បរិវត្តកម្មហិរញ្ញវត្ថុ មានការវិវត្តយ៉ាងឆាប់រហ័សនៅក្នុងបណ្ដាប្រទេសមួយចំនួននៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈការកើនឡើងនៃការទូទាត់សាច់ប្រាក់តាមបែបឌីជីថល។ និន្នាការនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសក្នុងតំបន់ ហើយវាក៏ត្រូវបានពន្លឿនបន្ថែមទៀតនៅអំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ផងដែរ។
បើផ្អែកតាមនិន្នាការបែបថ្មីនេះ ប្រទេសដែលជាសមាជិកអាស៊ានគួរពិចារណាក្នុងការបង្កើតប្រព័ន្ធទូទាត់ប្រាក់តាមបែបឌីជីថលរួមគ្នាមួយ ដើម្បីស្រូបយកអត្ថប្រយោជន៍ពីការទូទាត់បែបទំនើបនេះឱ្យបានពេញលេញ។
ការវិវត្តនៃសេដ្ឋកិច្ចឌីជីថលក្នុងសេដ្ឋកិច្ចអាស៊ាន
កាលពីខែតុលា ឆ្នាំ២០២២ ក្រុមហ៊ុន Google សហការជាមួយក្រុមហ៊ុន Temasek និងក្រុមហ៊ុន Bain&Company បានចេញផ្សាយរបាយការណ៍ទី៧ របស់ខ្លួន ស្ដីពីសេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (e-Conomy SEA) ដោយបង្ហាញថា ប្រជាជនជាង ៦០លាននាក់ ក្នុងប្រទេសចំនួនប្រាំមួយនៃតំបន់នេះ រួមមាន ប្រទេសសិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និងម៉ាឡេស៊ី បានប្រើប្រាស់សេវាកម្មឌីជីថលជាលើកដំបូង ចន្លោះឆ្នាំ២០២០ ដល់ឆ្នាំ២០២២។ ជាង ៧៥% នៃប្រជាជាតិទាំងប្រាំមួយប្រទេសនេះ បានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ហើយភាគច្រើនបានទិញទំនិញតាមអនឡាញយ៉ាងហោចណាស់ម្តងក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ។
របាយការណ៍នេះគូសបញ្ជាក់ថា ពាណិជ្ជកម្មបែបអេឡិចត្រូនិចទើបតែបានចាប់ផ្ដើមកើនឡើងប៉ុណ្ណោះសម្រាប់តំបន់នេះ និងបានព្យាករថាការចំណាយតាមប្រព័ន្ធអនឡាញនឹងកើនឡើងចំនួន ១៦២% នៅឆ្នាំ២០២៥ ឬឈានដល់ទំហំ ១៧៩,៨០ប៊ីលានដុល្លារ។ ដោយឡែក ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលនឹងកើនដល់ ៩១% នៃប្រតិបត្តិការសរុប។តួលេខទាំងនេះបង្ហាញថា តំបន់អាស៊ានមានសក្ដានុពលយ៉ាងខ្លាំងក្នុងការទាញយកផលប្រយោជន៍ពីការទូទាត់តាមបែបឌីជីថល និងពាណិជ្ជកម្មតាមអេឡិចត្រូនិច។
បណ្ដាប្រទេសក្នុងតំបន់អាស៊ី កំពុងទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាហិរញ្ញវត្ថុ
ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានពិភាក្សាយ៉ាងស៊ីជម្រៅរួចទៅហើយទៅលើការប្រើប្រាស់បច្ចេកវិទ្យាថ្មីមួយចំនួនដូចជា បច្ចេកវិទ្យាប្លុកឆេន ដែលត្រូវបានប្រើប្រាស់នៅក្នុងបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជា រូបិយបណ្ណឌីជីថលធនាគារកណ្ដាល (Central Bank Digital Currencies ឬ CBDC) និងរូបិយបណ្ណគ្រីបតូ (cryptocurrencies) ជាដើម។ ជាក់ស្ដែង ប្រទេសជាសមាជិកអាស៊ានមួយចំនួន រួមមាន ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ ជាដើម បាននិងកំពុងត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតប្រព័ន្ធទូទាត់ឆ្លងដែន ដែលជាប្រព័ន្ធដែលអាចធ្វើប្រតិបត្តិការឆ្លងប្រទេសទាំងនេះ។ ប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យប្រជាជនគ្រប់រូបដែលរស់នៅក្នុងប្រទេសទាំងនេះ អាចប្រើប្រាស់កម្មវិធីធនាគារចល័ត (mobile banking app) ក្នុងទូរសព្ទដៃរបស់ពួកគេ ដើម្បីទូទាត់លើសេវាកម្ម និងទំនិញ ដែលពួកគេបានទិញដូរនៅក្នុងប្រទេសណាមួយក្នុងចំណោមប្រទេសទាំងនេះភ្លាមៗ តាមរយៈ QR Code។
ដំណាលគ្នានេះដែរ ប្រទេសផ្សេងទៀត ដូចជា ប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី ក៏បានធ្វើការរួមគ្នា និងបានដាក់ដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាមកម្មវិធីទូរសព្ទចល័តតាមរយៈប្រព័ន្ធបាគង (ដែលជាប្រព័ន្ធទូទាត់ប្រាក់នៅកម្ពុជាដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន)។
កាលពីខែឧសភា ឆ្នាំ២០២២ ធនាគារកណ្តាលនៃប្រទេសឥណ្ឌូនេស៊ី ក៏បានប្រកាសពីផែនការក្នុងការដាក់ឱ្យដំណើរការរូបិយបណ្ណឌីជីថលធនាគារកណ្តាលផងដែរ ដោយសារតែការកើនឡើងនៃការប្រើប្រាស់ធនាគារនិម្មិត ឬធនាគារតាមប្រព័ន្ធអនឡាញ។
លើសពីនេះទៅទៀត ប្រព័ន្ធរូបិយបណ្ណឌីជីថលរួមមួយកំពុងត្រូវបានសិក្សានៅតំបន់អាស៊ីបូព៌ា។ ជាក់ស្ដែង សាកលវិទ្យាល័យ Kobe នៃប្រទេសជប៉ុន បានស្នើឱ្យតំបន់អាស៊ីបូព៌ាបង្កើតរូបិយបណ្ណឌីជីថលរួមមួយ ដោយផ្អែកលើបច្ចេកវិទ្យាប្លុកឆេន និងចេញផ្សាយដោយបណ្ដាធនាគារកណ្តាលនៅក្នុងប្រទេសក្នុងតំបន់អាស៊ីបូព៌ាដោយផ្ទាល់ ដែលអាចបម្រើ និងលើកកម្ពស់ដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសទាំងនេះកាន់តែស៊ីជម្រៅក្នុងក្របខណ្ឌពហុភាគី ក៏ដូចជាដើម្បីការពារសិទ្ធិរបស់ធុរកិច្ចធុនតូច និងមធ្យមផងដែរ។ ក្នុងពេលថ្មីៗនេះ ប្រទេសថៃ ចិន ហុងកុង និងប្រទេស United Arab Emirates បានប្រកាសពីការបិទបញ្ចប់នូវការតេស្ដសាកល្បងនូវរូបិយបណ្ណឌីជីថលឆ្លងព្រំដែន ដោយមានការសម្របសម្រួលពីធនាគារសម្រាប់ដោះស្រាយជម្លោះអន្តរជាតិ (Bank for International Settlements ឬ BIS)។
គួរបញ្ជាក់ថា គោលបំណងនៃការប្រើប្រាស់ប្រព័ន្ធទូទាត់រួម និងរូបិយប័ណ្ណឌីជីថលទាំងនេះ គឺដើម្បីកាត់បន្ថយការចំណាយ និងជំរុញដល់សកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ និងលំហូរនៃសាច់ប្រាក់ទាំងក្នុងស្រុកឬក្នុងតំបន់។ ដូច្នេះ នេះជាពេលវេលាដ៏សំខាន់សម្រាប់អាស៊ានក្នុងការពិភាក្សា និងសិក្សាអំពីលទ្ធភាពក្នុងការបង្កើតប្រព័ន្ធទូទាត់តាមបែបឌីជីថលរួម ដែលពឹងផ្អែកលើបច្ចេកវិទ្យាប្លុកឆេន។
តើប្រព័ន្ធទូទាត់តាមបែបឌីជីថលរួមនេះនឹងផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អាស៊ាន?
អត្ថប្រយោជន៍ដ៏សំខាន់មួយ គឺថាប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យប្រជាជននៅក្នុងតំបន់ប្រើប្រាស់កម្មវិធីធនាគារចល័តរបស់ពួកគេដើម្បីធ្វើការទូទាត់តាមកូដ QR code សម្រាប់ការដោះដូរទំនិញ និងសេវាកម្មនៅក្នុងប្រទេសអាស៊ានទាំង១១។ ប្រព័ន្ធនេះក៏នឹងបង្កើតប្រព័ន្ធទូទាត់ឆ្លងដែន ដែលអាចធ្វើប្រតិបត្តិការឆ្លងប្រទេសពីប្រទេសមួយទៅប្រទេសមួយទៀតបានយ៉ាងងាយស្រួល ហើយរូបិយបណ្ណរបស់អ្នកទិញនឹងត្រូវបានប្ដូរទៅជារូបិយបណ្ណរបស់អ្នកទទួលភ្លាមៗ ដោយមិនចាំបាច់ធ្វើការដោះដូរតាមរយៈរូបិយបណ្ណអន្តរការីផ្សេងទៀត ដូចជា ប្រាក់ដុល្លារអាមេរិក ឬប្រាក់យ័នចិននោះទេ។ ការណ៍នេះនឹងធ្វើឱ្យតំបន់នេះកាត់បន្ថយការពឹងផ្អែកលើរូបិយបណ្ណអន្តរការីទាំងនេះផងដែរ។
ម្យ៉ាងវិញទៀត ការទទួលយកប្រព័ន្ធទូទាត់តាមបែបឌីជីថលរួមនេះ មិនត្រឹមតែបង្កើនប្រសិទ្ធភាពដល់ការទូទាត់ប្រាក់តែប៉ុណ្ណោះទេ ប៉ុន្តែវានឹងពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ថែមទៀត។ បន្ថែមពីនេះទៀត អាស៊ាននឹងមានសក្ដានុពលក្នុងការអភិវឌ្ឍទំនាក់ទំនងកាន់តែជិតស្និទ្ធ តាមរយៈកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលនៅក្នុងប្រទេសនីមួយៗ។ ការប្រើប្រាស់បច្ចេកវិទ្យានេះក៏មានសក្តានុពលក្នុងការពង្រឹងតម្លាភាព និងសន្តិសុខ ដោយបង្កើនប្រសិទ្ធភាពដល់ការតាមដានហិរញ្ញវត្ថុ និងគណនេយ្យភាព ដែលអាចកាត់បន្ថយអំពើពុករលួយ ការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងការក្លែងបន្លំឆ្លងដែន។
លើសពីនេះទៅទៀត ប្រទេសជាសមាជិកនីមួយៗនឹងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីការធ្វើពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ដោយហេតុថា ប្រជាជនក្នុងតំបន់នឹងអាចដោះដូរទំនិញ និងសេវាកម្មឆ្លងកាត់ព្រំដែនកាន់តែងាយស្រួល ឆាប់រហ័ស និងមានតម្លៃធូរថ្លៃជាងមុន។ ការណ៍នេះ ក៏លុបបំបាត់នូវតម្រូវការក្នុងការផ្លាស់ប្តូរប្រាក់ពីរូបិយបណ្ណមួយទៅរូបិយបណ្ណមួយទៀត ក្នុងអំឡុងពេលធ្វើដំណើរក្នុងតំបន់នេះទៀតផង។ ការប្រើប្រាស់ប្រព័ន្ធទូទាត់ដែលមានប្រសិទ្ធភាព ទូលំទូលាយ និងសុវត្ថិភាព ក៏ទំនងជានឹងអាចជួយជំរុញដល់បរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់នេះដែរ។
គួរបញ្ជាក់ថា ប្រព័ន្ធទូទាត់ឌីជីថលរួមនេះនឹងផ្ដល់អត្ថប្រយោជន៍ច្រើន ជាពិសេសសម្រាប់ពលករចំណាកស្រុកក្នុងការផ្ទេរប្រាក់ទៅគ្រួសាររបស់ពួកគេភ្លាមៗ ដោយមិនចាំបាច់ចំណាយលើថ្លៃសេវាប្រតិបត្តិការ។
ការសិក្សាស្រាវជ្រាវមួយកាលពីឆ្នាំ២០១៦ បានផ្តល់នូវភស្តុតាងដែលបង្ហាញថា ការប្រើប្រាស់សេវាទូទាត់ប្រាក់តាមកម្មវិធីទូរសព្ទចល័តនៅក្នុងប្រទេស Kenya ជាឧទាហរណ៍ដែលបានជួយឱ្យប្រជាជន Kenya ចំនួន១៩៤ ០០០គ្រួសារ (ដែលស្មើនឹង ២% នៃប្រជាជន Kenya សរុប) រួចផុតពីភាពក្រីក្រ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤។ ការរួចផុតពីភាពក្រីក្រនេះត្រូវបានជំរុញដោយការផ្លាស់ប្តូរឥរិយាបថផ្នែកហិរញ្ញវត្ថុ ពោលគឺការកើនឡើងនៃភាពធន់ផ្នែកហិរញ្ញវត្ថុ និងការសន្សំក្នុងទូរសព្ទដៃរបស់ប្រជាជនទាំងនេះ។
ការរីកលូតលាស់នៃពាណិជ្ជកម្មអេឡិចត្រូនិច និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃប្រព័ន្ធអេកូឡូស៊ីនៃការទូទាត់បែបឌីជីថល ក៏អាចជួយដល់សហគ្រាសធុនតូច និងមធ្យម នៃតំបន់អាស៊ីអាគ្នេយ៍ ក្នុងការបង្កើតទីផ្សារថ្មីមួយ ប្រសិនបើបណ្ដាប្រទេសទាំងនេះបង្កើនវត្តមានបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសរបស់ខ្លួន។ កត្តានេះក៏អាចធ្វើឱ្យលំហូរសាច់ប្រាក់នៅក្នុងតំបន់កាន់តែមានភាពប្រសើរឡើង និងជំរុញដល់កំណើនសេដ្ឋកិច្ចតាមរយៈទំនាក់ទំនងរវាងអាជីវកម្មផងដែរ។ ម្យ៉ាងវិញទៀត ការទូទាត់តាមបែបឌីជីថលក៏ជួយកាត់បន្ថយថ្លៃប្រតិបត្តិការដែលធ្លាប់កើតមានតាមរយៈលិខិតស្នាមផ្សេងៗ។
អនុសាសន៍ក្នុងការបង្កើតប្រព័ន្ធទូទាត់តាមបែបឌីជីថល
ទោះបីជាការបង្កើតប្រព័ន្ធទូទាត់តាមបែបឌីជីថលរួម ពិតជាមានសារៈសំខាន់ក៏ដោយ ក៏ប៉ុន្តែការធានាបាននូវតម្លាភាព និងសុវត្ថិភាព គឺជារឿងកាន់តែសំខាន់ក្នុងប្រព័ន្ធទូទាត់បែបថ្មីនេះ។ ហេតុដូច្នេះ នៅមានកត្តាមួយចំនួនដែលអាស៊ានត្រូវគិតគូរ ដើម្បីសម្រេចបានជោគជ័យក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់តាមបែបឌីជីថលដែលអាចទុកចិត្តបានសម្រាប់ប្រជាជននៅក្នុងតំបន់។
ទីមួយ៖ អាស៊ានត្រូវតែបង្កើតស្ថាប័ន ឬអង្គភាព ដែលទទួលបន្ទុកលើប្រព័ន្ធទូទាត់នេះ ដែលអាចជាធនាគារកណ្តាលនៃអាស៊ាន ឬអង្គភាពរួមណាមួយ ដើម្បីគ្រប់គ្រង និងផ្ដល់ការណែនាំអំពីប្រព័ន្ធទូទាត់តាមបែបឌីជីថលនេះ។យ៉ាងណាមិញ ស្ថាប័ននេះត្រូវតែមានភាពឯករាជ្យ និងអាចជឿទុកចិត្តបាន។ ស្ថាប័ននេះត្រូវតែមានប្រព័ន្ធការពារសុវត្ថិភាពដែលមានការត្រៀមទុករួចជាស្រេចសម្រាប់ដោះស្រាយបញ្ហាបន្ទាន់នានា។ ស្ថាប័ននេះត្រូវតែជាស្ថាប័នដែលមានតម្លាភាព ដែលអាចផ្តល់សេវាកម្មទាន់ពេលវេលា ដើម្បីធ្វើឱ្យប្រព័ន្ធទូទាត់នេះកាន់តែមានប្រសិទ្ធភាពផងដែរ។
ទីពីរ៖ ប្រព័ន្ធទូទាត់ឌីជីថល ត្រូវតែបង្កើតឡើងដោយមានប្រព័ន្ធសុវត្ថិភាពខ្ពស់។ មានបច្ចេកវិទ្យាជាច្រើនដែលអាស៊ានអាចប្រើប្រាស់នៅក្នុងប្រព័ន្ធទូទាត់រួមតាមបែបឌីជីថលនេះ។ យ៉ាងណាមិញ អាស៊ានត្រូវតែជ្រើសរើសបច្ចេកវិទ្យាមួយដែលអាចឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ និងមានសុវត្ថិភាពគ្រប់គ្រាន់ ដើម្បីការពារទិន្នន័យរបស់អ្នកប្រើប្រាស់។អាស៊ានក៏អាចសិក្សាពីគំរូរបស់បណ្ដាប្រទេសផ្សេងទៀតដែលបានប្រើប្រាស់បច្ចេកវិទ្យាទាំងនេះរួចមកហើយដែរ។
ទីបី៖ ប្រព័ន្ធទូទាត់តាមបែបឌីជីថលនេះ ត្រូវតែបង្កើតឡើងដើម្បីបម្រើដល់ប្រជាជនគ្រប់រូប និងគ្រប់កម្រិត ដែលមានន័យថាប្រព័ន្ធនេះត្រូវតែមានភាពងាយស្រួលក្នុងការប្រើប្រាស់ អាចបត់បែនបាន និងប្រកបដោយបរិយាបន្ន ដើម្បីឱ្យប្រជាជនទាំងអស់នៅក្នុងប្រទេសនីមួយៗអាចសម្របខ្លួនទៅនឹងប្រព័ន្ធនេះបានយ៉ាងឆាប់រហ័ស។ ការណ៍នេះនឹងលើកទឹកចិត្តដល់ប្រជាជនបន្ថែមក្នុងការប្រើប្រាស់ប្រព័ន្ធទូទាត់នេះកាន់តែច្រើន និងធានាបានថាតំបន់នេះទទួលបានអត្ថប្រយោជន៍ជាអតិបរមា ទាំងផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនៅក្នុងតំបន់៕
បរិវត្តកម្ម (ន) ការកែទម្រង់ទ្រង់ទ្រាយធំៗនៅលើវិស័យអ្វីមួយ
ដោយ លាង សៀកឡេង/ខ្លឹមសារអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត