វិភាគ៖ តើបក្ស GDP នឹងបន្តដើរលើផ្លូវណាក្រោយបាត់លោក យ៉ង សាំងកុមារ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ និងលោក ឌិត ទីណា ពិភាក្សាអំពីការងារកសិកម្ម ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

​​កា​រដែ​លលោ​ក​ប​ណ្ឌិ​ត ​យ៉​ង​ ​សាំ​ងកុ​មា​រ​ ​ដើ​រ​ចេ​ញពីក្បាលម៉ាស៊ីនដឹ​ក​នាំ​​ប​ក្សប្រ​ជា​ធិ​ប​តេយ្យ​មូ​ល​ដ្ឋា​ន (​G​D​P​) ទៅ​ចូ​លរួ​​​ម​​​​ជីវ​ភា​ព​នយោ​បា​យជាមួយ​បក្ស​​កា​ន់អំណា​ច ​ក្រោមហេ​តុផ​លដើ​ម្បីចូ​ល​រួម​ស​ង្គ្រោះវិស័យកសិកម្ម​​​នោះ បា​​នជំរុញឱ្យ​​​ក្រុមប​ញ្ញវន្ត​​​បញ្ចេ​​ញ​ម​តិ​​​​​ផ្សេងៗលើប​​​ណ្តាញ​ស​​ង្គម​ជុំវិ​​ញរលកដើរចេញ​​​នេះ​​​។​​ ​

លោ​ក កុមា​​រ​ ពេល​នេះទទួល​បាន​តំណែង​ជារដ្ឋ​មន្ត្រីប្រ​តិ​ភូអ​មនា​យក​រដ្ឋមន្ត្រី និ​ងរដ្ឋលេខាធិ​កា​រ​ក្រសួ​ង​ក​​សិ​កម្ម​ ​រុក្ខាប្រ​មាញ់ ​និ​ងនេ​សាទ​ ក្រោ​យពី​មាន​កា​រ​បើ​ក​ផ្លូវ​ពីនា​យក​រ​ដ្ឋ​ម​ន្ត្រី តែ​ត្រឹម២ថ្ងៃប៉ុណ្ណោះ​​។

ក្រុម​​មេ​ដឹ​ក​​នាំ​​ប​​ក្ស​ ​G​D​​P​ ភា​​គ​​​ច្រើ​​​ន​​ជាប​ណ្តុំ​​​បញ្ញវន្ត​ និងមានបទពិសោធការងារធ្វើជាប្រ​ធា​នអង្គ​ការក្រៅរដ្ឋាភិបាលជាច្រើនឆ្នាំ ដែ​​លនេះជាផ្នែ​កមួយ​នៃទុនសម្រា​ប់កសាងក​ម្លាំងនយោបាយ​ ​ព្រោះពួ​កគេ​បានជួយដោះស្រា​យបញ្ហា​ពលរ​ដ្ឋនៅ​​ក្នុងសហគម​ន៍​។​

តួ​យ៉ា​ងដូចជា ​លោក យ៉េង ​វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ​ធ្លាប់​ធ្វើជាប្រ​ធាន​មជ្ឈ​ម​ណ្ឌលអ​ប់​រំ​ច្បាប់​ស​ម្រាប់សហគ​ម​ន៍ (C​LEC)​ ដែ​លអ​​ង្គ​​កា​រនោះធ្វើកា​រលើ​កក​ម្ពស់​សិទ្ធិមនុ​ស្ស និង​ផ្តល់មេធាវីការពា​រក្តី​ជនរងគ្រោះដោយមិនគិតថ្លៃ។

​​​លោ​ក​បណ្ឌិ​ត យ៉​ង ​សាំ​ង​កុ​មារ​ វិញ​​ ជាប្រធាន​គ​ណៈក​ម្មាធិ​​ការនាយក ដែលគាត់ធ្លា​ប់​ធ្វើ​​​​ជាប្រធា​​​ន​​​​អ​​​​ង្គការ​សេ​​​ដា​ក (CED​AC) ផ្តោ​តលើវិស័យក​សិ​ក​ម្ម ​ហើ​យលោកក៏​​ធ្លាប់​​មាន​​​ឈ្មោះ​​​​​​​បោះសំឡេងដែរ​ មុន​គាត់​ដើរ​ចូ​លប្រ​​ឡូ​កក្នុ​​​​ង​សង្វៀនន​យោបាយអំឡុងឆ្នាំ២០១៥។

ដោ​យ​ឡែក​ ​កម្មវិធី​នយោ​បា​យរបស់​​ប​ក្សនេះ ដែលជាមូលដ្ឋានសម្រាប់ទាក់ទាញសំឡេងឆ្នោត ក៏ផ្តោតលើការលើកកម្ពស់វិស័យកសិកម្មដែរ ខណៈវិស័យនេះនៅតែបន្តធ្វើឱ្យកសិករជួបវិបត្តិទីផ្សារជាបន្តបន្ទាប់។

ជាការកត់សម្គាល់ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ដែលបានបញ្ចប់ទៅថ្មីៗនេះ បក្ស GDP ឈរនៅលេខរៀងទី៩ ក្នុ​​ង​ចំណោមគណបក្សចំនួន១៧​ ដែលចូលរួមប្រកួតជាមួយបក្សកាន់អំណាច ដែល GDP ទទួលបានសំឡេងឆ្នោត ជិត៧ពាន់សំឡេង (៦ ៨០៧)។

ចំនួននេះមានការកើនឡើង បើបៀបនឹងការបោះឆ្នោតចំនួន២លើកដែលគណបក្សក្រៅរដ្ឋាភិបាលនេះបានចូលរួមកន្លងទៅ បើទោះការកើនឡើងនេះមា​ន​សន្ទុះយឺតក្ដី។

អ្នកជំនាញនយោបាយ យល់ឃើញផ្សេងគ្នាអំពីរបត់ថ្មីរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក្រោយមានរលកដើរចេញនេះ។

​​សាស្ត្រាចារ្យវិ​ទ្យា​សាស្ត្រនយោបាយ ​លោក ឯ​ម សុវណ្ណរ៉ា ​​យល់​ថា បើយោងតាមសាររបស់មេបក្ស GDP ដែ​លថ្លែងគាំទ្រដំណើរចាកចេ​​​​ញរបស់លោក កុមារ ទៅថ្ងៃអនាគត បក្សនេះនឹងទៅចូលរួមជាមួយបក្សប្រ​ជា​ជនកម្ពុ​ជា។

លោ​​​​កថា៖​ «ទី២​ យើង​មើល​ជំ​ហរ ប្រសិនបើគាត់នៅឈរជំហរគណបក្ស GDP បន្តទៀត ប៉ុន្តែមើលសក​ម្មភា​ពគាត់ជាទូទៅ មិ​ន​ហ៊ានប្រឈ​ម​នឹង​ការ​រិះគន់រ​ដ្ឋាភិបាលច្រើន​ទេ។ ​អ៊ីចឹង​វា​ហាក់ដូចជាបក្ស​​មួយ ឬបក្សអែបនឹង​គណបក្ស​​កាន់អំណាច។ អ៊ីចឹងអត់សូវមានឥទ្ធិពលសម្រាប់ឱ្យជឿទុកចិ​ត្ត​ទេ។ អ៊ីចឹ​ងមានជម្រើសមួយ គឺសមាហរណកម្មរួមជីវ​ភា​ពន​យោ​បាយ​ជាមួ​យ​បក្សប្រជាជនហើយ ដែលយើងអាចមើលឃើញទៅថ្ងៃអនាគតនោះ»។

មួយវិញទៀត លោកគិតថា រលកចាកចេញនេះបានផ្តល់ផលចំណេញពីរយ៉ាងដល់បក្សកាន់អំណាច ដែលទី១ បក្សកាន់អំណាចប្រើប្រាស់ជារូបភាព ដើម្បីឱ្យគេមើលឃើញថាជាបក្សមានសន្តានចិត្តល្អ។ ទី២ អាចកាត់បន្ថយការលើកឡើងពីចំណុ​ចអវិជ្ជមានពីបក្សក្រៅរដ្ឋាភិបាល ខណៈបញ្ហាសង្គមកំពុងចាក់ស្រែះ។

ប៉ុន្តែលោកយល់ថា លោក កុមារ អាចនឹងបរាជ័យ​ពីគោលបំណងចង់សង្គ្រោះវិស័យកសិកម្មនេះ បើមេបក្សកាន់អំណាចប្រើជម្រើសទទួលយកគាត់ឱ្យចូលរួមបក្សរបស់ខ្លួននេះជាល្បែងនយោបាយ។

លោកថា៖ «អ៊ីចឹងខ្ញុំគិតថា វាទាល់តែបក្សកាន់អំណាចខ្លួនឯងផ្ទាល់ចង់ដោះស្រាយ បានដោះស្រាយចេញ! បើនៅសង្ឃឹមពឹងលើលោក យ៉ង សាំងកុមារ ម្នាក់ ឬលោក ឡឹក សុធារ ទាំងពីរនាក់ហ្នឹង មកធ្វើអីកើត? ធ្វើមិនកើតទេ! ព្រោះក្នុងគណបក្សប្រជាជនហ្នឹងក៏មានអ្នកដឹងរឿងច្រើនដែរ តែធ្វើអីវាអត់កើត ដោយសារតែបណ្តាញអ្នកកាន់អំណាចហ្នឹងសុទ្ធតែពាក់ព័ន្ធនឹងការរកស៊ីទិញស្រូវហ្នឹង»។

​អ្ន​កស្រាវជ្រា​វ​ការអ​ភិ​វឌ្ឍ​សង្គម​ ​លោក​បណ្ឌិត​ មា​ស នី គិ​តថា រលកនៃការដើរចេញរបស់ថ្នាក់ដឹកនាំបក្ស GDP នឹង​​ធ្វើឱ្យអ្ន​កគាំ​ទ្រ​នៅ​មូ​ល​ដ្ឋានខ្លះ​ ​មើលឃើ​ញពី​ការ​​ជាប់ជំពា​ក់ជា​មួ​យប​ក្ស​កាន់​អំ​ណាច​ ដែលកា​រ​​ណ៍​​នេះ ​វានឹ​ងធ្វើឱ្យស្រុតចុះការគាំទ្រឬប្រជាប្រិយភាពនៅមូលដ្ឋាន។

បញ្ហានេះ លោកគិតថា GDP អាចនឹងរលាយខ្លួនតែម្តង បើមិនមានលទ្ធភាពស្តារធនធានមនុស្ស និងបញ្ហាហិ​​រញ្ញវត្ថុ ដែលរបត់នេះ វានឹងរុញ GDP ឱ្យរំកិលខ្លួនទៅរកបក្សភ្លើងទៀន ឬទៅអែបនឹងបក្សកាន់អំណាច ដូ​​ច​លោក យ៉ង សាំងកុមារ ដែរ។

តែយ៉ាងណា លោកគិ​តថា​ បរិបទនេះអាចជាអាវុធមុខពីរសម្រាប់បក្សកាន់អំណាច បើយុទ្ធសាស្ត្រកៀ​រគ​​រម​នុស្ស​​ពីបក្សតូចៗដាក់ជិតខ្លួនច្រើន តែបញ្ហាជាតិធំៗមិនត្រូវបានដោះស្រាយ។

​​លោកថា៖ «​បានន័យថា​ គណបក្សប្រជាជន​បានមនុស្សទៅ ប៉ុន្តែអត់​បាន​ប្រ​ជាប្រិយភា​ព​ទៅទេ មាន​ន័យ​ថា​ នៅ​ពេល​ដែ​ល​គា​ត់​ប្រមូ​លគណ​បក្ស​ផ្សេង​ៗទៅក្តោបជិ​តខ្លួន​ទាំងអស់ ហើយគាត់មិនអាចដោះស្រាយបញ្ហាសង្គមធំៗបាន វានឹងធ្វើឱ្យកម្លាំងដែលនិយមស្រឡាញ់ប្រជាធិបតេយ្យ ឬអ្នកដែលជួបប្រទះនូវវិបត្តិអយុត្តិធម៌សង្គម អាចនឹងមូលកម្លាំងមកគាំទ្រគណបក្សប្រឆាំងណាដែលនៅសល់មានកម្លាំងធំ ដូចជា​គ​ណ​​បក្សភ្លើងទៀនអីជាដើម»។

ជ្រុងមួ​យនៃបញ្ហានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២៩ ខែវិច្ឆិកា ដោយស្វាគមន៍ដំណើរចា​កចេ​​ញនិងតួនាទីដែលលោក កុមារ ទទួលបាន។

ប​ក្ស GDP បានគូសបញ្ជាក់ថា ខ្លួនសង្ឃឹមថា រដ្ឋាភិបាលនឹងផ្តល់អំណាច ធនធាន និងសិទ្ធិគ្រប់គ្រាន់ជូនអ្នកដែលចាកចេញ ដើម្បីឱ្យពួកគេអាចបំ​ពេញ​ភា​រកិ​ច្ច​ប​ម្រើ​កសិ​ក​រខ្មែ​រ​ទៅតាមគ​ម្រោ​ង​ដែលគា​ត់បានប​ង្ហាញ​។

​បញ្ហានេះ គណបក្សនឹងរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីដោះស្រា​​យរកអ្នកមក​ជំនួសតួនាទីរបស់លោកបណ្ឌិត ​យ៉ង សាំងកុ​មារ ដើម្បីបន្តដំណើរទៅមុខទៀត ។

ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោក សេក សុជាតិ យល់ថា រលកនៃការដើរចេញនេះ វានឹងធ្វើឱ្យបក្សនេះធ្លាក់ចុះប្រជាប្រិយ តែមិនមែនជាដុំភ្លើងធ្វើឱ្យ GDP រលាយពីឆាកនយោបាយទេ ដោយសម្អាងថា បក្ស GDP មានគ្រឹះរឹងមាំនៅមូលដ្ឋាន ព្រោះមេដឹកនាំនៅមូលដ្ឋានកើតចេញពីការបោះឆ្នោតនៅមូលដ្ឋាន មិនកើតចេញពីការជ្រើសតាំងពីថ្នាក់ជាតិដូចបក្សដទៃទេ។

បញ្ហានេះ លោកយល់ថា ការង្គោះរង្គើក្បាលម៉ាស៊ីនដឹកនាំនៅថ្នាក់ជាតិ មិនមែនជាដើមចមជំរុញឱ្យដួលរលំក្បាលម៉ាស៊ីននៅថ្នាក់មូលដ្ឋានទេ។

លោកថា៖ «សំខាន់ជាងគេ នៅត្រង់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋានអាចនឹងមានសមត្ថភាពក្នុងការកៀរគរបញ្ញវន្ត អ្នកនយោបាយដែលមានវិជ្ជាជីវៈ ដែលមានការអប់រំ និងមានជំនាញ ចូលរួមបានច្រើនប៉ុនណា ក្នុងការផ្លាស់ប្តូរសង្គម តាមរយៈការធ្វើនយោបាយរបស់ពួកគាត់នេះ»។

បញ្ហានេះ អគ្គលេខាធិការគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោកបណ្ឌិត សាម អ៊ីន ឱ្យដឹងថា ការចាកចេ​​ញ​របស់លោក កុមារ ជាការបាត់បង់ធនធានមនុស្សមួយផ្នែក ប៉ុន្តែថាក៏មិនធ្វើឱ្យបក្សជាប់គាំងលែងដំណើរការបានដែរ។

ដោយឡែកពីនេះ លោកថា ការបង្ហាញខ្លួនលើសង្វៀនប្រកួតការបោះឆ្នោតឆ្នាំ២០២៣ ដើម្បីដណ្តើមយកតំណែងតំណាងរាស្ត្រ ស្ថិតនៅក្នុងភាពមិនទាន់ប្រាកដប្រជានៅឡើយ។

លោកថា៖ «លោកបណ្ឌិត យ៉ង សាំងកុមារ គាត់[ជា]ថ្នាក់ដឹកនាំដ៏សំខាន់ម្នាក់ អ៊ីចឹងការចាកចេញរបស់លោក វាមានផលប៉ះពាល់មួយចំនួន។ ទាក់ទងនឹងការសម្រេចការចូលរួមការបោះឆ្នោត ឬក៏យ៉ាងណា យើងនៅមានពេលវេលា៣ទៅ៤ខែទៀត សម្រាប់យើងធ្វើការឆ្លុះបញ្ចាំងតាមការជាក់ស្តែង។ តាំងពីស្ថានការណ៍នយោបាយជាក់ស្តែង [ថា]តើវានឹងវិវត្តទៅយ៉ាងម៉េច ហើយតើអាផ្ទៃក្នុងបក្សយើងៗឆ្លុះបញ្ចាំងស្ថានការណ៍ជាក់ស្តែង ឆ្លុះបញ្ចាំងភាពខ្លាំងភាពខ្សោយរបស់យើង យើងនឹងធ្វើការជួបជជែកគ្នាដើម្បីសម្រេចលើរឿងនេះ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ