អ៊ីរ៉ង់​អនុវត្ត​ទោសប្រហារជីវិត​លើកដំបូង​លើ​​អ្នកទោស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការតវ៉ា

បាតុករ​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជាមួយ​បាតុករ​ក្នុង​ប្រទេស​អ៊ីរ៉ង់ នៅ​ខាង​ក្រៅ​សភា​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ (REUTERS/Toby Melville)

អ៊ីរ៉ង់បានឱ្យដឹងថា ខ្លួនបាន​ប្រហារជីវិតលើអ្នកទោសដំបូងគេមួយរូប ដែលត្រូវបានកាត់ទោសពី​បទឧក្រិដ្ឋ​កម្មមួយ​កើតចេញពីការតវ៉ាដែលកំពុងបន្តធ្វើឡើងនៅទូទាំងប្រទេស។ នេះបើតាមការរាយការណ៍​ដោយ​ទីភ្នាក់​ងារ​សារព័ត៌មាន Tasnim នៅថ្ងៃព្រហស្បតិ៍នេះ និងត្រូវបានយកមកចុះផ្សាយបន្តដោយសារព័ត៌មាន Al Jazeera

ប្រភពដដែលបន្តថា បុគ្គលរូបនោះត្រូវបានកាត់ទោសពីបទធ្វើឱ្យសន្តិសុខម្នាក់​រង​របួស​ដោយ​ប្រើប្រាស់​កាំបិត​វែង និង​ការ​ធ្វើ​សកម្មភាព​ដែល​បង្ក​ឱ្យមានការបិទផ្លូវមួយក្នុងរដ្ឋធានី​តេហេរ៉ង់ (Tehran)

ទីភ្នាក់ងារសារព័ត៌មាន Tasnim បានកំណត់អត្តសញ្ញាណអ្នកដែលត្រូវបានប្រហារជីវិតនោះថា ឈ្មោះ Mohsen Shekari ប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតទាក់ទងនឹងបុគ្គលនេះបន្ថែមនោះទេ។

ប្រភពដដែល​បន្ត​ថា ការកាត់ទោសនេះកើតឡើងបន្ទាប់ពីតុលាការកំពូលបានច្រានចោលបណ្តឹងឧទ្ធរណ៍​ដែល​ធ្វើឡើងដោយចុងចោទ ខណៈអ៊ីរ៉ង់​ក៏បានចាត់ទុកការកាត់ទោសនេះ គឺជារឿងត្រឹមត្រូវ ដោយ​ថា សកម្មភាពរបស់ចុងចោទ គឺជា «ឧក្រិដ្ឋកម្មនៃការរៀបចំឱ្យមានសង្គ្រាមប្រឆាំងនឹងព្រះ»

គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់ ក្នុង​រយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ត្រូវ​បាន​សង្កេត​ឃើញ​ថាមាន​ការកើត​ឡើង​នូវ​ការ​តវ៉ា​ជា​បន្តបន្ទាប់ ពោលគឺចាប់តាំងពីមានករណីរបស់ស្ត្រីអ៊ីរ៉ង់ម្នាក់​ ឈ្មោះ Mahsa Amini អាយុ២២ឆ្នាំ ដែលបាន​ស្លាប់កា​ល​ពី​ថ្ងៃទី១៦ ខែ​កញ្ញា បន្ទាប់​ពី​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​​​នគរបាល​ផ្នែក​សីលធម៌របស់ប្រទេស។

យោងតាមអង្គការ​លើក​លែង​ទោស​អន្តរជាតិ ​(Amnesty International) បានលើកឡើងថា អាជ្ញាធរអ៊ីរ៉ង់ បច្ចុប្បន្នកំពុងតែព្យាយាមស្វែងរកការ​កាត់ទោសប្រហារជីវិត​លើមនុស្សយ៉ាងហោចណាស់ ២១​នាក់ ក្នុង​គោលបំណង​ដើម្បីបំភិតបំភ័យដល់អ្នកដែលចូលរួមក្នុងការបះបោរក្នុងប្រទេស។

អង្គការលើក​លែង​ទោស​អន្តរជាតិ បន្តថា៖ «អាជ្ញាធរអ៊ីរ៉ង់ ត្រូវតែលុបចោលការកាត់ទោសប្រហារ​ជីវិត​ទាំង​អស់​ជា​បន្ទាន់ បញ្ឈប់​ការ​ស្វែង​រក​ការ​ដាក់​ទោស​ប្រហារ​ជីវិត និងទម្លាក់ការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងអ្ន​ក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន ​ពាក់ព័ន្ធនឹងការចូលរួមដោយសន្តិវិធីក្នុងការតវ៉ាទាំងឡាយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ