អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសជិត១៥០នាក់ ក្នុងនោះមាន៣សញ្ជាតិ ចេញពីប្រទេសកម្ពុជា និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ ដោយសារពួកគេលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ក្នុងទឹកដីកម្ពុជា។
ក្នុងហ្វេសប៊ុកអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះផ្សាយនៅថ្ងៃពុធ ទី៧ ខែធ្នូ នេះថា ចាប់ពីថ្ងៃទី០៤ ដល់០៦ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់ មាន៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន២នាក់ និងជនជាតិអេស្ដូនីចំនួន១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ។
ប្រភពដដែលបញ្ជាក់ថា ជនបរទេសចំនួន១៤៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ព័ន្ធបទល្មើសលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅខុសច្បាប់លើសទិដ្ឋាការកំណត់ និងធ្វើការងារខុសច្បាប់ ជាដើម។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ លោក កៅ វណ្ណថន បានទេ នៅរសៀលថ្ងៃពុធនេះ។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍គាំទ្រចំពោះការអនុវត្តតាមច្បាប់ជាតិនិងអន្តរជាតិ ពាក់ព័ន្ធការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីទឹកដីកម្ពុជា។ ប៉ុន្តែលោកថា មុននឹងបណ្តេញជនអន្តោប្រវេសន៍ទាំងនោះ ថ្នាក់ដឹកនាំត្រូវបញ្ជាទៅអាជ្ញាធរពាក់ព័ន្ធធ្វើការស្រាវជ្រាវរកមេខ្លោងដែលនាំជនអន្តោប្រវេសន៍ និងមន្ត្រីថ្នាក់ក្រោម ជាពិសេសអ្នកដែលនៅតាមច្រកព្រំដែន បើសិនជារកឃើញថា អ្នកទាំងនោះគប់គិតគ្នាឱ្យជនអន្តោប្រវេសន៍ខុសច្បាប់លួចចូលទឹកដីកម្ពុជា ត្រូវអនុវត្តតាមវិធានការច្បាប់តឹងរ៉ឹង និងមានតម្លាភាព ទើបទប់ស្កាត់បញ្ហាប្រឈមទាំងនោះបានប្រសិទ្ធភាព ។
លោកមានប្រសាសន៍ថា៖ «ថ្នាក់ដឹកនាំដែលជាស្ថាប័នសាម៉ីពាក់ព័ន្ធ គួរតែមានការត្រួតពិនិត្យមន្ត្រីរបស់ខ្លួននៅតាមច្រកនីមួយៗ ដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យជនអន្តោប្រវេសន៍ដែលចូលមកកម្ពុជាដោយមិនគោរពតាមច្បាប់ គួរតែពិនិត្យមើលថាតើមន្ត្រីទាំងអស់ហ្នឹងបានគោរពតាមតួនាទីរបស់ខ្លួនបានត្រឹមត្រូវរបស់ខ្លួនដែរឬទេ។ ហើយបើសិនជាមិនបានអនុវត្តតួនាទីបានត្រឹមត្រូវ គួរតែមានវិធានការ ឬមធ្យោបាយណាមួយ។ តាមនីតិវិធីច្បាប់ តើគេបានអនុញ្ញាតឱ្យមន្ត្រី ថ្នាក់ដឹកនាំ អាចមានវិធានការ[អ្វីខ្លះ]ទៅលើជនទាំងអស់ហ្នឹង? ដើម្បីកុំឱ្យមានអំពើបែបហ្នឹងចេះតែកើតមានដដែលៗបែបហ្នឹងបន្តទៀត»។
ក្នុងលិខិតរបស់អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ កាលពីថ្ងៃ១៥ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា កន្លងមក អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំចំពោះជនបរទេសខុសច្បាប់គ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណ្តេញចេញពីប្រទេសកម្ពុជាស្របតាមច្បាប់អន្តោប្រវេសន៍ទៀតផង។
លិខិតដដែលបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៤ រហូតដល់៥ខែ ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្តេញជនបរទេសខុសច្បាប់ចេញពីប្រទេសកម្ពុជា សរុបចំនួន១៨ ៤៧០នាក់ ស្មើនឹង១០៤សញ្ជាតិ៕