ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងជាមួយមេដឹកនាំនៃប្រទេសតួកគី និងបារាំង កាលពីថ្ងៃអាទិត្យ ដែលជាការបង្កើនសកម្មភាពការទូត ដើម្បីដោះស្រាយបញ្ហាសង្គ្រាមដែលបានចាប់ផ្ដើមដោយប្រទេសរុស្ស៊ី និងអូសបន្លាយអស់រយៈពេល១០ខែ រហូតមកទល់ពេលនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ។
លោក Zelenskiy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូ៖ «យើងកំពុងធ្វើការជាមួយដៃគូរបស់យើងជានិច្ច»។
លោករំពឹងថានឹងទទួលបាន «លទ្ធផលគួរឱ្យកត់សម្គាល់» នៅសប្ដាហ៍ក្រោយ ពីព្រឹត្តិការណ៍អន្តរជាតិជាបន្តបន្ទាប់ ដែលនឹងដោះស្រាយស្ថានការណ៍នៅអ៊ុយក្រែន។
ខណៈលោក Zelenskiy ធ្លាប់បានជួបពិភាក្សាជាច្រើនដងជាមួយលោក ចូ បៃដិន, ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងប្រធានាធិបតីតួកគី លោក តាយយីប អឺដូហ្គែន (Tayyip Erdogan) ចាប់តាំងពីកងកម្លាំងរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីចុងខែកុម្ភៈ ជំនួបពិភាក្សាជាមួយមេដឹកនាំបណ្តាប្រទេសទាំងនេះ ដែលមានរយៈពេលត្រឹមតែមួយថ្ងៃ មិនមែនជាព្រឹត្តិការណ៍សាមញ្ញឡើយ។
លោក Zelenskiy បាននិយាយថា លោកបានថ្លែងអំណរគុណចំពោះលោក Biden សម្រាប់ជំនួយ «ផ្នែកការពារជាតិ និងហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមក» ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យអ៊ុយក្រែន និងបានពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក អំពីប្រព័ន្ធការពារដែនអាកាសដ៏មានប្រសិទ្ធភាពដើម្បីការពារប្រជាជន។
លោក Zelenskiy បាននិយាយថា លោកមានការសន្ទនា «ប្រកបដោយអត្ថន័យ» ជាមួយលោក Macron ស្តីពី «ការការពារ ថាមពល សេដ្ឋកិច្ច ការទូត» ដែលមានរយៈពេលជាងមួយម៉ោង និងមានការសន្ទនា «ប្រកបដោយភាពជាក់លាក់» ជាមួយលោក Erdogan ស្តីពីការធានាការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន។
ប្រទេសតួកគី ដែលបានដើរតួជាអ្នកសម្របសម្រួលក្នុងកិច្ចចរចាសន្តិភាព ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ក៏បានធ្វើការរួមគ្នាជាមួយអង្គការសហប្រជាជាតិ ក្នុងកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិចេញ ដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំគ្រាប់ធញ្ញជាតិចេញនៅក្នុងខែកក្កដា បន្ទាប់ពីប្រទេសរុស្ស៊ីបានបិទអស់រយៈពេល៦ខែ។
ការិយាល័យរបស់លោក Erdogan បាននិយាយថា មេដឹកនាំតួកគីបានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) កាលពីថ្ងៃអាទិត្យ ដែលក្នុងនោះ លោកបានអំពាវនាវឱ្យបញ្ចប់ជម្លោះឱ្យបានឆាប់។
លោក ពូទីន បាននិយាយកាលពីសប្ដាហ៍មុនថា ការបាត់បង់ជំនឿចិត្តស្ទើរតែទាំងស្រុងរបស់ទីក្រុងម៉ូស្គូចំពោះលោកខាងលិច នឹងធ្វើឱ្យការដោះស្រាយបញ្ហាសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន កាន់តែមានការលំបាក និងបានព្រមានថាសង្គ្រាមនឹងអូសបន្លាយយូរ។
ទីក្រុងមូស្គូ ពុំបានបង្ហាញសញ្ញាណាមួយក្នុងការគោរពអធិបតេយ្យភាពអ៊ុយក្រែនឡើយ ដោយនិយាយថា តំបន់ទាំង៤ ដែលខ្លួនអះអាងថាត្រូវបានភ្ជាប់មកជាទឹកដីរបស់ខ្លួនក្នុងខែកញ្ញា គឺជាទឹកដីរុស្ស៊ី «ជារៀងរហូត»។ រដ្ឋាភិបាលទីក្រុងកៀវ បានបដិសេធប្រគល់តំបន់ណាមួយនៃទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ីជាថ្នូរនឹងសន្តិភាព។
នៅខ្សែបន្ទាត់ជួរមុខភាគខាងកើតអ៊ុយក្រែន រងការបាញ់ស្រោចដោយមីស៊ីលពីរុស្ស៊ីជាបន្តបន្ទាប់ ដោយរុស្ស៊ីកំណត់គោលដៅលើហេដ្ឋារចនាសម្ពន្ធថាមពលរបស់អ៊ុយក្រែន និងធ្វើឱ្យប្រជាពលរដ្ឋអ៊ុយក្រែនរាប់លាននាក់មិនមានអគ្គិសនីប្រើប្រាស់ក្នុងរដូវរងារនេះ ខណៈសីតុណ្ហភាពជាមធ្យមអាចទាបជាងសូន្យអង្សាសេ៕












