សង្គមស៊ីវិលនិងគណបក្សក្រៅរដ្ឋាភិបាលអះអាងថា កម្ពុជានៅមិនទាន់មានភាពប្រសើរផ្នែកសិទ្ធិមនុស្ស

លោក អំ សំអាត នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លី​កាដូ ថ្លែង​ក្នុង​វេ​ទិ​ការ​សិទ្ធិមនុស្ស ក្នុង​ថ្ងៃខួប​ទី៧២ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

បញ្ហាសិទ្ធិមនុស្សនេះនៅតែត្រូវបានមើលឃើញជ្រុងខុសៗគ្នារវាងមន្រ្តីរដ្ឋាភិបាល ក្រុមអង្គការសង្គមស៊ីវិល និង​​គ​​ណ​​​​​បក្សនយោបាយដែលនៅក្រៅរដ្ឋាភិបាល ដោយពួកគេសម្អាងហេតុថា មូលបទនៃសិទ្ធិមនុស្សនេះនៅ​​តែ​​​ជារឿងដែលភាគីនីមួយៗយកចំណេញរៀងៗខ្លួន ក្នុងហេតុផលនយោបាយផង និងផលប្រយោជន៍​​ផ្ទា​ល់​​ខ្លួនផង ស្របពេលការធ្វើដំណើរប្រមាណជាង៧០ឆ្នាំមកនេះនៃកំណើតសិទ្ធិមនុស្ស កម្ពុជានៅតែរង​​កា​រ​រិះគន់ថាគ្មានអ្វីដែល​​ប្រ​​សើ​​រសោះឡើយ អំពីការអនុវត្តសិទ្ធិជាសកលមួយនេះ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ នៅតែមើលឃើញថា អស់រយៈពេល​​ពេញ​​មួយឆ្នាំ នៅឆ្នាំនេះ វាមិនមានអ្វីដែលប្រែប្រួលនោះទេ អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា​​។ លោក​​បន្តថា សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋត្រូវរងការយាយី និងធ្វើទុក្ខបុកម្នេញមិនឈប់មិនឈរពី​​សំណាក់​​អា​ជ្ញា​​ធររដ្ឋ។

លោកបន្តថា៖ «យើងពិនិត្យមើល អង្គការសង្គមស៊ីវិលយើងឃើញថា ឆ្នាំ២០២២នេះ ទោះបីឆ្លងផុតពីវិបត្តិកូ​​វីដ-១៩ ហើយរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញក៏ដោយ ក៏បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា វាដូចនៅមិនទាន់​​មានអ្វី​​ដែលគួរឱ្យកត់សម្គាល់មានការវិវត្ត ឬក៏មានការកែលម្អនោះទេ។ វាប្រហាក់ប្រហែលនឹងឆ្នាំ២០២១ ឬក៏ឆ្នាំ២០២០ ដដែលហ្នឹង ជាពិសេសទាក់ទងលំហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ លំហសេរីភាពសមាគម អង្គការសង្គមស៊ីវិល សហជីព លំហសេរីភាពអ្នកសារព័ត៌មាន និងលំហសេរីភាព​​​នយោបាយ​​ជា​​ដើហ្នឹង»។

ចំណែកលោក ថេង សារឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា ក៏ឯកភាពដែរ រឿងសិទ្ធិមនុស្សនេះ ពិតជានៅតែជាគោលដៅនៃការវាយប្រហារដដែល បើទោះជារដ្ឋាភិបាលបានផ្តល់សច្ចាប័ន​​ក្នុងការធានាឱ្យ​​មាន​ការគោរពសិទ្ធិមនុស្សនេះឱ្យបានពេញលេញហើយក្ដី។ លោកចាត់ទុកថា ភាពរាំងស្ទះដែលនាំឱ្យមានការរំ​​លោភ​សិទ្ធិ​​មនុស្សនេះ វាជាបន្ទុកដោះមិនចេញនៅកម្ពុជា គឺដោយសារឆន្ទៈរបស់អាជ្ញាធរ​​​ទាំងថ្នាក់​ក្រោ​​​ម​ជាតិ និង​​​ថ្នាក់​​ជាតិ។

លោកបន្តថា៖ «សម្រាប់ខ្ញុំ ការរំលោភសិទ្ធិមនុស្សនេះ វាកើតឡើងដោយសារការអនុវត្តច្បាប់ ហើយវាការ​​ជាលើ​​​​កម្ពស់​​ជាមួយនឹងការយល់ដឹងរបស់មន្រ្តីអាជ្ញាធរនៅថ្នាក់ក្រោមជាតិ ហើយនឹងយន្តការនៃការការពារ និង​​ការលើកកម្ពស់របស់រដ្ឋាភិបាលហ្នឹងនៅមិនទាន់មានប្រសិទ្ធភាពក្នុងការធានាឡើយដល់ប្រជាពលរដ្ឋ »។

ទាក់ទិនស្ថានភាពសិទ្ធិមនុស្សនេះដែរ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញរបាយការណ៍របស់ខ្លួន កា​​ល​​​ពីឆ្នាំ២០២១ បង្ហាញថា រឿងការគោរពសិទ្ធិមនុស្សនេះ នៅកម្ពុជា នៅតែបន្តធ្លាក់ចុះដុន​​ដាប។

​​ជាង​​​នេះ​ទៀត មជ្ឈមណ្ឌលសិទ្ធិមនុស្ស រកឃើញថាមានការប្រើយុទ្ធវិធីគាបសង្កត់កាន់តែខ្លាំងឡើងៗ​​​តាម​​រយៈ​រូប​​ភា​ព​ផ្សេងៗ ក្នុងការបំបិទសំឡេងសង្គមស៊ីវិល ប្រឆាំងអ្នកការពារសិទ្ធិមនុស្ស សកម្មជន​​សហជីព និងអ្នក​​​​សារ​ព័​ត៌​មាន រួមទាំងអ្នកដែលមាននិន្នាការ​​នយោបាយផ្ទុយ​​គ្នា ជាដើម។ លើសពីនេះទៀត សិទ្ធិជា​មូ​ល​​​​​ដ្ឋាន​​​​របស់​​ពលរដ្ឋ ត្រូវបានរឹតត្បិត គំរាមកំហែង ជាពិសេសសិទ្ធិសេរីភាពក្នុងការបង្កើតអង្គការ សមា​​គ​​ម និងគណបក្សនយោបាយ សិទ្ធិបញ្ចេញមតិ និងការជួបប្រជុំ ជាដើម បានដើរថយក្រោយ​​គួរឱ្យ​​ព្រួយ​​បា​​រម្ភ​។

ចំណែកលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ យល់ស្របថា បញ្ហានៃការរំ​​លោភ​​សិទ្ធិមនុស្សនេះ ពិតជារងការរឹតត្បិត ជាពិសេសការជួបជុំ និងការប្រមូលផ្តុំ។ នៅក្នុងកិច្ចពិគ្រោះយោបល់ ជា​​មួយសាលារាជធានីភ្នំពេញ ក្នុងពេលកន្លងទៅនេះ លោក សារ៉ាយ អះអាងថា ការជួបជុំដើម្បីសម្ដែងមតិ នៅ​​ចំថ្ងៃនៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំនេះ អាជ្ញាធរបើកសិទ្ធិឱ្យមានអ្នកចូលរួមច្រើនបំផុត១ ៥០០​​នាក់ប៉ុណ្ណោះ។ លោកបន្តថា មែនទែនទៅ ទិវាសិទ្ធិមនុស្សអន្តរជាតិនេះ វាមិនមែនជាកម្មសិទ្ធិផ្តាច់មុខរប​ស់​បុគ្គល​​ណា​​​ម្នាក់នោះឡើយ។

មិនខុសគ្នាទេ លោក ថេង សាវឿន ក៏ឯកភាពដែរថា សម្រាប់ការប្រារព្ធខួបលើកទី៧៤ នៅឆ្នាំនេះ សហគ​​ម​ន៍​​​​នៅខេត្តសៀមរាប ក៏ត្រូវបានអាជ្ញាធររារាំងដែរ។

បើគេពិនិត្យមើលពីមាត្រា២ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិវិញ ហាក់បង្ហាញពីសិទ្ធិក្នុងការចូលរួមរបស់ពលរដ្ឋ ត្រូវបានបើកទូលាយដោយមិនលាក់លៀម។​​ នៅក្នុងបញ្ញត្តិ​​នៃ​មាត្រានេះចង្អុលបង្ហាញថា មនុស្សម្នាក់ៗអាចប្រើប្រាស់សិទ្ធិ និងសេរីភាពទាំងអស់ ដូចមាននៅក្នុង​​សេ​​ច​ក្តី​​​ប្រកាសនេះ ដោយគ្មានការប្រកាន់បែងចែកបែបណានោះទេ​​។ ក៏ប៉ុន្តែបើឆ្លុះបញ្ចាំងពីការអនុវត្ត​​សិទ្ធិនេះ​​វិញ បង្ហាញថា ការចូលរួមរបស់ពលរដ្ឋក្នុងការបង្កើតអង្គការ សមាគម សហជីព និងគណបក្សន​​យោ​​បា​យ ហាក់មិនងាយស្រួលប៉ុន្មាននោះទេ។

លោក សៀម ភ្លុក ស្ថាបនិកណបក្សបេះដូងជាតិ ត្រូវរងការ​ចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ ដោយ​​រក​ឃើញ​​ថាព្យាយាមបង្កើតគណបក្សនេះមានការលួចបន្លំ។

សម្រាប់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល យល់ឃើញថា មកដល់ពេលនេះទៅហើយ បញ្ហាសិទ្ធិ​​មនុ​ស្សនេះមិនគួរបង្កើតវប្បធម៌យកត្រូវរៀងខ្លួន ដើម្បីហេតុផលអ្វីមួយទៀតនោះទេ។ លោកបន្តថា ជា​​ជ​​ម្រើ​ស​​ដែលល្អ ដើម្បីឱ្យគ្រប់ភាគីទទួលបានសុខសន្តិភាពពិតប្រាកដ គួរមានការសន្ទនាគ្នា​​ដោយចំហ និង​​ចំពោះមុខ ក្នុងបុព្វហេតុផលប្រយោជន៍រួមក្នុងន័យសិទ្ធិមនុស្សនេះ។

លោកបន្តថា៖ «អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ រឿងបញ្ហាសិទ្ធិមនុស្សនេះគួរតែនាំគ្នាជជែកគ្នា ជាជាង​​​ចង្អុ​​មុខគ្នាទៅវិញទៅមក។ ដ្បិតអីសិទ្ធិមនុស្សត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺសិទ្ធិត្រូវបានការពារដោយ​​ច្បាប់។ ខ្ញុំមានសំណួរខ្លួនឯងវិញថា ចុះបើច្បាប់អត់មានសរសេរ តើពលរដ្ឋមានសិទ្ធិធ្វើ​​ដែរទេ? តាមពិត​​ទៅ ​​អា​​​​​​​​ហ្នឹងជាសំណួររបស់ខ្ញុំ ដូច្នេះគួរទាំងអស់គ្នាអង្គុយជជែកគ្នា ជាជាងចង្អុលមុខដាក់គ្នា និងជាជា​​ងស្វែងរ​​ភាពចំណេញខាងនយោបាយ»។

មិនខុសគ្នាដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួន កាល​​ពី​ថ្ងៃ​​​​​ម្សិល​​មិញថា កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនលើវិស័យសិទ្ធិមនុស្សនេះ ដោយធានាបាន​​នូវ​​សិ​​ទ្ធិ​​​​​មនុស្សជាមូលដ្ឋាន។

យ៉ាងនេះក្ដី ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានថ្លែង​​នៅក្នុងកិច្ច​​ប្រជុំ​​​​ម​​​ហាសន្និបាតអង្គការសហប្រជាតិ កាលពីដើមខែមីនា ឆ្នាំ២០២១ ដោយចាត់ទុកថា បញ្ហាសិទ្ធិ​​មនុ​​ស្ស​​នៅ​​កម្ពុជានៅមានភាពអន់ថយ និងមិនដូចអ្វីដែលរដ្ឋាភិបាលថ្លែង​​ការពារនោះទេ។

នៅថ្ងៃសុក្រនេះ គណបក្សខ្មែររួបរួមជាតិ ក៏បានចេញសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនដែរ ដោយអំពាវនាវ​​ទៅ​​ភាគីពាក់ព័ន្ធ និងពលរដ្ឋ ចូលរួមលើកកម្ពស់ដើម្បីធានាឱ្យមានយុត្តិធម៌សង្គម ប្រជាធិបតេយ្យ សេរី​​ព​​ហុ​​​បក្ស និងសេរីភាព។

ស្របពេលមានកង្វល់អំពីការធ្លាក់ចុះនៃបញ្ហាសិទ្ធិមនុស្សនេះ កាលពីដើមខែសីហា ឆ្នាំ២០២១ រដ្ឋាភិ​​បា​​ល ក៏សម្រេចលុបទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ​នេះ ចេញពីប្រតិទិនឈប់​​សម្រាប់​​បុណ្យជាតិដែ​​រ។ នៅ​​ចំពោះ​​​មុខនេះ លោក ផៃ ស៊ីផាន លើកឡើងថា ការលុបទិវាសិទ្ធិមនុស្ស ១០ធ្នូនេះ ក៏ព្រោះតែ​ចៀសវាង​​ចំ​​ពោះ​កា​​រ​​ចោ​​​​​ទប្រកាន់​​ពីការឈប់សម្រាកហួសប្រមាណ ដែលនាំឱ្យប៉ះពាល់ទៅដល់ការបាត់បង់​ផលប្រយោ​​ជ​ន៍​​​រ​​​ប​ស់​​​កម្មករ និង​​អ្នក​​​វិ​និ​​​​​​យោគ។

ម្យ៉ាងវិញទៀត រដ្ឋាភិបាលធ្លាប់ថ្លែងការពារពីការលុបទិវាសិទ្ធិមនុស្ស ១០ ធ្នូនេះ ថាទិវាអន្តរជាតិនេះមិន​​បាត់ទៅណានោះទេ ហើយពលរដ្ឋនៅតែអាចរៀបចំខួបទិវានេះបានដូចរដ្ឋាភិបាលអនុវត្តដែរ។

យ៉ាងនេះក្តី សម្រាប់ក្រុមអង្គការមិនមែនរដ្ឋាភិបាលនៅតែទទូចចង់ឱ្យដាក់បញ្ចូល​ទិវាសិទ្ធិមនុស្ស​​អន្ត​រ​​ជា​តិ ១០ធ្នូនេះ ទៅក្នុងប្រតិទិនសម្រាប់ថ្ងៃឈប់សម្រាកបុណ្យ​​ជាតិវិញ។ ការទាមទារនេះ ដោយ​​ពួកគេ​​យ​​ល់​​​ឃើ​ញ​​ថា ដើម្បី​​បង្ហាញទៅសាធារណជនកុំភ្លេចទិវាដ៏ចាំបាច់មួយនេះ ហើយវាជាច្បាប់​​សកលថែម​​ទៀត​​ផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ