សហរដ្ឋ​អាមេរិក​ស្នើ​ឱ្យ​កម្ពុជា​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

សហរដ្ឋអាមេរិកបានលើកឡើងថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ (Naga world) កញ្ញា ឈឹម ស៊ីថរ និងបាន​ស្នើឱ្យកម្ពុជា​ដោះលែងកញ្ញា និងសមាជិកសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ។

ក្រសួងការបរទេសអាមេរិកបាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ​ថាកញ្ញា ឈឹម ស៊ីថរ ដែលសហជីពរបស់កញ្ញាមានវិវាទការងារអស់រយៈពេលជាងមួយឆ្នាំជាមួយក្រុមហ៊ុនណាហ្គាវើលដ៍ ខណៈកញ្ញាត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីត្រលប់មកកម្ពុជាវិញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយចូលរួមសន្និសីទការងារមួយនៅប្រទេសអូស្ត្រាលី។

​អាមេរិកបន្ត​ថា កន្លង​មក​ អាជ្ញាធរ​កម្ពុជា​បាន​ជ្រៀត​ជ្រែកទៅលើការអនុវត្ត​សិទ្ធិ​ស្របច្បាប់របស់​កម្មករ​ ដោយ​ការចាប់​ខ្លួន​ប្រធាន​សហជីព និង​កម្មករដែល​តវ៉ាប្រឆាំងចំពោះការ​បញ្ឈប់​បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ជាទ្រង់ទ្រាយធំដោយខុសច្បាប់។

សេចក្តីថ្លែងការណ៍ក្រសួងការបរទេសអាមេរិក​ថា៖ «យើងជំរុញឱ្យអាជ្ញាធរកម្ពុជាដោះលែងកញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពទាំងអស់ដែលកំពុងជាប់ឃុំដោយសារអនុវត្តសិទ្ធិសេរីភាពក្នុងការបង្កើតសហជីព និងការជួបប្រជុំដោយសន្តិវិធី។ ទម្លាក់បទចោទប្រកាន់មកលើពួកគេ និងដោះស្រាយវិវាទដោយសន្តិវិធី»។

ក្រៅពីស្នើឱ្យដោះលែងកញ្ញា ឈឹម ​ស៊ីថរ និងសហជីពដែលកំពុងជាប់ពន្ធនាគារផ្សេងទៀត ក្រសួងការបរទេសអាមេរិកក៏បានបញ្ជាក់ជាថ្មីទៀតដែរ ចំពោះការទាមទារឱ្យកម្ពុជាដោះលែងកញ្ញា សេង ធាវី ដែលជាពលរដ្ឋអាមេរិកាំង។

សហរដ្ឋអាមេរិកអះអាងថា រដ្ឋាភិបាលកម្ពុជាគួរតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចលើកកម្ពស់សិទ្ធិការងារ និងសម្របសម្រួលរកដំណោះស្រាយបញ្ចប់វិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ និងសហជីព។

មុនសហរដ្ឋអាមេរិកចេញសេចក្តីថ្លែងការណ៍ឱ្យដោះលែងកញ្ញា ឈឹម ស៊ីថរ មួយថ្ងៃ សមាជិកសភាជាន់ខ្ពស់អូស្ត្រាលីក៏បានចេញសេចក្តីថ្លែងការណ៍មួយទាមទារឱ្យកម្ពុជាដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងមួយនេះជាបន្ទាន់ផងដែរ។

ក្នុង​សេចក្តី​ថ្លែងការណ៍ដែលអានផ្ទាល់មាត់ពី​ក្នុង​សភា​សហព័ន្ធ​នៅ​ទី​កុ្រង​កង់បេរ៉ា (Canberra) នៃ​ប្រទេស​អូស្ត្រាលី​ (Australia) នៅ​រសៀល​ថ្ងៃទី២៨​ ខែ​វិច្ឆិកា តំណាងរាស្ត្រ​អូស្ត្រាលី​​ លោក ជូលៀន ហ៊ីល (Julian Hill) បាន​ថ្លែង​ថា ​ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ខ្លួន​ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ គឺជារឿងមិនសមហេតុផល។​

​សមាជិកសភាជាន់ខ្ពស់អូស្ត្រាលីរូបនេះស្នើឱ្យកម្ពុជា​​ដោះលែងកញ្ញា ឈឹម ស៊ីថរ ​ជាបន្ទាន់ ហើយ​​​ក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៍គប្បីអនុវត្ត​ឱ្យ​បាន​សមរម្យ និង​បញ្ចប់​វិវាទ​ការងារដែល​គួរ​ឱ្យ​អស់​សំណើចមួយ​នេះ។

ជាមួយគ្នានេះ ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាបានលើកឡើងលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៣០ ខែវិច្ឆិកា ថាអូស្ត្រាលីមានការព្រួយបារម្ភចំពោះការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ក្រោយធ្វើដំណើរវិលត្រលប់មកពីក្រៅប្រទេសវិញ។

អូស្ត្រាលីបន្តអំពាវនាវឱ្យ​កម្ពុជារកដំណោះស្រាយបញ្ចប់វិវាទការងារមួយនេះប្រកបដោយយុត្តិធម៌ និងសមធម៌។  ​

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាសរសេរថា៖ «យើងបន្តអំពាវនាវឱ្យក្រសួងពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាធ្វើការសម្របសម្រួលរកដំណោះស្រាយដោយយុត្តិធម៌ និងសមធម៌ ចំពោះជម្លោះនេះ ក៏ដូចជាការធានាថាសិទ្ធិនយោបាយ និងសិទ្ធិការងារត្រូវបានការពារ»។

អគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លោក Pablo Kang បានសរសេរលើបណ្តាញទ្វីធ័រ (Twitter) ថាលោកក៏បានលើកឡើងពីភាពមន្ទិល​ជុំវិញការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ​ជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ ផងដែរ។

ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ​កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបញ្ជូនទៅឃុំនៅពន្ធនាគារព្រៃស​ជាលើកទី២ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រលប់មកពីប្រជុំនៅ​ប្រទេសអូស្ត្រាលីវិញ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា​។

ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែវិច្ឆិកា​ បានអះអាងថា ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ជាថ្មីទៀតនេះ ដោយសារកញ្ញាបានចាកចេញពីកម្ពុជាដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដែលអំពើនេះជាការបំពានលើកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ។

សេចក្តីថ្លែងការណ៍​បន្តថា ចំពោះការលើកឡើងថា ជនត្រូវចោទមិនទទួលបានដំណឹងពីដីកាសម្រេចក្នុងការដាក់ឱ្យជនត្រូវ​ចោទ កញ្ញា ឈឹម ស៊ីថរ ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនោះ គឺបង្ហាញយ៉ាងច្បាស់ពីចេតនាមិនទទួលខុសត្រូវចំពោះមុខច្បាប់។

ប្រភពដដែលបន្តថា ក្នុងករណីនេះ នៅពេលចៅក្រមស៊ើបសួរសម្រេចដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះ ចៅក្រមស៊ើបសួរប្រើប្រាស់វិធានការជំនួសមកវិញនូវដីកាសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលដីកាសម្រេចនេះជនត្រូវចោទត្រូវតែគោរពតាម និងអនុវត្តឱ្យបានម៉ឺងម៉ាត់។

​ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ក្រុមអង្គការសង្គមស៊ីវិលជិត៧០ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទាមទារទៅរដ្ឋាភិបាលឱ្យដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ ហើយបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំភិតបំភ័យប្រធាននិងសមាជិកសហជីពតទៅទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ