ចិន និង​អារ៉ាប៊ីសាអូឌីត ពង្រឹង​ទំនាក់ទំនង​តាមរយៈ​ការ​ចុះកិច្ចព្រមព្រៀង​នានា រួមទាំង​ក្រុមហ៊ុនយក្ស Huawai

ស្តេចអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz ចាប់ដៃជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។ (ទីភ្នាក់ងារសារព័ត៌មាន Saudi/Handout តាមរយៈ REUTERS )

ប្រធានាធិប​តីចិន លោក ស៊ី ជីនពីង និងព្រះមហាក្សត្រ​ Salman ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដែលក្នុងនោះរួមមានទាំងកិច្ចព្រមព្រៀងមួយដែលពាក់ព័ន្ធនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ខណៈសកម្មភាពនេះត្រូវបានរំពឹងថានឹងពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្ថែមទៀត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Al Jazeera

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរ​ទស្សនកិច្ចរយៈពេល​៣​ថ្ងៃរបស់ប្រធានាធិប​តីចិនមកកាន់ប្រទេស​អារ៉ាប់ និងបណ្ដាប្រទេសជាប់ឈូងសមុទ្រពែក្ស (Gulf) ដោយសកម្មភាពនេះក៏កំពុងតែត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ដោយសហរដ្ឋអាមេរិកផងដែរ។

ជាមួយគ្នានេះ លោក ស៊ី ជីនពីង ក៏គ្រោងនឹង​ជួប​ពិភាក្សា​គ្នា​ដោយ​ឡែក​ជាមួយ​នឹង​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​បណ្ដា​ប្រទេស​អារ៉ាប់​ជាប់​ឈូង​សមុទ្រ​ពែក្ស (GCC) មុន​ពេល​ចាកចេញនៅ​ថ្ងៃ​សុក្រនេះផងដែរ​។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីត បានឱ្យដឹងថា កិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរត្រូវចុះហត្ថលេខាមានតម្លៃប្រមាណជា ៣០ពាន់លានដុល្លារ ហើយក្នុងនោះ កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនយក្ស Huawei Technologies គឺទាក់ទងទៅនឹងការផ្ទុកទិន្នន័យមជ្ឈមណ្ឌលទិន្នន័យ និងការសាងសង់អគារបំពាក់ដោយបច្ចេកវិទ្យាខ្ពស់មួយចំនួននៅក្នុងទីក្រុងទាំងឡាយនៃប្រទេសអារ៉ាប៊ីសាអូឌីត។

ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua បានរាយការណ៍ថា លោកប្រធានាធិប​តី ស៊ី ជីនពីង និងព្រះមហាក្សត្រ​ Salman ​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត ក៏បានយល់ព្រមរៀបចំកិច្ចប្រជុំរវាងមេដឹកនាំនៃប្រទេសទាំងពីររៀងរាល់ពីរឆ្នាំម្តងផងដែរ។

គួរបញ្ជាក់ថា ចិន​គឺជា​ប្រទេស​នាំចូល​ប្រេងឆៅ​ធំជាងគេ​នៅលើ​ពិភពលោក ខណៈ​ប្រទេស​នេះ​ពឹងផ្អែកយ៉ាង​ខ្លាំង​លើ​អារ៉ាប៊ីសាអូឌីត។

ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានចំនួនសរុបប្រមាណជា៨០ពាន់លានដុល្លារ ក្នុងឆ្នាំ២០២១ និង ២៧ពាន់លានដុល្លារនៅក្នុងត្រីមាសទីបី នៃឆ្នាំ២០២២នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ