យុវជន​មួយក្រុម​ប្រើប្រាស់​បណ្ដាញសង្គម​ដើម្បី​កៀរគរ​ឱ្យ​មាន​ការចូលរួម​ប្រមូល​សំរាម​នៅ​តាមច្រាំងទន្លេមេគង្គ

បុគ្គលិកប្រមូលសំរាមចេញពីទូកដឹកសំរាមមួយគ្រឿង នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ (ហ៊ាន រង្សី)

យុវជនមួយក្រុមក្នុងរាជធានីភ្នំពេញ ចំនួន៣០០នាក់ ដែលមានការមិនសប្បាយចិត្តនឹងសំរាមនៅតាមច្រាំងទន្លេមេគង្គ កំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីកៀរគរឱ្យមានការចូលរួមសម្អាត ខណៈមានកិច្ចខិតខំប្រឹងប្រែងមួយផ្សេងទៀតក្នុងការប្រមូលសំរាមដោយប្រើទូក។

លោក ហែម សុភេម អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានភាសាបរទេស បានចាប់ផ្តើមរើសសំរាមនៅតាមច្រាំងទន្លេមេគង្គ ហើយបង្ហោះវីដេអូនៅលើបណ្ដាញសង្គមហ្វេសប៊ុក និង TikTok កាលពីខែមិថុនា។

នៅក្នុងវីដេអូថ្មីមួយដែលបានបង្ហោះលើទំព័រហ្វេសប៊ុកដែលមានឈ្មោះថា «និស្សិតប្លាស្ទិច Nisset Plastic» លោក សុភេម គ្រវីក្បាលនៅកន្លែងចោលសំរាម ពាក់ស្រោមដៃប្លាស្ទិក និងលើកដៃត្រដាងឡើងមុនពេលច្របាច់ដបប្លាស្ទិក និងប្រអប់ដាក់អាហារចូលទៅក្នុងថង់ពណ៌បៃតង បន្ទាប់​មក​លោក​ជាន់ថង់​នោះ​ឱ្យ​ណែន។ ចំណង​ជើងនៅលើទំព័រហ្វេសប៊ុកសរសេរថា «ពូប្លាស្ទិចទៅហែលទឹកស្ទឹងថ្ងៃនេះ»

លោក​បាន​និយាយ​ក្នុង​បទ​សម្ភាស​មួយ​ថា៖ «ខ្ញុំ​ចូល​ចិត្ត​រើស​សំរាម​នៅ​ពេល​ដែល​មនុស្ស​កំពុង​បរិភោគ។ ខ្ញុំចង់បង្ហាញពីសកម្មភាព។ នៅពេលដែលមនុស្សឃើញសកម្មភាពរបស់យើង ពួកគេមានអារម្មណ៍ថាមានកំហុស»។

លោកបាននិយាយថា ចាប់តាំងពីខែមិថុនាមក ទំព័រហ្វេសប៊ុកនេះ [និស្សិតប្លាស្ទិច Nisset Plastic] បានជួយទាក់ទាញមនុស្សប្រហែល៣០០នាក់ឱ្យចូលរួមក្នុងក្រុមតេឡេក្រាមរៀបចំការសម្អាត ដែលលោកដឹកនាំយុវជនផ្សេងទៀតក្នុងការរើសសំរាមពីម៉ោង៤ ដល់ម៉ោង៥និង៣០នាទីល្ងាច នៅថ្ងៃចុងសប្ដាហ៍។ ដើម្បីស្វែងរកកន្លែងសម្អាត លោក សុភេម ធ្វើដំណើរជុំវិញទីក្រុង ស្វែងរកកន្លែងដែលមានសំរាមច្រើន។

លោកបាននិយាយថា នៅពេលដែលទំព័រហ្វេសប៊ុករបស់លោកដែលមានឈ្មោះថា «និស្សិតប្លាស្ទិច Nisset Plastic» ទទួលបានការចាប់អារម្មណ៍ មានមនុស្សកាន់តែច្រើនឡើងស្នើសុំចូលរួម។ ទំព័រហ្វេសប៊ុកនេះមានអ្នកតាមដាន (followers) ប្រហែល១៨ ០០០នាក់ ហើយវីដេអូដែលបានបង្ហោះថ្មីៗនេះមានអ្នកចូលចិត្ត (Like) ជិត៤០ ០០០នាក់។

លោក​បាន​និយាយ​ថា​៖ «​ដំបូង​ ខ្ញុំ​រើស[​សំរាម] តែ​ម្នាក់​ឯង​។ មួយរយៈក្រោយមក មានមនុស្សពីរនាក់ទៀត»។

លោក​បាន​បន្ថែម​ថា៖ ​«​ខ្ញុំ​ចង់​ឱ្យ​មនុស្ស​ផ្លាស់ប្តូរ​ឥរិយាបថ​។ មានប្លាស្ទិករាប់លាននៅលើផ្លូវ។ មធ្យោបាយតែមួយគត់ គឺផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស ដោយការបង្ហោះវីដេអូនៅលើបណ្តាញសង្គម»។

លោក​បាន​បន្ត​ថា នៅ​កន្លែង​ដែល​លោក និង​ក្រុម​របស់​លោក​បាន​សម្អាតរួចហើយ សំរាម​បាន​ចាប់ផ្ដើមគរ​ឡើង​វិញ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ។ ថ្មីៗ​នេះ ក្រសួង​បរិស្ថាន​បាន​ចាប់​ផ្ដើម​បញ្ជូន​រថយន្ត​ប្រមូលសំរាម​ដែលក្រុមរបស់លោកបានប្រមូល។

ទន្ទឹមនឹងនោះមានកិច្ចខិតខំប្រឹងប្រែងប្រមូលសំរាមមួយផ្សេងទៀតនៅតាមដងទន្លេមេគង្គចាប់តាំងពីខែមីនា ដោយមានទូកប្រមូលសំរាមសរុបពី ២ ទៅ ៣ តោន ក្នុងមួយថ្ងៃ នៅតាមទន្លេ និងច្រាំងទន្លេ។

លោក នូ សុវណ្ណ នាយកប្រតិបត្តិនៃអង្គការសម្អាតទន្លេ សមុទ្រ (River Ocean Cleanup) មានប្រសាសន៍ថា ក្នុងមួយទូកមានមនុស្សពីរនាក់បើក ដោយមានរ៉ឺម៉កកង់បីរង់ចាំនៅលើច្រាំងដើម្បីដឹកសំរាម។ ​មនុស្ស​ចំនួន១៤​នាក់​ធ្វើ​ការ​រៀង​រាល់​ថ្ងៃ​ដើម្បី​បែង​ចែក​សំរាម​បន្ទាប់​ពី​ប្រមូល​ពី​ទន្លេ។

លោក នូ សុវណ្ណ បាននិយាយថា មនុស្សបោះចោល «អ្វីៗជាច្រើន» ទៅក្នុងទន្លេ ដែលបំពុលទឹក និងប៉ះពាល់ដល់បរិស្ថាន។

លោកបន្តថា៖ «ខ្ញុំរស់នៅបឹងត្របែក ហើយទឹកមានសារៈសំខាន់ណាស់។ ម្តាយ​និង​ក្រុម​គ្រួសាររបស់ខ្ញុំ​ពឹង​ផ្អែក​លើ​ទឹក។ ដូច្នេះ នោះហើយជារបៀបដែលខ្ញុំភ្ជាប់ខ្លួនឯងទៅនឹងទឹក។ ខ្ញុំ​បាន​ឃើញ​សំរាម​តាំងពីក្មេង​នៅ​បឹង​ត្របែក ហើយ​មាន​សំរាម​ច្រើន​នៅ​ទី​នោះ»។

លោក​បន្ត​ថា៖ ​«​ពេល​ខ្លះ​ យើង​មិន​គិតថាមានសំរាមច្រើនបែបនេះទេ។ មនុស្សនៅតែបំពុល ហើយ [មិន] ផ្លាស់ប្ដូរអាកប្បកិរិយារបស់ពួកគេ។ ពួក​គេ​គួរ​តែ​សម្អាតសំរាម​ដែល​មាន​នៅ​ក្នុង​ទន្លេ»។

អង្គការរបស់លោក នូ សុវណ្ណ ធ្វើការជាមួយគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងបរិស្ថាន។ គោលដៅរបស់ស្ថាប័នទាំងនេះ គឺដើម្បីប្រើប្រាស់ថវិកាសរុបប្រហែល ៦លានដុល្លារ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ តាមរយៈការបរិច្ចាគឯកជន។ បច្ចុប្បន្ន លោក នូ សុវណ្ណ កំពុងផ្តល់មូលនិធិដល់ប្រតិបត្តិការរបស់អង្គការសម្អាតទន្លេ សមុទ្រ [River Ocean Cleanup] ដោយប្រាក់ផ្ទាល់ខ្លួនរបស់លោក និងប្រាក់មួយចំនួនដែលទទួលបានពីការបរិច្ចាគ។

លោក នូ សុវណ្ណ មានប្រសាសន៍ថា៖ «បេសកកម្មនេះអាស្រ័យលើមនុស្សគ្រប់រូប ទាំងរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ប្រជាជនកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យការសម្អាតទន្លេនេះទទួលបានជោគជ័យក្នុងរយៈពេលវែង ឆ្ពោះទៅកាន់ទន្លេដែលគ្មានកាកសំណល់ក្នុងរយៈពេលប្រាំឆ្នាំ»។

ក្រៅពីការប្រមូលសំរាមដោយប្រើទូក អង្គការក៏ពឹងផ្អែកលើបណ្ដាញប្រជាពលរដ្ឋដែលប្រមូលសំរាមតាមមាត់ទន្លេ ដោយផ្តល់ប្រាក់៣០០រៀលក្នុងសំរាមមួយគីឡូក្រាម។

សំរាមប្រហែល ១៥០តោន ស្ថិតនៅក្នុងឃ្លាំងរបស់អង្គការ ដែលត្រូវបានបែងចែករវាងវត្ថុដែលអាចកែច្នៃឡើងវិញបាន និងមិនអាចកែច្នៃឡើងវិញបាន និងបញ្ជូនទៅកន្លែងគ្រប់គ្រងសំណល់របស់ក្រុមហ៊ុន ជីប ម៉ុង ដោយមានប្រហែលពី ៥ ទៅ ១០តោន ត្រូវបានយកចេញពីឃ្លាំងក្នុងមួយសប្តាហ៍។​

លោក​ នូ សុវណ្ណ បាននិយាយថា គោល​ដៅ​របស់​អង្គការ​ គឺ​ប្រមូលសំរាមឱ្យ​បាន​ ៥ ០០០ តោន​ពី​ទន្លេ​មេគង្គ​ ក្នុង​រយៈ​ពេល​៥​ឆ្នាំ។ លោក​បាន​បន្ថែម​ថា មាន​សំរាម​ច្រើន​ទៀត​នៅ​ក្រោម​ទឹក ដែល​មនុស្ស​មើល​មិន​ឃើញ។

លោក​បាន​ថ្លែង​ថា​៖ «​រដ្ឋាភិបាល​រីករាយ​ដែលយើង​ធ្វើយុទ្ធ​នាការនេះ។ ទោះយ៉ាងណា ​អ្វី​ដែល​យើង​ចង់​បាន​ គឺ​ជួយ​អប់រំ​ប្រជាពលរដ្ឋក្នុង​មូលដ្ឋាន​ឱ្យ​ចេះ​គ្រប់គ្រង​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ»។

លោក​បន្ថែម​ថា៖ «យើង​ចង់​បង្ហាញឱ្យ​សង្គមឃើញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​យើង​ពី “ក” ដល់ “អ” ដើម្បី​សម្រេច​បាន​នូវ​ “​កាកសំណល់សូន្យ”»៕


បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ With TikTok and Trash Boats, Cleanup Efforts Target Mekong

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ