លោក យ៉ង សាំងកុមារ គ្រោងជួប​ដៃគូ​ពាក់ព័ន្ធ​ពិភាក្សា​លើ​ការ​ជួយ​កសិករ​ផលិតស្រូវ​ឱ្យ​ទទួល​បាន​តម្លៃ​សមរម្យ

លោកបណ្ឌិត យ៉ង សាំងកុមារ អតីតប្រធានគណៈកម្មាធិការនាយក​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញផ្នែកកសិកម្ម ក្នុងកិច្ចប្រជុំបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ ឌិត ទីណា – DITH Tina)

រដ្ឋលេខាធិការក្រសួងកសិកម្ម ដែលទើបតែងតាំងថ្មី លោក​ យ៉ង សាំងកុមារ គ្រោង​នឹងជួបពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ក្នុងខែធ្នូនេះ ដើម្បីធ្វើ​យ៉ាងណា​​​ជួយ​​ដល់​​ប្រជា​កសិករ​ដែល​ផលិត​ស្រូវឱ្យ​​​ទទួល​បាន​តម្លៃ​សមរម្យ និងនាំចេញទៅក្រៅប្រទេសទទួលបានផលវិជ្ជមានខ្ពស់នៅលើទីផ្សារអន្តរជាតិ។

លោកបណ្ឌិត យ៉ង សាំងកុមារ អតីតប្រធានគណៈកម្មាធិការនាយក​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញផ្នែកកសិកម្មផងនោះ កាលពីពេលថ្មីៗនេះ​ ​​​បានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច និងត្រូវបានព្រះមហាក្សត្រតែង​តាំង​​ជា​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម ហើយរដ្ឋ​មន្ត្រីក្រសួង​​នេះ បាន​ផ្តល់​ភារកិច្ច​ដល់លោក យ៉ង​ សាំងកុមារ​​ កាលពីថ្ងៃទី៦ ខែធ្នូ ដើម្បីឱ្យជួយដោះស្រាយបញ្ហាស្រូវអង្ករនៅកម្ពុជា។

លោក យ៉ង សាំងកុមារ មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះ​ថា លោកនឹងចូលបម្រើការងារជាផ្លូវការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។ លោកបន្ត​ថា នៅពេលលោក​ចូលបម្រើការងារជាផ្លូវការ គឺលោកមានគម្រោងជួបជាមួយ​ដៃគូពាក់ព័ន្ធ ដូចជា មន្ត្រីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងម្ចាស់ម៉ាស៊ីនកិនស្រូវ រួមទាំងកសិករ ដើម្បីជជែកគ្នាលើបញ្ហាប្រឈមនា​ពេល​កន្លងមក ទាក់ទងនឹងវិស័យស្រូវអង្ករនៅកម្ពុជា។

លោកបញ្ជាក់ថា ដើមចមដែលនាំឱ្យលោកមានគម្រោងជួបដៃគូពាក់ព័ន្ធ ដោយសារលោកចង់ឱ្យវិស័យស្រូវអង្ករនៅកម្ពុជាទទួលបានផលវិជ្ជមានខ្ពស់ ហើយប្រជាកសិករដែលធ្វើកសិកម្មដាំស្រូវ នឹងលក់បានតម្លៃសមរម្យស្របតាមតម្លៃលើទីផ្សារជាដើម។

លោកមានប្រសាសន៍ថា៖ «គោលបំណងនៃការងាររបស់យើង គឺធ្វើម៉េចឱ្យកសិករគាត់ទទួលបានប្រាក់ចំណូលសមរម្យ ដោយដៃម្ខាងកាត់បន្ថយថ្លៃដើមនៃការផលិត និងដៃម្ខាង​ធ្វើម៉េចឱ្យគាត់ទទួលបានទីផ្សារតម្លៃសមរម្យ ក៏ប៉ុន្តែទន្ទឹមនឹងហ្នឹង អ្នកពាក់ព័ន្ធផ្សេង​ទៀត ម្ចាស់រោងម៉ាស៊ីនកិនស្រូវ អ្នកនាំអង្ករចេញ ក៏គាត់ទទួលបានស្រូវល្អ ស្រូវដែលមានគុណភាព ដែលធ្វើឱ្យគាត់ចំណេញ ដែលអាចធ្វើឱ្យគាត់យកទៅប្រកួតប្រជែងបានក្នុងការនាំចេញទៅក្រៅប្រទេស»។

កាលពីថ្ងៃទី៦ ខែធ្នូ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា បានថ្លែងក្នុងកិច្ចសំណេះសំណាលជាមួយអ្នក​​​សារព័ត៌​មាន ស្តី​ពី «វិស័យកសិកម្មនៅកម្ពុជា» ថា លោកបានប្រគល់ភារកិច្ចជូនលោកបណ្ឌិត យ៉ង សាំងកុមារ ឱ្យជួយដោះស្រាយបញ្ហាស្រូវអង្ករ ដើម្បីឱ្យតម្លៃស្រូវនៅថេរ ប៉ុន្តែករណី​នេះអាស្រ័យទៅលើការសម្រួលនូវចរាចរណ៍ស្រូវ ចូលទៅក្នុងរោងម៉ាស៊ីន​កិនស្រូវ ដែលត្រូវរៀបចំឱ្យមានការ​​សហការគ្នារវាងកសិករច្រូតកាត់ និងរោងម៉ាស៊ីនកិនស្រូវ ដោយបង្កើតឱ្យមានការប្រមូលផលជាវគ្គ ដើម្បី​កុំ​ឱ្យ​មាន​ការ​ជាន់​​គ្នា​ក្នុង​​ពេល​តែ​មួយ។

ដោយឡែក ចំពោះបញ្ហាខ្វះទុនបង្វិលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវឯណោះវិញ រដ្ឋមន្ត្រីកសិកម្មបាន​បញ្ជាក់​ថា ក្រសួងកសិ​កម្ម​នឹង​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍ​ន៍​ជន​បទ និងកសិកម្ម ជួយជំរុញក្នុងការផ្ដល់កម្ចីឱ្យទៅរោងម៉ាស៊ីនកិនស្រូវ ដើម្បីទិញស្រូវពីប្រជាកសិករ កុំឱ្យកកស្ទះជាដើម ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំបានប្រគល់ភារកិច្ចជូនឯកឧត្ដម យ៉ង សាំងកុមារ ឱ្យ​គាត់ជួយមើលរឿង ធ្វើតាមរយៈកិច្ចសន្យាកសិកម្ម ដែលគម្រោងមួយធំ ដែលគាត់ត្រូវធ្វើការងារ​ជាមួយកសិករ និងជាមួយរោងម៉ាស៊ីន ដើម្បីរៀបចំនូវផែនការក្នុងការផលិត ជាមួយនឹងការប្រមូលទិញមកវិញ»។

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មានប្រសាសន៍ថា ការគ្រោងជួបជាមួយភាគីអ្នកពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាទីផ្សារ និងតម្លៃស្រូវ ពីសំណាក់លោក យ៉ង សាំងកុមារ នេះជាសញ្ញាវិជ្ជមានមួយក្នុងការជួយដល់ប្រជា​កសិករ។ ជាមួយគ្នានេះដែរ លោកជំរុញ​ដល់​​ក្រសួង​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយ និងមានការជួបជជែករវាងអ្នកទិញនិងអ្នកដាំដុះ ដើម្បីដោះស្រាយបញ្ហាស្រូវអង្ករឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

លោកមានប្រសាសន៍ថា៖ «ត្រូវតែបើកឱ្យមានការពិគ្រោះយោបល់ជាសាធារណៈ និងការផ្សព្វផ្សាយព័ត៌មានឱ្យបានទូលំទូលាយអំពីទីផ្សារ និងតម្រូវការនៃការនាំចេញរបស់ប្រទេសនីមួយៗដែលត្រូវទិញអង្ករបានពីប្រទេសកម្ពុជា ឬក៏ពីមុខរបររបស់ប្រជាពលរដ្ឋ។ អ្វីដែលត្រូវគិតទៀតនេះ ត្រូវរៀបចំឱ្យមានក្រុមជជែកពិភាក្សាអំពីរបៀបនៃការដាំដុះ ហើយនឹងអ្នកទិញថាតម្រូវការ និងចំនួន​អ្នកទិញ តម្រូវការ ថាតើគាត់ជួបបញ្ហាអ្វីខ្លះដែលត្រូវចូលរួមជាមួយគ្នាក្នុងការដោះស្រាយ ឬបំពេញលក្ខខណ្ឌតាមការឆ្លើយតបនៃការត្រូវការ​នៃការនាំចេញ»។

លោកបន្ថែមថា៖ «ហើយមួយវិញទៀត បន្ថែមនូវថវិកាជាតិ ដើម្បីឱ្យបានច្រើនទៅលើវិស័យកសិកម្មដែរ ពិសេសការគាំពារ ជាពិសេសការគាំទ្រថវិកាជាតិទៅលើវិស័យកសិកម្មឱ្យបានច្រើនដែរ ពិសេសការគាំពារជាថវិកាដល់​ការរៀបចំឡសម្ងួតស្រូវ​​នៅ​តាមស្រុក​នីមួយៗ ហើយត្រូវមាន[រោង]ម៉ាស៊ីនក្នុងការទទួល​ទិញ ហើយពិសេសបន្ថែមនូវថវិកាជាតិបន្ថែមទៀត»។

នៅក្នុង​ខែវិច្ឆិកា​ ឆ្នាំ​២០២២ កសិករមួយចំនួន​​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ដូចជា ខេត្តបាត់ដំបង ​និង​បន្ទាយមានជ័យ ជាដើម បាន​បង្ហោះសារជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុក​ ពាក់ព័ន្ធនឹងករណី​តម្លៃស្រូវ​ចុះ​ថោក ឬ​គ្មាន​ទីផ្សារ​លក់ចេញ ស្របពេល​​ការចំណាយដើម​ទុន រួមមាន​ ថ្នាំ ជី​ ប្រេង​សាំង កម្លាំងពលកម្ម និងសម្ភារប្រើប្រាស់ផ្សេងៗ​ទៀត​ មានតម្លៃ​ថ្លៃ។

ក្រោយមក នៅថ្ងៃទី២១ ខែវិច្ឆិកា ធនាគា​​អភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម បានចេញសេចក្ដី​ប្រកាសព័ត៌មានមួយ​ថា ​រដ្ឋាភិបាល​តាមរយៈក្រសួងសេដ្ឋកិច្ច បាន​បញ្ចេញ​ថវិកា​ ១០លានដុល្លារ​ លើ​មូលនិធិ​​​សម្រាប់ទិញស្រូវ ​៨៣លាន​ដុល្លារ ​តាយរយៈ​​ធនាគា​​រអភិវឌ្ឍន៍​ជនបទ​ និងកសិកម្ម​ ដើម្បី​គាំទ្រ​​ដល់​រោងម៉ាស៊ីនកិនស្រូវ ​និងក្រុមហ៊ុន​កែច្នៃ​នាំអង្ករចេញ។ ប្រភពដដែល​អះអាងថា ការសម្រេចនេះ ដើម្បីជំរុញការប្រមូលទិញស្រូវ និងជួយរក្សាស្ថិរភាពតម្លៃស្រូវជូនប្រជាកសិករនៅកម្ពុជា ស្របពេលរដូវប្រមូលផលស្រូវរបស់កសិករកំពុងសម្រុកខ្លាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ