មេធាវីនិងជនជាប់ចោទ ស្នើតុលាការទម្លាក់បទចោទ អំឡុងធ្វើសេចក្ដីសន្និដ្ឋានចុងក្រោយលើសំណុំរឿងអតីតសមាជិកបក្សប្រឆាំង

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមមេធាវីការពារសិទ្ធិ​ឱ្យ​អតីត​សមាជិក​គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការ​រំលាយ ស្នើ​ក្រុមប្រឹក្សា​ជំនុំជម្រះ​​​សាលា​ដំបូងរាជធានីភ្នំពេញ ​ទម្លាក់​បទ​ចោទ​​លើ​​កូនក្ដីរបស់ខ្លួន​​​​​ដែល​​ត្រូវបាន​​ចោទ​ប្រកាន់ ជុំវិញការគាំទ្រផែនការវិលត្រលប់មិនបាន​សម្រេច​របស់លោកស្រី មូរ សុខ​ហួរ ដោយអះអាងថា គ្មានភស្តុតាងគ្រប់គ្រាន់។

ការស្នើនេះបានធ្វើឡើង​នៅ​អំឡុង​ពេលតុលាការ​សាលាដំបូងរាជធានីភ្នំពេញ ​​បើកសវនាការ​ធ្វើ​សេច​ក្ដីសន្និ​ដ្ឋាន​​ចុង​​ក្រោយ​ ​នា​ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ។

សាលាដំបូងរាជធានីភ្នំពេញ បាន​បើកសវនាការជំនុំជម្រះ​​លើជនជាប់ចោទចំនួន​ ៣៧នាក់ ដែលភាគ​ច្រើន​នៅក្រៅប្រទេស​ និង​ក្នុង​​នោះ​​មាន​ម្នាក់ត្រូវបានដោះលែងនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសារតែពួកគេគាំទ្រការប៉ុនប៉ង​​វិល​ត្រលប់​មិន​បាន​សម្រេចរបស់​លោកស្រី មូរ សុខហួរ ដើម្បីមកប្រឈមនឹង​ការ​កាត់ក្តីកាលពីឆ្នាំ២០២១។ ពួកគេត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដែលប្រឈម​ការ​ជាប់ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ ដល់​១០​ឆ្នាំ ប្រសិនបើរកឃើញពិរុទ្ធភាព។

នៅក្នុង​សេចក្តី​សន្និដ្ឋាន​ចុងក្រោយ ​ព្រះរាជអាជ្ញារង លោក​ សេង ហៀង បានលើក​ឡើងថា ការ​​ចោ​ទ​​ប្រកាន់នេះ គឺផ្ដើមចេញពីមនុស្សមួយក្រុម​​ដែលនៅបរទេស បានប្រើប្រាស់ការធ្វើមាតុភូមិ​និវត្តន៍របស់លោកស្រី មូរ សុខហួរ ដោយ​បង្កប់ឧបាយ​កលទុ​ច្ច​រិត ដើម្បីធ្វើបដិវត្តន៍ផ្ដួល​រំលំ​រដ្ឋាភិបាលស្របច្បាប់ បន្ទាប់ពីពួកគេបរាជ័យនៅក្នុងផែនការទី១ ដែលដឹកនាំដោយលោក សម រង្ស៊ី

លោកថា ក្រុម​នេះ​មានផែនការពិតប្រាកដមែន ហើយថាលោ​កស្រី មូរ សុខហួរ គឺជាអ្នកដឹក​នាំ​ថ្នាក់ដឹកនាំ​ផ្សេងទៀត និងសកម្មជននៅ​ប្រទេស​កូរ៉េខាងត្បូង ថៃ និងញូហ្សីឡែន ដើម្បី​វិលត្រលប់មកកម្ពុជា។ ព្រះរាជអាជ្ញារងរូបនេះអះអាងថា សកម្មភាពទាំងអស់នេះ គឺ​ជាសកម្មភាពខុសច្បាប់។

លោកថា៖ «ផែនការវិលត្រលប់លើកទី២នេះ គឺជាសេណារីយ៉ូថ្មីដែលបង្កប់ឧបាយកលចាស់ ហើយ​ដែលប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់»។

លោកព្រះរាជអាជ្ញារង សេង ហៀង ក៏បានលើកឡើងផងដែរថា ក្រុមនេះបានចែកចាយខិតបណ្ណ​កៀរគរ​មនុស្សឱ្យ​ចូលរួម និង​​ទម្លាក់កំហុសលើរដ្ឋាភិបាល តាមរយៈការលើកឡើង​ពី​បញ្ហាសិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដើម្បីញុះញង់ឱ្យ​ប្រជាពលរដ្ឋប្រឆាំងជាមួយរដ្ឋាភិបាល ហើយថាផែនការវិលត្រលប់នេះ គឺគ្រាន់តែជាលេសប៉ុណ្ណោះ។

លោក​គូសបញ្ជាក់ថា៖ «ខ្ញុំស្នើឱ្យ​ក្រុមប្រឹក្សាជំនុំជម្រះ ផ្ដន្ទាទោសជនជាប់ចោទទៅតាម​ច្បាប់ និងចេញដីកា​ចាប់ខ្លួនជនជាប់ចោទ ​[ដទៃទៀត​]»។

លោក សេង ហៀង ក៏បានស្នើ​ក្រុមប្រឹក្សា​ជំនុំជម្រះ ពិចារណាដកសិទ្ធិខ្លះជារៀង​រហូត ឬយ៉ាងច្រើន៥ឆ្នាំ លើជនជាប់ចោទផងដែរ។

ដោយឡែក​ នៅក្នុងសេចក្តីសន្និដ្ឋានរបស់ខ្លួន មេធាវី​ការពារក្តីឱ្យ​អតីត​សកម្ម​ជន​គណបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ​ បានលើកឡើងប្រហាក់ប្រហែលគ្នាថា គ្មាន​ធាតុផ្សំគ្រប់​គ្រាន់ដើម្បីចោទប្រកាន់លើកូនក្តីរបស់​ខ្លួន និងមាន​វិមតិសង្ស័យច្រើនក្នុងសំណុំ​រឿង​នេះ។ ពួកគេបាន​​​​ស្នើតុលាការទម្លាក់បទចោទ និងដោះលែងកូនក្តីឱ្យ​មានសេរីភាពឡើងវិញ។

លោក សំ សុគង់ ដែល​កាពារឱ្យ​​ជនជាប់ចោទឈ្មោះ គង់ ម៉ាស់, ខាន់ ប៊ុនផេង និង វឿង សំណាង មាន​ប្រសាសន៍​ថា គ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកលើកូនក្តីរបស់លោកទេ ហើយថាលោករកមិនឃើញនូវឧបាយកល​ទុច្ចរិត ឬ​ជាលេស ដូច​ដែល​លោកព្រះរាជអាជ្ញា លើកឡើងទេ បើផ្អែកតាមអង្គច្បាប់និងអង្គហេតុ។

លោកបន្ថែមថា សកម្មភាពរបស់ថ្នាក់ដឹកនាំនៅក្រៅប្រទេស និងអ្នកនៅក្នុងស្រុក មិនស៊ីគ្នាទេខណៈ​ការភ្ជាប់អង្គហេតុទាំងពីរ​ជាមួយគ្នាក៏មិនត្រឹមត្រូវដែរ។

លោកមានប្រសាសន៍ថា តុលាការ ជាពិសេសព្រះរាជអាជ្ញា បានចេញដីកាកោះហៅពួកគាត់មក​ចូល​រួម​សវនាការ ប៉ុន្តែនៅពេលពួកគាត់ចង់មក​ចូល​រួម បែរជាចោទថានេះគឺជាលេសទៅវិញ។

លោក សំ សុគង់ និយាយថា៖ «វាគឺជាសវនាការសាធារណៈ ហើយសាធារណជន​អាចចូលរួម​បាន។ ពួកគាត់អាចមកលើកទឹកចិត្តសាច់ញាតិរបស់​ពួកគាត់។ វាមិនមែនជាលេសទេ។ វាគឺជាការអនុវត្តសិទ្ធិដែលស្របតាមគោលការណ៍ប្រជាធិបតេយ្យ»។

ជាមួយគ្នានេះដែរ លោក ឡោ ជុនធី មេធាវីម្នាក់ទៀត​ដែល​ការពារក្តីឱ្យ​​ជនជាប់ចោទទាំង៣នាក់​ បានថ្លែង​ថា ការចោទនេះគ្មានភស្តុតាងគ្រប់គ្រាន់ និងមានភាព​មិនច្បាស់លាស់ បើ​​ផ្អែក​តាមមាត្រា៤៥៣ ហើយ​លោកក៏​មិនឃើញមានរចនាសម្ពន្ធច្បាស់លាស់​ក្នុងចំណោមជនជាប់ចោទទាំងនេះ​ ឬឧបាយកលទុច្ចរិតនោះ​ដែរ។

ចំណែកលោកស្រី ស៊ិន សុវ៉ន មេធាវី​ការពារឱ្យ​​ជនជាប់ចោទ៣៣នាក់ផ្សេងទៀត បានលើកឡើងស្រដៀង​គ្នា​​ដែរ​ថា សំណុំរឿងនេះមានវិមតិសង្ស័យច្រើន។ លោកស្រី​​ស្នើ​ឱ្យ​​ក្រុមប្រឹក្សាជំនុំជម្រះ ​បក​ស្រាយ​ខ្លឹម​សារ​ច្បាប់​ដោយតឹងរ៉ឹងបំផុត មុន​សម្រេចដាក់ទោសលើជនជាប់ចោទ។

លោកស្រី​លើកឡើងថា កូនក្តីរបស់លោកស្រីទាំង៣៣នាក់ មិនមានវត្តមានក្នុងដំណាក់កាលជំនុំជម្រះ ក៏ដូចជាមិនបានផ្តល់ចម្លើយដើម្បីការពារខ្លួននៅដំណាក់កាលស៊ើបសួរផងដែរ។

លោកស្រី សុវ៉ន មាន​ប្រសាសន៍​ថា៖ «នាងខ្ញុំស្នើសុំដល់លោកស្រីប្រធានក្រុមប្រឹក្សាជំនុំជម្រះពិចារណាលើអង្គហេតុ និងអង្គច្បាប់ មុនចេញសេចក្តីសម្រេចដាក់ទោសលើជនជាប់ចោទទាំង​៣៣នាក់»។

នៅក្នុងសម្តីចុងក្រោយរបស់លោក ខាន់ ប៊ុនផេង អតីតសកម្មជនបក្សសង្គ្រោះជាតិដែលតុលាការ​បានរំលាយ បានស្នើតុលាការពិចារណាអនុគ្រោះដល់លោក និងដោះលែងរូប​លោក​មានសេរីភាពវិញ ដោយលោកអះអាងថាមិនបានប្រព្រឹត្តអ្វីខុសទេ​ ហើយមិនបានធ្វើសកម្មភាព​ចាប់តាំងពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។

លោកនិយាយថា៖ «ខ្ញុំជាខ្មែរម្នាក់ ខ្ញុំចង់ឃើញប្រទេសមួយមានសន្តិភាព ចង់ឃើញខ្មែររួបរួមគ្នា។ ខ្ញុំគ្មានគំនិតផ្ដួលរំលំ ឬទៅប្រឆាំងផ្កាប់មុខទេ»។

លោកបន្ថែមថា៖ «ខ្ញុំគឺជាមនុស្សស្អាតស្អំ ហើយពលរដ្ឋគោរពស្រឡាញ់ខ្ញុំ។ ខ្ញុំមិនគួរត្រូវបានចោទប្រកាន់នៅក្នុងរឿងនយោបាយទេ។ ហេតុអ្វីខ្ញុំក្លាយជាជនជាប់ចោទទៅវិញ?»

អតីតសកម្មជនគណបក្សប្រឆាំង​ លោក គង់ ម៉ាស់ ក៏បានស្នើសុំតុលាការឱ្យ​​លើកលែងការចោទប្រកាន់ និងផ្តល់យុត្តិធម៌ដល់លោកផងដែរ។ លោកថា រូប​លោក​គ្មានចេតនាបង្កបញ្ហាដល់សង្គមនោះទេ ដោយលោកគ្រាន់តែប្រឆាំងនឹងភា​ព​អសកម្មមួយចំនួន ​ដូច​ជា បញ្ហាគ្រឿងញៀន និងការកាប់ព្រៃឈើ ជាដើម។

លោក​បាននិយាយថា៖ «សូមក្រុមប្រឹក្សាជំនុំជម្រះ មេត្តាលើកលែងការចោទប្រកាន់ និងប្រើឆន្ទា​នុសិទ្ធិ រកយុត្តិធម៌ដោយមិនប្រកាន់និន្នាការនយោបាយ»។

ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញដែលកាន់សំណុំរឿងនេះ លោក​ស្រី អ៊ុក រ៉េតគន្ធា នឹងប្រកាសសាលក្រមនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ