UPDATED៖ សហរដ្ឋអាមេរិកស្នើឱ្យកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ និងបាន​ស្នើឱ្យកម្ពុជា​ដោះលែងកញ្ញា និងសមាជិកសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ។

ក្រសួងការបរទេសអាមេរិកបាននិយាយក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ​ថាកញ្ញា ឈឹម ស៊ីថរ ដែលសហជីពរបស់កញ្ញាមានវិវាទការងារអស់រយៈពេលជាងមួយឆ្នាំជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈកញ្ញាត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីត្រលប់មកកម្ពុជាវិញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយចូលរួមសន្និសីទការងារមួយនៅប្រទេសអូស្ត្រាលី។

​អាមេរិកបន្ត​ថា កន្លង​មក ​អាជ្ញាធរ​កម្ពុជា​បាន​ជ្រៀត​ជ្រែកទៅលើការអនុវត្ត​សិទ្ធិ​ស្របច្បាប់របស់​កម្មករ​ ដោយ​ការចាប់​ខ្លួន​ប្រធាន​សហជីព និង​កម្មករដែល​តវ៉ាប្រឆាំង​ចំពោះការ​បញ្ឈប់​បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាទ្រង់ទ្រាយធំដោយខុសច្បាប់។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាមេរិក​ថា៖ «យើងជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពទាំងអស់ដែលកំពុងជាប់ឃុំដោយសារអនុវត្តសិទ្ធិសេរីភាពក្នុងការបង្កើតសហជីព និងការជួបប្រជុំដោយសន្តិវិធី។ ទម្លាក់បទចោទប្រកាន់មកលើពួកគេ និងដោះស្រាយវិវាទដោយសន្តិវិធី»។

ក្រៅពីស្នើឱ្យដោះលែងកញ្ញា ឈឹម ​ស៊ីថរ និងសហជីពដែលកំពុងជាប់ពន្ធនាគារផ្សេងទៀត ក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ជាថ្មីទៀតដែរ ចំពោះការទាមទារឱ្យកម្ពុជាដោះលែងកញ្ញា សេង ធាវី ដែលជាពលរដ្ឋអាមេរិកាំង។

សហរដ្ឋអាមេរិកអះអាងថា រដ្ឋាភិបាលកម្ពុជាគួរតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចលើកកម្ពស់សិទ្ធិការងារ និងសម្របសម្រួលរកដំណោះស្រាយបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងសហជីព។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ចាត់ទុកសេចក្ដីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ថាជាការលើកឡើងដោយមិនពិនិត្យមើលច្បាប់ និងនីតិវិធីរបស់តុលាការកម្ពុជា។ យ៉ាងណា លោកថា អាមេរិកអាចនឹងដឹង ប៉ុន្តែធ្វើជាមិនដឹង ដើម្បីបិទបាំងកំហុសជនជាប់ចោទ ឬអំពើល្មើសរបស់ក្រុមខ្លួន។

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌រូបនេះបន្តថា ករណីកញ្ញា ឈឹម ស៊ីថរ នេះ ជាការអនុវត្តនីតិវិធីតាមផ្លូវច្បាប់របស់តុលាការសុទ្ធសាធ។ លោកថា ជាធម្មតា អ្នកដែលត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ គឺមានកំណត់នូវលក្ខខណ្ឌ រួមទាំងការចេញទៅក្រៅប្រទេស ជាដើម ដែលតម្រូវឱ្យសុំការអនុញ្ញាតពីតុលាការសិន។ ប៉ុន្តែកញ្ញា ស៊ីថរ បានបំពានលក្ខខណ្ឌនេះ ទើបតុលាការអនុវត្តនីតិវិធីដោយចាប់ឃុំខ្លួនវិញ។

លោក ជិន ម៉ាលីន មានប្រសាសន៍ថា«សូមគាត់ [សហរដ្ឋអាមេរិក] ពិនិត្យមើលទៅលើផ្លូវច្បាប់ និងនីតិវិធីច្បាប់របស់កម្ពុជា មុននឹងធ្វើការសន្និដ្ឋានទាំងមិនយល់ ឬមួយក៏ធ្វើការសន្និដ្ឋានក្នុងគោលបំណងចោទប្រកាន់ ដើម្បីការពារបិទបាំងកំហុសរបស់ក្រុមខ្លួន។ ការដែលសមត្ថកិច្ចអនុវត្តទៅតាមនីតិវិធីច្បាប់ ផ្លូវច្បាប់របស់កម្ពុជាដែលមានជាធរមានត្រឹមត្រូវគ្រប់លក្ខណៈទាំងអស់នេះ មិនមែនជាការរំលោភលើសិទ្ធិ ឬក៏ការធ្វើទុក្ខបុកម្នេញនោះទេ។ អាហ្នឹងជាវិធានការច្បាប់ទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យ នីតិរដ្ឋណាក៏គេធ្វើអ៊ីចឹងដែរ»

មុនសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការណ៍ឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ មួយថ្ងៃ សមាជិកសភាជាន់ខ្ពស់អូស្ត្រាលី ក៏បានចេញសេចក្តីថ្លែងការណ៍មួយទាមទារឱ្យកម្ពុជាដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងមួយនេះជាបន្ទាន់ផងដែរ។

ក្នុង​សេចក្តី​ថ្លែងការណ៍ដែលអានផ្ទាល់មាត់ពី​ក្នុង​សភា​សហព័ន្ធ​នៅ​ទី​កុ្រង​កង់បេរ៉ា (Canberra) នៃ​ប្រទេស​អូស្ត្រាលី​ (Australia) នៅ​រសៀល​ថ្ងៃទី២៨​ ខែ​វិច្ឆិកា តំណាងរាស្ត្រ​អូស្ត្រាលី​​ លោក ជូលៀន ហ៊ីល (Julian Hill) បាន​ថ្លែង​ថា ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ខ្លួន​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ គឺជារឿងមិនសមហេតុផល។​

​សមាជិកសភាជាន់ខ្ពស់អូស្ត្រាលីរូបនេះស្នើឱ្យកម្ពុជា​​ដោះលែងកញ្ញា ឈឹម ស៊ីថរ ​ជាបន្ទាន់ ហើយ​​​ក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍គប្បីអនុវត្ត​ឱ្យ​បាន​សមរម្យ និង​បញ្ចប់​វិវាទ​ការងារដែល​គួរ​ឱ្យ​អស់​សំណើចមួយ​នេះ។

ជាមួយគ្នានេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ ខែវិច្ឆិកា ថាអូស្ត្រាលីមានការព្រួយបារម្ភចំពោះការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយធ្វើដំណើរវិលត្រលប់មកពីក្រៅប្រទេសវិញ។

អូស្ត្រាលីបន្តអំពាវនាវឱ្យ​កម្ពុជារកដំណោះស្រាយបញ្ចប់វិវាទការងារមួយនេះប្រកបដោយយុត្តិធម៌ និងសមធម៌។  ​

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាសរសេរថា៖ «យើងបន្តអំពាវនាវឱ្យក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើការសម្របសម្រួលរកដំណោះស្រាយដោយយុត្តិធម៌ និងសមធម៌ ចំពោះជម្លោះនេះ ក៏ដូចជាការធានាថា សិទ្ធិនយោបាយ និងសិទ្ធិការងារត្រូវបានការពារ»។

អគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang បានសរសេរលើបណ្តាញទ្វីធ័រ (Twitter)  ថាលោកក៏បានលើកឡើងពីភាពមន្ទិល​ជុំវិញការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ​ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ផងដែរ។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស​ ជាលើកទី២ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា​។

ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា​ បានអះអាងថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីទៀតនេះ ដោយសារកញ្ញាបានចាកចេញពីកម្ពុជាដោយគ្មានការអនុញ្ញាតពីចៅក្រោមស៊ើបសួរ ដែលអំពើនេះជាការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។

សេចក្តីថ្លែងការណ៍​បន្តថា ចំពោះការលើកឡើងថា ជនត្រូវចោទមិនទទួលបានដំណឹងពីដីកាសម្រេចក្នុងការដាក់ឱ្យជនត្រូវ​ចោទ កញ្ញា ឈឹម ស៊ីថរ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភពដដែលបន្តថា ក្នុងករណីនេះ នៅពេលចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំបណ្ដោះអាសន្ននោះ ចៅក្រមស៊ើបសួរប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះ ជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឺងម៉ាត់។

អ្នកស្រី សាម សុគន្ធា ​ដែលជាសហមេធាវីការពារក្ដីឱ្យកញ្ញា ឈឹម ស៊ីថរ មួយរូប ប្រាប់វីអូឌីថា តាំងពីថ្ងៃចាប់ឃុំខ្លួនកូនក្តីរបស់អ្នកស្រីជាលើកទី២ អ្នកស្រី និងសហមេធាវីផ្សេងទៀតបានជួបកូនក្តីម្តង និងជជែកគ្នាពីកិច្ចការពាក់ព័ន្ធកាលពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា។

អ្នកស្រីបន្តថា សហមេធាវីការពារសិទ្ធិ បាន​ធ្វើពាក្យសុំចំនួន២ ទៅតុលាការ រួមមាន ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន និងដាក់បណ្តឹងឧទ្ធរណ៍ជំទាស់នឹងដីកាឃុំខ្លួនកូនក្តីជាថ្មី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។

បែបនេះក្តី មេធាវីរូបនេះអះអាងថា ពួកគាត់ជាមេធាវីការពារសិទ្ធិ រួមទាំងកូនក្តីផង ពិតជាមិនបានទទួលដំណឹងណាមួយពាក់ព័ន្ធដីកាត្រួតពិនិត្យតាមផ្លូវតុលាការឡើយ។

អ្នកស្រីថា«ការដែលយើងធ្វើបណ្តឹងឧទ្ធរណ៍ ជំទាស់ទៅនឹងដីកាសម្រេចឃុំខ្លួនបណ្ដោះអាសន្នឡើងវិញហ្នឹង ដោយសារតែ ទី១ កូនក្តីរបស់យើងអត់ទទួលបានការជូនដំណឹងថាមានដីកាដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យដោយតុលាការ ដែលមានការហាមមិនឱ្យគាត់ធ្វើដំណើរចាកចេញពីប្រទេស អ៊ីចឹងគាត់អត់បានទទួលដំណឹងទេ។ ទី២ យើងជាមេធាវីគាត់ ក៏មិនបានទទួលដំណឹងដែរ។ អ៊ីចឹងហើយទើបយើងធ្វើបណ្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងដីកាដែលសម្រេចឱ្យឃុំខ្លួនហ្នឹង»

​ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រុមអង្គការសង្គមស៊ីវិលជិត៧០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទាមទារទៅរដ្ឋាភិបាលឱ្យដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ហើយបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំភិតបំភ័យប្រធាន និងសមាជិកសហជីពតទៅទៀត។

​មន្ត្រីគ្រប់គ្រងកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ លោក ឃុន ថារ៉ូ យល់ថា ករណីនេះ កញ្ញា ឈឹម សុថរ គួរតែត្រូវបានការលើកកម្ពស់ និងការពារដោយច្បាប់ បើសិនតុលារការឯករាជ្យ សុក្រឹត យុត្តិធម៌។

យ៉ាងណា លោកចាត់ទុកការចាប់ខ្លួនសកម្មជនសិទ្ធិការងារដ៏លេចធ្លោរូបនេះ ថាជាការរំលោភសិទ្ធិមនុស្ស និងសិទ្ធិការងារយ៉ាងធ្ងន់ធ្ងរ ដោយការចោទប្រកាន់របស់តុលារការមិនបានផ្អែកលើមូលដ្ឋានច្បាប់។

លោកថា សកម្មភាពរបស់កញ្ញា ឈឹម ស៊ីថរ គឺជាការប្រើប្រាស់សិទ្ធិជាមូលដ្ឋានដែលមានចែងនៅក្នុងអនុសញ្ញាស្នូលរបស់អង្គការ ILO, ច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ជាសមូហភាពរបស់សមាជិក។

មន្ត្រីសង់ត្រាល់រូបនេះជំរុញឱ្យតុលារការពិនិត្យមើលសំណុំរឿង ការចោទប្រកាន់របស់តុលាការ ដើម្បីទម្លាក់ចោលបទចោទប្រកាន់មកលើមេដឹកនាំសហជីព និងសកម្មជនសហជីពដទៃទៀតដែលទទួលរងនូវការចោទប្រកាន់ពីតុលាការដោយអយុត្តិធម៌ ក្នុងន័យបញ្ឈប់នូវការបំពានសិទ្ធិសហជីពផង ព្រមទាំងបញ្ចៀសនូវសម្ពាធ និងការខាតប្រយោជន៍ពីអន្តរជាតិផងដូចជាប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ជាដើម។

លោក ឃុន ថារ៉ូ ថា៖ «ក្របខណ្ឌនៃប្រព័ន្ធអនុគ្រោះពន្ធទាំង២នេះ គឺវានឹងជាការពិចារណាមួយសម្រាប់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាល និងវិធានការជាក់លាក់ ដើម្បីឆ្លើយតបទៅនឹងសេចក្តីបារម្ភដែលបានលើកឡើងនៅក្នុងអនុសាសន៍ទៅដល់រដ្ឋាភិបាល ដើម្បីស្តារឡើងវិញនូវលំហសិទ្ធិសេរីភាពជាមូលដ្ឋាន សិទ្ធិមនុស្ស និងសិទ្ធិការងារ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ