តំណាង​កូដករ​ណាហ្គាវើលដ៍ ៣រូប ដាក់​ពាក្យ​សុំ​ពន្យារពេល​ចូលបំភ្លឺ​ដោយសារ​ពុំទាន់​មាន​មេធាវី​ការពារក្ដី

កូដករណាហ្គាវើលដ៍ឈ្មោះ សុន ស្រីពេជ្រ ផ្ដល់បទសម្ភាសអំឡុងតំណាងកូដករណាហ្គាវើលដ៍ ៣រូប ដាក់ពាក្យសុំពន្យារពេលចូលឆ្លើយបំភ្លឺ តាមដីកាកោះរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​​ ​ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុន​ ក្រោមហេតុផលថាពួកគេមិនទាន់មានមេធាវី និងមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

តំណាងកូដករណាហ្គាវើលដ៍ ៣រូប ដាក់ពាក្យសុំពន្យារពេលចូលឆ្លើយបំភ្លឺ តាមដីកាកោះរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​​ ​ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុន​ ក្រោមហេតុផលថាពួកគេមិនទាន់មានមេធាវី និងមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ។

តាមរយៈដីកាកោះរបស់ចៅក្រម ពេជ្រ វិជ្ជាធរ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្គាប់ឱ្យតំណាងកូដករឈ្មោះ ឈឹម សុខន, រី សុវណ្ណឌី, សុន ស្រីពេជ្រ ចូលខ្លួននៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ដែលជាសំណុំរឿងប្ដឹងដោយក្រុមហ៊ុនណាហ្គាវើលដ៍ ​ដោយ​ «ប្ដឹងសុំសាលក្រមទទួលស្គាល់ការបញ្ឈប់ពីការងាររួមគ្នា»

អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ​កញ្ញា ​ឈឹម សុខន ប្រាប់វីអូឌីក្រោយពេលចេញពីដាក់លិខិតសុំពន្យារពេលចូលឆ្លើយបំភ្លឺ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ថាមូលហេតុដែលពួកគាត់ទាំង ៣រូប ដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ​ ដោយសារតែពួកគាត់មិនទាន់បានត្រៀមខ្លួន និងពុំទាន់មានមេធាវីការពារខ្លួននៅឡើយ។

តំណាងកូដកររូបនេះចាត់ទុកករណីប្ដឹងលើដំណើររឿងថ្មីពីសំណាក់ក្រុមហ៊ុននេះ ថាជាការធ្វើទុក្ខបុកម្នេញដល់ការតស៊ូមតិទាមទារដំណោះស្រាយលើវិវាទកាងារ និងទាមទាមសិទ្ធិសហជីពរបស់ពួកគេ។

យ៉ាងនេះក្តី តំណាងកូដករដែលដាក់ពាក្យពន្យារពេលចូលខ្លួនកាលពីព្រឹកមិញ ប្រាប់​ថា ប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះទាក់ទិនករណីដូចគ្នានេះដែរ ខណៈកញ្ញាទើបតែត្រូវសមត្ថកិច្ចឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។

ក្រៅពីតំណាងកូដករទាំង៤នាក់នេះ​ ​កន្លងមកមានកូដករណាហ្គាវើលដ៍​​ជិត១០រូប​ហើយត្រូវ​​បានសាលា​​​​ដំបូង​រាជ​ធានី​ភ្នំពេញកោះហៅឱ្យចូលបំភ្លឺ ក្រោមបណ្តឹងចំនួន៣របស់ក្រុមហ៊ុន រួមមាន បទរំលោភលើលំនៅឋាន, ធ្វើឱ្យខូច​ខាត​ដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ ដែលក្រុមហ៊ុនបានប្តឹងពួកគេ។

​វិវាទ​ការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមក​ហើយ ក្រោយ​ពេល​​ក្រុ​ម​ហ៊ុនល្បែងស៊ីសងនិងកាស៊ីណូមួយ​នេះបាន​បញ្ឈប់​​​បុគ្គលិក​ចំនួន ១ ៣២៩នាក់ ក្នុង​ចំណោម​​បុគ្គលិក​សរុ​ប​ជាង៨ ០០០នាក់ពី​ការ​ងារ ក្រោមហេតុផល​​ថា «ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​ដោយ​សារ​តែបញ្ហា​ជំងឺ​កូវីដ-១៩»

យ៉ាងណា បុគ្គលិកដែល​ចេញធ្វើ​កូដកម្មរយៈពេលប្រមាណ១ឆ្នាំ​មក​នេះ អះអាងថា ការបញ្ឈប់នោះគឺដោយ​សារ​ថៅកែមា​ន​ចេតនា​រំលាយ​សហជីព​ការ​ពារ​សិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ