កូរ៉េខាងជើង​បាញ់​កាំភ្លើងធំ​ជាច្រើនគ្រាប់​បន្ថែមទៀត​ចូល​សមុទ្រ ជា​ការឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់​កូរ៉េខាងត្បូង

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។ (KCNA តាមរយៈ REUTERS ATTENTION EDITORS)

ប្រទេសកូរ៉េខាងជើង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ជាឱ្យអង្គភាពយោធាទាំងឡាយបាញ់កាំភ្លើង​ធំ​ជាច្រើនគ្រាប់បន្ថែមទៀត​ចូលទៅក្នុងសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងបន្តធ្វើឡើងនៅតាមព្រំដែន។ នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងជើង KCNA ដែលត្រូវបានយកមកចុះផ្សាយបន្តដោយសារព័ត៌មាន Reuters

ការបញ្ជាឱ្យបាញ់កាំភ្លើងធំជាច្រើនគ្រាប់បន្ថែមទៀតនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពកូរ៉េខាង​ត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតព្រំដែន ខណៈពួកគេលើកឡើងថា សមយុទ្ធនេះ គឺពិតជាមានសារៈសំខាន់​ដើម្បី​រារាំង​ប្រទេស​កូរ៉េ​ខាង​ជើង ដែលបានសាកល្បងបាញ់មីស៊ីលក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំនេះ។

ទោះជាយ៉ាងណា កូរ៉េខាងជើង​ បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​ការធ្វើ​សម​យុទ្ធយោធា​​រួ​ម​គ្នា​​នេះ ដោយ​ខ្លួន​ចាត់ទុកថា វា​​ជា​ភស្តុតាង​នៃ​គោលនយោបាយអរិភាពពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

ទីភ្នាក់ងារព័ត៌មាន KCNA បានស្រង់សម្ដី​អ្នក​នាំ​ពាក្យ​កងទ័ព​កូរ៉េ​ខាង​ជើងមួយរូបដែ​លបានថ្លែងថា៖ «សត្រូវ​ត្រូវតែបញ្ឈប់ជាបន្ទាន់នូវសកម្មភាពយោធាទាំងឡាយនៅក្បែរតំបន់ជួរមុខ»។

ប្រភពដដែលបន្តថា ក្រៅពីការបាញ់​គ្រាប់​កាំភ្លើង​ធំ កងទ័ពកូរ៉េខាងជើងក៏បានចេញការប្រកាសអាសន្ន​មួយ​ដល់​អង្គភាព​គ្រប់​លំដាប់​ថ្នាក់ ខណៈកងទ័ពនានាក៏ត្រូវបានបញ្ជាឱ្យបង្កើនការឃ្លាំមើលផង​ដែរ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំ២០២២នេះ បានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំង ដែល​រួមមានទាំងការបាញ់មីស៊ីលបាលីស្ទីក, ការធ្វើសមយុទ្ធផ្លូវអាកាស និងការបាញ់កាំភ្លើងធំរាប់រយគ្រាប់។

ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) កាលពីពេលកន្លងទៅ ក៏ធ្លាប់បានស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការសំខាន់ៗនានា ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ប្រទេសកូរ៉េខាងជើងនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ