ADB ផ្ដល់​ប្រាក់កម្ចី​៥០លានដុល្លារ​ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​កម្ពុជា​ក្រោយ​វិបត្តិ​កូវីដ-១៩

កម្មករ-កម្មការិនីរោងចក្រ Y&W ដែលមានទីតាំងនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ចេញចូលរោងចក្រនៅម៉ោងសម្រាកថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ​បាន​ផ្ដល់​កម្ចីជាទឹកប្រាក់ចំនួន៥០លានដុល្លារ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចសម្រាប់ជំរុញសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩។

តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃអង្គារ​​ថា ​ការផ្ដល់​កញ្ចប់ថវិកានេះ​ដើម្បី​គាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា តាមរយៈការជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល។

​សេចក្ដីប្រកាស​ព័ត៌មានថា​៖ ​«កម្មវិធីនេះនឹងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩របស់កម្ពុជា តាមរយៈការជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល ដើម្បីបង្កើនការវិនិយោគ និងបរិយាកាសធុរកិច្ច ជំរុញកំណើនសហគ្រាសខ្នាតតូចនិងមធ្យម [MSMEs] និងកែលម្អគោលនយោបាយពាណិជ្ជកម្ម និងកិច្ចសម្រួលពាណិជ្ជកម្ម»។

សេចក្តីប្រកាសព័ត៌មានដដែលក៏បានដកស្រង់​ប្រសាសន៍សេដ្ឋវិទូជាន់ខ្ពស់របស់ ADB លោក Sion L. Morton ដោយនិយាយថា​ ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ដូចជា វិស័យកាត់ដេរ ផលិតស្បែកជើង និងវាយនភណ្ឌ ក៏ដូចជាវិស័យទេសចរណ៍ និងសំណង់។

លោក Sion L. Morton មាន​ប្រសាសន៍​ក្នុងសេចក្តីប្រកាសព័ត៌មាន​ថា៖ «​កំណែទម្រង់ក្រោមកម្មវិធីនេះនឹងជួយដល់គោលដៅស្ដារឡើងវិញក្រោយជំងឺរាតត្បាតរបស់កម្ពុជា ដោយត្រួសត្រាយផ្លូវសម្រាប់អាជីវកម្មរីកចម្រើន និងឈានទៅរកផ្នែកតម្លៃបន្ថែមកាន់តែខ្ពស់ និងសម្របខ្លួនទៅនឹងទិដ្ឋភាពពាណិជ្ជកម្មដែលកំពុងផ្លាស់ប្ដូរ»។

ADB អះអាងថា កម្មវិធីនេះគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើពិពិធកម្ម MSMEs ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញវត្ថុ និងការបង្កើតទីផ្សារថ្មីសម្រាប់ពួកគេ។ បន្ថែមពីនេះ រួមបញ្ចូលទាំងការសម្រួលនិយមន័យផ្លូវច្បាប់នៃសហគ្រាសធុនតូច និងមធ្យម និងដាក់ចេញកញ្ចប់ជំនួយដែលផ្តល់មូលនិធិដោយរាជរដ្ឋាភិបាល ដើម្បីផ្ដល់ជំនួយ និងជំនួយបច្ចេកទេសដល់សហគ្រាសធុនតូច និងមធ្យមនៅក្នុងឧស្សាហកម្មអាទិភាពដែលមានការចូលរួមពីស្ត្រីច្រើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ