អ្នកភូមិស្នា​សង្គ្រាម​ជាង​៧០គ្រួសារ​ដាក់​ស្នាមមេដៃ​ជាថ្មី ស្នើ​ឱ្យ​ដោះស្រាយ​រឿង​ដីធ្លី​ក្រោយ​អាជ្ញាធរ​បដិសេធ

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋជិត១០០នាក់ តំណាង​ពលរដ្ឋ​ជាង​៧០គ្រួសារ នៅភូមិ​ស្នា​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​​ប្រាសាទ​​បាគង ខេត្តសៀម​រាប ដែល​អះ​អាង​ថាកំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បានដាក់ស្នាមមេដៃជាថ្មីទៀតទៅអាជ្ញាធរឃុំ និងស្រុក នៅថ្ងៃនេះ ដើម្បីស្នើសុំដោះស្រាយបញ្ហា​ដីធ្លី ក្រោយអាជ្ញាធរបដិសេធ។

កាលពីពាក់​កណ្ដាល​ឆ្នាំ​២០២២​នេះ ប្រជា​ពលរដ្ឋដែល​អះ​អាង​ថា​មានចំនួន២១​០​គ្រួសារ នៅឃុំបល័្លង្ក ដែលមានដីអាស្រ័យ​ផលទំហំ១៦០ហិកតា ស្ថិតក្នុង​​ភូមិ​ធម្មជាតិ​រុនតា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី បាននាំគ្នាតវ៉ាជាបន្តបន្ទាប់ ដើម្បីទាមទារទៅអាជ្ញាធរខេត្តសៀមរាប ដោះស្រាយ​បញ្ហា​ដីធ្លីជូ​ន​ពួក​គេ ដោយអះអាងថា អាជ្ញាធរជាតិអប្សរា​បាន​ហ៊ុមព័ទ្ធ​យក​តាំង​ពី​ឆ្នាំ២០០៥ ដោយ​គ្មាន​ការដោះស្រាយសំណង។

លោក សំ មុំ ជា​ពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម ប្រាប់វីអូឌីនៅថ្ងៃចន្ទនេះថា ក្រោយ​ពី​ពលរដ្ឋតវ៉ា​ជាបន្តបន្ទាប់មកនេះ គឺអាជ្ញាធរទទួលយក​សំណើ និង​ដោះស្រាយជូនពលរដ្ឋតែ៤៣គ្រួសារ​ប៉ុណ្ណោះ ខណៈសំណើ​របស់​ពលរដ្ឋជាង១០០​គ្រួសារផ្សេង​ទៀត​ត្រូវបានបដិសេធចោល ក្រោមហេតុផលថាមិនបានតវ៉ាតាំងពីដំបូង។

ពលរដ្ឋរូបនេះឱ្យដឹងថា នៅថ្ងៃនេះ អ្នកភូមិចំនួន​៧៣គ្រួសារបាននាំគ្នាផ្ដិតស្នាម​មេដៃ​ដាក់ទៅ​រដ្ឋបាល​ឃុំ​បល័្លង្ក និង​រដ្ឋបាល​ស្រុកប្រាសាទបាគង ជាថ្មីទៀត ដើម្បី​ជំរុញឱ្យ​មាន​ការ​ដោះ​ស្រាយ​ដីធ្លី​ជូន​ពួក​គេ ប៉ុន្តែខាងអាជ្ញាធរឃុំ និងស្រុក មិនបានទទួលសំណើរបស់ពលរដ្ឋឡើយ។

លោកបន្ថែមថា៖ «ពលរដ្ឋ​គាត់​បាន​បាត់​បង់​ដី​ពិត​ប្រាកដមែន​ហើយ ប៉ុន្តែពួកគាត់មួយចំនួនធំមិនបានតវ៉ាតាំងពីដំបូង ដោយ​សារ​ពួក​គាត់​ភ័យ​ខ្លាច​ ក្រោយអាជ្ញាធរគាត់គំរាមកំហែង»

ពលរដ្ឋ​រស់​នៅ​ភូមិស្នាសង្គ្រាម អ្នកស្រី ហ៊ន់ វុន អះ​អាង​ថា ក្នុង​ចំណោម​ពលរដ្ឋ២១០គ្រួសារ​នោះ គឺ​ពេល​នេះ​មាន​ពលរដ្ឋខ្លះ​បាន​បោះ​បង់​ការ​តវ៉ា ​ដោយសារ​បារម្ភ​ពី​សុវត្ថិ​ភាព និង​មួយ​ចំនួន​ទៀតបោះបង់​ការ​ត​វ៉ា ​ក្រោយ​ឪពុកម្តាយរបស់ពួកគេទទួលបានការដោះស្រាយពីអាជ្ញាធរ។

អ្នកស្រីបន្តថា ពលរដ្ឋ​ ៤៣​គ្រួសារ ​ដែល​​អាជ្ញាធរ​​សន្យា​​​ដោះ​​ស្រាយ​​ជូន​​នោះ គឺ​១គ្រួសារ​ទទួល​បាន​ដី​ ២០ម៉ែត្រ គុណ ​៣០​ម៉ែត្រ​​ប៉ុណ្ណោះ ខណៈ​អ្នកភូមិប៉ះពាល់ដី ១៦០ហិកតា

លោកបន្ថែមថា៖ «បើថាដោះ​ស្រាយ​ឱ្យ​តែ​៤៣គ្រួសារ ក៏ដោះទៅ! ប៉ុន្តែ​សុំផ្ដល់ដី​១៦០ហិកតាឱ្យយើងឱ្យគ្រប់មក យើងអត់​ដាក់​ពាក្យ​សុំ​តវ៉ា​ទៀត​ទេ។ ចុះបើ​ឱ្យ​ដី​តែ​តិច​មួយ​ចេះ ចែកគ្នាម៉េច​គ្រប់? ខ្ញុំសូមអំពាវនាវដល់​សម្តេច ហ៊ុន សែន ដែលកំពុ​ង​គ្រប់គ្រង​កូនចៅនេះ សូមឱ្យ​ឪ​ជួយ​ដោះស្រាយឱ្យកូនចៅផង ដើម្បី​បានចែកកូនចៅខ្លះ ព្រោះពួកយើងកូនច្រើនណាស់ បើឱ្យតិចពេក ចែកកូនមិនគ្រប់ទេ»

មេឃុំបល្ល័ង្ក អ្នកស្រី ឡែម ណាត និងអភិបាលរងស្រុកប្រាសាទបាគង លោក និម សុវ៉ាន ប្រាប់ថាជាប់រវល់ប្រជុំ មិនអាចនិយាយ​បាន ខណៈអភិបាលស្រុក លោក សូរ ផ្លាតុង ទូរសព្ទ​ចូល គ្មានអ្នកទទួល។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា រឿង​រ៉ាវ​ជម្លោះដី​ធ្លី​រវាង​ពលរដ្ឋ និង​អាជ្ញាធរ​ជាតិ​អប្សរានោះ ត្រូវបាន​អាជ្ញាធរពាក់ព័ន្ធដោះស្រាយចប់ជាច្រើនឆ្នាំមកហើយ។ លោកថា ករណីពលរដ្ឋតវ៉ានេះ គឺជាការបង្កើតឡើងថ្មីទៀត ហើយពលរដ្ឋទាំងនេះពុំមានឯកសារ ឬភស្តុតាង​ បញ្ជាក់​ថាពួក​គេប៉ះពាល់ដីធ្លី​នោះ​ទេ​។ លោកថា ករណីនេះ​ អាជ្ញាធរ​មិន​អាច​ដោះ​ស្រាយ​ជូន​បាន​ឡើយ។

លោក​បន្ថែម​ថា៖ «រឿងនេះជាការបង្កើតឡើងថ្មី ហើយ​មិន​មាន​ប្រភព​បញ្ជាក់ព័ត៌មានច្បាស់លាស់​នៃ​ការ​ទាម​ទារ​របស់​ពួកគាត់​ច្បាស់​លាស់​ទេ។ អ៊ីចឹង​ខ្ញុំ​មិន​ដឹង​ថាត្រូវដោះស្រាយយ៉ាងម៉េច​ទេ ព្រោះក​ន្លង​មក គេមានចំណុចដែលត្រូវដោះស្រាយ គេបានចាត់ចែងដោះស្រាយរួចរាល់ហើយ។ បើពួកគាត់មកបង្កើតឡើងថ្មី​អ៊ីចឹង​ទៀត ខ្ញុំក៏មិនដឹងថាដោះស្រាយម៉េច​ដែរ»

មន្ត្រីឃ្លាំមើលការ​រំលោភ​សិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាប លោក សួស ណារិន មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរពា​ក់ព័ន្ធ​នៅ​ថ្នាក់​ខេត្ត​ មិន​ដោះស្រាយ​ឱ្យ ហើយ​ពលរដ្ឋយល់​ថាជាភាព​​អយុត្តិធម៌​នោះ គឺ​ពលរដ្ឋ​អាច​ដាក់​បណ្ដឹង​ទៅ​អាជ្ញាធរ​ថ្នាក់​​ជាតិ​​​ ឱ្យ​ជួយ​ដោះស្រា​យ​បន្ត​ទៀត​បាន។

យ៉ាងណា មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សរូបនេះ បានទទូច​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ពិចារណា​ដោះស្រាយ​ជូន​ពលរដ្ឋដោយ​ចៀស​វាង​ការ​គំរាម​កំហែង កា​រ​ប្រើហិង្សា ការ​ចោទ​ប្រកាន់ និងការចាប់ខ្លួន ជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែជួបទុក្ខលំបាកបន្ថែមទៀត។

លោកបន្ថែមថា៖ «កាលណាគា​ត់​ដាក់​បណ្ដឹង​ទៅ​ថ្នាក់​ជាតិ ខាង​ថ្នាក់ជាតិ​​អាច​ចាត់​តាំង​មន្ត្រី​ឱ្យ​ចុះមកស្រាវជ្រាវ​ស្វែងរក​ការ​ពិត ហើយ​លទ្ធផល​យ៉ាងណាៗ ខ្ញុំមិនហ៊ានថា​ទេ ព្រោះរឿងនេះ អាជ្ញាធរជាតិ​អប្សរា​ គេបដិសេធហើយ គេបញ្ចប់ហើយ អត់មានសើរើ​អីទៀត​ទេ»

កាលពីថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មេភូមិ​​ស្នា​​​សង្គ្រាម លោក ពេញ ព្រូន ត្រូវបាន​ថ្នាក់​លើ​​ដ​ក​​ចេញ​ពី​តំណែង ក្រោយ​ចេញ​​មុខ​​តវ៉ា​ទាម​​ទារ​​រកដំណោះស្រាយដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​ជាង ​២១០​គ្រួសារ​ នៅតំបន់អភិវឌ្ឍន៍រុនតាឯក។

អតីត​មេភូមិ​រូ​ប​​នោះអះអាង​​ថា កាល​​​ពី​​​ឆ្នាំ​​២០០៥ អាជ្ញាធរជាតិអប្សរា បានហ៊ុមព័ទ្ធយកដីស្រែរបស់ពួកគាត់អស់ ​១៦០ហិក​តា ដោយ​​​សន្យា​ផ្តល់​​សំណង​​ជូន​​ពួក​​គាត់​​ពី ​៥០០​ដុល្លារ ទៅ ៧០០​ដុល្លារ ​​ក្នុង​១ហិកតា ប៉ុន្តែរហូតមកដល់ឆ្នាំ២០២២ ស្ថាប័នមួយនេះពុំបានផ្តល់សំណងជូនពលរដ្ឋឡើយ ក្នុងនោះ​ គ្រួសាររបស់​លោក ក៏បា​ន​បាត់​បង់​ដី​ស្រែ​១,៥​ហិកតា​​​​ផង​ដែរ ដែល​ធ្វើឱ្យលោក​ចេញតវ៉ា​ជាមួយប្រជាពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ