លីកាដូ​ទាមទារ​ឱ្យ​បិទ​មណ្ឌលព្រៃស្ពឺ ក្រោយ​រកឃើញ​អ្នកជាប់ឃុំ​ស្លាប់​ដោយ​ការឃុំខ្លួន​មិនត្រឹមត្រូវ

មណ្ឌលសង្គមកិច្ចព្រៃស្ពឺ។ (លីកាដូ)

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានទាមទារឱ្យបិទមណ្ឌលព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយរកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះបានស្លាប់ជាច្រើននាក់ដោយសារការឃុំខ្លួនមិនត្រឹមត្រូវ។

អង្គការលីកាដូ (LICADHO) ចេញផ្សាយសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា មនុស្សពីរនាក់បានស្លាប់​បាត់បង់ជីវិត​ ​ខណៈ​​កំពុង​​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ​របស់​រដ្ឋ​​ ក្នុង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២។ បន្ថែមពីនេះ ​មាន​ភស្តុតាង​បង្ហាញ​ថា​ ​មនុស្សជា​ង​​១​០​នាក់​បាន​ស្លាប់ ​​ក្នុងចំណោម​អ្នកជាប់ឃុំ​ទាំងអស់​នៅ​ក្នុងមណ្ឌលមួយនេះ នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​​​។​

សេចក្តីថ្លែងការណ៍បានបន្តថា ការ​ស្លាប់អ្នកជាប់ឃុំ​ថ្មីៗ​នេះ គឺមានស្ត្រី ​និង​បុរស​ម្នាក់ ដោយកើតឡើងក្រោយពីអ្នកជាប់ឃុំទាំងនោះ​ឈឺ​នៅ​ក្នុងមណ្ឌល​ ​ហើយ​មិន​ត្រូវ​បាន​ផ្ដល់​ការ​ព្យាបាល​ឱ្យ​បាន​គ្រប់គ្រាន់ឡើយ​។ លីកាដូ បានឱ្យដឹងថា ​អ្នកជាប់ឃុំ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ត្រូវ​បាន​ទុកចោល​នៅ​លើ​ឥដ្ឋ​ នៅក្នុងបន្ទប់​ឃុំឃាំង រហូតដល់ស្លាប់ នៅចំពោះមុខ​អ្នកជាប់ឃុំ​ផ្សេងទៀត​។

អង្គការលីកាដូ បានរកឃើញទៀតថា ​មានករណីស្លាប់​អ្នកជាប់ឃុំ​ជាង​ ​១​០​នាក់​ ​នៅចន្លោះ​ខែ​កក្កដា​ ​និង​ខែ​សីហា​ ​ឆ្នាំ​២​០​២​២​ ​ខណៈមានការ​រឹតត្បិតខ្លាំង​ក្នុង​ការ​ចូល​ទៅកាន់​មណ្ឌល​ ដែល​ធ្វើ​ឱ្យ​មាន​ភាព​លំបាក​ដើម្បី​បញ្ជាក់​ពី​ការ​រាយការណ៍​ទាំងនេះ​។

អង្គការសិទ្ធិមនុស្សដដែលបានលើកឡើងថា មណ្ឌល​ព្រៃស្ពឺ បាន​ដំណើរការ​ជា​​មណ្ឌល​ឃុំ​ខ្លួន​ដោយ​មិន​ត្រឹមត្រូវ​ ​ដើម្បី​លាក់បាំង​រូបភាព​ពី​ប្រជាពលរដ្ឋ​ដែល​មិន​ត្រូវ​បាន​គេ​អើពើ​ ​និង​អ្នក​ដែល​ប្រឈម​នឹង​ហា​និ​ភ័យ​ ​នៅ​រាជធានី​ភ្នំពេញ​ ​ខណៈ​ដែល​ពួកគេ​ត្រូវ​បាន​បដិសេធ​សិទ្ធិ​ទទួល​បានការ​ការពារ​ផ្លូវច្បាប់​ ​និង​តម្រូវ​ការចាំបាច់​ ​ដូចជា​ ​អាហារ​បរិភោគ​ ​និង​ការថែទាំ​ឬ​ព្យាបាល​ជំងឺ​ឱ្យ​បាន​គ្រប់គ្រាន់​។

​បើតាមលីកាដូ មនុស្ស​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ភាគច្រើន​គឺជា​ក្រុម​មនុស្ស​ដែល​មិន​ត្រូវ​បាន​គេ​អើពើ ​ដូចជា​ ​ជនអនាថា​ ​អ្នកសុំទាន​ ​អ្នកប្រើប្រាស់​គ្រឿងញៀន​ ​និង​អ្នក​ប្រកបរបរ​ផ្លូវ​ភេទ​ ជាដើម​ ​ហើយពួកគេ​មិន​ត្រូវ​បាន​ចោទប្រកាន់​ពី​បទល្មើស​ណាមួយ​ទេ​ ​ប៉ុន្តែ​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​មិន​ច្បាស់លាស់​ ​និង​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​។

សេចក្តីថ្លែងការណ៍៖ «​អង្គការ​លី​កា​ដូ ​បាន​ចងក្រង​ឯកសារ​ស្ដីពី​ការ​រំលោភបំពាន​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ ​ចាប់តាំង​ពី​មណ្ឌល​នេះ​បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២​០​០​៤​ ​និង​បាន​ស្នើសុំ​ជា​សាធារណៈ​ឱ្យ​បិទ​មណ្ឌល​នេះ​វិញ​ ​តាំងពី​ឆ្នាំ​២​០​០​៨​ ​មក​។​ ​នៅ​ថ្ងៃនេះ​ ​យើងខ្ញុំ​​សូម​ធ្វើការ​ស្នើសុំ​ជាថ្មី​ម្ដងទៀត​ ​សូម​ឱ្យ​បិទ​មណ្ឌល​ព្រៃ​ស្ពឺ​ ​និង​បញ្ចប់​ស្ថានភាព​អាក្រក់​ដែល​ប្រឈម​ដោយ​មនុស្សជា​ប់​ឃុំ​នៅ​ទីនោះ»​។​

​នាយិកា​ទទួលបន្ទុក​កិច្ចការ​ក្រៅ​តំបន់ ​នៃ​អង្គការ​លី​កា​ដូ អ្នកនាង ណាលី ពីឡូក ដែលត្រូវបានស្រង់សម្តីដាក់ក្នុងសេចក្តីថ្លែងការណ៍​ មានប្រសាសន៍ថា ការ​ស្លាប់​របស់​មនុស្ស​ពីរ​នាក់​នេះ​ជា​បញ្ហា​បន្ថែម​លើ​​ការ​រំលោភបំពាន​ ​ការ​ធ្វើ​ទារុណកម្ម​ ​និង​ការ​បាត់បង់ជីវិត​ដែល​មិនគួរ​កើតមាន​ ​អស់​រយៈពេល​ជិត​ពីរ​ទសវត្សរ៍​មកនេះ​ ​នៅ​ក្នុងមណ្ឌល​ព្រៃ​ស្ពឺ​។

​អ្នកនាង​បាន​បន្ថែម​ថា៖ «​​ជា​រៀងរាល់ថ្ងៃ​ ​មណ្ឌល​ព្រៃ​ស្ពឺ​នៅតែ​បើក​ដំណើរការ​ ​បង្ក​ឱ្យ​មានការ​រំលោភបំពាន​បន្ថែម​ទៀត​ ​និង​ហា​និ​ភ័យ​នៃ​ការ​ស្លាប់​ជាច្រើន​ទៀត​។​ ​រាជរដ្ឋាភិបាល​គួរតែ​បិទ​មណ្ឌល​នេះ​តែម្ដង​ ​ហើយ​បញ្ចប់​ភាព​រងគ្រោះ​យ៉ាង​អាក្រក់​ដែល​មិនគួរ​កើតមាន​នេះ»

លីកាដូ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២២ មានមនុស្សប្រមាណ៤០០នាក់ត្រូវបានឃុំខ្លួននៅមណ្ឌលព្រៃស្ពឺ ដែលមានស្ថានភាពដូចនរក រួមមាន ​បន្ទប់​ឃុំឃាំង​​ចង្អៀត​ណែន​ខ្លាំង​ ​កង្វះ​ចំណីអាហារ​ ​ការ​វាយដំ​ដោយសារ​មិន​ស្ដាប់​តាម​ការណែនាំ​ ​ខណៈ​ដែល​ការថែទាំ​សុខភាព ​គឺ​ទទួល​បានតែ​ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល​ ​តែប៉ុណ្ណោះ​ ​ទោះបីជា​មាន​ជំងឺ​ធ្ងន់ធ្ងរ​ក៏ដោយ​។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត មានប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍នោះថា ករណីកើតឡើងនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺនេះ ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកថា អង្គការលីកាដូ បានរកឃើញថា មណ្ឌលព្រៃស្ពឺ រំលោភបំពានសិទ្ធិមនុស្សតាំងពីឆ្នាំ២០០៤ ហើយអ្នកគ្រប់គ្រងមណ្ឌល និងអាជ្ញាធរពាក់ព័ន្ធ ធ្លាប់បានប្ដេជ្ញាកែលម្អមណ្ឌលមួយនេះឱ្យល្អប្រសើរ ប៉ុន្តែរហូតមកដល់ពេលនេះ មិនបានកែប្រែអ្វីនោះទេ។

លោកបន្ថែមថា៖ «ខាងមណ្ឌល ក៏ដូចអាជ្ញាធរពាក់ព័ន្ធ គឺបានប្តេជ្ញាក្នុងការកែលម្អមណ្ឌលហ្នឹង ប៉ុន្តែមកដល់ឥលូវ អត់មានឃើញមានការកែលម្អទេ។ អ៊ីចឹងហើយបានយើងគិតថា បើសិនវានៅតែជាបញ្ហា មានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ អ៊ីចឹងទេ! បិទទៅ កុំឱ្យវាប៉ះពាល់ដល់មុខបាត់រដ្ឋាភិបាល។ ហើយខ្ញុំនៅតែជឿថា រដ្ឋាភិបាលលោកមានលទ្ធភាពច្រើនណាស់ក្នុងការស្វែងរកដំណោះស្រាយផ្សេង អំពីបញ្ហាដែលធ្វើដូចមណ្ឌលព្រៃស្ពឺសព្វថ្ងៃ»។

អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក តូច ចាន់នី មានប្រសាសន៍ថា មណ្ឌលព្រៃស្ពឺនេះមិនអាចបិទបានឡើយ ក្រោមហេតុថា គ្មានកន្លែងផ្សេងដាក់ជនអនាថាទាំងនោះ និងគ្មានដំណោះស្រាយល្អជាងរក្សាពួកគេទុកក្នុងមណ្ឌលមួយនេះឡើយ។

លោកបន្ថែមថា៖ «ក្នុងនាមខ្ញុំអ្នកបច្ចេកទេសមួយរូបនៅក្រសួងសង្គមកិច្ចនេះ ជាការគិតរបស់ខ្ញុំ កន្លែងនេះមិនអាចបិទបានទេ។ បើបិទបាន លុះត្រាតែលីកាដូហ្នឹងមានកន្លែងដោះស្រាយសម្រាប់ជនរងគ្រោះទាំងអស់ហ្នឹង អាហ្នឹងយើងអាចបិទបាន។ គាត់ចេះតែបញ្ជាអញ្ចេះបញ្ជាអញ្ចុះ មានទស្សនៈអញ្ចេះទស្សនៈអញ្ចុះ តើគាត់មាន? តើគាត់មានដំណោះស្រាយឬអត់? ខ្ញុំចង់សួរគាត់វិញ។ គាត់ចង់ធ្វើអី ឱ្យគាត់ដាក់របាយការណ៍មកក្រសួងមក ដើម្បីខ្ញុំមានលទ្ធភាព មានមូលដ្ឋានក្នុងការជជែកគ្នា ស្នើសុំយោបល់ជាមួយថ្នាក់ដឹកនាំ។ ដល់ពេលគាត់ចេះតែនិយាយអ៊ីចឹង ខ្ញុំមិនអាចទទួលយកបានទេ»។

ទោះបីជាយ៉ាងនេះក្ដី អង្គការការពារសិទ្ធិមនុស្សលីកាដូ ​ក៏បានអំពាវនាវឱ្យបិទ​ទីតាំង​ទាំងអស់​ផ្សេងទៀតនៃ​ការ​ឃុំ​ខ្លួន​មិន​ត្រឹមត្រូវ​ ឱ្យបានឆាប់ និងជារៀងរហូត ​ហើយ​អ្នក​ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ធ្វេសប្រហែស​ ​ឬ​ការ​រំលោភបំពាន​ ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ ខណៈ​​ប្រវត្តិ​នៃ​ការ​រំលោភបំពាន​ ​និង​ការ​ស្លាប់​នៅ​មណ្ឌល​ព្រៃ​ស្ពឺ​ បាន​អូស​បន្លាយពេលជា​ច្រើនមក​ហើយ​ ​និង​បង្កើត​ឱ្យ​មានការ​រំលោភបំពាន​បន្ថែម​ទៀត​ ​ប្រសិនបើ​មណ្ឌល​នេះមិន​ត្រូវ​បាន​បិទ​ដំណើរការ​នោះ​ទេ។

​កាលពី​ឆ្នាំ​២​០​២​០​ ​អង្គការលើ​ក​លែងទោស​អន្តរជាតិ​ ​ក៏បាន​ចេញ​​របាយការណ៍​មួយ​ ​ដោយ​បាន​ចងក្រង​ការ​រំលោភបំពាន​ជាច្រើន​នៅ​ក្នុងមណ្ឌល​ព្រៃ​ស្ពឺ​ ​រួម​មាន​ ​ការ​វាយដំ​ ​ការ​ស្លាប់​ ​ការ​ធ្វើ​អត្តឃាត​ ​ភាព​ចង្អៀត​ណែន​ខ្លាំង​ ​កង្វះ​អាហារ​គ្រប់គ្រាន់​ ​ក៏ដូចជា​ការ​ព្យាយាម​រត់ចេញ​របស់​អ្នកជាប់ឃុំ​ ជាដើម​។

កាលពីចុងឆ្នាំ២០១៥ អង្គការលីកាដូ ធ្លាប់បានស្នើទៅរដ្ឋាភិបាលឱ្យបិទមណ្ឌលព្រៃស្ពឺនេះម្តងរួចមកហើយ បន្ទាប់ពីអង្គការនេះរកឃើញថាមានបុរសមានវិបត្តិផ្លូវចិត្តម្នាក់ស្លាប់ដោយសារលង់ទឹក និងស្ត្រីម្នាក់ទៀតស្លាប់ដោយគ្មានការស៊ើបអង្កេតត្រឹមត្រូវ។

ថ្លែងក្នុងពិធីរម្លឹកខួបលើកទី៦៧ នៃទិវាកុមារអន្តរជាតិ ១មិថុនា កាលពីឆ្នាំ២០១៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា មណ្ឌលព្រៃស្ពឺ ដែលមានទីតាំងស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ នៅតែមិនអាចកែលម្អសេវារបស់ខ្លួនឱ្យល្អប្រសើរបាន។  លោកបានឱ្យដឹងថា មណ្ឌលសង្គមកិច្ចមួយនេះរងនូវការតិះដៀលជាច្រើនពីមហាជន ដោយលោកថា ដោយសារតែទីតាំងមួយនេះបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល។ លោកក៏បានស្នើឱ្យបិទមណ្ឌលសុំចតសង្គមកិច្ចព្រៃស្ពឺនេះផងដែរ បើសិនជាមិនមានការកែប្រែសេវាឱ្យល្អប្រសើរនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ