គណបក្សខ្មែររួបរួមជាតិទទូចឱ្យមានជំនួបជាមួយ គ.ជ.ប. ជជែកអំពីបទបញ្ជានិងនីតិវិធី

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ (ហ៊ាន រង្សី)

មន្រ្តីជាន់ខ្ពស់គណបក្សដែលធ្លាប់មានប្រវត្តិពីបក្សរាជានិយម នៅតែទទូចចង់ឱ្យមានជំនួបមួយកើតឡើង​​​ជា​មួយស្ថាប័នជាតិរៀបចំការបោះឆ្នោត ដោយមើលឃើញថា បទបញ្ជានិងនីតិវិធីបម្រើឱ្យ​​ការបោះឆ្នោ​​ត​​ជា​តិ ​​ឆ្នាំ២០២៣ ខាងមុខនេះ ប្រព្រឹត្តទៅនៅមានចំណុចដែលត្រូវកែសម្រួលត្រង់ខ្លឹមសារខ្លះទៀតនៅឡើយ ដែលមិនទាន់អាចធានាបានពីការជឿទុកចិត្តក្នុងដំណើរការបោះឆ្នោត។

លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ ឱ្យវីអូឌីដឹងនៅថ្ងៃអង្គារ​ថា គិតពីថ្ងៃដាក់​​​លិ​ខិត​​សុំជួប រហូតមកដល់ពេលនេះ លោកនៅមិនទាន់ទទួលបានដំណឹងជាផ្លូវការពីស្ថាប័ន គ.ជ.ប. វិញនៅ​​ឡើ​យ​ទេ។ លោកបន្តថា ការណាត់ជួបដើម្បីពិគ្រោះយោបល់នេះ សម្រាប់លោក បុញ្ញឫទ្ធិ នៅតែមើល​​ឃើ​​ញ​​​ថា ទាំងបទបញ្ជានិងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ ខាងមុខនេះ មា​​ន​ចំណុចខ្លះនៅមានភាពឆ្គាំឆ្គង និងមិនច្បាស់លាស់ថែមទៀតផង។

បើតាមលោក យ៉ែម បុញ្ញឫទ្ធិ ការជួបពិគ្រោះយោបល់នេះ គណបក្សខ្មែររួបរួមជាតិ មិនមានបំណង​​អ្វី​​ក្រៅ​​ពីចង់ឱ្យគោលការណ៍នេះក្លាយជាគោលការណ៍មួយដែលបម្រើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមក្នុងការបោះឆ្នោត ស​​ម្រា​​ប់​​អាណត្តិនេះ អាចជឿទុកចិត្តបាន ជាពិសេសជានីតិវិធីមួយដែលបង្ហាញពីតម្លាភាព​​ឱ្យបានស្មើគ្នា​​គ្រប់​គណបក្សនយោបាយដែលចូលរួមការបោះឆ្នោត។

លោកបន្តថា៖ «ខ្ញុំយល់ឃើញថា វាជាការចាំបាច់ក្នុងការពន្យល់ និងឱ្យយល់ពីបំណងប្រាថ្នា​​របស់[គណបក្ស]ខ្មែររួប​​រួម​ជា​​តិ ក្នុងការកែលម្អឱ្យមានប្រសិទ្ធភាព។ ហើយចុងក្រោយនេះ ​ខ្ញុំក៏បានឃើញលិខិត​​របស់គ.ជ.ប. ដែល​​ប​ង្ហោះ​​ថា​នឹង​មានជួបជុំថ្ងៃទី១៦ ធ្នូ នេះដែរ»។

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ គណបក្សខ្មែររួបរួមជាតិ បានដាក់លិខិតមួយច្បាប់​​សុំ​​ជួប​​តំណាង​​​ស្ថា​ប័ន​ជាតិរៀបចំការបោះឆ្នោត ប៉ុន្តែគេទើបនឹងឃើញ គ.ជ.ប. បានឆ្លើយតប​​នៅ​​ថ្ងៃ​ទី២៨ ខែវិច្ឆិកា។ តាមរ​​យៈលិ​ខិត​​របស់ខ្លួន គណបក្សខ្មែររួបរួមជាតិ ស្នើសុំពិគ្រោះយោ​​បល់​​នេះ ដោយពិនិត្យឃើញសេចក្តីព្រាងបទ​​ប​​ញ្ជា និងនីតិវិ​ធីបម្រើឱ្យ​​ការបោះឆ្នោត​​ជ្រើ​សតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣ មានចំណុចខ្វះខាត និងក​ន្លែ​​ង​​ខ្លះ​​ទៀតគួរមានការកែតម្រូវ ដើម្បីឱ្យមានភាពល្អប្រសើរ​​។

ឆ្លើយតបរឿងនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អះអាងពីការបដិសេធ​​ចំពោះគណបក្សខ្មែររួបរួមជាតិ ថាគណបក្សក្រៅរដ្ឋាភិបាលមួយនេះលែងមានបំណងណាមួយ ដើម្បី​​ស្នើសុំ​​ជួប​ពិគ្រោះយោបល់តទៅទៀតហើយ។ លោកបន្តថា បើពិនិត្យទៅលើឆន្ទៈនេះ មានន័យថា ការស្នើសុំ​​ពិ​​គ្រោះ​​​​យោបល់ដើម្បីពិនិត្យ​​អំពីបទបញ្ជានិងនីតិវិធីនេះ អាចនឹងមិនកើតឡើងទៀតទេ។

លោកបន្តថា៖ «អ៊ីចឹងមន្រ្តីជំនាញរបស់គ.ជ.ប.ហ្នឹងឯង ក៏បានទាក់ទងទៅតំណាងគណបក្សហ្នឹង[ខ្មែររួបរួមជាតិ]។ ខាងគណបក្សហ្នឹង[ខ្មែររួបរួមជាតិ] ក៏បានទាក់ទងផ្ទាល់មាត់មកវិញ ថាមិនចាំបាច់មានការជួបទេ។ បាទ! តំណាងគណបក្សសម្រេចលុបការជួបហើយ»។

បើទោះបែបណា លោក យ៉ែម បុញ្ញឫទ្ធិ វិញ អះអាងថា មកដល់ពេលនេះ ក្នុងនាមជាអនុប្រធានគណបក្ស រូបលោកនៅមិនទាន់ទទួលបានដំណឹងនេះនៅឡើយទេ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ គណបក្សខ្មែររួប​​រួម​​ជាតិ នៅតែរក្សាជំហរក្នុងការណាត់ជួបជាមួយស្ថាប័ន គ.ជ.ប. ដដែល ជាពិសេសបើអាចទៅរួច ធ្វើឱ្យបាន​​មុន​គម្រោងនៃការកោះអញ្ជើញរបស់គ.ជ.ប ដែលគ្រោងនឹងរៀបចំជួបគណបក្សនយោបាយ អង្គការ និងសមាគម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ។

ចំណែកលោក សោម សូរីដា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា ស្ថា​​ប័ន​ជាតិមួយនេះមិនដែលបដិសេធពី​បំណងនៃការសុំជួបពីភាគីណាមួយឡើយ ប្រសិនបើពិតជាទទួល​​បា​​​ន​​លិខិតស្នើសុំដើម្បីជួបពិគ្រោះយោបល់ពិតមែន។

នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៦ ឆ្នាំ២០១៨ គណបក្សខ្មែររួបរួមជាតិ មិន​​​បាន​ទ​​ទួល​​​អាសនៈសូម្បីមួយអាសនៈឡើយ ខណៈដែលគណបក្សប្រជាជនកម្ពុជា ជាអ្នក​​ទទួ​ល​​បានកៅ​​អីនេះ​ទាំង​​១​២​​​៣អាសនៈនៅក្នុងរដ្ឋសភា ក្រោយពីគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការរំលាយ នៅចុង​​ឆ្នាំ២​​​០​១៧។ ដោយឡែក ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីខែមិថុនា ឆ្នាំ២០​​២​២​​​ កន្លងទៅនេះវិញ គណបក្សខ្មែររួបរួមជាតិ ទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១៣អាសនៈ​​នៅ​​ទូ​ទាំងប្រទេស។

លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត យល់ឃើញថា ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពការងារ គ.ជ.ប. គួរបើកឱ្យមានការចូលរួម និង​​ពិគ្រោះយោបល់ឱ្យបានឆាប់ពីគ្រប់តួអង្គដែលពាក់ព័ន្ធ។ លោកបន្តថា បញ្ហាដែល​​​គ​ណ​​​​បក្ស​​​​​នយោបាយរកឃើញ វាអាចជាតម្រុយមួយដ៏សំខាន់ក្នុងការតម្រស់ទិសឱ្យកិច្ច​​ការនេះ​​ប្រព្រឹត្តទៅបានល្អប្រសើរជាងពេលបច្ចុប្បន្ន ជាពិសេសអាចបញ្ចៀសបានពីការរិះគន់ថាជាស្ថាប័ន​​ធ្វើការ​​មិន​​ឯករាជ្យ ជាដើម។

លោកបន្តថា៖ «យើងគិតទៅលើគុណភាពសេវាហ្នឹងក៏ពាក់ព័ន្ធនឹងការសម្រេចចិត្តបានលឿនដែរ។ បញ្ហានេះមិនមែនជាបញ្ហាដែលរសើបពេក រហូតដល់យើងត្រូវការពេលវេលា​​យូរដើម្បីធ្វើការសម្រេចចិត្ត​។ នេះជាការ​​ងារ​រួមរបស់សង្គម ហើយក្នុងនាម គ.ជ.ប. ជាអាជ្ញាកណ្ដាលនៅក្នុងការកាត់សេចក្ដី គួរតែបើកចិត្តឱ្យទូលាយ ហើ​​​យពន្លឿននីតិវិធីធ្វើយ៉ាងណាក៏ដោយដើម្បីឆាប់ទទួលបានធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីធ្វើការ​​សម្រេ​ច​ចិត្តមុនការបោះឆ្នោតកៀកមកដល់នេះបាទ»។

បើទោះបែបណា នៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ គ.ជ.ប. នឹងមានជំនួបរួមជាមួយតួអង្គដែលពាក់ព័ន្ធ រួមមាន តំ​​ណាងគណបក្សនយោបាយ អង្គការ និងសមាគម ដើម្បីពិនិត្យទៅលើការផ្តល់យោបល់មួយចំនួន អំពីប​​ទ​​បញ្ជានិងនីតិវិធីបម្រើឱ្យការបោះឆ្នោតជាតិ ឆ្នាំ២០២៣។ យ៉ាងនេះក្តី អនុប្រធានគណបក្សខ្មែររួបរួមជាតិ នៅតែយល់ឃើញថា ការជួបនេះនឹងមិនលម្អិតនិងស៊ីជម្រៅជាងការជួបសន្ទនាជា​លក្ខណៈសាម៉ីគណប​​ក្ស​​នយោបាយជាមួយនឹង គ.ជ.ប. ទេ។

កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ គ.ជ.ប. បានចេញសេចក្តីជូនដំណឹង ដោយទុកពេលឱ្យ​​ភាគី​​ពា​ក់​​ព័ន្ធមានពេលត្រួតពិនិត្យ និងផ្តល់​​យោ​​​​​​​បល់​​ត្រលប់មកវិញ អំពីបទបញ្ជានិងនីតិវិធីបម្រើ​​ឱ្យកា​​រ​​បោះ​​​ឆ្នោតជ្រើសតាំងតំណាងរាស្រ្តនេះ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី១៩ ខែវិច្ឆិ​កា​​។ សេចក្តី​​ព្រា​​ង​​​​បទ​​ប​ញ្ជានិង​​នី​​តិ​​វិធីសម្រាប់​​កា​​របោះឆ្នោតនេះ មានកម្រាស់​​៣​​​៣៧ទំព័រ ដែល​​មាន​​១០​​​ជំ​​​​​ពូក និងឧបសម្ពន្ធ​​រួម​​ប​​ញ្ចូ​​​​​​ល​ផង។ ចំណែករដ្ឋាភិបាលបានកំណត់យកថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត លើកទី៧នេះ នៅ​​​ថ្ងៃ​ទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ