គ.ជ.ប. បញ្ជាក់​ពី​ចំនួន​អ្នកចុះឈ្មោះ​បោះឆ្នោត​កើនឡើង​លើស​ពី​ផែនការ​រំពឹង​ទុក

លោក ហង្ស ពុទ្ធា មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ផ្ដល់បទសម្ភាសន៍អំឡុងពេលដំណើការដាក់ឱ្យ​​សាកល្បង​​​ធ្វើ​​​តេស្ត​​ទឹក​ថ្នាំជ្រលក់​​​ដៃលុ​ប​មិន​ជ្រះ ជា​លើក​ដំបូង សម្រាប់បម្រើឱ្យការបោះឆ្នោតឃុំសង្កាត់ខាងមុខ នៅ​ទីស្តីកា​រ គ.ជ.ប នៅ​ព្រឹកថ្ងៃទី​១៣ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

នៅសល់ពេលមួយថ្ងៃទៀត នឹងត្រូវដល់ពេលកំណត់នៃការបិទបញ្ចប់យុទ្ធនាការចុះឈ្មោះបោះឆ្នោត​​ដែល​បម្រើឱ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នេះហើយ ខណៈចំនួននៃ​​កា​​រ​ចុះឈ្មោះបោះឆ្នោតនៅក្នុងអាណត្តិនេះ ត្រូវបានមន្ត្រី គ.ជ.ប. អះអាងថាមានកំណើនកើនឡើងលើសពីផែ​​ន​​កា​​រ​រំពឹងទុក។

មន្ត្រីនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍នៅថ្ងៃពុធ​ថា តួលេខបឋមដែលទទួលបាន គិតត្រឹមថ្ងៃទី៦ ខែធ្នូ កន្លងទៅនេះ បង្ហាញឱ្យឃើញពីចំនួនអ្នកដែល​គ្រប់​​អា​​យុ​​​ចុះ​​ឈ្មោះ​​បោះ​​ឆោ្នត គឺមានកំណើនហួសពីអ្វីដែលស្ថាប័នជាតិមួយនេះដាក់ចេញទៅទៀត។​​ លោក​​បន្ត​​ថា សម្រាប់អ្នកចុះឈ្មោះថ្មីនៅពេលនេះ មានកំណើនជិតទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាកាលពី​​​ឆ្នាំ​២​​០​​១​៨។

លោកបន្តថា៖ «តាមលក្ខណៈបច្ចេកទេស គឺចុះឈ្មោះបានរហូតទៅដល់គិតជាភាគរយតាមការប៉ាន់ស្មានពីដើមទី ប្រមាណជា១០០ភាគរយឯណោះ […] អ៊ីចឹងនេះគឺជាតួលេខលើសពីការប៉ាន់ស្មាន និងការរំ​​ពឹ​​ង​ទុក បាននៅ​​អាណត្តិនេះ​មានការសស្រាក់សស្រាំជាង​ ពិសេសការលើក​កម្ពស់លទ្ធិប្រជាធិបតេយ្យ​តា​ម​រយៈ​​ការបោះឆ្នោតនេះ គឺមានការចាប់អារម្មណ៍ខ្លាំងលើសមុន​ ពីបងប្អូនប្រជាពលរដ្ឋដែល​​ជាម្ចាស់​ឆ្នោត​»។

ផ្អែកលើតួលេខដែលផ្ដល់ឱ្យដោយមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លទ្ធផលបឋមមិនទាន់ផ្លូវការ ប​ង្ហា​​​ញថា គិតត្រឹមថ្ងៃទី៦ ខែធ្នូ គឺអ្នកចុះឈ្មោះបោះឆ្នោតថ្មី ជិត៦០ម៉ឺននាក់ (៥៦០ ០០០)។

​បើតាមលោក ហង្ស ពុទ្ធា ការប៉ាន់ស្មានរំពឹងទុកពីដំបូងទី គឺចំនួនអ្នកចុះឈ្មោះបោះឆ្នោត គិតត្រឹមអាយុ១​​៨ឆ្នាំ​ឡើង ដែល​​គ្រប់​​​អា​យុ​ត្រូវចុះ​​ឈ្មោះបោះឆ្នោត អាចស្ថិតក្នុងរង្វង់ប្រមាណ៤១ម៉ឺន​​នាក់ទេ។ ក៏ប៉ុន្តែ​​ផ្ទុយ​​ទៅ​វិញ ចំនួន​​ដែ​​ល​​​​ គ.ជ.ប. ទទួលបាននៅពេលនេះ តួលេខបឋមមិនទាន់ផ្លូវការបានកើន​​ឡើង​​លើស​​ពី​​អ្វី​​ដែល​ស្ថាប័នជាតិ​​រៀប​​ចំការបោះឆ្នោតកំណត់ទៅទៀត។

បើគេពិនិត្យទៅលើចំនួនអ្នកចុះឈ្មោះ ក្នុងរយៈពេលដូចគ្នា សម្រាប់ការបោះឆ្នោតអាណត្តិទី៦ កាលពីឆ្នាំ​​២​​០​១៨វិញ ឃើញថា អ្នកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួនជិត ២០ម៉ឺននាក់ (១៩៥ ៣៨៥)។ ចំនួននេះ បើ​​ធៀ​បនឹងអ្នកចុះឈ្មោះបោះឆ្នោតថ្មីក្នុងបញ្ជីបោះឆ្នោតក្នុងពេលបច្ចុប្បន្ន តិចជាងជិត២ដងនៃចំនួ​ន​​អ្នក​​ដែ​ល​​​​បានចេញ​​ទៅចុះ​​ឈ្មោះ​​បោះ​​ឆ្នោ​ត​។

បើទោះយ៉ាងនេះក្តី អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នៅតែចាត់ទុកថា ការផ្សព្វផ្សាយ​​ស្តី​​ពី​​​ដំណើរការចុះឈ្មោះបោះឆ្នោត មានលក្ខណៈក្បិតក្បៀត ហើយមិនសូវទូលំទូលាយ។ ​​ជាការយល់​​​ឃើញ​របស់​លោក អ្នកនយោបាយចាស់វស្សារូបនេះសង្កេតឃើញថា អង្គបោះឆ្នោតផ្សេងទៀតនៅមិនទាន់​​ទ​​ទួ​​​ល​​បា​ន​​​​​​ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយនៅឡើយ ស្តីពីដំណើរការចុះ​​ឈ្មោះបោះឆ្នោត​​នេះ​​។

លោកបន្តថា៖ «វាមិនទាន់បានទូលំទូលាយប៉ុន្មានទេ វាគ្រាន់តែថាយើងអាចទទួលយកបានដែរ។ ប៉ុន្តែយើងនៅតែមិនទាន់បានផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់ប្រជាពលរដ្ឋនៅឡើយទេ សូម្បី​ថា​​គ​ណបក្ស​​ប្រឆាំងយើងចង់ជួយឃោសនា និងជួយជូនព័ត៌មានទៅប្រជាពលរដ្ឋ ត្រូវសុំច្បាប់សុំអីពីអាជ្ញាធរ។ ដូច្នេះ វាធ្វើឱ្យមានផលប៉ះពាល់ទៅដល់ការដែលយើងផ្តល់ព័ត៌មានឱ្យប្រជាពលរដ្ឋ។ អ្នកដែលមិនទាន់ដឹងព័ត៌មាននៅច្រើន ហើយអ្នកដែលពិនិត្យឈ្មោះហ្នឹងក៏មិនទាន់បានគ្រប់ដែរ»។

សម្រាប់លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត នៃអង្គការខុមហ្វ្រែល ឯកភាពចំពោះការលើក​​ឡើង​​របស់ស្ថាប័នជាតិរៀបចំការបោះឆ្នោត អំពីកំណើនអ្នកចុះឈ្មោះបោះឆ្នោត។ ក៏ប៉ុន្តែអ្នកជំនាញ​​​កិច្ចកា​​រ​បោះ​ឆ្នោតរូបនេះនៅតែចាត់ទុកថា ការប៉ាន់ស្មានពីតួលេខបឋមរបស់ គ.ជ.ប. ហាក់មិនទាន់សុក្រឹតនៅ​​ឡើយ​​ ដែលធ្វើឱ្យតួលេខនេះនៅមានភាពលម្អៀង។

លោកបន្តថា៖ «អ៊ីចឹងនៅក្នុងស្ថិតិប៉ាន់ប្រមាណដែលចេញដោយស្ថាប័ន គ.ជ.ប. គឺមានតែប្រហែល ៤១ម៉ឺន​​នាក់​ទេ​។ ប៉ុន្តែជាក់ស្តែង យើងឃើញថា អ្នកចុះឈ្មោះ​មានជាង ៥០ម៉ឺននាក់ ដែល​ប្រជាពលរដ្ឋមកចុះឈ្មោះ​បោះឆ្នោតមក​ដល់ថ្ងៃទី៦នេះ។ អ៊ីចឹងជាតួលេខមួយ យើងឃើញថា វាមិនដូចទៅនឹងអ្វីដែលស្ថាប័ន គ.ជ.ប. ធ្វើ​ការប៉ាន់ប្រមាណទេ»។

ឆ្លើយតបរឿងនេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា អ្វីដែលអង្គការមិនមែនរដ្ឋាភិបាល រិះគន់ និងរកឃើញថា​​មាន​កំហុស​​នោះ វាគ្រាន់តែជាតួលេខនៃការប៉ាន់ប្រមាណទេ។ ប៉ុន្តែភាពជាក់ស្តែង ឬការប្រែប្រួលបែប​​ណា​​នោះ អាស្រ័យលើចំនួនពិតប្រាកដ។

បើតាមអ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ សង្កេតឃើញថា នៅចំពោះមុខនេះ ព័ត៌មានស្តីពីការចុះឈ្មោះ​​បោះ​​ឆ្នោតនេះ គណបក្សនយោបាយហាក់មិនបានចូលរួមដោយសកម្មភាពទេ។ ផ្ទុយទៅវិញ បែរជាជ្រើ​ស​​រើស​​​យុទ្ធ​​នាការនៃការចុះឈ្មោះបោះឆ្នោតនេះ ប្រើប្រាស់ទៅជាវេទិកាដើម្បីផលប្រយោជន៍ និងបម្រើឱ្យ​​គ​ណ​​បក្ស​​នយោ​​បាយផ្សេង​​ទៅ​​វិញ។ មួយវិញទៀត លោក កន សាវាង្ស កត់សម្គាល់ឃើញថា ក្នុងពេលពលរដ្ឋចូលរួមបំពេញកាតព្វកិច្ចចុះឈ្មោះបោះឆ្នោត ក៏មានអ្នកនយោបាយកត់​​ឈ្មោះអង្គបោះឆ្នោតពីសំណាក់ភ្នាក់ងារគណបក្សប្រជាជនកម្ពុជា នៅទីតាំងខ្លះផងដែរ។​​ សកម្ម​​ភា​ព​នេះលោកថា ឆ្លុះបញ្ចាំងឱ្យឃើញពីរូបភាពមិនប្រក្រតីមុនដំណើរការបោះឆ្នោតកើតឡើង។

ផ្អែកលើប្រតិទិននៃការចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលចេញដោយ គ.ជ.ប. បង្ហាញថា នៅថ្ងៃ​​ទី​​៨ ខែធ្នូ ស្អែកនេះ គឺជាថ្ងៃចុងក្រោយហើយនៃការចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះបោះ​​ឆ្នោត។

​​សម្រាប់​​បញ្ជីឈ្មោះបោះឆ្នោត ដែល គ.ជ.ប. ប្រើប្រាស់ជាមូលដ្ឋានក្នុងការផ្ទៀងផ្ទាត់ បម្រើឱ្យការបោះ​​ឆ្នោត​​ជ្រើស​​​​តាំង​តំណាងរាស្រ្ត ឆ្នាំ២០២៣នេះ គឺបញ្ជីឈ្មោះឆ្នាំ២០២១ ដែល​មានជាង ៩លាន​នាក់​​។ តួលេខប​​ឋ​​ម ដែល គ.ជ.ប. ទទួលបាននៅពេលនេះបង្ហាញថា ប្រសិនបើចំនួនអ្នកបោះឆ្នោតគ្មានការប្រែប្រួលទេ អ្ន​​ក​​ដែលមានឈ្មោះក្នុង​​បញ្ជី​​បោះ​​​ឆ្នោត​​ឆ្នាំ២០២៣ អាចនឹងមានកំណើនប្រហាក់ប្រហែលជាង ៩លាន ៧​០​​ម៉ឺននាក់ ដោយបូករួម​​ទាំង​​អ្នក​​ដែល​​បាន​​​​ចុះ​​​​ឈ្មោះបោះឆ្នោតថ្មីនេះផង។

បើទោះបែបណា លោក ហង្ស ពុទ្ធា ថ្លែងថា ស្ថាប័នជាតិរៀបចំការបោះឆ្នោត ក៏គ្រោងនឹងលុបឈ្មោះចេញ​​២​៥​ម៉ឺននាក់ដែរពីបញ្ជីបោះឆ្នោត។ ចំពោះលទ្ធផលដែលបានលុបចេញពីបញ្ជីបោះឆ្នោតនេះ នឹង​​ដាក់​ប្រ​​​​កាស​​ផ្សព្វផ្សាយជាសាធារណៈចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ទៅ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ