ពលរដ្ឋ៧នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន​ពាក់ព័ន្ធ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​នៅ​ខេត្តឧត្ដរមានជ័យ

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខនិង​កម្លាំង​សមត្ថ​កិច្ច​ការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់ និង​អាជ្ញាធរ​ នៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ។

មន្ត្រីសិទ្ធិមនុស្សបានឱ្យដឹងថា ពលរដ្ឋចំនួន៧នាក់ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី១២ ខែធ្នូនេះ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមួយ នៅឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ។

នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូឌីថា កាលពីថ្ងៃទី១០ ខែធ្នូ​ កម្លាំងកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ បានចាប់ខ្លួនពលរដ្ឋ ៧នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ចម្ការ​កៅស៊ូ«សុខ សំណាង»។ លោកថា នៅថ្ងៃចន្ទនេះ តុលាការបានឃុំខ្លួនពលរដ្ឋទាំង៧នាក់​នោះនៅពន្ធនាគារខេត្តជាបណ្តោះអាសន្ន។

មន្ត្រីការពារសិទ្ធិមនុស្សរូបនេះបន្តថា នេះមិនមែនជាលើកទី១នោះទេ ដែលកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យចាប់ខ្លួនពលរដ្ឋ ជុំវិញរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូនេះ។ លោកថា តាមព័ត៌មានដែលលោកទទួលបាន គឺការចាប់ខ្លួននេះមានទាំងការប្រើអំពើហិង្សាលើពលរដ្ឋផងដែរ។

លោក អំ សំអាត លើកឡើងថា បញ្ហាជម្លោះដីធ្លី អាជ្ញាធរគួរតែដោះស្រាយតាមសន្តិវិធី មិនគួរណាប្រើប្រាស់អំពើហិង្សា និងចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារនោះទេ ដែលនាំឱ្យមានការរិះគន់បន្ថែមទៀតថា កម្ពុជានៅតែបន្តរំលោភសិទ្ធិមនុស្ស។

លោកបន្ថែមថា៖ «ខ្ញុំយល់ថា បើសិនយើងព្យាយាមដោះស្រាយតាមសន្តិវិធីឱ្យអស់ពីលទ្ធភាពនោះ វាប្រសើរជាងប្រើប្រាស់កម្លាំងចាប់បង្ខំ បង្កឱ្យមានអំពើហិង្សា និងការចាប់ខ្លួនដាក់ពន្ធនាគារ ដែលវានាំឱ្យមានការរិះគន់បន្ថែមទៀតពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស ហើយក៏មិនអាចដោះស្រាយវិវាទដីធ្លីនេះបានដែរ។ ផ្ទុយទៅវិញ វាកាន់តែបង្កភាពលំបាកដល់ប្រជាពលរដ្ឋបន្ថែមទៀត»

ពលរដ្ឋដែលសុំមិនឱ្យប្រាប់ឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់វីអូឌីថា ក្នុងហេតុការណ៍កាលពីថ្ងៃទី១០ ខែធ្នូនោះ គឺកម្លាំងកងរាជអាវុធហត្ថបានចុះដុតផ្ទះពលរដ្ឋ និងចាប់ខ្លួនពលរដ្ឋចំនួន៨នាក់ ហើយបានប្រើហិង្សាឱ្យពលរដ្ឋម្នាក់រងបួសធ្ងន់ផងដែរ។

ពលរដ្ឋបន្ថែមថា៖ «ពេលនេះ យើងមិនទាន់ដឹងពីស្ថានភាពសុខភាពបងប្រុសម្នាក់ឈ្មោះ “ដា” ដែលវាយត្រូវខ្លាំងហ្នឹង ថាសុខភាពគាត់ឥលូវយ៉ាងម៉េចហើយទេ! ព្រោះពេលហ្នឹងគេវាយនឹងដំបងដែក ហើយឈាមស្រោចពេញខ្លួន ហើយសន្លប់ ហើយគេលើកដាក់លើឡាន មិនដឹងថាគេបានបញ្ជូនគាត់ទៅពេទ្យឬក៏អត់»

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ពីកងរាជអាវុធហត្ថខេត្ត និងតុលាការខេត្តឧត្តរមានជ័យ បានទេ នៅថ្ងៃចន្ទនេះ។

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខ និង​កម្លាំង​សមត្ថ​កិច្ចប្រដាប់ដោយកាំភ្លើងដែលការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ«សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់និងអាស្រ័យផលនៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខណៈអាជ្ញាធរចុះឈូសឆាយផ្ទះ និងផលដំណាំរបស់ពលរដ្ឋ។

កាលពីថ្ងៃទី៧ ខែធ្នូ​ ពលរដ្ឋ​​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ​អះអាងថា អាជ្ញាធរបានគំរាមចាប់ខ្លួន និងឈូសឆាយលំនៅឋានរបស់ពួកគាត់​​ចោល ប្រសិន​បើ​ពួក​គាត់​មិ​នព្រមរុះរើផ្ទះចេញពីដីដែលកំពុង​មាន​ជម្លោះជាមួយក្រុមហ៊ុន។

បើតាមពលរដ្ឋ ក្រោយមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរយៈពេលជាង១ឆ្នាំមកនេះ គឺធ្លាប់មានការប៉ះទង្គិចគ្នារវាងពលរដ្ឋនិងសមត្ថកិច្ចជាច្រើនដងហើយ និងមានពលរដ្ឋប្រមាណ២០នាក់ហើយត្រូវបានចាប់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ