្ចេកទេស នៃក្រសួងសុខាភិបាល លោក​ ហុក គឹមចេង ប្រាប់ថាជាប់រវល់ប្រជុំ មិនអាចនិយាយបានឡើយ។

កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងសុខាភិបាលបានបិទមន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង ជាបណ្ដោះអាសន្ន ដើម្បីឱ្យមន្ដ្រីជំនាញចុះសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ពីហេតុការណ៍ដែលបណ្តាលមកពីករណីរំលូតកូនស្លាប់ក្នុងផ្ទៃ ដើម្បីចាត់វិធានការទៅតាមច្បាប់ជាធរមាន។

បើតាមសាច់ញាតិអះអាងថា អ្នកស្រី សៀង ស្រីអូន មានស្រុកកំណើតនៅស្រុកជុំគិរី ខេត្តកំពត និងជាកម្មការិនីបម្រើការងារនៅរោងចក្រមួយនៅខេត្តកំពង់ស្ពឺ ហើយស្ត្រីរូបនេះជួបគ្រោះថ្នាក់នេះក្នុងកំណើតកូនទី២។

ពាក់ព័ន្ធករណីនេះ ប្រធានសហភាពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានស្នើដល់ក្រសួងសុខាភិបាលឱ្យមានចំណាត់ការ តឹងរ៉ឹងចំពោះមន្ទីរសម្រាកព្យាបាល និងសម្ភព ដើមអង្គ្រង ដោយឱ្យម្ចាស់មន្ទីរពេទ្យឯកជនមួយនេះទទួលខុសត្រូវចំពោះជនរងគ្រោះឱ្យខានតែបាន ដើម្បីផុ្តល់យុត្តិធម៌ដល់ជនរងគ្រោះផងដែរ។ លោកថា ករណីនេះជាការធ្វេសប្រហែស និងអាចជាការបំពេញការងារគ្មានជំនាញច្បាស់លាស់របស់ក្រុមគ្រូពេទ្យ​នៅទីនោះ។

មេសហជីពរូបនេះបន្តថា នេះមិនមែនជាលើកទី១នោះទេ ដែលមន្ទីរពេទ្យឯកជនមួយចំនួនបានធ្វេសប្រហែសក្នុងការបំពេញការងារ និងជំនាញឱ្យបានត្រឹមត្រូវ ហើយធ្វើឱ្យមានបញ្ហាដល់អ្នកជំងឺ និងប្រជាពលរដ្ឋដែលទៅរកសេវាព្យាបាល។

ជុំវិញបញ្ហានេះ លោក ប៉ាវ ស៊ីណា បានស្នើដល់ក្រសួងសុខាភិបាលត្រូវពិនិត្យ និង​ធ្វើតេស្តជំនាញឱ្យបានច្បាស់លាស់ចំពោះក្រុមគ្រូពេទ្យ ឬមន្ទីរពេទ្យឯកជននានា មុនអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្ម ដើម្បីធានាដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកបន្ថែមថា៖ «យើងត្រូវយកករណីនេះទៅធ្វើជាអំណះអំណាង មុនទៅដល់ការឯកភាព ការផ្តល់អាជ្ញាបណ្ណ យើងត្រូវពិនិត្យទៅលើមន្ទីរពេទ្យ ឬគ្លីនិកឯកជនទាំងអស់ហ្នឹង ថាតើគាត់មានជំនាញច្បាស់លាស់ទេ ឆ្លងកាត់ការធ្វើតេស្តទៅលើជំនាញរបស់គាត់ ការប្រើប្រាស់បរិក្ខារនៅក្នុងគ្លីនិកទាំងអស់ហ្នឹងថាតើវាស្របទៅតាមស្តង់ដារដែរទេ គ្រប់គ្រាន់ទេ? បើកាលណាអត់ទេ ហើយមន្ទីរពេទ្យបើកដំណើរការដោយក្រុមគ្រូពេទ្យគ្មានជំនាញច្បាស់លាស់ទេ វានឹងជាឧបសគ្គបង្កការគ្រោះថ្នាក់ដល់អតិថិជន ក៏ដូចជាអ្នកជំងឺដែលទៅទទួលការព្យាបាលជាមិនខាន»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ