រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសមិនគាំទ្រចំពោះអ្នកបើកបរដោយបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃជាដើម ហើយបែរជាប្រើលុយដោះស្រាយបញ្ចប់រឿងដើម្បីរួចខ្លួន ដោយលោកអះអាងថា កំពុងតាមដានព័ត៌មានជាក់លាក់នៃគ្រោះថ្នាក់ចរាចរណ៍ទៅលើពលរដ្ឋមួយគ្រួសារ ដើម្បីចាត់វិធានការឱ្យបានសមស្របផងដែរ។
ការអះអាងនេះធ្វើឡើងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្រោយបញ្ចប់ការប្រារព្ធទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ នាព្រឹកថ្ងៃទី៧ ខែធ្នូ។ ជាមួយគ្នានេះ ស្របពេលអ្នកប្រើបណ្តាញសង្គមជាច្រើនកំពុងប្រតិកម្ម និងតាមដានពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ កាលពីថ្ងៃទី៥ ខែធ្នូ បណ្ដាលឱ្យពលរដ្ឋមួយគ្រួសារមានចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារកអាយុ២ខែម្នាក់ផងដែរ។
ក្រោយមានហេតុការណ៍នេះ មានឯកសារចែកចាយលើបណ្ដាញសង្គមបញ្ជាក់ថា ជនរងគ្រោះបានផ្តិតមេដៃទទួលយកសំណង ២ ៥០០ដុល្លារ និងដកពាក្យបណ្ដឹងដើម្បីបញ្ចប់រឿងនោះ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការសោកស្ដាយពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើពលរដ្ឋមួយគ្រួសារបណ្ដាលឱ្យរបួសធ្ងន់ ដោយរួមមានទាំងទារកផងនោះ។ លោកថា រឿងនេះចាំបាច់ គឺទាមទារឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍។
តបនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទិនមតិរិះគន់ពីពលរដ្ឋថា អ្នកបើកបរមួយចំនួនឱ្យតែមានលុយ នៅពេលបង្កគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិតជាដើម «គ្រាន់តែចំណាយលុយ គឺរួចខ្លួន» លោក ស ខេង អះអាងថា លោកមិនគាំទ្រឱ្យបញ្ចប់រឿងដោយបែបនេះឡើយ។
លោក ស ខេង ថា៖ «ខ្ញុំគិតថាមិនមែនជារឿងទូទៅទេ វាអាចថាកន្លែងខ្លះ បុគ្គល ជាបុគ្គល ជាសមត្ថកិច្ចអី។ អាហ្នឹងខ្ញុំក៏ចង់ដឹងព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានការឱ្យបានសមស្របដែរ ហើយខ្ញុំមិនគាំទ្រទេរឿងអ៊ីចឹង»។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែធ្នូ បានបំភ្លឺថា កាលពីថ្ងៃទី៥ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ កើតឡើងនៅចំណុចមួយលើស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមសមត្ថកិច្ច រថយន្តបានបុកពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា បន្ទាប់មករថយន្តបើករត់គេចពីកន្លែងកើតហេតុ។ យ៉ាងណា សមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានឃាត់ម្ចាស់រថយន្តបង្កហេតុ នៅយប់ថ្ងៃកើតហេតុនោះ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ដោយថា ភាគីពាក់ព័ន្ធបានឯកភាពគ្នាលើសំណងចំនួន ២ ៥០០ដុល្លារ ដើម្បីបញ្ចប់រឿង។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា៖ «ក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណី ចំនួន២ ៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ»។
បើតាមសមត្ថកិច្ច មូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់ គឺអ្នកបើកបររថយន្ត បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង។ លើសពីនេះ ជនបង្កត្រូវបានផាកពិន័យចំនួន២លានរៀល តាមមាត្រា១០ថ្មី នៃអនុក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា៖ «ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្ដឹងអាជ្ញា ហើយកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់»។
ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកមេធាវី គី តិច មានប្រសាសន៍យ៉ាងខ្លីថា លោកបានចាត់តាំងមេធាវីចំនួន៤រូប ទៅស្រាវជ្រាវលើករណីនេះ។
លោកថា៖ «ពូបានចាត់តាំងទៅ ៤រូប កាលពីកើតហេតុបន្ទាប់មក ហើយក្រុមមេធាវីបានចុះទៅធ្វើកិច្ចការហ្នឹង! សំខាន់គឺយើងឱ្យទៅស្រាវជ្រាវរកការពិតឱ្យឃើញ ហើយបច្ចុប្បន្ននេះទទួលការពារទៅដល់ស្ត្រីរងគ្រោះ និងក្មេងតូចហ្នឹងហើយ»៕