កាកបាទក្រហមសិង្ហបុរី (SRC) នៅថ្ងៃចន្ទនេះ បានប្រកាសថានឹងជួយសាងសង់ផ្ទះចំនួន១០ខ្នងដែលអាចការពារពីអាកាសធាតុត្រជាក់ ជួយដល់សហគមន៍ដែលកំពុងប្រឈមមុខនឹងអាកាសធាតុត្រជាក់ខ្លាំង នៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ កាកបាទក្រហមសិង្ហបុរី ក៏នឹងផ្ដល់ម៉ាស៊ីនភ្លើង ឧបករណ៍វេជ្ជសាស្ត្រ និងប្រព័ន្ធទឹក និងអនាម័យ ដើម្បីជួយដល់សហគមន៍ងាយរងគ្រោះក្នុងប្រទេសអ៊ុយក្រែនផងដែរ។
លោក បេនចាមីន វីល្លាម (Benjamin Wiliam) នាយកប្រតិបត្តិ នៃកាកបាទក្រហមសិង្ហបុរី បាននិយាយថា៖ «ខណៈជម្លោះបន្តដល់រដូវរងា ប្រជាជនអ៊ុយក្រែនជាច្រើនមិនមានអគ្គិសនីប្រើប្រាស់»។
លោកបន្ថែមថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយម្ចាស់ជំនួយ និងដៃគូ ដើម្បីគាំទ្រដល់គម្រោងដ៏សំខាន់នេះ ដែលនឹងនាំមកនូវជំនួយសង្គ្រោះបន្ទាន់ ក៏ដូចជាផលជះយូរអង្វែង»។
ក្រៅពីការសាងសង់ផ្ទះ កាកបាទក្រហមសិង្ហបុរី ក៏នឹងជួយទិញម៉ាស៊ីនភ្លើងចំនួន៦គ្រឿង និងថ្លៃចំណាយលើប្រេងឥន្ធនៈសម្រាប់ម៉ាស៊ីនភ្លើង ដោយម៉ាស៊ីនភ្លើងទាំងនោះអាចផ្ដល់ថាមពល និងអគ្គិសនី សម្រាប់មនុស្សចំនួន ៧៥០នាក់ ក្នុងមួយថ្ងៃ ហើយនឹងត្រូវបានប្រើដើម្បីផ្ដល់ថាមពលដល់ «ប្រភពថាមពល» ដែលជាកន្លែងផ្ដល់កម្ដៅដ៏សំខាន់សម្រាប់ប្រជាជនអ៊ុយក្រែន និងសាកឧបករណ៍ទំនាក់ទំនង និងឧបករណ៍វេជ្ជសាស្ត្រ។
«ប្រភពថាមពេល» ទាំងនេះក៏ដើរតួជាមជ្ឈមណ្ឌលថែទាំសម្រាប់ក្រុមដែលងាយរងគ្រោះ ដើម្បីទទួលបានទឹកស្អាត អាហារ និងតម្រូវការមូលដ្ឋានផ្សេងទៀត។
កាកបាទក្រហមសិង្ហបុរី បានបន្ថែមទៀតថា ខ្លួនក៏នឹងបន្តគាំទ្រសហគមន៍ដែលងាយរងគ្រោះក្នុងប្រទេសអ៊ុយក្រែន ជាមួយនឹងតម្រូវការប្រចាំថ្ងៃ ក៏ដូចជាអាហារផងដែរ។
គួរបញ្ជាក់ថា រុស្ស៊ីបានបើកការវាយប្រហារលើហេដ្ឋារចនាសម្ពន្ធថាមពលរបស់អ៊ុយក្រែន ចាប់តាំងពីដើមខែតុលាមកម៉្លេះ ពោលគឺបន្ទាប់ពីមានហេតុការណ៍ផ្ទុះលើ ស្ពានគ្រីមេ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនបរិក្ខារយោធា និងសព្វាវុធ ទៅកាន់កងទ័ពរុស្ស៊ីដែលកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន ជាពិសេសនៅតំបន់ភាគខាងត្បូង ដែលរុស្ស៊ីចោទអ៊ុយក្រែនថាជាអ្នកនៅពីក្រោយការវាយប្រហារនេះ។
កាលពីពេលថ្មីៗនេះ អគ្គលេខាធិការអង្គការណាតូ លោក ជេនស៍ ស្តូលធិនបឺគ (Jens Stoltenberg) បានលើកឡើងថា រុស្ស៊ីកំពុងប្រើរដូវរងាជាអាវុធធ្វើសង្គ្រាមនៅអ៊ុយក្រែន៕












