អង្គការផ្នែកសារព័ត៌មានក្នុងបណ្ដាប្រទេសអាស៊ានចង់ឱ្យរួមគ្នាការពារសេរីភាពអ្នកសារព័ត៌មាន

នាយកប្រតិបត្តិ​សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី ថ្លែងក្នុងសន្និសីទថ្នាក់តំបន់ស្ដីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការការពារសេរីភាពសារព័ត៌មាននៅអាស៊ីអាគ្នេយ៍» រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អង្គការសារព័ត៌មានក្នុងបណ្ដាប្រទេសអាស៊ានចំនួន​៥ បានជួប​ពិ​ភាក្សា និងស្វែងរកគោលដៅរួមគ្នា ដើម្បី​សហប្រតិបត្តិការ និងការការពារសេរីភាពសារព័ត៌មាននៅក្នុងតំបន់មួយនេះ។ ​

​សិក្ខាសាលាអង្គការសារព័ត៌មានថ្នាក់តំបន់ បានរៀបចំនៅថ្ងៃចន្ទ ដោយមាន​ស្ថាប័នអង្គការសមាគមសារព័ត៌មានចំនួន៦ មកពី៥ប្រទេស ដូចជា កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ទីម័រលេស្ត និងហ្វីលីពីន ធ្វើឡើងក្នុងគោលបំណង​រួមគ្នាដោះស្រាយបញ្ហាប្រឈម​ដែលកំពុងកើតមានទៅលើអ្នកសារព័ត៌មាន។​ 

​នាយកប្រតិបត្តិ​សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី បានលើកឡើងថា ​នៅបណ្ដាប្រទេស​អាស៊ីអាគ្នេយ៍ ​ប្រព័ន្ធផ្សព្វផ្សាយ​បានជួបបញ្ហាប្រឈមស្រដៀងៗគ្នា។ ​ ជាក់ស្ដែង​ មេដឹកនាំ​ប្រទេស​ភូមា និងប្រទេស​ថៃ ​មិនមែនជាមេដឹកនាំ​បែបស៊ីវិលនោះទេ ហើយអនាគតប្រទេសកម្ពុជា​ក៏ស្រដៀងគ្នានេះដែរ។​ ដូច្នេះ​​ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែក​ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសណាមួយបាន គឺទាមទារឱ្យមានការដោះស្រាយថ្នាក់តំបន់ផងដែរ។​

លោកថា៖ « អ៊ីចឹងបានជាខ្ញុំនិយាយថា​ វាមិនមែនតែជាបញ្ហានៅក្នុងប្រទេស​ ហើយក៏ជាបញ្ហានៅថ្នាក់តំបន់ដែរ​។ ដូ​ច្នេះដើម្បីដោះស្រាយបញ្ហាថ្នាក់តំបន់​ ដើម្បីដោះស្រាយបញ្ហានៅប្រទេសណាក៏ដោយ​ យើងត្រូវដោះស្រាយកម្រិតតំបន់ជាមុន​»។

​លោក ណុប វី ក៏បានបន្ថែមដែរថា​ ទោះបីជា​កម្ពុជា​មិនមានករណី​ឃាតកម្មទៅលើ​អ្នកសារព័ត៌មាន​ ចាប់​តាំងពី​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ​២០១៩ក្ដី តែជាការកត់សម្គាល់​ ចំនួនអ្នកសារព័ត៌មានដែលត្រូវបាន​យាយី គំរាមកំហែង ចោទប្រកាន់ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ​ជាឧទាហរណ៍ កាលពីឆ្នាំ​២០២១ សមាគមរបស់លោកបានរកឃើញថា ​អ្នកសារព័ត៌មានចំនួន​ ៩៣នាក់ ​ត្រូវបានគេចោទប្រកាន់​ ឃាត់ខ្លួន និងជាប់ពន្ធនាគា​ ដោយមានការចោទប្រកាន់តាមក្រមព្រហ្មទណ្ឌ​។

ចំណែកបញ្ហាមួយទៀត នាយកប្រតិបត្តិ​សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា អះអាង​ថា​ ​កម្ពុជាមិនទាន់អនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ​ដែលធ្វើឱ្យពិបាកទទួលបាន​ប្រភព​ព័ត៌មានពីស្ថាប័ន​រដ្ឋ​ និងមានបញ្ហាជាច្រើនទៀត។

លោក ណុប វី ក៏បានបន្ថែមថា​ អង្គការមកពីប្រទេស​ទាំង៥នេះនឹងចុះកិច្ចព្រមព្រៀងមួយ ដើម្បីតស៊ូមតិ​ និងរួមគ្នា​ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់​អាស៊ាននេះ​។

លោកថា៖ ​«ខ្ញុំគិតថា កិច្ចសហការនេះ​នឹង​ជាយន្តការមួយទៅហើយ​ ហើយយើងឆ្លើយតបចំពោះបញ្ហាដែលកើតមាន ​ដែលអ្នកសារព័ត៌មានជួបប្រទះ។​ ក្រោយពីកិច្ចសហការនេះ យើងក៏បានព្រមព្រៀង និង​ចុះ MOU របស់យើងនៅល្ងាចនេះផងដែរ»។​

ចំណែក​អគ្គលេធិការនៃសម្ព័ន្ធអ្នកសារព័ត៌មានឯករាជ្យ (The Alliance Journalist Independent) ​ ប្រចាំប្រទេសឥណ្ឌូនេស៊ី​ លោកស្រី Ika Ningtyas ក៏បានលើកឡើងដែរថា ​ច្បាប់សារព័ត៌មាននៅប្រទេសឥណ្ឌូនេស៊ី បានបង្កើតឡើងអស់រយៈពេល២០ឆ្នាំមកហើយ​ តែរដ្ឋាភិបាលបានបង្កើត​ច្បាប់ផ្សេងៗ​បន្ថែមទៀត ដែលធ្វើឱ្យ​សេរីភាពសារព័ត៌មានកាន់តែរួមតូចទៅៗ។​

លោកស្រីបន្តថា ​បណ្ដាប្រទេស​អាស៊ានមួយចំនួនក៏មានបញ្ហាដូចគ្នាដែរ ហើយ​​ស្ថាប័នសារព័ត៌មានដែលជួបជុំគ្នាពេលនេះ ត្រូវធ្វើការរួមគ្នា ដើម្បីដោះស្រាយបញ្ហាទាំងនោះឱ្យកាន់តែប្រសើរ​​។

លោកស្រីថា៖ «រដ្ឋាភិបាលប្រទេសអាស៊ានបង្កើត​ឱ្យមានច្បាប់ដែលមានលក្ខណៈ​ស្មុគស្មាញកាន់តែច្រើនឡើងៗ​ ឧទាហរណ៍ដូចជា​ច្បាប់ព្រហ្មទណ្ឌឥណ្ឌូនេស៊ី កម្ពុជា ម៉ាឡេស៊ី​ ច្បាប់ព្រហ្មទណ្ឌថ្មីហ្នឹងពាក់ព័ន្ធទៅនឹង[សេរីភាពសារព័ត៌មាន]​»។

អ្នកស្រីបន្ថែមថា ដើម្បីធ្វើការរួមគ្នាបាន ទាមទារឱ្យមានយន្តការសំខាន់ៗ រួមមាន​​ ការកសាងសមត្ថភាពរបស់អ្នកសារព័ត៌មាន​ទាំងរូបវន្ត និងឌីជីថល​ បណ្ដុះបណ្ដាលអ្នកសារព័ត៌មានឱ្យមានជំនាញ​ក្នុងការត្រៀមការពារ​ពីហានិភ័យផ្សេងៗ និង​ធ្វើយ៉ាងណាឱ្យម្ចាស់ក្រុមហ៊ុន​ព័ត៌មានទាំងនោះបន្ថែមការពារទៅលើ​បុគ្គលិករបស់គេ​។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ​ បានគាំទ្រចំពោះការលើកឡើងជុំវិញ​ការលើកកម្ពស់​ និងការពារដល់អ្នកសារព័ត៌មាន​វិជ្ជាជីវៈ។​ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាបានធ្វើឱ្យប្រសើរឡើង​នូវ​សេរីភាពសារព័ត៌មាន ​តាមរយៈយន្តការច្បាប់ជាតិ និងអន្តរជាតិ ហើយ​ស្ថាប័នសារព័ត៌មានបានកើនឡើងជារៀងរាល់ឆ្នាំផងដែរ​។

លោកបន្តថា៖​ «​តាមរយៈការប្ដេជ្ញាចិត្ត​ដ៏មុតមាំនេះ​ បច្ចុប្បន្នវិស័យព័ត៌មាននៅកម្ពុជា​មានការរីកចម្រើនជាលំដាប់​។ ជាក់ស្ដែង មធ្យោបាយ និងវិសាលភាព​ និងការផ្សព្វផ្សាយ កាន់តែសម្បូរ​បែប​ និងគ្របដណ្ដប់គ្រប់ទីកន្លែង​នៅក្នុងប្រទេសកម្ពុជា និងពិភពលោក»។

របាយការណ៍របស់អង្គការអ្នកកាសែតគ្មានព្រំដែន ចេញផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បង្ហាញថា សេរីភាពសារព័ត៌មានកម្ពុជា ឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោលគឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០ប្រទេសនិងដែនដីនៅលើពិភពលោក។ ចំណាត់ថ្នាក់នេះបង្ហាញដែរថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក ពោលគឺនៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ។

កា​ល​ពី​ដើម​ខែ​សីហា ឆ្នាំ២០២២ ការិយាល័យសិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានចេញរបាយការណ៍មួយដោយរក​ឃើញ​ថា លំហពលរដ្ឋ និងសេរីភាពខាងសារព័ត៌មាន នៅ​​តែ​​ជា​​​គោល​​ដៅ​នៃការវាយប្រហារ និងរឹតត្បិតខ្លាំងពីរដ្ឋាភិបាល​កម្ពុជា ដូចមុនដដែល។ ​

របាយការណ៍ដដែលបន្ថែម​ថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ រដ្ឋាភិបាលបានអនុម័តយ៉ាង​​​ស​​ក​​ម្ម​​​​នូ​​វច្បាប់ដែលមានអំណោយផល ក្នុងការផ្ដល់អំណាចដល់អាជ្ញាធរក្នុងការរឹតបន្តឹងលើ​​​អ្ន​ក​​​សារ​ព័ត៌​មាន និងអ្នកផ្សេងទៀត ឱ្យស្ថិតនៅក្រោមការឃ្លាំមើល ជាពិសេស​ពង្រីក​​​សមត្ថភាព​​រប​​ស់​​​​​រដ្ឋា​​ភិបាល ដើម្បីកាត់បន្ថយការងារប្រព័ន្ធផ្សព្វផ្សាយ និងសេរីភាពក្នុងការបញ្ចេញមតិតាមរយៈ​​តុ​​លា​ការ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ