ប្រធាន​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ត្រូវ​បន្តឃុំខ្លួន ខណៈ​បណ្ដឹង​សុំនៅក្រៅឃុំ​ត្រូវបាន​បដិសេធ

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមសិទ្ធិមនុស្សបាននិយាយថា កញ្ញា ឈឹម ស៊ីថរ នឹងបន្តស្ថិតក្នុងការឃុំខ្លួនបណ្ដោះអាសន្នពីបទ «ញុះញង់» បន្ទាប់ពីតុលាការក្រុងភ្នំពេញបានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់ប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍រូបនេះ។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែវិច្ឆិកា បន្ទាប់​ពី​ត្រលប់​មក​ពី​សន្និសីទ​ការងារ​ជាអន្តរជាតិនៅប្រទេសអូស្រ្តាលី។

កញ្ញាត្រូវចាប់ឃុំ​ខ្លួនជាលើកទី១ ​កាល​ពី​ខែ​មករា ពាក់ព័ន្ធនឹង​ការ​តវ៉ា​របស់​កម្មករ​ដែល​កំពុង​បន្តធ្វើកូដកម្មទាមទារឱ្យ​​ក្រុមហ៊ុនណាហ្គាវើលដ៍ចេញមុខដោះស្រាយបញ្ចប់វិវាទការងារ និងបានចូលធ្វើការងារវិញ។​ កញ្ញាត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ នៅខែមីនា បន្ទាប់​ពី​សន្យា​ថា​នឹង​ឈប់​ចូល​រួមក្នុងបាតុកម្ម។

អង្គការលីកាដូ ដែលជាអង្គការសិទ្ធិមនុស្សក្នុងស្រុក បាននិយាយកាលពីថ្ងៃចន្ទថា មេធាវីរបស់ខ្លួនដែលស្ថិតក្នុងចំណោមក្រុមមេធាវីរបស់កញ្ញា ឈឹម ស៊ីថរ បានទទួលដំណឹងពីតុលាការថា កញ្ញានឹងបន្តស្ថិតនៅក្នុងការឃុំខ្លួន។

កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់​ពី​ត្រលប់​មក​ពី​ប្រទេស​អូស្ត្រាលី។

សមត្ថកិច្ចបាននិយាយថា កញ្ញាត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរចេញទៅក្រៅប្រទេស ដោយផ្អែកលើលក្ខខណ្ឌនៅក្រៅឃុំរបស់តុលាការ។ ទោះយ៉ាងណា មេធាវីការពារក្តីរបស់កញ្ញាបាននិយាយថា មិនបានទទួលដំណឹងអំពីលក្ខខណ្ឌនៅក្រៅឃុំនោះឡើយ។

មេធាវី​ម្នាក់​ទៀត​របស់​កញ្ញា ឈឹម ស៊ីថរ គឺ​លោក សំ ចំរើន បាន​ថ្លែង​ថា លោកកំពុង​ជាប់​រវល់​ ហើយ​ភ្លាមៗ​ លោកមិនអាចធ្វើអត្ថាធិប្បាយឡើយ។

ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានបញ្ឈប់កម្មករចំនួន១ ៣០០នាក់ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុនរងការចោទប្រកាន់ថាមានចេតនារំលាយសហជីព ដោយកំណត់គោលដៅលើមេដឹកនាំសហជីព ដែលកម្មករនិយាយថាគួរតែត្រូវបានការពារពីការបញ្ឈប់ពីការងារ។

កម្មករ​ជាង១០០​នាក់បន្តតវ៉ា​ប្រឆាំង​នឹង​ការ​បញ្ឈប់ពី​ការងារ ខណៈ​ការ​តវ៉ា​ប្រឆាំងនឹង​ក្រុមហ៊ុនណាហ្គាវើលដ៍មានរយៈពេល​ជិត​មួយ​ឆ្នាំមកហើយ។

កូដកររាប់សិបនាក់បានឈរនៅខាងក្រៅក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងសម្លៀកបំពាក់ពណ៌ទឹកក្រូច ដូចឯកសណ្ឋានអ្នកទោស កាលពីថ្ងៃចន្ទ ដើម្បីគាំទ្រកញ្ញា ឈឹម ស៊ីថរ។ នេះបើយោងតាមវីដេអូផ្សាយផ្ទាល់ដែលបង្ហាញដោយកម្មករម្នាក់ឈ្មោះ ម៉ម សុវ៉ាធីន

ក្រៅពីមេដឹកនាំសហជីពមួយចំនួនដូចជាកញ្ញា ឈឹម ស៊ីថរ ដែលនៅតែប្រឈមមុខនឹងការចោទប្រកាន់ពីបទញុះញង់ មនុស្សមួយចំនួនទៀតត្រូវបានសាកសួរជុំវិញបណ្តឹងរបស់ក្រុមហ៊ុន ណាហ្គាខប (NagaCorp) ដែលមិនមានភាពច្បាស់លាស់ចំនួន៣ករណី រួមមាន រំលោភលើលំនៅឋាន, ធ្វើឱ្យខូច​ខាត​ដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់។ សហជីព​ក៏​ត្រូវ​បាន​កោះហៅ​​សាកសួរ ​ជុំវិញបណ្តឹងរបស់​ក្រុមហ៊ុន​សុំឱ្យ​តុលាការ​ចេញសេចក្តីសម្រេចលើ​វិវាទ​ការងារ​ដែលបាន​អូសបន្លាយ៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ NagaWorld Union Leader Stays in Jail as Bail Denied

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ