ស្ត្រីជួបគ្រោះថ្នាក់ចរាចរណ៍ថាមានគេយកដៃគាត់ទៅផ្ដិតមេដៃទទួលយកសំណង២៥០០ដុល្លារដើម្បីបញ្ចប់រឿង

លិខិតនៃកិច្ចព្រមព្រៀងក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានផ្សព្វផ្សាយដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ ដោយថា ភាគីពាក់ព័ន្ធបានឯកភាពគ្នាលើសំណងចំនួន​២ ៥០០ដុល្លារដើម្បីបញ្ចប់រឿង។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ)

ស្ត្រីដែលអះអាងថាជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារអះអាងថា គាត់ពិតជាមិនបានផ្ដិតមេដៃទទួលយកសំណង២ ៥០០ដុល្លារដើម្បីបញ្ចប់រឿងដូចការចុះផ្សាយ​ឡើយ ដោយថាមានគេកាន់ដៃគាត់​ទៅផ្ដិតមេដៃលើលិខិតទទួលយកសំណង ទាំងកំពុងសន្លប់បាត់បង់ស្មារតី។

ការអះអាងនេះធ្វើឡើងក្រោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែធ្នូ បានបង្ហោះដោយភ្ជាប់នូវកិច្ចព្រមព្រៀងទទួលយកសំណង​ និងលិខិតដកពាក្យបណ្ដឹងរបស់ម្ដាយជនរងគ្រោះ ដោយថា ភាគីពាក់ព័ន្ធបានឯកភាពគ្នាលើសំណងចំនួន​២ ៥០០ដុល្លារដើម្បីបញ្ចប់រឿង។

​​កាលពីថ្ងៃទី៥ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារ បណ្ដាលឱ្យពលរដ្ឋ​មានចំនួន៣នាក់រងរបួសធ្ងន់ ក្នុងនោះក៏មានទារកអាយុ២ខែម្នាក់ផងដែរ។

ក្រោយមានហេតុការណ៍នេះ ក៏មានឯកសារចែកចាយលើបណ្តាញសង្គមបញ្ជាក់ថា ជនរងគ្រោះបានផ្តិតមេដៃទទួលយកសំណង២ ៥០០ដុល្លារ និងដកពាក្យបណ្ដឹងដើម្បីបញ្ចប់រឿងនោះ។

ស្ត្រីដែលអះអាងថាជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែធ្នូ អ្នកស្រី មុច ស្រីល័ក្ខ ប្រាប់វីអូឌីនារសៀលថ្ងៃទី៧ ខែធ្នូនេះថា គាត់និងទារកដែលត្រូវគេបើករថយន្តបុកពីក្រោយ នៅតែមានអាការធ្ងន់ធ្ងរ មិនទាន់បានធូរស្រាលខ្លះនៅឡើយ។ អ្នកស្រីបន្តថា ពេលនេះទារករងគ្រោះកំពុងនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ស្ត្រីរូបនេះទាមទារឱ្យសមត្ថកិច្ចអនុវត្តនីតិវិធីចំពោះជនបង្កទៅតាមផ្លូវច្បាប់។

ទោះជាយ៉ាងនេះក្ដី ស្ត្រីរូបនេះបញ្ជាក់ម្តងហើយម្តងទៀតថា គាត់ពិតជាមិនបានផ្តិតមេដៃទទួលយកសំណង២ ៥០០ដុល្លារដើម្បីបញ្ចប់រឿងដូចការផ្សាយរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី៦ ខែធ្នូឡើយ។ អ្នកស្រីថា មានគេកាន់ដៃគាត់ឱ្យផ្តិតមេដៃលើលិខិតកិច្ចព្រមព្រៀងទាំងមិនដឹងខ្លួន។

អ្នកស្រីថា៖ «ផ្ដិតមេដៃហ្នឹង គឺខ្ញុំអត់ដឹងខ្លួនទេ! គេកាន់ដៃខ្ញុំផ្តិត! [ពេលហ្នឹង តើបងកំពុងសន្លប់ អត់ដឹងខ្លួនមែនទេ?] ចាស៎ៗ»។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែធ្នូ បានបំភ្លឺថា កាលពីថ្ងៃទី៥ ខែធ្នូ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ កើតឡើងនៅចំណុចមួយលើស្ពានជ្រោយចង្វារចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បើតាមសមត្ថកិច្ច រថយន្តបានបុកពីក្រោយម៉ូតូមួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នា បន្ទាប់មករថយន្តបើករត់គេចពីកន្លែងកើតហេតុ។​ យ៉ាងណា សមត្ថកិច្ចខណ្ឌជ្រោយចង្វារ បានឃាត់ម្ចាស់រថយន្តបង្កហេតុ នៅយប់ថ្ងៃកើតហេតុនោះ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានភ្ជាប់នូវកិច្ចព្រមព្រៀងបញ្ចប់សំណង​ និងលិខិតដកពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ ដោយថា ភាគីពាក់ព័ន្ធបានឯកភាពគ្នាលើសំណងចំនួន​២ ៥០០ដុល្លារដើម្បីបញ្ចប់រឿង។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា៖ «ក្នុងករណីគ្រោះថ្នាក់នេះ ភាគីទាំងអស់បានឯកភាពគ្នាសុំបញ្ចប់សំណងរដ្ឋប្បវេណី ចំនួន​២ ៥០០ដុល្លារ ដោយមិនមានការបង្ខិតបង្ខំ​ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ រួចរាល់ហើយ»។

បើតាមសមត្ថកិច្ច មូលហេតុបណ្ដាលឱ្យមានគ្រោះថ្នាក់ គឺអ្នកបើកបររថយន្ត បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង​។ លើសពីនេះ ជនបង្កត្រូវបាន​ផាកពិន័យ​ចំនួន​២លានរៀល​ តាមមាត្រា១០ថ្មី​ នៃអនុក្រឹត្យ​​ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០​។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបញ្ជាក់ថា៖ «ទោះបីជាមានការបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ប៉ុន្តែករណីគ្រោះថ្នាក់នេះនៅជាប់បណ្ដឹងអាជ្ញា​ ហើយ​កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត​តាមនីតិវិធីច្បាប់»។ 

ទោះបីជាយ៉ាងនេះក្ដី ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី៧ ខែធ្នូ ក្រោយបញ្ចប់ការប្រារព្ធទិវាអន្តរជាតិរម្លឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសមិនគាំទ្រចំពោះអ្នកបើកបរដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ​ ហើយបែរជាប្រើលុយដោះស្រាយបញ្ចប់រឿងដើម្បីរួចខ្លួន។ លោក​អះអាងថា ​កំពុងតាមដានព័ត៌មានជាក់លាក់នៃគ្រោះថ្នាក់ចរាចរណ៍ទៅលើពលរដ្ឋមួយគ្រួសារ​​ ដើម្បីចាត់វិធានការឱ្យបានសមស្របផងដែរ។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញការសោកស្តាយពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ទៅលើពលរដ្ឋមួយគ្រួសារ បណ្តាលឱ្យរបួសធ្ងន់ ដោយរួមមានទាំងទារកផងនោះ។ លោកថា រឿងនេះចាំបាច់​ គឺទាមទារឱ្យអ្នកបើកបរគោរពច្បាប់ចរាចរណ៍។

តបនឹងសំណួររបស់អ្នកសារព័ត៌មាន ទាក់ទិនមតិរិះគន់ពីពលរដ្ឋថា អ្នកបើកបរមួយចំនួនឱ្យតែមានលុយ នៅពេលបង្កគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិតជាដើម «គ្រាន់តែចំណាយលុយ គឺរួចខ្លួន» លោក ស ខេង អះអាងថា លោកមិនគាំទ្រឱ្យបញ្ចប់រឿងដោយបែបនេះឡើយ។

លោក ស ខេង ថា៖ «ខ្ញុំគិតថាមិនមែនជារឿងទូទៅទេ វាអាចថាកន្លែងខ្លះ បុគ្គល ជាបុគ្គល ជាសមត្ថកិច្ចអី។ អាហ្នឹងខ្ញុំក៏ចង់ដឹងព័ត៌មានជាក់លាក់ ដើម្បីចាត់វិធានការឱ្យបានសមស្របដែរ ហើយខ្ញុំមិនគាំទ្រទេរឿងអ៊ីចឹង»។

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកមេធាវី គី តិច មានប្រសាសន៍យ៉ាងខ្លីនៅថ្ងៃពុធថា លោកបានចាត់តាំងមេធាវីចំនួន ៤រូប ទៅសា្រវជ្រាវលើករណីនេះ។

លោកថា«ពូបានចាត់តាំងទៅ ៤រូប កាលពីកើតហេតុបន្ទាប់មក ហើយក្រុមមេធាវីបានចុះទៅធ្វើកិច្ចការហ្នឹង។ សំខាន់គឺយើងឱ្យទៅស្រាវជ្រាវរកការពិតឱ្យឃើញ ហើយបច្ចុប្បន្ននេះទទួលការពារទៅដល់ស្ត្រីរងគ្រោះ និងក្មេងតូចហ្នឹងហើយ»

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក  លោក ស៊ឹង សែនករុណា ថ្លែងថា សាធារណជនកំពុងតាមដានករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែធ្នូនោះ យ៉ាងយកចិត្តទុកដាក់។

លោកចាត់ទុកការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថាជារឿងត្រឹមត្រូវ ប៉ុន្តែក្រៅពីសម្តី គឺគួរតែមានចំណាត់ការលើមន្ត្រីពាក់ព័ន្ធឱ្យបានម៉ឺងម៉ាត់លើករណីនេះ។ ក្រៅពីនោះ លោកថា គួរតែមានការកសាងសំណុំរឿងឱ្យបានច្បាស់លាស់ និងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង ដើម្បីបញ្ចៀសវប្បធម៌ «ជនបង្កហេតុដែលមានលុយ មានអំណាច គឺតែងរួចផុតពីសំណាញ់ច្បាប់»

លោកថា ករណីនេះទាមទារឱ្យមន្ត្រីដែលប្រតិបត្តិច្បាប់ ប្រមូលភស្តុតាងតាមនីតិវិធី ហើយបើទោះមានការសម្របសម្រួលសងសំណងដល់ជនរងគ្រោះ ក៏មិនអាចរំលត់បណ្ដឹងអាជ្ញាបានដែរ។

លោក ស៊ឹង សែនករុណា ថា៖ «រឿងហ្នឹងអត់ចប់ទេ! បើវាជាបទល្មើសអាជ្ញា គឺរឿងហ្នឹង ព្រះរាជអាជ្ញាត្រូវតែដំណើរការរឿងហ្នឹងតទៅទៀត គឺចោទប្រកាន់ទៅតុលាការ! ព្រោះអាហ្នឹងមិនទាន់បានដំណើរការនីតិវិធីផ្លូវច្បាប់ទេ មិនមែនជាការសម្របសម្រួលក្រៅប្រព័ន្ធទេ ព្រោះពាក់ព័ន្ធនឹងការសម្របសម្រួលទទួលសំណង អាហ្នឹងវាជារឿងរបស់ជនរងគ្រោះ ប៉ុន្តែផ្លូវច្បាប់ គេមិនត្រូវមានការសម្របសម្រួលបែបហ្នឹងទេ។ ក្នុងនីតិវិធីច្បាប់ ក្នុងក្រមព្រហ្មទណ្ឌ គឺគេមានការចែងច្បាស់ណាស់ រឿងបទល្មើសព្រហ្មទណ្ឌ គឺមិនអាចមានការសម្របសម្រួលដោយបញ្ចប់រឿងគ្រាន់តែត្រឹមផ្តល់សំណងរដ្ឋប្បវេណីប៉ុណ្ណឹងទេ»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ថា ដើម្បីដោះស្រាយ និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលដើមចមបណ្តាលមកពីបញ្ហាគ្រឿងស្រវឹង គឺទាល់តែរដ្ឋាភិបាលមានគោលនយោបាយច្បាស់លាស់ ដែលអាចបញ្ចៀសនូវសោកនាដកម្មលើដងផ្លូវដោយសារគ្រឿងស្រវឹងនេះ។

លោកថា គ្រឿងស្រវឹងបានផ្តល់ចំណូលដល់រដ្ឋមែន តែបើធៀបនឹងសុខុមាលភាពសង្គមជារួមដែលរងផលប៉ះពាល់ គឺមិនមានផលចំណេញដល់សង្គមជាតិទេ។

ក្រៅពីនោះ លោកថា ការដោះស្រាយដែលពឹងទៅលើលុយកាក់ ធ្វើឱ្យមានភាពទន់ជ្រាយដល់ច្បាប់នោះ វាជាការខាតបង់មួយធំ ធ្វើឱ្យមនុស្សគ្មានការរាងចាល និងប៉ះពាល់ខ្លាំងដល់អារម្មណ៍ជនរងគ្រោះនិងពលរដ្ឋផងដែរ។

លោក យង់ គិមអេង ថា៖ «បើរដ្ឋាភិបាលចង់កាត់បន្ថយកុំឱ្យមានគ្រោះថ្នាក់ ទី១ ត្រូវតែដំឡើងពន្ធទៅគ្រឿងស្រវឹង។ ទី២ ត្រូវតែដាក់កម្រិតទៅលើការលក់គ្រឿងស្រវឹង កុំឱ្យគ្រឿងស្រវឹងចេះតែលក់ពាសវាលពាសកាលពេញណាពេញណី។ ទី៣ គឺត្រូវតែកំណត់អាយុនៃការប្រើប្រាស់ ចាប់ពីអាយុប៉ុន្មានទើបអាចប្រើប្រាស់បាន។ រាល់ថ្ងៃនេះ សូម្បីតែក្មេងក៏ទៅទិញបានដែរ។ ទី៤ គឺដាក់កម្រិតទៅលើការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។ ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងពេញទឹកពេញដី។ យើងឃើញថាអាតាមដងផ្លូវពោរពាស ហើយតាមប្រព័ន្ធផ្សព្វផ្សាយហ្នឹងពេញណាពេញណី»

តាម​មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ចដែលបទប្បញ្ញតិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ ពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងមាត្រា៨៥ដដែលក៏បានចែងថា អ្នកបើកបរដោយស្ថិតក្នុងស្ថានភាពស្រវឹង បណ្ដាលឱ្យមនុស្សស្លាប់ រត់គេចពីកន្លែងកើតហេតុជាដើម ដើម្បីគេចពីការទទួលខុសត្រូវជាដើម គឺត្រូវជាប់ពន្ធនាគារពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លានទៅ ២៥លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ