តុលាការ​សាកសួរ​ជនសង្ស័យ​ពីបទ​លាងលុយកខ្វក់ បន្ទាប់​ពី​ឆ្មក់​ចូល​អគារ​មួយ​កន្លែង​ក្នុង​ក្រុងព្រះសីហនុ

រថយន្តសមត្ថកិច្ចតម្រៀបគ្នានៅក្បែរអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ ខែកញ្ញា ឆ្នាំ២០២២។ (ម៉ិច ដារ៉ា/ VOD)

ជនសង្ស័យមួយក្រុមកំពុងត្រូវបានសាលាដំបូងខេត្តព្រះសីហនុសាកសួរ ពាក់ព័ន្ធករណី «ល្បែងស៊ីសងខុសច្បាប់» និង «លាងលុយកខ្វក់» បន្ទាប់ពីសមត្ថកិច្ចឆ្មក់ចូលអគារមួយកន្លែងក្នុងក្រុងព្រះសីហនុ និងបានរកឃើញជនបរទេសចំនួន២២៣នាក់ ក្នុងរយៈពេលប៉ុន្មានខែ បន្ទាប់ពីការឆ្មក់ចូលជាបន្តបន្ទាប់លើទីតាំងប្រតិបត្តិការឆបោកមួយចំនួន។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា សមត្ថកិច្ចបានរកឃើញជនបរទេសចំនួន២២៣នាក់ បន្ទាប់ពីបានឆ្មក់ចូលអគារមួយកន្លែងក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមិនបានប្រាប់ឈ្មោះទីតាំងឡើយ។ លោក​បាន​និយាយ​ថា សមត្ថកិច្ច​រក​ឃើញកម្មករ​នៅ​ក្នុង «អគារ​ពាណិជ្ជកម្ម» មួយកន្លែង ប៉ុន្តែ​មិន​បាន​បង្ហាញ​ពី​ប្រភេទនៃ​ការងារ​របស់​កម្មករទាំងនោះទេ។

សមត្ថកិច្ចទទួលបានពាក្យ​បណ្ដឹង​ពី​ការ​បង្ខាំងមនុស្ស​ដោយ​ខុស​ច្បាប់​ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង។ ទោះជាយ៉ាងណា ​លោក ឃាង ភារម្យ បាន​អះអាង​ថា សមត្ថកិច្ច​មិន​បាន​រក​ឃើញ​ភស្តុតាង​នៃ​ការ​ងារដោយបង្ខំ ឬ​ការ​ជួញ​ដូរ​មនុស្ស​ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទាក់​ទង​នឹង​សំណុំ​រឿង​នេះ​បាន​ទេ ព្រោះ​ឥលូវនេះ ករណីនេះ​ស្ថិត​នៅ​ក្រោម​ដែនសមត្ថកិច្ច​របស់[​តុលាការ] ខេត្ត»។

លោក​បន្ថែម​ថា​ លោក​មិន​ដឹង​ថា​មានមនុស្ស​ប៉ុន្មាន​នាក់​ដែល​តុលាការ​បានសាក​សួរឡើយ។

លោក ធុច បញ្ចសន្តិភាព អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ប្រាប់​ថា លោក​ជាប់​រវល់ ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ ខណៈ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង ​​មិន​អាច​ទាក់​ទង​បាន។

អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់វីអូឌីតាមសារជាសំឡេងថា ករណីនេះពាក់ព័ន្ធនឹងការលាងលុយកខ្វក់ ដូច្នេះលោកមិនអាចផ្តល់ព័ត៌មានណាមួយបានទេ។

លោក កែវ វ៉ាន់ថន អ្នកនាំពាក្យនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កម្មករចំនួន១១៨នាក់នៅអគារមួយកន្លែង ក្នុងសង្កាត់លេខ៣ ដែលភាគច្រើនជាជនជាតិចិន និងវៀតណាម ព្រមទាំងពលរដ្ឋម្នាក់មកពីប្រទេសម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ត្រូវបានផ្ទេរទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដោយសារមិនមានឯកសារត្រឹមត្រូវ។​​

លោក​បាន​បន្ថែម​ថា កម្មករចំនួន៩២នាក់ត្រូវ​បាន​បញ្ជូន​ត្រលប់​ទៅ​ប្រទេស​របស់​ពួកគេ​វិញ ​គិត​ត្រឹម​ថ្ងៃ​ទី២ ខែ​ធ្នូ ឆ្នាំ២០២២ ​ចំណែក១១៨នាក់ផ្សេងទៀតកំពុងស្ថិតនៅនាយកដ្ឋានអន្តោប្រវេសន៍រង់ចាំការសាកសួរ។

លោក កែវ វ៉ាន់ថន មានប្រសាសន៍ថា លោកមិនប្រាកដថាមានអ្វីកើតឡើងចំពោះជនបរទេសនៅសេសសល់ដែលមិនទាន់ត្រូវបានបញ្ជូនទៅនាយកដ្ឋានអន្តោប្រវេសន៍ ប៉ុន្តែលោកបានបន្ថែមថា យ៉ាងហោចណាស់ កម្មករមួយចំនួនក្នុងចំណោមកម្មករទាំងនោះកំពុងត្រូវបានសាកសួរដោយតុលាការ។

លោក​បាន​ថ្លែង​ថា​៖ «​ពួកគេ[កម្មករ] ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ បើក​ល្បែង​ស៊ីសង​ខុស​ច្បាប់»​។

ទោះបីជា វីអូឌី និងសារព័ត៌មានផ្សេងទៀតបានរាយការណ៍ពីភស្តុតាងនៃឧស្សាហកម្មឆបោកដែលកំពុងដំណើរការដោយមានការងារដោយបង្ខំនៅទូទាំងប្រទេសកម្ពុជាក៏ដោយ ក៏រដ្ឋាភិបាលបាននិយាយសម្រាលករណីនេះ ដោយថា វាគ្រាន់តែជា «ល្បែងស៊ីសងខុសច្បាប់» «ល្បែងស៊ីសងតាមអ៊ីនធឺណិត»

សមត្ថកិច្ចបានចាប់ផ្ដើមបង្ក្រាបទីតាំងឆបោកជាច្រើនកន្លែង ចាប់ពីចុងខែសីហា ដោយកំណត់ជាចម្បងថាជាប្រតិបត្តិការប្រយុទ្ធប្រឆំាងនឹងពលករបរទេសដែលមិនមានឯកសារត្រឹមត្រូវ។ ទោះយ៉ាងណា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានទទួលស្គាល់ថា កម្ពុជាបានក្លាយជាមជ្ឈមណ្ឌលសម្រាប់ឧក្រិដ្ឋកម្ម។ លោកថា «យើងមិនយល់ទេ»។​ ទោះយ៉ាងណា ក្រោយមក លោកកត់សម្គាល់ថាមានករណីឆបោក និងការជួញដូរមនុស្ស និងជំរុញឱ្យមានការប្រុងប្រយ័ត្នបន្តទៀត។

លោក ស ខេង បាននិយាយកាលពីខែមុនថា លោកបានអញ្ជើញស្ថាប័នប្រឆាំងការលាងលុយកខ្វក់អន្តរជាតិ មកធ្វើទស្សនកិច្ចនៅដើមឆ្នាំក្រោយ ដើម្បីវាយតម្លៃឡើងវិញនូវបញ្ហាផ្នែកហិរញ្ញវត្ថុដែលមិនទាន់ដោះស្រាយរបស់កម្ពុជា។ នេះបើយោងតាមកាសែតភ្នំពេញប៉ុស្តិ៍៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Court Questions Suspects on Money Laundering After Sihanoukville Raid

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ