ពលរដ្ឋ​នៅ​ខេត្តឧត្ដរមានជ័យ​ថា​អាជ្ញាធរ​គំរាម​ចាប់ខ្លួន​និង​ឈូសផ្ទះចោល បើ​មិន​រើចេញ​ពី​ដីជម្លោះ​ជាមួយ​ក្រុមហ៊ុន

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខនិង​កម្លាំង​សមត្ថ​កិច្ច​ការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់ និង​អាជ្ញាធរ​ នៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ពលរដ្ឋ​​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ស្ថិតក្នុងឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ អះអាងថា អាជ្ញាធរបានគំរាមចាប់ខ្លួន និងឈូសឆាយលំនៅឋានរបស់ពួកគាត់​​ចោល ប្រសិន​បើ​ពួក​គាត់​មិ​នព្រមរុះរើផ្ទះចេញពីដីដែលកំពុង​មាន​ជម្លោះជាមួយក្រុមហ៊ុន។

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខ និង​កម្លាំង​សមត្ថ​កិច្ច​ការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់ និងអាស្រ័យផលនៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខណៈអាជ្ញាធរចុះឈូសឆាយផ្ទះ និងផលដំណាំរបស់ពលរដ្ឋ។

ពលរដ្ឋម្នាក់ អ្នកស្រី អូន ធី ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍​ថា កាលពីថ្ងៃម្សិលមិញ អាជ្ញាធរចម្រុះ រួម​មាន​ កង​រាជ​អាវុធ​ហត្ថ នគរ​បាល និង​អាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត បាន​ចុះទៅប្រាប់ពលរដ្ឋម្តង​ទៀត​ ឱ្យរុះរើផ្ទះ និង​ចេញ​ពី​ដីកំពុងជម្លោះជាមួយក្រុមហ៊ុន ហើយ​គំរាម​ថា ប្រសិនបើអ្នកភូមិមិនព្រមរើចេញ អាជ្ញាធរ​នឹង​ចាប់ខ្លួន​​ និង​ឈូស​ឆាយ​ផ្ទះពលរដ្ឋ​ទាំង​នោះចោ​ល​ផង​ដែរ។

ពលរដ្ឋរូបនេះអះអាងថា គ្រួសារអ្នកស្រី និងពលរដ្ឋផ្សេងទៀត បានចូលទៅអាស្រ័យផលលើដីកំពុងមានជម្លោះតាំងពីឆ្នាំ២០១២ ដោយដាំដំឡូងមី ចេក ស្វាយ ខ្នុរ និងដំណាំ​​​ហូបផ្លែផ្សេង​​ទៀត ប៉ុន្តែនៅ​ឆ្នាំ២០២១ អាជ្ញាធរខេត្តឧត្ដរមានជ័យបានចុះមកហាមប្រជាពលរដ្ឋមិនឱ្យបង្កបង្កើនផល ដោយថា ពលរដ្ឋរស់នៅលើដីក្រុមហ៊ុន សុខ សំណាង ដោយ​ខុស​ច្បាប់​ទៅវិញ។

អ្នក​ស្រី អូន ធី បន្តថា ក្រោមជម្លោះដីធ្លីជាមួយក្រុមហ៊ុនរយៈពេលជាង១ឆ្នាំមកនេះ គឺធ្លាប់មានការប៉ះទង្គិចគ្នារវាងពលរដ្ឋនិងសមត្ថកិច្ច ហើយមានពលរដ្ឋប្រមាណ២០នាក់ហើយត្រូវបានចាប់ខ្លួន។

អ្នកស្រីបន្ថែមថា៖ «ម្សិលមិញ គេ[អាជ្ញាធរ]បានចុះមកឱ្យប្រជាជនហ្នឹងរុះរើខ្លួនឯង បើគេចុះមកម្តងទៀត​មានតែរើ និងដុត។ ហើយខ្ញុំប្រាប់វិញថា ខ្ញុំមិនដឹងរើទៅណាទេ បើខ្ញុំគ្មានដីមួយចំអាមនៅផង។ មកដល់ពេលនេះ គេចាប់ពលរដ្ឋដាក់ពន្ធនាគារ២០នាក់ហើយ គេដេញចាប់ពលរដ្ឋដូចគោហ្វូង ដេញបាញ់ប្រជាពលរដ្ឋ គ្នារត់ដាច់បាយដាច់ទឹក ដេញបាញ់ប្រជាជនហើយ​ដុតផ្ទះគ្នាចោលទៀត»

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ហ៊ាង ធីវ និយាយថា អ្នកភូមិកំពុងព្រួយបារម្ភពីការចាប់ខ្លួនបន្តទៀត​ និងបារម្ភពីការបាត់បង់ផ្ទះសម្បែង និង​ដីធ្លីសម្រាប់បង្កបង្កើនផល។ អ្នកស្រីថា នៅថ្ងៃពុធនេះ អ្នកភូមិមួយចំនួនកំពុងគេចខ្លួនដោយបារម្ភពីសុវត្ថិភាព។

ពលរដ្ឋរូបនេះអះអាងថា ដើមឡើយ មានពលរដ្ឋប្រហែល ៥០០គ្រួសារ ដែលបានអាស្រ័យផលលើ​ដីកំពុងមានជម្លោះនេះ ប៉ុន្តែក្រោយមានការចាប់ខ្លួន និងដុតផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់មក អ្នកភូមិជាច្រើនគ្រួសារទៀតបានបង្ខំចិត្តចាកចេញ ដោយបច្ចុប្បន្ននេះមានពលរដ្ឋប្រហែល ៧០គ្រួសារ ប៉ុណ្ណោះបន្តរស់នៅ និងទាមទារការដោះស្រាយពីអាជ្ញាធរ។

អ្នកស្រីបន្ថែមថា៖ «គេគំរាមកំហែងពលរដ្ឋថា បើសិនជាមិនចេញ គេនឹងចុះមកចាប់ ហើយដុតផ្ទះពលរដ្ឋចោល។ ល្ងាចមិញនេះ ប៉េអឹមមកមួយឡានទៀត មក​ចាប់មនុស្ស ដល់ពេលមនុស្សរត់គេចអស់ អត់ហ៊ានរុករកទៀតទេ។ ពេលចុះ មានកាំភ្លើង​ភ្ជង់​រហូត កាំបិតផង! បើ​បុគ្គល​ឈ្មោះ ឃុត ចន្ថា បញ្ជាឱ្យចាប់អ្នកណា ប៉េអឹម​ចាប់​អ្ន​ក​នោះ»

បើតាម​អ្នក​ស្រី ហ៊ាង ធីវ ឱ្យដឹងថា ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​លើ​ដី​កំពុង​មាន​ជម្លោះ​នោះ ជា​ប្រជាពលរដ្ឋ​ក្រីក្រ ដោយកាន់កាប់ដីទំហំចន្លោះពី២ទៅ៥ហិកតាប៉ុណ្ណោះក្នុង១គ្រួសារ សម្រាប់បង្កបង្កើនផលធ្វើកសិកម្ម។

អភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល មានប្រសាសន៍ថា លោកបានដឹងអំពីជម្លោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង ប៉ុន្តែមិនបានដឹងថាអាជ្ញាធរចុះទៅគំរាមកំហែងចាប់ខ្លួនពលរដ្ឋ និងរុះរើផ្ទះសម្បែងចេញពីដីជម្លោះនោះទេ។

អភិបាលខេត្តរូបនេះបន្ត​ថា រឿងជម្លោះដីធ្លី​​​រវាងក្រុមហ៊ុន សុខ សំណាង និងពលរដ្ឋនេះ គឺភាគីក្រុមហ៊ុនបានប្រើប្រាស់កម្លាំង​កងរាជអាវុធហត្ថ និងប្រព័ន្ធតុលាការ ដើម្បីចាត់វិធានការជាមួយ​​ពលរដ្ឋ ហើយ​​ក្រុមហ៊ុនមិនដែលយកបញ្ហាជម្លោះដីធ្លីនេះ មកដោះស្រាយជាមួយរដ្ឋបាលខេត្តនោះទេ។

យ៉ាងណា លោកថា រូបលោក អភិបាលរងខេត្ត និងអភិបាលស្រុកត្រពាំងប្រាសាទ នឹងចុះពិនិត្យស្រាវជ្រាវករណីនេះ ដើម្បីឈានទៅដល់​ការដោះស្រាយបញ្ចប់។

លោកបន្ថែមថា៖ «ចាំខ្ញុំឱ្យអភិបាលរងខេត្ត ដែលទទួលបន្ទុកខាងហ្នឹង ចុះទៅមើល នេះទី១។ ទី២ ខ្ញុំក៏ឱ្យអភិបាលរាយការណ៍មកខ្ញុំដែរ ជុំវិញរឿងនេះ ព្រោះថា យើងមិនអាចប៉ះដៃយកដៃ ប៉ះជើងយកជើងបានទេ យើងត្រូវការសិក្សាស្រាវជ្រាវឱ្យ​ច្បាស់លាស់សិន»

មន្ត្រីការ​ពារ​សិទ្ធិ​មនុស្ស​នៅ​សមាគម​អាដ​​ហុកប្រចាំខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន ចាត់ទុកករណីកម្លាំងសមត្ថកិច្ចឱ្យពលរដ្ឋរុះរើផ្ទះ និងគំរាមចាប់ខ្លួននោះ ថាជារឿងមិនត្រឹមត្រូវ និងរំលោភសិទ្ធិមនុស្ស។ លោកថា កម្លាំងអាជ្ញាធរមិនគួរណា​ប្រើប្រាស់ដើម្បីការងារផលប្រយោជន៍របស់ក្រុមហ៊ុននោះទេ គឺគួរតែការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះបានទទូចដល់អាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាជម្លោះដីធ្លីនេះតាម​នីតិវិធី ដោយ​ចៀស​វាងការ​គំរាម​កំហែង និងការចាប់ខ្លួន ដែលធ្វើឱ្យពលរដ្ឋបន្តរងទុក្ខលំបាក ខណៈពួកគេជាពលរដ្ឋក្រីក្រកំពុងខ្វះខាតក្នុងជីវភាពគ្រួសារ។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់ថាមានកម្លាំងអាវុធហត្ថ និងប៉ូលិសហ្នឹង តែងតែទៅគំរាមកំហែងពួកគាត់ ទៅបង្ខំឱ្យ​ពួក​​គាត់​រុះ​រើ​ផ្ទះ។ ហើយ​មាន​ការ​ចាប់​ប្រជាពលរដ្ឋជាបន្តបន្ទាប់ ហើយការចាប់នេះមានការប្រើអំពើហិង្សាលើប្រជាពលរដ្ឋជាបន្តបន្ទាប់ទៀត ដែលអាហ្នឹងជារឿងមួយដែលយើងគិតថា វាមិនសមហេតុសមផលដែរ។ អ៊ីចឹងខាងអាជ្ញាធរហ្នឹងគួរតែដោះស្រាយគ្នាទៅតាមសន្តិវិធីទៅ។ បើអាជ្ញាធរនៅតែបំពានច្បាប់អ៊ីចឹងទេ អាហ្នឹងខាងអង្គការសង្គមស៊ីវិលចាត់ទុកថាជាការរំលោភសិទ្ធិមនុស្សហើយ»

វីអូឌី មិនអាចរកការឆ្លើយតបពី​លោក ឃុត ចន្ថា ដែលអ្នកភូមិប្រាប់ថាជាតំណាងក្រុមហ៊ុន សុខ សំណាង បានទេ នៅថ្ងៃព្រហស្បតិ៍​នេះ។

កាលពីខែមិថុនា ឆ្នាំ២០១២ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកាត់ដីទំហំ ១ ៨៦៥​ហិកតា ពីដែនជម្រកសត្វព្រៃគូលែនព្រហ្ម​ទេព ​ស្ថិតនៅភូមិសាស្ត្រខេត្តឧត្ដរមានជ័យ ដើម្បី​សម្បទាន​ទៅ​ឱ្យ​ក្រុមហ៊ុន សុខ សំណាង វិនិយោគលើវិស័យដំណាំកសិ-ឧស្សាហកម្ម និងដំណាំកៅស៊ូ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមក ធ្លាប់បាន​ស្ដីបន្ទោសទៅមន្ត្រីក្រោមឱវាទ ជុំ​វិញភាពអសកម្មក្នុងការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ។ លោកបានបញ្ជាទៅមន្ត្រី​ទាំងនោះឱ្យដោះស្រាយជូនពលរដ្ឋ មុនផ្តល់ដីទៅឱ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍ ហើយថាមិនឱ្យពលរដ្ឋណាម្នាក់ជាប់ពន្ធនាគារ​ដោយសាររឿងជម្លោះដីធ្លីនោះឡើយ។

លោកបន្ថែមថា៖ «គាត់ដាំដុះកន្លែងហ្នឹង គាត់នៅកន្លែងហ្នឹង ប្រគល់ឱ្យគាត់ទៅ! ខ្ញុំបាននិយាយរហូតដល់ប៉ុណ្ណេះហ្អ៎! បើនៅក្នុងគណបក្ស ខ្ញុំបាននិយាយថា ដីហ្នឹង ដីម៉ែ​លោកឯងហ្អី? បានប្រកាច់ខំទុកធ្វើអី? មិនចែកឱ្យប្រជាជនទៅ? [….] ដល់សួរទៅ អាហ្នឹងដីអ្នកណា? ថាដីគាត់ចូលទៅទន្ទ្រាន គាត់ទៅ[កាន់]កាប់។ ហើយចុះអ្នកណាគេធ្វើអីនៅ? ថាអត់ទាន់ធ្វើអីទេ! ហើយចុះម៉េចមិនវាស់ឱ្យគាត់ទៅ? ហើយបានទៅអ្នកណា? បានទៅប្រជាជនយើងតើ! នយោបាយដីធ្លីយើងផ្តល់ឱកាសធ្វើបែបនេះ ប៉ុន្តែ​មន្ត្រីរបស់យើងហាក់ដូចជាស្តាប់គ្នាមិនបាន យល់គ្នាមិនបាន។ ខ្ញុំសុំដាស់តឿនសាជា​ថ្មីម្តងទៀត។ ចេញពីខេត្តណា ខេត្តហ្នឹងត្រូវទទួលខុសត្រូវ»

កាលពី​ថ្ងៃទី​៨ ខែ​កុម្ភៈ ​​ឆ្នាំ២០២២ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយ​ការណ៍​មួយដោយរកឃើញ​ថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះដីធ្លីចំនួន ១៥៧​នាក់ កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ​របស់​តុលាការ ខណៈ​ជនរងគ្រោះ ១៧នាក់ទៀត ​​កំពុងឃុំ​ខ្លួន​បណ្ដោះអាសន្ន ដោយសារការតវ៉ាទាមទារដីធ្លីរបស់ខ្លួន។

សមាគម​មួយនេះបានទាមទារឱ្យរដ្ឋាភិបាល​បញ្ឈប់​កា​រ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ ​ចោទ​ប្រកាន់ និងចា​ប់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុងរឿងវិវាទ​ដីធ្លី​នៅ​កម្ពុជា ដោយ​​ថា ពួកគាត់គ្រាន់តែប្រើសិទ្ធិក្នុងការតវ៉ា​ដើម្បីទាម​ទារ​រក​យុត្តិធម៌តែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ