ពលរដ្ឋមកពីសហគមន៍ចំនួន១០ ស្នើអាជ្ញាធរខេត្តកោះកុងពន្លឿនការដោះស្រាយវិវាទដីធ្លី

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានសហការជាមួយអាជ្ញាធរភូមិ ឃុំ ស្រុក និងរដ្ឋបាលសាលខេត្តកោះកុង អង្គការដៃគូ សមាជិក-សមាជិការតាមសហគមន៍ស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកជីផាត់ ខេត្តកោះកុង រួមគ្នារៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបទី៧៤ ឆ្នាំ២០២២។ (CCFC)

ប្រជាពលរដ្ឋ​មកពីសហគមន៍ចំនួន១០ នៅខេត្ត​កោះកុង ​​ស្នើ​​ដល់អាជ្ញាធរខេត្ត​ និង​មន្រ្តី​ពាក់ព័ន្ធ​ ពន្លឿនការ​​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ បញ្ឈប់ការរើសអើង​លើអ្នកមានបញ្ហាដីធ្លី និង​លើក​​​លែង​​ការ​ចោទ​ប្រកាន់​​​លើ​​ពលរដ្ឋចំនួន ៣២​នាក់​ដែលសកម្ម​ក្នុងការ​តវ៉ារឿង​ដីធ្លី​។

ការស្នើនេះបានធ្វើឡើងនៅ​ក្នុងពិធី​​ប្រារព្ធ​​ទិវា​សិទ្ធិម​នុស្ស​​​ ១០ធ្នូ ​លើក​ទី​៧៤ នៅឃុំព្រែកជីក ស្រុក​ស្រែអំបិល ខេត្តកោះកុង ដែល​មាន​ការចូល​​រួម​​ពីប្រជាពលរដ្ឋ អង្គការ​​សង្គមស៊ីវិល អាជ្ញាធរខេត្ត សរុបចំនួនប្រមាណ១ ៣០០នាក់។

តំណាងសហគមន៍ដីធ្លីនៅឃុំជីខក្រោម​ ស្រុកស្រែអំបិល អ្នក​ស្រី ផាវ ញ៉ើង បានលើក​ឡើង​ថា​ ក្នុងការប្រារព្ធទិវា​សិទ្ធិមនុស្ស​១០ធ្នូនោះ​ ​ប្រជាពលរដ្ឋដែល​មានជម្លោះដីធ្លី​មក​ពី១០​សហគមន៍ បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួន​ដែលពួកគាត់បានជួបប្រទះ ក្នុងនោះ ពួកគាត់​ក៏​បាន​ស្នើទៅកាន់​រដ្ឋបាលខេត្តកោះកុង​ ឱ្យ​​ពន្លឿនការ​ដោះស្រាយវិវាទ​ដី​ធ្លី​ ទម្លាក់​ការ​ចោទប្រកាន់​​លើ​​ពលរដ្ឋទាំង ៣២នាក់ ​ដែលរង​ការ​ចោទប្រកាន់ដោយសារតែរឿងដីធ្លី និង​ស្នើ​ឱ្យមានការផ្ដល់​ដីសម្បទានសង្គម​កិច្ច​ដល់ពលរដ្ឋក្រីក្រ​ ព្រមទាំងស្នើដល់អាជ្ញាធរ​បញ្ឈប់ការ​​រើស​អើង​លើពលរដ្ឋ​ដែលតវ៉ារឿងដីធ្លីផង​ដែរ។​

អ្នកស្រីថា​៖ ​«​ហើយ​​គេ​ចោទប្រកាន់ពី​បទញុះញង់ ​​[លើពលរដ្ឋដែលសកម្មក្នុងការតវ៉ារឿងដីធ្លី]ដល់អ៊ីចឹងទៅ​ យើង​ស្នើឱ្យ​មានកា​រទម្លាក់ការចោទប្រកាន់នេះ ​ព្រោះយើងជាជនរងគ្រោះ។​ ហើយពន្លឿន​ក្នុង​ការដោះស្រាយបន្ថែមឱ្យពួកយើង​ បើអត់​ដោះផង ​ចាំចោទប្រកាន់​ពេលគ្នា​ទៅ​តវ៉ា​ អ៊ីចឹងមិនកុនហើយ​»។

តំណាងសហគមន៍​មានជម្លោះដីធ្លីនៅឃុំជីខលើ អ្នកស្រី ដេត ហួត​ បានលើកឡើងថា កន្លងមក ប្រជាពលរដ្ឋ​នៅក្នុងសហគមន៍បាន​ដាក់ញត្តិជាច្រើនលើកច្រើនសា​មកហើយ ទៅកាន់ស្ថាប័នថ្នាក់ជាតិ អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន ប៉ុន្តែរហូត​មកដល់ពេលនេះ នៅមិនទាន់​មានការ​ដោះស្រាយ​បញ្ចប់វិវាទនៅឡើយ។ ករណីនេះ អ្នកស្រីថាបានធ្វើឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាកក្នុងជីវភាព ដោយសារ​មិនមានដីសម្រាប់ប្រើប្រាស់ និងអាស្រ័យ​ផល។

អ្នកស្រីថា៖ «យើងក៏បានដាក់[ញត្តិ]គ្រប់ជាន់ថ្នាក់ គ្រប់​ស្ថាប័នទាំងអស់ សុំឱ្យលោកដោះស្រាយវិវាទ​ដីធ្លី​ជូន​ពួក​យើង តែសោកស្ដាយមែនទែន អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់​ ទាំងថ្នាក់ជាតិ និងក្រោមជាតិ បែរជាគាត់បង្វែររឿងដីធ្លីរបស់ពួកយើង ហើយចោទយើងថា​មិនមានមូលដ្ឋានគ្រឹះក្នុងការតវ៉ា»។

បើតាមក្រុមប្រជាពលរដ្ឋ ក្នុងវេទិកានោះ អាជ្ញាធរខេត្តដែលបានចូលរួម មិន​បាន​ឆ្លើយតបទៅ​នឹង​ការ​ស្នើរបស់ពួកគាត់ទេ ដោយគ្រាន់តែបានលើកឡើងពីការអភិវឌ្ឍ​នានា​នៅក្នុងខេត្តប៉ុណ្ណោះ។

វីអូឌី មិនអាចសុំការឆ្លើយតប​ពី​អភិបាលរងខេត្តកោះកុង លោក ហាក់ ឡេង ដែលបានចូលរួម​ក្នុងវេទិកា​​នោះទេ ដោយលោកប្រាប់ថាជាប់រវល់។

មន្ត្រីសម្របសម្រួលសហគមន៍​នៅសមាគមសម្ព័ន្ធសហគមន៍កសិករ​កម្ពុជា លោក ញ៉ិល​ ភាព ដែល​បានចូលរួមវេទិកា​នេះដែរ ​បានលើកឡើងថា ​​ការស្នើសុំ និងលើកឡើងពីទុក្ខកង្វល់​របស់​ពលរដ្ឋ​​​ដែល​​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​អ្នក​មាន​អំណាច​នេះ ជារឿងពិត ដែលពលរដ្ឋទាំងនោះជួប​ប្រទះ។

ករណីនេះ លោកបាន​ជំរុញទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលធ្វើយ៉ាងណា ដោះស្រាយបញ្ហាវិវាទដីធ្លីទាំងនោះជូនពលរដ្ឋឱ្យបានឆាប់ ដើម្បីឱ្យ​ពួកគាត់មានដីសម្រាប់ប្រើប្រាស់ និងអាស្រ័យ​ផល​ក្នុងជីវភាពរស់នៅ។

លោកថា៖ «ពួកគាត់ត្រូវបានគេចោទប្រកាន់ថាជាក្រុមបដិវត្តន៍ពណ៌ ជាក្រុមអនាធិប​តេយ្យ អ៊ីចឹង​​ហើយ​សេវាកម្មសង្គមផ្សេងៗហ្នឹង​ត្រូវបានគេផាត់ចេញ​ អត់មានការគាំពារពីរដ្ឋទេ​ មិនតែប៉ុណ្ណោះ​ គេប្រើប្រាស់ប្រព័ន្ធតុលាការ​ចោទប្រកាន់ ចាប់ខ្លួនពួកគាត់ទៀត។​ អ៊ីចឹងការស្នើសុំ៥ចំណុច គឺជារឿង​ដែលរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវដោះស្រាយជូន​ពួក​គាត់​»៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ