ជនជាតិដើមភាគតិច​នៅ​ខេត្តមណ្ឌលគិរី ចោទ​មន្ត្រី​ម្នាក់​និង​ឧកញ៉ា​ម្នាក់​ថា​គប់គិត​គ្នា​យកដី​ពួកគេ​ជិត​៣៦ហិកតា

ជនជាតិដើមភាគតិចពូនង អ្នក​ស្រី ក្វៃ ញ្ញាណ អាយុ៦០ឆ្នាំ ផ្ដល់បទសម្ភាសអំឡុងពេលយកញត្តិមកសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការអះអាងថាដីធ្លីរបស់ពួកគាត់ត្រូវបានមន្ត្រីគប់គិតជាមួយឧកញ៉ារំលោភយក ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។ (កាយ ណារ៉ា)

ជនជាតិដើមភាគ​តិច​ពូនង ចំនួន​៩គ្រួសារ នៅ​ភូមិពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ចោទ​អភិបាល​ស្រុក លោក សៀក មុន្នី និងឧកញ៉ា ស្រី ចន្ធូ ថា​គប់​គិត​គ្នា​ក្លែង​ឯកសារ​រំលោភ​យក​ដី​ជិត​៣៦​ហិកតារបស់​ពួក​គាត់ ប៉ុន្តែការចោទប្រកាន់​នេះត្រូវបានអភិបាលស្រុក​ច្រានចោល។

ជនជាតិដើមភាគតិចប្រមាណ១០នាក់ នៅថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២២នេះ​ បាន​នាំគ្នាដាក់ញត្តិជាថ្មីទៀតនៅក្រសួងមហាផ្ទៃ ក្រសួង​រៀបចំ​ដែន​ដី និង​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ដើម្បី​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​ទាំង​នេះ​ឱ្យ​​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់។

ក្នុង​ញត្តិ​ដាក់​ទៅ​ក្រសួង​មហា​ផ្ទៃ​ បានរៀបរាប់ថា ការកាន់កាប់និងអាស្រ័យផលរបស់ពួកគាត់រយៈពេល​២៣ឆ្នាំមកនេះ គឺពុំ​ធ្លាប់​​មា​ន​បញ្ហាអ្វីនោះទេ ប៉ុន្តែ​ក្នុង​ឆ្នាំ​២០២០ អភិ​បាលស្រុក​អូររាំង លោក សៀក មុន្នី បានគប់គិតគ្នាក្លែង​ឯកសារ​យក​ដី ៣៥,៤២៤​ហិកតា របស់​ជនជាតិ​ភាគ​តិច​ពូនងចំនួន៩គ្រួសារ ទៅ​ឱ្យ​ឧកញ៉ា​ ស្រី ចន្ធូ និង​ចេញ​បណ្ណកម្មសិទ្ធិជូនថែមទៀត។

ញត្តិ​ដដែលបន្ត​ថា ពាក់ព័​ន្ធការ​រំលោភ​បំពាន​ដីធ្លីនេះ ជនជាតិដើមភាគតិច​បាន​ប្តឹង​ទៅ​សាលាខេត្ត​មណ្ឌល​គិរី ក្រសួងមហា​ផ្ទៃ និង​ក្រសួងរៀបចំដែនដី​ជាដើម ឱ្យជួយ​ដោះស្រាយ ហើយ​ក្រសួង​ទាំ​ងនេះ​បាន​ចេញលិខិតបញ្ជាឱ្យរដ្ឋបាលខេត្តដោះស្រាយ​ដែរ ប៉ុន្តែរហូតមកដល់ពេលនេះ អាជ្ញាធរខេត្តនៅមិនទាន់​បានចុះដោះស្រាយនៅឡើយ​ទេ។

តាមញត្តិ​ដដែលឱ្យដឹងទៀត​ថា ដីជនជាតិដើមភាគតិចពូនង ដែលអភិបាលស្រុកអូររាំង​​ គប់​គិត​គ្នា​ផ្តល់​ទៅ​ឱ្យ​ឧកញ៉ា​ ស្រី ចន្ធូ នោះ ​គឺពលរដ្ឋបានអាស្រ័យផលដាំដំណាំស្រូវ ដំឡូងមី ខ្នុរ ស្វាយចន្ទី ដីកន្លែងឃ្វាលគោ​ក្របី និង​ដី​ចម្ការ​វិល​ជុំ​តាម​បែបប្រពៃណីរបស់​ជន​ជាតិ​ដើម​ភាគ​តិច។

ក្នុងញត្តិរបស់​ពលរដ្ឋទាំងនោះ​អះ​អាង​​ថា កន្លងមក អភិបាលស្រុក​អូររាំ​ង លោក សៀក មុន្នី តែង​តែ​ប្រើ​ល្បិច​កលនិង​អំណាច​របស់ខ្លួន​ទៅ​រំលោភបំពានយក​ដីរដ្ឋ និង​ដីធ្លី​របស់ប្រជាពលរដ្ឋ​ជនជាតិដើមភាគតិចជាច្រើន​ហិកតា​ នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី ប៉ុន្តែមិនត្រូវបានចាត់វិធានការដោយថ្នាក់លើនោះទេ បើទោះបីប្រជាពលរដ្ឋតវ៉ា និងដាក់ពាក្យប្តឹងក៏ដោយ។

ជនជាតិដើមភាគតិចពូនង លោក ម្លូស តេន ប្រាប់វីអូឌីក្រោយដាក់ញត្តិនៅក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ​នេះ​ថា ពួក​គាត់ត្រូវ​បាន​បុគ្គលទាំងពីរនាក់នោះរំលោភយកដីធ្លីហើយ និងត្រូវបានអាជ្ញាធរប្តឹងទៅតុលាការយ៉ាងអយុត្តិធម៌ថែមទៀត ក្រោយ​ពួក​គាត់​តវ៉ា​ទាមទារដីធ្លីរបស់ខ្លួនមកវិញ។

លោកបន្ថែមថា៖ «អ៊ីចឹងខ្ញុំសុំឱ្យសម្តេច​ក្រឡាហោម ស ខេង ជួយ​ពន្លឿ​ន​ការ​ដោះ​ស្រាយ​ដល់​ពួក​ខ្ញុំ​ផង។ ពួកខ្ញុំជាជនជាតិដើម​ភាគ​តិច​​ ជាអ្នក​ទន់​ខ្សោយ​ ត្រូវ​បាន​លោក សៀក មុន្នី ជាអភិបាលស្រុកអូររាំង លោក ស៊ន សារុន ជាអភិបាលរង​ខេត្ត និង​ឧកញ៉ា ស្រី ចន្ធូ គាត់​បាន​គប់គិតគ្នាមកយកដីប្រជាពលរដ្ឋ។ ឥលូវនេះ ពួកខ្ញុំកំពុងបារម្ភអត់មាន​កន្លែងឃ្វាល​គោក្របី អត់​មានដីធ្វើកសិកម្ម។ ឥលូវនេះ គេអ្នកមានលុយមាន​អំណាច​ គេហ៊ុម​ព័ទ្ធ​របង​ជិត ពួកយើងអត់មានផ្លូវចេញចូលបានទេ»

ជនជាតិដើមភាគតិចពូនងម្នាក់ទៀត អ្នក​ស្រី ក្វៃ ញ្ញាណ អាយុ៦០ឆ្នាំ និយាយថា អ្នកស្រីកំពុងបារម្ភពីការបាត់​បង់​ដី​ធ្លី មុខរបរ វប្បធម៌​ប្រពៃណីជ​​នជាតិដើមភាគតិច និងគ្មានដីធ្លីសម្រាប់កូនចៅ​ជំនាន់​ក្រោយ​អាស្រ័យ​ផល ប្រសិនបើបញ្ហាជម្លោះដីធ្លីនេះមិនត្រូវបានដោះស្រាយឱ្យពួកគាត់។

អ្នកស្រីបន្ថែមថា៖ «ដីធ្លីនេះ ពួកខ្ញុំកាន់កាប់និងអាស្រ័យផល​បន្តពីដូនតារហូតដល់កូនដល់ចៅ។ គេអ្នក​មាន​លុយ​មានអំណាច គេបា​ន​មក​ជិះ​ជាន់​លើ​ពួកខ្ញុំ​ជាជនជាតិដើមភាគតិចដែល​មិន​មាន​ចំណេះ​ដឹង ដោយ​បាន​ហ៊ុមព័ទ្ធ​យក​ដី​ធ្លី​របស់ខ្ញុំ និងបានចេញប្លង់ឱ្យ​ឧកញ៉ាទៀត។ អ៊ីចឹងខ្ញុំសុំដល់អ្នកមានយុត្តិធម៌ ជួយរកយុត្តិធម៌ដល់ពួកខ្ញុំផង»

បើតាមពលរដ្ឋ គឺមន្ត្រីនៅក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី និងមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី បាន​ទទួល​ញត្តិ​ពី​ពួក​គាត់ ប៉ុន្តែ​មិន​សន្យា​អ្វី​នោះ​ទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា ក្រោយ​ទទួល​បាន​ញត្តិ​ពី​ប្រជាពលរដ្ឋ ខាងក្រសួងនឹងឱ្យមន្ត្រី​ពិនិត្យ​មើល​ករណី​នេះ។

លោកបន្ថែមថា៖ «និយាយរួម ញត្តិហ្នឹងមិនទាន់ដល់ដៃពូទេ! តែយ៉ាងណា ក្រសួងនឹងទទួលយកញត្តិហ្នឹង ហើយ​បើ​បានទទួល​ហើយ យើងនឹងពិនិត្យមើលតាមផ្លូវច្បាប់ថាវាយ៉ាងម៉េច។ ញត្តិហ្នឹង​ត្រូវ​ឬ​មិន​ត្រឹម​ត្រូវ យើង​សុំ​ពិនិត្យ ឬ​ស៊ើប​អង្កេតស្រាវ​ជ្រាវ​មើល​សិន»

អភិបាលស្រុកអូររាំង លោក សៀក មុន្នី បានច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយលោកប្រាប់វីអូឌីយ៉ាង​ខ្លី​ថា ករ​ណី​នេះ អាជ្ញាធរ​ពាក់ព័ន្ធបានដោះស្រាយជូនពលរដ្ឋរួចហើយ។

លោកបន្ថែមថា៖ «វាមិនត្រឹមត្រូវទេ ចំពោះការចោទប្រកាន់នេះ។ បើរឿងនេះ គេដោះស្រាយរហូតមកជាមួយគ្នា។ បើគាត់នៅតែដើរប្ដឹងខ្ញុំទៀត អ៊ីចឹងយើងមិនដឹងថាពួកគាត់គិតយ៉ាងម៉េច»

វីអូឌី មិនអាចសុំការឆ្លើយតបពីឧកញ៉ា ស្រី ចន្ធូ បានទេ ពាក់ព័ន្ធការចោទប្រកាន់នេះ។

​កាលពីថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ជនជាតិដើមភាគតិចពូនងជាង១៣០គ្រួសារ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី ក៏​បាន​ដាក់ញត្តិតាមស្ថាប័នរដ្ឋថ្នាក់​ជាតិ​មួយ​ចំនួន ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយជម្លោះដីធ្លីទំហំ២៥៥ហិក​តា ជាមួយឧកញ៉ា ជឹង ធាង​សេង ដោយ​ពួកគេអះអាងថា អភិបាលស្រុកអូររាំង លោក សៀក មុន្នី បានគប់គិតគ្នាជាមួយអាជ្ញាធរ​ពាក់ព័ន្ធ យក​ដីពួកគេឱ្យឧកញ៉ារូបនោះ​ផងដែរ។

អ្នក​សម្របសម្រួលបណ្តាញ​ជនជាតិដើមភាគតិច ​នៅ​ខេត្ត​មណ្ឌល​គិរី អ្នក​ស្រី ផ្លឹក ភីរុំ ធ្លាប់លើកឡើង​ថា ក្នុង​ខេត្តមណ្ឌល​គិរី ករណី​​អ្នក​​មា​ន​​លុយ​មាន​អំណាចរំលោភយកដីធ្លីរបស់ជនជាតិដើម​ភាគ​តិច​ បានកើតឡើងស្ទើរគ្រប់កន្លែង ខណៈ​​ជនជាតិ​​ដើម​​​ភាគ​​​តិច​​​មិន​សូវ​យល់​ដឹង​​អំពី​ផ្លូវ​ច្បាប់ និងនីតិវិធី នៃកា​រ​ចុះ​បញ្ជី​ដីធ្លី​​​ជា​ប្រព័ន្ធ និងជាសមូហភាព។

តំណាងជនជាតិដើមភាគតិចរូបនេះបន្តថា បញ្ហានេះកើតឡើងដោយសារតែមា​នការគប់គិតគ្នា និងការប្រព្រឹត្តអំពើពុករលួយ​ជាប្រព័ន្ធរវាងអាជ្ញាធរ និង​អ្នកមានលុយមានអំណាច។

អ្នកស្រី​បន្ថែម​ថា៖ «ប្រសិន​ជា​​រដ្ឋាភិបាលមិនមានចំណាត់ការ​ដោះស្រាយ និង​ទប់​ស្កាត់​ទេ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់ ​និង​រំលោភ​ទៅ​ដល់​​សិទ្ធិរបស់ជនជាតិដើមភាគតិច ជាពិសេសការអាស្រ័យផលរបស់បងប្អូនជនជាតិដើមភាគតិច ដូចជា​ ដីព្រៃជំនឿ និងកន្លែងផ្សេង​ទៀត ហើយនឹងធ្វើឱ្យមានជម្លោះដីធ្លីមិនចេះចប់»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ធ្លាប់បាន​ស្តីបន្ទោសទៅមន្ត្រីក្រោមឱវាទ ជុំ​វិញភាពអសកម្មក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ។ លោកបានបញ្ជាទៅមន្ត្រី​ទាំងនោះឱ្យដោះស្រាយជូនពលរដ្ឋ មុនផ្តល់ដីទៅឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ។

លោកបន្ថែមថា៖ «រយឬប៉ុន្មានពាន់ហិកតា[ដី]ឱ្យប្រជាជនទៅ ព្រោះមិនទាន់ដាំដុះអីណាអ្នកវិនិយោគនោះ! ឥលូវលោកឯង [មន្ត្រីថ្នាក់ក្រោម] ធ្វើទៅ ខ្ញុំគាំទ្រ! មើលល្មមធ្វើមើល! បើ​អត់ព្រមធ្វើ អត់ព្រមដោះ​ ហើយ​បណ្តោយ​មនុស្ស​មក​ភ្នំពេញ មក​​ដល់​ភ្នំពេញ​អត់​មាន​អ្នក​ណា​ដោះ​ទៀត រួចហើយមិនដោះ​ ហើយនាយករដ្ឋមន្ត្រីមិនដឹងទៀត រឿងវាអ៊ីចឹង។ មិនខ្វះទេ បើ​តាម​ខ្ញុំ​ដឹង! កន្លែងខ្លះ អ្នកវិនិយោគអត់ទាន់បាន​ធ្វើអី​សោះ តែវាប៉ះពាល់ដីរបស់ប្រជាពលរដ្ឋ។ ខ្ញុំសុំបញ្ជាក់អាទិភាពផ្តល់ជូនប្រជាពលរដ្ឋ បើប្រជាពលរដ្ឋបានដាំដុះនៅហ្នឹងរួចទៅហើយ»

កាល​ពី​​ឆ្នាំ​២០០៩ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យមួយ​ ស្តីពី នីតិវិធីនៃការចុះបញ្ជី​ដី​សហគមន៍ជនជាតិដើមភាគតិច ដោយអនុក្រឹត្យនេះមាន​គោលដៅកំណត់​គោល​ការណ៍​នី​តិ​វិធី និង​យន្ត​ការ​សម្រាប់​ការ​​ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជា​កម្មសិទ្ធិ​សមូហភាព។

អនុក្រឹត្យនេះក៏​មាន​គោល​បំណង​ផ្ដល់​សិទ្ធិ​ស្របច្បាប់​ក្នុងការ​កាន់​កាប់​​ដីធ្លី​​ដល់​​សហគមន៍​​ជនជាតិ​ដើម​ភាគ​តិច ដើម្បីធានា​សុវត្ថិភាព​​​នៃ​ការកាន់កាប់ដីធ្លី និង​ការពារសិទ្ធិសមូហភាព ដោយ​រក្សានូវអត្តសញ្ញាណ វប្បធម៌ ទំនៀម​ទម្លាប់ និងប្រពៃណី​ល្អរបស់​សហគមន៍​ជនជាតិដើមភាគតិចផងដែរ។

មាត្រា៦ នៃ​អនុក្រឹត្យ​នេះ បាន​បញ្ជាក់​ថា ដី​ដែលត្រូវចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់​សហគមន៍ជនជាតិដើមភាគតិច រួម​មាន ដី​លំនៅឋាន ដី​ដែល​សហគមន៍ប្រកបរបរធ្វើកសិកម្មតាមប្រពៃណី មានដីដាំដុះជាក់ស្ដែង ដីស្រែចម្ការ ដីបម្រុងទុកចាំបាច់​ក្នុង​ការ​ដូរ​វេន​ដំណាំ ដីព្រៃអារក្ខ និងដីកប់ខ្មោច ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ