កូរ៉េខាងជើង​នឹង​កោះប្រជុំ​សភា​នៅ​ពាក់កណ្ដាល​ខែមករា​ឆ្នាំក្រោយ

រូបថតឯកសារ៖ សភាប្រជាជនកំពូល (SPA) របស់ប្រទេសកូរ៉េខាងជើង ប្រជុំនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែលរូបថតនេះត្រូវបានផ្សាយចេញដោយទីភ្នាក់ងារព័ត៌មាន KCNA ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។ (KCNA តាមរយៈ REUTERS)

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងនៅថ្ងៃពុធនេះថា សភា​ប្រជា​ជន​កំពូល (SPA) របស់​ប្រទេសកូរ៉េ​ខាង​ជើង នឹងកោះប្រជុំនៅថ្ងៃទី១៧ ខែមករា ដើមឆ្នាំក្រោយ ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីថវិការបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀត ស្របពេលដែលបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសនេះមានការកើនឡើង។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៧ ខែធ្នូនេះ។

កិច្ចប្រជុំសភារបស់ប្រទេសកូរ៉េខាងជើងខាងលើនេះកម្រនឹងធ្វើឡើងណាស់ ហើយជាធម្មតាត្រូវបានរៀបចំឡើងដើម្បីអនុម័តសេចក្តីសម្រេចលើបញ្ហាទាំងឡាយដែលមានដូចជារចនាសម្ពន្ធគ្រប់គ្រង និងថវិកាដែលត្រូវបានបង្កើតឡើងដោយគណបក្ស Workers’ Party ដែលកាន់កាប់ដោយរដ្ឋ។

សម័យប្រជុំដែលនឹងគ្រោងធ្វើឡើងក្នុងខែមករាខាងមុខនេះ ក៏ត្រូវបានរំពឹងថានឹងកំណត់ទិសដៅគោលនយោបាយសំខាន់ៗសម្រាប់ឆ្នាំថ្មីផងដែរ បន្ទាប់ពីខ្លួនបានបាញ់សាកល្បងម៉ីស៊ីលជាច្រើនដែលមិនធ្លាប់មានក្នុងឆ្នាំនេះ។

ទីភ្នាក់ងារព័ត៌មានរបស់កូរ៉េខាងជើង KCNA បានរាយការណ៍ថា របៀបវារៈនៃកិច្ចប្រជុំសភានាពេលខាងមុខ ក៏នឹងរួមបញ្ចូលការងាររបស់គណៈរដ្ឋមន្ត្រី ថវិការដ្ឋាភិបាល បញ្ហានៃការរៀបចំការដឹកនាំ និងច្បាប់ស្តីពីការការពារគ្រាមភាសារបស់ទីក្រុងព្យុងយ៉ាង ផងដែរ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង ក្នុងឆ្នាំ២០២២នេះ ត្រូវបានសង្កេតឃើញថាបានបង្កើនសកម្មភាពយោធាយ៉ាងខ្លាំង ដែលរួមមានទាំងការបាញ់មីស៊ីលបាលីស្ទីក, ការធ្វើសមយុទ្ធផ្លូវអាកាស និងការបាញ់កាំភ្លើងធំរាប់រយគ្រាប់។

ទាក់ទិននឹងករណីនេះ រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) ក៏ធ្លាប់បានស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានការសំខាន់ៗនានា ដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់ប្រទេសកូរ៉េខាងជើងនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ