នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា លោកមិនដែលធានាដល់នរណាម្នាក់ថា លោកនឹងជួយដោះស្រាយរឿងក្ដីរបស់ពួកគេនៅតុលាការឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។
លោក Anwar បានថ្លែងថា៖ «ខ្ញុំមិនដែលធានាដល់នរណាម្នាក់ថា ពួកគេនឹងរួចផុតពីទណ្ឌកម្មឡើយ លុះត្រាតែមានការសម្រេចដោយចៅក្រមប្រកបដោយសេរីភាព និងយុត្តិធម៌»។
លោកបន្ថែមថា ភ្នាក់ងារអនុវត្តច្បាប់នៅក្នុងប្រទេស ត្រូវមានសេរីភាពពេញលេញក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន។
លោកបន្ថែមថា លោកនឹងធានាថា អង្គភាពនានា ដូចជា អង្គជំនុំជម្រះ អគ្គមេធាវី និងគណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) តែងតែមានតម្លាភាពក្នុងការអនុវត្តភារកិច្ចរបស់ខ្លួន និងថាគ្មាននរណាម្នាក់អាចគេចផុតពីការផ្តន្ទាទោស ដែលធ្វើឡើងដោយតុលាការនោះទេ។
លោក Anwar ក៏បានបង្ហាញទំនុកចិត្តថា លោកអាចរំដោះប្រទេសចេញពីអំពើពុករលួយ ហើយលោកបានព្រមានរដ្ឋមន្ត្រីខុទ្ទកាល័យរបស់លោកថា អ្នកណាដែលពាក់ព័ន្ធនឹងសំណូក ឬការប្រើអំណាចមិនត្រឹមត្រូវ នឹងត្រូវបណ្តេញចេញភ្លាមៗ។
គួរបញ្ជាក់ថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) វ័យ៧៥ឆ្នាំ ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយព្រះមហាក្សត្រ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីលោកឈ្នះក្នុងការបោះឆ្នោតសកល។
លោក Anwar បានក្លាយជាឧបនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ក្នុងឆ្នាំ១៩៩០ ក៏ប៉ុន្តែលោកត្រូវបានបណ្តេញចេញពីតំណែងនៅឆ្នាំ១៩៩៨ ដោយត្រូវបានចោទប្រកាន់ថាស្រឡាញ់ភេទដូចគ្នា និងពីបទប្រព្រឹត្តអំពើពុករលួយ៕












