សហគមន៍​ជនជាតិដើមភាគតិចកួយ បារម្ភ​គ្មាន​ឈ្មួញ​ទិញ​ជ័រច្បោះ ខណៈ​បទល្មើស​លួច​កាប់​ដើមច្បោះ​កើនឡើង

គោយន្តរបស់លោក ស៊ុំ ស៊ូ និងប្អូនប្រុសជីដូនមួយរបស់គាត់ ពេលចូលព្រៃព្រះរការដងយកជ័រច្បោះនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។ (អាន ខេម៉ា)

សហគមន៍ជនជាតិដើមភាគតិចកួយ ខេត្តព្រះវិហារ លើកឡើងថា រយៈពេលប៉ុន្មានខែនេះ គ្មានឈ្មួញជួយទិញជ័រច្បោះសហគមន៍ទេ ខណៈករណីលួចចូលកាប់ដើមច្បោះមានការកើនឡើងទៅវិញ។

ជនជាតិដើមភាគតិចកួយ នៅភូមិស្រែព្រាង ឃុំប្រមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ លោក ស៊ុន សានិត បានឱ្យដឹងថា រយៈពេលជិតមួយខែមកនេះ សហគមន៍កំពុងប្រឈមបញ្ហាមិនមានឈ្មួញជួយទិញជ័រច្បោះ ដែលធ្វើឱ្យពួកគេមានការព្រួយបារម្ភកាន់តែខ្លាំង ខណៈសហគមន៍ភាគច្រើនរស់នៅពឹងអាស្រ័យអនុផលលក់ជ័រច្បោះ។ ប្រភពបន្តថា រយៈពេលជាច្រើនឆ្នាំមកនេះ មិនដែលមានរឿងអ៊ីចឹងកើតឡើងចំពោះសហគមន៍នោះទេ ទើបតែប៉ុន្មានខែនេះ ខាងថៅកែប្រាប់ថា ផ្អាកទិញជ័រច្បោះសិន ធ្វើឱ្យសហគមន៍ក្នុងភូមិភ័យបារម្ភ ខ្លាចគេឈប់ទិញរហូត «សុខៗ គេប្រាប់ថាផ្អាកទិញដោយគ្មានមូលហេតុ សហគមន៍មិនភ័យ»

លោកថា៖ «មានអារម្មណ៍ថាពិបាក អត់មានមុខរបរធ្វើ គ្មានប្រាក់ចំណូល ដល់ពេលគេឈប់ទិញអ៊ីចឹង មិនដឹងធ្វើម៉េច! ប៉ុន្តែខ្ញុំអត់ទាន់ដឹងថា គេផ្អាករយៈពេលប៉ុន្មានទេ ប៉ុន្តែសព្វដង មិ​នដែលឮថាផ្អាកទិញជ័រទេ។ ប៉ុន្មានឆ្នាំមក មិនដែលឮផ្អាកទិញជ័រ។ ទើបឆ្នាំនេះ ខ្ញុំមិនដឹងគិតម៉េចទេបង! បើថាមិនបាន ក៏ទុកចោលប៉ុណ្ណោះឯង មិនកើតនរណាទិញជ័រហើយ ប៉ុន្តែអាអ្នកចូលអារ ចេះតែនៅចូលអារម្ដងមួយដើមពីរដើម គេលួចអារ»។

បុរសវ័យ៤៦ឆ្នាំរូបនេះ រៀបរាប់ថា ការដងជ័រទឹកច្បោះ គឺជាមុខរបរមួយដ៏សំខាន់របស់សហគមន៍មូលដ្ឋាន ដែលភាគច្រើនជាជនជាតិដើមភាគតិចកួយ ដោយដើមច្បោះនេះបានបន្សល់ទុកតាំងពីដូនតារបស់ពួកគេ។ ប្រភពបន្តថា ជ័រច្បោះ គឺជាអនុផលព្រៃឈើមួយប្រភេទក្នុងចំណោមអនុផលព្រៃឈើផ្សេងទៀតដែលចេញមកពីប្រភេទឈើត្រាច និងឈើទាលជាដើម «ជ័រច្បោះ គឺជាឆ្នាំងបាយ គឺជាជីវិតរបស់ពួកយើង»

លោកបន្តថា៖ «ខ្ញុំមិនដឹងសង្ឃឹមអី បើគេផ្អាកយកអ៊ីចឹង? បើភាគច្រើនសហគមន៍យើងរស់ពឹងអាស្រ័យជ័រច្បោះប្រចាំ រកប្រាក់ចំណូលបានស្រួល ទិញអំបិល ទិញប៊ីចេង ផ្ញើឱ្យកូនរៀនដែរ! ដល់គេនិយាយអ៊ីចឹង មិនដឹងធ្វើម៉េច! […] ធ្វើស្រែលក់មិនសូវបានច្រើនប៉ុន្មានទេ! មានតែដងជ័រទេ បានលក់រាល់ខែ រាល់អាទិត្យ ជួយគ្រួសារ។ ទោះលំបាកយ៉ាងណា ក៏វាបានចំណូលប្រចាំ [គ្រាន់បើ]ជាងស្រូវ បើគេផ្អាកយូរ ងាប់ហើយ»។

ស្រដៀងគ្នានេះដែរ ជនជាតិដើមភាគតិចកួយម្នាក់ទៀត លោក ប៊ឹល លេវ បានឱ្យដឹងថា លោកប្រកបរបរដងជ័រច្បោះនេះជិតពាក់កណ្ដាលជីវិតហើយ មិនដែលឮថាគេមិនទិញជ័រច្បោះរបស់សហគមន៍ម្តងណាឡើយ ទើបមកដល់ពេលនេះឮអ៊ីចឹងធ្វើឱ្យលោកហាក់អស់សង្ឃឹមយ៉ាងខ្លាំង។ លោកបន្តថា លោករកប្រាក់ចំណូលបានពីការដងជ័រច្បោះ ក្នុងមួយកាន ចន្លោះពី១២ម៉ឺន ទៅ ១៣ម៉ឺនរៀល ហើយក្នុងមួយអាទិត្យ លោកទៅដងម្តងបានបួនទៅប្រាំកាន (មួយកាន មានចំណុះ ៣០លីត្រ) អាចផ្គត់ផ្គង់ជីវភាពគ្រួសារបានពីការអាស្រ័យផលលើការដងជ័រច្បោះនេះ។

យ៉ាងណាមិញ លោកថា បើគេមិនទិញទេ លោកមិនដឹងទៅពឹងអ្វីនោះទេ ព្រោះលោកមិនមានស្រែចម្ការធ្វើដូចគេឯងផង បានដងជ័រច្បោះប៉ុន្មានរយដើមនេះ គ្រាន់ជួយចិញ្ចឹមជីវិត។

លោកថា៖ «ថៅកែប្រាប់ថា [ការប្រមូលទិញ]ជ័រផ្អាក មិនដឹងថ្ងៃណាគេយកទៀតទេ! បើចង់ទៅដង ដងទុកសិនទៅ ចាំថ្ងៃណាគេទិញ គេតេប្រាប់ […] ដល់ឮអ៊ីចឹងព្រួយបារម្ភដែរ! ជ័រច្បោះខ្ញុំជាង៣០០ ទៅ ៤០០ដើម បើគេអត់ទិញ ចប់ហើយ! មិនមានលុយចាយផង បានជ័រច្បោះហ្នឹងហើយ បានតក់ៗចិញ្ចឹមឆ្នាំង។ បែរ[ជា]គេមិនទិញអ៊ីចឹង មិនដឹងធ្វើអីបានទៀតទេ! នៅតែផ្ទះ មិនមានការងារធ្វើ មិនដឹងរកអី ចង់ស៊ីឈ្នួលគេ មិនដឹងទៅស៊ីឈ្នួលពីណា!»

ជាអ្នកភូមិស្រែព្រាង ខេត្តព្រះវិហារ រូបនេះ បន្ថែមទៀតថា លោកនៅតែបារម្ភលើករណីមួយទៀត គឺការចូលលួចកាប់ដើមច្បោះសហគមន៍ ជាពិសេសរបស់លោកផ្ទាល់ត្រូវបានគេលួចកាប់ជាបន្តបន្ទាប់ មិនសូវខាននោះទេ។ ប្រភពដដែលបន្តថាលោកធ្លាប់បានជួបអង្វរកជនល្មើសឱ្យបញ្ឈប់ការកាប់ដើមច្បោះសហគមន៍បន្តទៀត ព្រោះសហគមន៍រស់នៅពឹងអាស្រ័យអនុផលជ័រច្បោះនេះជាងធ្វើស្រែចម្ការទៅទៀត។

លោកថា៖ «ខ្ញុំបារម្ភមួយទៀត រឿងអាចេះតែគេលួចចូលកាប់ច្បោះសហគមន៍។ សហគមន៍យើងឮថាគេផ្អាកទិញជ័រច្បោះអ៊ីចឹង មិនអត់ទៅដង! ហើយម្នាក់ៗរវល់ជាប់ស្រែស្រូវផង គ្មាននរណាទៅព្រៃ។ ខ្ញុំទៅដងច្បោះម្តងៗ បាត់មួយដើមពីរដើម ហើយពីដើមច្បោះខ្ញុំច្រើនណាស់។ ពេលខ្លះតាមទាន់ដែរ ប៉ុន្តែម​ិនដឹងហ៊ានថាឱ្យគេម៉េច! មានតែអង្វរគេឱ្យឈប់កាប់ទៅ ខ្ញុំឱ្យតែមួយដើមពីរដើមហ្នឹងទៀតទេ។ “ឈប់ទៅបង សុទ្ធតែរបស់សហគមន៍ទេ” ខ្ញុំប្រាប់គេអ៊ីចឹង»។

បន្ថែមពីនេះ លោក ប៊ឹល លេវ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធជួយចាត់វិធានការរកដំណោះស្រាយជូនសហគមន៍ឱ្យមានទីផ្សារទិញជ័រច្បោះឡើងវិញ ក្នុងតម្លៃសមរម្យណាមួយ ដើម្បីឱ្យសហគមន៍អាចមានជីវភាពធូរធារជាងមុន។

រាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរការ ជាដែនជម្រកសត្វព្រៃ ដែលមានទំហំ៩ម៉ឺន៦ពាន់ហិកតា នៅភូមិសាស្ត្រប្រជុំបីស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។ ​ប៉ុន្តែទោះបីជាបានដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃយ៉ាងណាក្ដី ព្រៃព្រះរការនៅតែរងការទន្ទ្រាននិងកាប់បំផ្លាញពីសំណាក់ឈ្មួញ​ តាមរយៈការជួលប្រជាពលរដ្ឋមូលដ្ឋាន និងជនចំណាកស្រុកកាប់បំផ្លាញ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ថៅកែទិញជ័រច្បោះ ក្នុងភូមិស្រែព្រាង លោក ណែត ជឿន បានឱ្យដឹងថា លោកចាប់ផ្តើមទិញជ័រច្បោះពីសហគមន៍ប្រហែល៧-៨ឆ្នាំមកហើយ ក៏មិនធ្លាប់ជួបបញ្ហាបែបនេះកន្លងមកទេ។ ប្រភពបន្តថា ទើបឮឈ្មួញប្រាប់ថាផ្អាកទិញជ័រច្បោះទើបប្រហែលជិតកន្លះខែនេះប៉ុណ្ណោះ។

លោកថា៖ «ខ្ញុំអត់ដឹងមូលហេតុដែរទេ ខាងលើគេថាផ្អាកទិញ ខ្ញុំឈ្មួញកណ្ដាលក៏អត់ទិញដែរ។ ហើយបើខ្ញុំទិញតពីសហគមន៍ ឱ្យខ្ញុំទៅលក់នៅណា? […] ប្រហែលជាវាធ្លាក់តម្លៃឬយ៉ាងម៉េច ខ្ញុំអត់ដឹងដែរ! ខ្ញុំបានសួរគេដែរ គេថាសម្រាកសិន។ មិនដឹងថ្ងៃណាគេសម្រេចទិញវិញ ខ្ញុំក៏មិនទាន់ដឹង»។

ដោយឡែក មេភូមិស្រែព្រាង លោក ឃួន វាន់ មិនអាចទាក់ទងដើម្បីសុំការបកស្រាយជុំវិញទុក្ខកង្វល់របស់សហគមន៍ស្រែព្រាងបាននោះទេ ដោយទូរសព្ទចូលច្រើនដង គ្មានអ្នកទទួល។ ចំណែកអភិបាលខេត្តព្រះវិហារ លោក គឹម ឬទ្ធី ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃទី៧ ខែធ្នូនេះ។

ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ពឹង ទ្រីដា ប្រាប់សារព័ត៌មានវីអូឌីយ៉ាងខ្លីនៅថ្ងៃពុធនេះថា នឹងពិនិត្យមើលបញ្ហានេះ។

លោកបញ្ជាក់ថា៖ «អូខេប្អូន! ខ្ញុំនឹងឱ្យគេទៅមើលនៅសហគមន៍ហ្នឹង។ ជ័រច្បោះកំពុងឡើងថ្លៃតើ! ហេតុអីអត់មានអ្នកទិញ?»

ឆ្លើយតបទៅនឹងបញ្ហានេះ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុកប្រចាំខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា មន្ត្រីរដ្ឋាភិបាលគួរតែចុះទៅពិនិត្យមើលជាក់ស្តែងអំពីទុក្ខកង្វល់របស់សហគមន៍ ថាតើពួកគេកំពុងជួបបញ្ហាអ្វី និងត្រូវឆាប់ជួយរកដំណោះស្រាយសមរម្យណាមួយជូនពួកគេ កុំឱ្យពួកគេនៅតែមានការព្រួយបារម្ភ និងភ័យខ្លាចគ្មានឈ្មួញជួយទិញជ័រច្បោះ ព្រោះសហគមន៍នៅតំបន់ហ្នឹងភាគច្រើនរស់នៅពឹងអាស្រ័យការដងជ័រច្បោះជាចម្បង។ ប្រភពប​ន្ថែមទៀតថា ករណីលួចចូលកាប់ដើមច្បោះរបស់សហគមន៍ រដ្ឋាភិបាលគួរតែពង្រឹងវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនិងស្របទៅតាមគោលការណ៍ច្បាប់ ដើម្បីឱ្យសហគមន៍មានទំនុកចិត្ត និងលែងមានមានការព្រួយបារម្ភ។

លោកថា៖ «ជាការយល់ឃើញរបស់ខ្ញុំ អាជ្ញាធរគួរតែយកចិត្តទុកដាក់​នៅនឹងសុខទុក្ខជីវភាពរបស់ពួកគាត់ និងដោះស្រាយទីផ្សារជូនសហគមន៍ មិនថាតែជ័រច្បោះទេ មានកសិផល​និងកសិកម្មផ្សេងៗ ត្រូវតែរកទីផ្សារជូនពលរដ្ឋផងដែរ។ ជាពិសេសការទប់ស្កាត់បញ្ហាបទល្មើសព្រៃឈើ និងការកាប់ដើមច្បោះរបស់សហគមន៍ មិនត្រូវឱ្យបន្តកើតមានបន្ថែមទៀតនោះទេ»។

តាមអង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០២២ បានបង្ហាញថា ព្រៃឈើ​ចំនួន៦ ២៧១​ហិកតា​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ចំនួន​ពីរ ក្នុង​នោះ​មាន​ដែន​ជម្រក​សត្វ​ព្រៃឡង់ និង​ដែន​ជម្រក​សត្វ​ព្រៃព្រះរការ ដោយ​ការ​កាប់​ឈើ​​ខុសច្បាប់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​កំពុង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច។

លើសពីនេះ អង្គការ Amnesty International បានរកឃើញទៀតថា អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ត្រីក្រសួងបរិស្ថាន មិនបានអើពើ និងមិនខ្វល់ចំពោះការរាយការណ៍របស់ប្រជាពលរដ្ឋពាក់ព័ន្ធបទល្មើស ខណៈសកម្មភាពចុះទៅស៊ើបអង្កេតខ្លះរបស់មន្ត្រីក្រសួងបរិស្ថាន ធ្វើឡើងដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ