UPDATED៖ ម្ដាយទារករងគ្រោះថ្នាក់ចរាចរណ៍ថាកូនរបស់គាត់នៅមានដង្ហើម ខណៈបដិសេធទទួលយក «សំណង២៥០០ដុល្លារបញ្ចប់រឿង»

រូបភាពករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ដបុកម៉ូតូមួយគ្រឿងនៅលើស្ពានជ្រោយចង្វារបណ្ដាលឱ្យពលរដ្ឋ​ចំនួន៣នាក់រងរបួសធ្ងន់ កើតឡើងកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ រូបភាពនេះត្រូវបានបង្ហោះដោយស្នងការដ្ឋាននគរបាលជាតិ។

ស្ត្រីដែលអះអាងថាជាម្តាយរបស់ទារករងគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែធ្នូ បញ្ជាក់ថា កូនរបស់គាត់នៅមានដង្ហើមនៅឡើយ ខណៈបដិសេធទទួលយក «សំណង ២ ៥០០ដុល្លារ បញ្ចប់រឿង»

ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីមានព័ត៌មានចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ទារករងគ្រោះបានបាត់បង់ជីវិតកាលពីយប់ថ្ងៃទី៨ ខែធ្នូ។

ស្ត្រីដែលអះអាងថាជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៥ ខែធ្នូ អ្នកស្រី មុច ស្រីល័ក្ខ ប្រាប់វីអូឌីនារសៀលថ្ងៃទី៩ ខែធ្នូ នេះថា ទារកអាយុ២ខែដែលជួបគ្រោះថ្នាក់នោះ គឺជាកូនរបស់គាត់។

អ្នកស្រីថា កាលពីយប់ថ្ងៃទី៨ ខែធ្នូ វេជ្ជបណ្ឌិតបានប្រាប់គាត់ថា កូនរបស់គាត់បានផុតដង្ហើមហើយ គាត់បានសុំយកកូនមកផ្ទះ តែគ្រូពេទ្យមិនទាន់អនុញ្ញាត ដោយប្រាប់ឱ្យរង់ចាំរហូតដល់ព្រឹកសិន។ អ្នកស្រីថា ដោយសារតែតក់ស្លុតពេក ទើបគាត់ផ្តល់ព័ត៌មានទៅខាងក្រៅថាកូនគាត់បានផុតដង្ហើម។

យ៉ាងណា ពេលព្រឹកឡើងកូនរបស់គាត់មានចលនា ហើយបេះដូងលោតឡើងវិញ។ អ្នកស្រីថា មកទល់ម៉ោងជាង ៣រសៀល ថ្ងៃទី៩ ខែធ្នូនេះ កូនរបស់គាត់មានកម្តៅក្នុងខ្លួនវិញ ហើយនៅតែមានដង្ហើម។

អ្នកស្រី មុច ស្រីល័ក្ខ ថា៖ «ល្ងាចមិញ ដុកទ័រគាត់ថាអាអូនហ្នឹងផុតហើយ។ ដល់ពេលហើយខ្ញុំសុំយកមកផ្ទះ គាត់អត់ឱ្យយកមកទេ គាត់ថាចាំព្រឹក។ ដល់ពេលព្រឹក អាអូនចលនាវាចាប់ផ្តើមធ្វើឡើងវិញហើយបេះដូងក៏លោតដែរ។ […] ពេលដែលឌុកទ័រថាកូនរបស់ខ្ញុំហ្នឹងខូចហើយ អ៊ីចឹងខ្ញុំអត់បានមើលអត់បានពិចារណា គិតតែយំយកៗតែម្តង។ [មកដល់ម៉ោងនេះ កូនបងនៅមានដង្ហើមធម្មតា?] ចា៎ៗនៅមានសង្ឃឹមច្រើន»

ចំណែកអ្នកស្រីខ្លួនឯងវិញប្រាប់ថា គាត់នៅមានអាការរាងកាយខាងក្រៅ គឺគាត់មានភាពពិបាកត្រង់ភ្នែក និងជាប់សរសៃចង្កេះ។ ក្រៅពីនោះ គឺគាត់បានពិនិត្យនៅមន្ទីរពេទ្យ រកឃើញថា ក្រពះ តម្រងនោម ពិបាកបន្ទោបង់ ពោលគឺសភាពមិនដូចដើមឡើយ ដោយសារការដួលផ្កាប់មុខពេលគ្រោះថ្នាក់។

អ្នកស្រី មុច ស្រីល័ក្ខ អះអាងថា គាត់មិនព្រមទទួលយកថវិកា២ ៥០០ដុល្លារនោះទេ។

អ្នកស្រី មុច ស្រីល័ក្ខ បន្តថា៖ «ទាមទារសំណង! [សំណង]ប៉ុណ្ណឹង គឺខ្ញុំអត់យកទេ។ ហើយឱ្យលោកប៉ូលិសគាត់ចាត់ការតាមផ្លូវច្បាប់ទៅ។ ឱ្យតែបានកូនខ្ញុំមកវិញ ខ្ញុំអត់ចង់បានអីទាំងអស់»

ស្ត្រីវ័យ៣១ឆ្នាំ ដែលមានមុខរបរជាអ្នករើសអេតចាយរូបនេះ ប្រាប់ថា គាត់មានឈ្មោះពិត «កែវ លក្ខិណា» ហៅ មុច ស្រីល័ក្ខ និងមានស្រុកកំណើតនៅខេត្តស្វាយរៀង។

អ្នកស្រីបន្ថែមថា ដោយឡែក បុរសម្នាក់ដែលរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ជាមួយគាត់និងកូនដែរនោះ គឺជាអ្នកយកអាសា ឬអ្នករាប់អានគ្នា ដែលតែងជួយទុក្ខធុរៈ ដូចជាជួយមើលថែកូនឱ្យគាត់ជាដើម។

ស្ត្រីរូបនេះបញ្ជាក់ថា ថវិកាដែលមានសម្រាប់ព្យាបាលជំងឺក្នុងអំឡុងពេលនេះ គឺគាត់បានទទួលពីការបរិច្ចាគរបស់សប្បុរសជន។

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោកមេធាវី គី តិច មានប្រសាសន៍ប្រាប់វីអូឌីនៅថ្ងៃទី៩ ខែធ្នូ នេះថា ក្រុមមេធាវីលោកនាយករដ្ឋមន្ត្រី កំពុងការពារតាមផ្លូវច្បាប់ដល់គ្រួសារជនរងគ្រោះ និងកំពុងស្នើសុំឱ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវជ្រាវ កំណត់បទល្មើស ចោទប្រកាន់ទៅតាមអំពើដែលជនបង្កបានប្រព្រឹត្ត។

លោកថា ក្រៅពីនោះ ក្រុមមេធាវីក៏កំពុងស្នើឱ្យជនបង្កចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ផងដែរ។

បើតាមលោក គី តិច គ្រួសារជនរងគ្រោះបានបដិសេធលើការព្រមព្រៀងទទួលយក «សំណង ២ ៥០០ដុល្លារ ដើម្បីបញ្ចប់រឿង» នោះវិញ ខណៈលោកចាត់ទុកថា ការព្រមព្រៀងទទួលយកសំណងដែលមានចរិតបង្ខិតបង្ខំជនរងគ្រោះ ពុំអាចចាត់ទុកជាការអនុវត្តត្រឹមត្រូវតាមច្បាប់ឡើយ។

លោក គី តិច ថា«ការព្រមព្រៀងទទួលយកសំណង ២ ៥០០ដុល្លារ ដែលមានចរិតបង្ខិតបង្ខំ សម្លុត បំភ័យដល់ជនរងគ្រោះ ក្នុងស្ថានភាពកំពុងមានវិការ ពុំអាចចាត់ទុកជាការអនុវត្តត្រឹមត្រូវតាមច្បាប់ឡើយ។ គ្រួសារជនរងគ្រោះបានបដិសេធលើការព្រមព្រៀងនោះវិញហើយ»

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រូបនេះថា បើទោះបីសំណងរដ្ឋប្បវេណីបានបំពេញរួចហើយក៏ដោយ ក៏អំពើល្មើសព្រហ្មទណ្ឌពុំអាចគេចរួចផុតឬរំលត់បានឡើយ។ លោកថា ជនបង្កត្រូវតែទទួលរងនូវទណ្ឌកម្មផ្នែកព្រហ្មទណ្ឌ ដែលពុំអាចគេចវេះ ឬត្រូវបានលើកលែងឡើយ។

ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់នាយករដ្ឋមន្ត្រីរូបនេះ ទទូចសមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធ ត្រូវបំពេញតួនាទី ភារកិច្ច និងរាយការណ៍ឱ្យបានច្បាស់លាស់ ស្របតាមច្បាប់ជាធរមាន ពិសេសគឺមិនលម្អៀង។

បើទោះជាយ៉ាងនេះក្តី លោក គី តិច សុំមិនធ្វើអត្ថាធិប្បាយចំពោះការស្រាវជ្រាវលើកំហុសអ្នកពាក់ព័ន្ធភាពចម្រូងចម្រាសនៃលិខិតព្រមទទួលសំណងបញ្ចប់រឿង ២ ៥០០ដុល្លារ ឡើយ ដោយថា លោកសុំរក្សាសិទ្ធិ «រក្សាការសម្ងាត់»។

លោកថា៖ «ចំពោះការស្រាវជ្រាវលើកំហុសអ្នកពាក់ព័ន្ធ សុំរក្សាសិទ្ធិ រក្សាការសម្ងាត់»

លោក គី តិច អះអាងថា បច្ចុប្បន្ន ក្រុមការងារពាក់ព័ន្ធកំពុងសហការគ្នាអនុវត្តវិធានការច្បាប់ ដើម្បីឱ្យជនបង្កចូលខ្លួនមកទទួលខុសត្រូវ និងក្នុងគោលដៅស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

ជុំវិញករណីនេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បញ្ជាក់ប្រាប់វីអូឌីយ៉ាងខ្លី នៅថ្ងៃទី៩ ខែធ្នូនេះថា សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះបានបញ្ជូនមកដល់អយ្យការរួចហើយ។

លោកថា៖ «សំណុំរឿងបានបញ្ជូនមកដល់អយ្យការហើយ តំណាងអយ្យការបាននិងកំពុងស៊ើបអង្កេតលើករណីនេះរួចហើយ»

នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ស្របនឹងការលើកឡើងរបស់លោក គី តិច ដោយថា តាមផ្លូវច្បាប់ ការយល់ព្រមរបស់ភាគីណាមួយដែលកើតឡើងពេលកំពុងមានស្មារតីមិននឹងន មិនគ្រប់គ្រាន់ មិនប្រក្រតី នោះការព្រមព្រៀងនោះមិនមានសុពលភាព និងកើតឡើងដោយការបង្ខិតបង្ខំ។

លោកថា ការសម្របសម្រួលសំណងរដ្ឋប្បវេណីនៃគ្រោះថ្នាក់ចរាចរណ៍ គឺលុះណាតែករណីនោះតូចតាច ទើបអាចសម្រួលបញ្ចប់បាន។ ដោយឡែក បើករណីនោះធ្ងន់ធ្ងរ សំណងរដ្ឋប្បវេណីគឺជារឿងមួយ ចំណែកការអនុវត្តច្បាប់តាមបណ្តឹងអាជ្ញារបស់ព្រះរាជអាជ្ញា គឺមិនអាចរលត់បានទេ។

លោកស្នើឱ្យសមត្ថកិច្ចអនុវត្តភារកិច្ចរបស់ខ្លួនដោយម៉ឺងម៉ាត់លើជនល្មើស ដើម្បីផ្តល់ជាគំរូដល់មហាជន និងបញ្ចៀសនូវសកម្មភាពប្រព្រឹត្តបទល្មើសរួចប្រើប្រាស់លុយដើម្បីយករួចខ្លួន ខណៈលោកថារូបភាពនេះជាគំរូដ៏អាក្រក់ដល់សង្គម។

លោកថា៖ «មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាម្ចាស់រាស្ត្រទេ។ អ៊ីចឹងនៅពេលដែលរាស្ត្រជួបនូវបញ្ហា មន្ត្រីពាក់ព័ន្ធទាំងឡាយត្រូវតែប្រញេបប្រញាប់នៅក្នុងការជួយអនុវត្តតាមនីតិវិធី តាមផ្លូវច្បាប់ ដើម្បីធានានូវភាពយុត្តិធម៌ចំពោះមុខច្បាប់របស់ប្រជាពលរដ្ឋទូទៅ។ មិនមែនចាំបាច់ទាល់តែមានការផុសនៅក្នុងបណ្តាញសង្គមព្រោងព្រាត បានយកចិត្តទុកដាក់ ប៉ុន្តែករណីខ្លះដែលមិនមានការផុសហើយមានការចាប់អារម្មណ៍ ឬក៏ល្បីតាមប្រព័ន្ធបណ្តាញសង្គម មិនត្រូវយកចិត្តទុកដាក់ទេ។ អ៊ីចឹងតួនាទីភារកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធ ស្ថាប័នដែលពាក់ព័ន្ធ គឺជាតួនាទីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ អ៊ីចឹងគឺត្រូវអនុវត្តឱ្យស្មើភាពគ្នាចំពោះមុខច្បាប់»


ចំណែកមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្សអាដហុក  លោក ស៊ឹង សែនករុណា លើកឡើងស្រដៀងគ្នាដែរថា ជាទូទៅ ការព្រមព្រៀងកំណត់ហេតុ កិច្ចសន្យាណាមួយត្រឹមត្រូវ វាទាល់តែកើតឡើងដោយការស្ម័គ្រចិត្ត ប៉ុន្តែបើធ្វើឡើងក្នុងពេលភាគីបាត់បង់ស្មារតី គឺជារឿងខុសច្បាប់។

លោក ស៊ឹង សែនករុណា ថា៖ «បើការធ្វើឡើងដោយអ្នកដែលជាក្រុមគ្រួសារជនរងគ្រោះ ឬអ្នករងគ្រោះហ្នឹងគាត់បាត់បង់ស្មារតីអី ឬក៏មានការបង្ខិតបង្ខំអី អាហ្នឹងវាសុទ្ធតែជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តនូវអារឿងដែលមិនត្រឹមត្រូវហ្នឹងក៏មិនរួចផុតពីសំណាញ់ច្បាប់ដែរ។ អាហ្នឹងគួរតែមានការពិនិត្យនិងពិចារណាទៅលើមន្ត្រីពាក់ព័ន្ធដែលធ្វើកិច្ចការងារហ្នឹងទៅទៀត»

មន្ត្រីសង្គមស៊ីវិលរូបនេះចង់ឃើញសមត្ថកិច្ចអនុវត្តច្បាប់ទៅតាមវិធានការជាធរមាន ដោយគ្មានការរើសអើងលើបុគ្គល ពោលគឺត្រូវប្រតិបត្តិតាមច្បាប់ប្រទេស។

តាម​មាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក ចែងថា ជនណាដែលបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាពត្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្ដាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ ឆ្នាំ ពិន័យជាប្រាក់ពី៤ ០០០ ០០០ (បួនលាន) រៀល ទៅ ១៥ ០០០ ០០០ (ដប់ប្រាំលាន) រៀល និងអាចត្រូវផ្តន្ទាទោស ដោយទោសបន្ថែមមួយឬច្រើន ដូចមានចែងក្នុងមាត្រា៥៣ (ប្រភេទទោសបន្ថែម) នៃក្រមព្រហ្មទណ្ឌ។

នៅក្នុងមាត្រា៨៥ដដែលក៏បានចែងថា ក្នុងអំពើល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លាន ទៅ ២៥លានរៀល បើអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង បណ្ដាលឱ្យមនុស្សស្លាប់ ការរត់គេចពីកន្លែងកើតហេតុដើម្បីគេចពីការទទួលខុសត្រូវ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ