ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្ដល់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដល់កម្ពុជា ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រ។
សេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ឱ្យដឹងថា គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្ដល់ហិរញ្ញប្បទានជាទឹកប្រាក់កម្ចីចំនួន ៤១លានដុល្លារ ពី ADB, ជំនួយឥតសំណងចំនួន ២២លានដុល្លារ ពីមូលនិធិអភិវឌ្ឍន៍អាស៊ីរបស់ ADB និងប្រាក់កម្ចី ១០លានដុល្លារ ពីមូលនិធិហេដ្ឋារចនាសម្ពន្ធអាស៊ាន ក្រោមកញ្ចប់ជំនួយ ASEAN Catalytic Green Finance Facility។ ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២០លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។
ប្រភពដដែលបន្តថា គម្រោងនេះនឹងពង្រឹងវិស័យជលផលសមុទ្ររបស់កម្ពុជា និងគាំទ្រដល់ការរួមចំណែកដល់បរិមាណត្រីទូទៅ ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី ក្នុងឈូងសមុទ្រថៃ។
សេចក្តីប្រកាសព័ត៌មានរបស់ ADB បញ្ជាក់ថា៖ «វានឹងជួយឱ្យខេត្តជាប់មាត់សមុទ្រចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និងព្រះសីហនុ ឈានចេញពីការធ្លាក់ចុះយ៉ាងគំហុកនៃវិស័យជលផល លើកកម្ពស់ការចិញ្ចឹមត្រីសមុទ្រដោយនិរន្តរភាព និងលើកកម្ពស់ទីតាំងប្រមូលទុកផលនេសាទ ដើម្បីកែលម្អសុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះ ជលផលក្បែរឆ្នេរសមុទ្រប្រហែល ៤០% នឹងត្រូវបានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព និងនិរន្តរភាព»។

ADB បន្ថែមថា គម្រោងនេះក៏នឹងជំរុញការអភិវឌ្ឍវិស័យឯកជន ដោយបើកឱ្យសហគមន៍ឆ្នេរ និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកការអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើនទៅជាសហគ្រាសរស់រវើក។ គម្រោងនេះក៏នឹងផ្តល់អត្ថប្រយោជន៍ដល់អង្គការ សហគមន៍នេសាទ ចំនួន២៥ និងសមាជិកនៃតំបន់ការពារសហគមន៍ចំនួន១៥ ដែលមានចំនួនជិត ២០ ០០០គ្រួសារ ក៏ដូចជាសហគមន៍ឆ្នេរសមុទ្រទាំងមូល ដែលមានប្រជាជនប្រហែល ២០០ ០០០នាក់។
អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក Alvin Lopez បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា គម្រោងនេះជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើវិស័យជលផលសមុទ្រ ហើយក៏ជាជំហានសំខាន់មួយនៃផែនការសកម្មភាពសម្រាប់មហាសមុទ្រប្រកបដោយផាសុកភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។
លោកបន្តថា៖ «វាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល[កម្ពុជា] រួមមាន ក្របខណ្ឌផែនការយុទ្ធសាស្ត្រសម្រាប់វិស័យជលផល ២០១៥-២០២៤ និងសេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលស្តីពីគោលការណ៍គន្លឹះក្នុងការគ្រប់គ្រងជលផលសមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព»។
បើតាម ADB អនុវិស័យជលផល ជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ដែលស្មើនឹង ៨% ទៅ ១០% នៃផលទុនជាតិសរុបរបស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យជលផល ប៉ុន្តែការនេសាទលើសកម្រិត និងហានិភ័យអាកាសធាតុ និងគ្រោះមហន្តរាយ បាននាំឱ្យមានការថយចុះយ៉ាងខ្លាំងនៃបរិមាណត្រី ដែលបានជះឥទ្ធិពលដល់សហគមន៍ និងអាជីវកម្មនៅតាមឆ្នេរសមុទ្រ ហើយបណ្តាលឱ្យតម្លៃត្រីកើនឡើង៕