អាមេរិក​ថា​ខ្លួន​មិនបាន​ជំរុញ​ឱ្យ​អ៊ុយក្រែន​បើក​ការវាយប្រហារ​ក្នុង​ប្រទេស​រុស្ស៊ី​ឡើយ

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ចូលរួមក្នុងកិច្ចសន្ទនាភាគីពាក់ព័ន្ធរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប អំឡុងពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រឹក្សាពាណិជ្ជកម្ម និងបច្ចេកវិទ្យា (TTC) នៅសាកលវិទ្យាល័យ Maryland ក្នុង College Park រដ្ឋ Maryland សហរដ្ឋអាមេរិក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២។ (Saul Loeb/Pool តាមរយៈ REUTERS)

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken)​ បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា អាមេរិកមិនបានលើកទឹកចិត្ត ឬជំរុញឱ្យកងទ័ពអ៊ុយក្រែនធ្វើការវាយប្រហារនៅខាងក្នុងទឹកដីប្រទេសរុស្ស៊ីឡើយ ប៉ុន្តែពួកគេនៅតែរក្សាជំហររបស់ខ្លួនក្នុងការធ្វើឱ្យប្រាកដថា អ៊ុយក្រែនមានឧបករណ៍ដែលពួកគេត្រូវការគ្រប់គ្រាន់ដើម្បីការពារខ្លួនពីការឈ្លានពាន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ការលើកឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក​នេះត្រូវបានធ្វើឡើងបន្ទាប់ពីព្រលានយន្ដហោះរបស់រុស្ស៊ី ទី៣ រងនូវការឆាបឆេះកាលពីថ្ងៃអង្គារ ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ដែលកើតឡើងក្នុងរយៈពេលមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែនបានបង្ហាញពីសមត្ថភាពថ្មីក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយចូលទៅក្នុងដែនអាកាសរុស្ស៊ី។

ទោះជាយ៉ាងណា ខាងភាគីអ៊ុយក្រែនពុំបាន​​ចេញមុខ​ទទួល​ខុស​ត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ការ​វាយ​ប្រហារចុងក្រោយនេះឡើយ ​បើទោះបីជាមានការចោទប្រកាន់ពីសំណាក់ប្រទេសរុស្ស៊ីក្ដី។

ភាពតានតឹងរវាង​រុស្ស៊ី និងអ៊ុយក្រែន ក្នុងរយៈពេលចុងក្រោយនេះ ​បាន​ចាប់ផ្ដើមកើនឡើងខ្លាំងបន្ទាប់ពីរុស្ស៊ី​បាន​បើក​ការ​ឈ្លាន​ពាន​ទ្រង់ទ្រាយធំមកលើប្រទេសក្បែរខាងរបស់ខ្លួនមួយនេះ ដែលធ្វើឡើងបន្ទាប់​ពី​មានការ​ប្រកាស​សង្គ្រាម​មួយដោយប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន​។

ទោះជាយ៉ាងណា រុស្ស៊ីធ្លាប់បានលើកឡើងកាលពីពេលកន្លងទៅថា សកម្មភាពរបស់ខ្លួននេះ គឺជាការអនុវត្ត «ប្រតិបត្តិការយោធាពិសេសមួយ» ដើម្បីបញ្ឈប់រដ្ឋាភិបាលអ៊ុយក្រែនពីការប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប្រជាជនរបស់ខ្លួន ខណៈដែលការចោទប្រកាន់នេះត្រូវបានបណ្ដាប្រទេសមួយចំនួន​ចាត់ទុកថាជាការ​លើកឡើងដោយ​គ្មានមូលដ្ឋានច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ